ជំពូកទី២១
ថ្ងៃជំនុំជំរះ និងក្រោយពីពេលនោះ
១ តើទស្សនៈទូទៅអំពីថ្ងៃជំនុំជំរះ មានយ៉ាងណាខ្លះ?
នៅពេលដែលអ្នកឮពាក្យថ្ងៃជំនុំជំរះ តើអ្នកស្រមៃឃើញរូបអ្វីដែរ? មនុស្សខ្លះស្រមៃឃើញបល្ល័ង្កដ៏ធំមួយ ហើយនៅពីមុខនោះ មានពួកមនុស្សតម្រង់ជួរយ៉ាងវែងមួយ ដែលបានរស់ឡើងវិញពីសេចក្ដីស្លាប់។ នៅពេលម្នាក់ៗបានដើរកាត់មុខបល្ល័ង្កនោះ គេត្រូវបានជំនុំជំរះដោយសារអំពើអតីតកាលរបស់គេ ដែលបានកត់ទុកនៅក្នុងសៀវភៅរបស់មហាចៅក្រមនោះ។ ស្រេចទៅលើអំពើដែលគេបានប្រព្រឹត្ត បុគ្គលម្នាក់ៗត្រូវបញ្ជូនទៅស្ថានសួគ៌ ឬក៏ទៅស្ថានភ្លើងនរក។
២ (ក) តើអ្នកណាបានចាត់ចែងឲ្យមានថ្ងៃជំនុំជំរះ? (ខ) តើទ្រង់បានតម្រូវអ្នកណាឲ្យធ្វើជាចៅក្រម?
២ ប៉ុន្តែ ព្រះគម្ពីរបានសម្ដែងឲ្យឃើញរូបខុសពីនោះទៅវិញ អំពីថ្ងៃជំនុំជំរះ។ នេះមិនមែនជាថ្ងៃដែលគួរឲ្យញញើតឬខ្លាចនោះទេ។ សូមកត់សម្គាល់នូវអ្វីៗដែលព្រះគម្ពីរបានចែងពីព្រះ៖ «ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ»។ (កិច្ចការ ១៧:៣១) ចៅក្រមដែលបានតម្រូវដោយព្រះនោះ គឺពិតជាព្រះយេស៊ូវគ្រីស្ទ។
៣ (ក) ហេតុអ្វីក៏យើងអាចជឿជាក់ថា ព្រះគ្រីស្ទទ្រង់នឹងធ្វើការជំនុំជំរះដោយសមធម៌? (ខ) តើមនុស្សលោកនឹងត្រូវបានជំនុំជំរះទៅលើមូលដ្ឋានណា?
៣ យើងអាចជឿជាក់ថា ព្រះគ្រីស្ទទ្រង់នឹងធ្វើការជំនុំជំរះដោយសមធម៌ហើយដោយយុត្ដិធម៌ជាមិនខាន។ បទទំនាយដែលស្តីអំពីទ្រង់ នៅក្នុងអេសាយ ១១:៣, ៤ បានធានាអះអាងនឹងយើងអំពីរឿងនេះ។ ដូច្នេះ ផ្ទុយនឹងមតិប្រជាប្រិយនោះ ទ្រង់នឹងមិនជំនុំជំរះមនុស្សលោកដោយសំអាងទៅលើអំពើបាបពីអតីតកាលរបស់ពួកគេ ដែលភាគច្រើនបានប្រព្រឹត្តក្នុងសេចក្ដីល្ងង់ខ្លៅនោះទេ។ ព្រះគម្ពីរបានពន្យល់ថា នៅពេលស្លាប់ មនុស្សម្នាក់បានរួចខ្លួន ឬក៏បានត្រូវដោះលែងពីអំពើបាបទាំងឡាយដែលគាត់បានប្រព្រឹត្តនោះ។ ព្រះគម្ពីរបានចែងថា៖ «ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ»។ (រ៉ូម ៦:៧) នេះបានសេចក្ដីថា កាលណាមនុស្សម្នាក់បានត្រូវប្រោសឲ្យរស់ឡើងវិញ គាត់នឹងត្រូវជំនុំជំរះទៅលើមូលដ្ឋាននៃអ្វីៗដែលគាត់ប្រព្រឹត្តក្នុងកំឡុងថ្ងៃជំនុំជំរះ មិនមែនទៅលើអ្វីដែលគាត់បានប្រព្រឹត្តមុនពេលគាត់ស្លាប់នោះឡើយ។
៤ (ក) តើថ្ងៃជំនុំជំរះមានរយៈពេលប៉ុន្មានឆ្នាំ? (ខ) តើអ្នកណា នឹងទៅជាចៅក្រមជាមួយនឹងព្រះគ្រីស្ទ?
៤ ដូច្នេះហើយ ថ្ងៃជំនុំជំរះ មិនមែនជាថ្ងៃដែលមាន២៤ម៉ោងមែនទែននោះទេ។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ ពេលដែលចែងពីពួកដែលនឹងចូលរួមជាមួយព្រះយេស៊ូវគ្រីស្ទ ក្នុងការជំនុំជំរះនោះ។ (កូរិនថូសទី១ ៦:១-៣) អ្នកសរសេរនៃព្រះគម្ពីរបានមានប្រសាសន៍ថា៖ «ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន នឹងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ»។ ចៅក្រមទាំងនេះ ជាពួកអ្នកកាន់តាម ដែលជាអ្នកចាក់ប្រេងតាំងដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ ហើយព្រះគម្ពីរបានចែងបន្តទៅទៀតថា៖ «អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ»។ ដូច្នេះ ថ្ងៃជំនុំជំរះនឹងមានរយៈពេល១.០០០ឆ្នាំ។ គឺដូចគ្នានឹងរយៈពេល១.០០០ឆ្នាំដែលព្រះគ្រីស្ទនិងពួកអ្នកចាក់ប្រេងតាំង១៤៤.០០០នាក់ដ៏ស្មោះត្រង់របស់ទ្រង់ នឹងសោយរាជ្យជា«ផ្ទៃមេឃថ្មី» ទៅលើ«ផែនដីថ្មី»នោះដែរ។—វិវរណៈ ២០:៤, ៦; ពេត្រុសទី២ ៣:១៣
៥, ៦ (ក) តើអ្នកសរសេរព្រះគម្ពីរទំនុកដំកើងម្នាក់ បានពិពណ៌នាពីថ្ងៃជំនុំជំរះយ៉ាងណា? (ខ) តើជីវិតនៅលើផែនដីមានសភាពយ៉ាងណា ក្នុងកំឡុងពេលថ្ងៃជំនុំជំរះ?
៥ សូមអញ្ជើញមើលទំព័រទាំងនេះ។ រូបទាំងនេះសម្ដែងឲ្យយើងដឹងខ្លះៗអំពីថ្ងៃជំនុំជំរះ ដែលនឹងទៅជាថ្ងៃដ៏ល្អអស្ចារ្យចំពោះមនុស្សលោក។ អ្នកសរសេរព្រះគម្ពីរទំនុកដំកើងម្នាក់បានសរសេរថា៖ «ចូរឲ្យស្រែចំការ នឹងរបស់ទាំងប៉ុន្មាន ដែលមាននៅទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែង នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង ដោយអំណរដែរ គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់»។—ទំនុកដំកើង ៩៦:១២, ១៣
៦ ក្នុងកំឡុងថ្ងៃជំនុំជំរះ ពួកដែលនៅរស់ពីអើម៉ាគេដូននឹងធ្វើការ ដើម្បីកសាងផែនដីឲ្យទៅជាសួនមនោរម្យ។ នៅក្នុងសួនមនោរម្យនេះ ពួកមនុស្សស្លាប់នឹងត្រូវបានទទួលស្វាគមន៍មកវិញ។ (លូកា ២៣:៤៣) តើជាការរីករាយយ៉ាងណាទៅហ្ន៎ ពេលដែលគ្រួសារដែលបានបែកបាក់គ្នាជាយូរមកហើយដោយសេចក្ដីស្លាប់បានជួបគ្នាវិញនោះ! មែនហើយ តើជាទីរមណីយយ៉ាងណាទៅហ្ន៎ ក្នុងការរស់នៅដោយសន្ដិភាព ក្នុងការសប្បាយនឹងសុខភាពដ៏ល្អ និងការទទួលនូវសេចក្ដីបង្រៀនអំពីគោលបំណងរបស់ព្រះនោះ! ព្រះគម្ពីរបានចែងថា៖ «ដ្បិតកំពុងដែលសេចក្ដីយុត្ដិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត»។ (អេសាយ ២៦:៩) ក្នុងកំឡុងថ្ងៃជំនុំជំរះ មនុស្សលោកទាំងអស់នឹងរៀនអំពីព្រះយេហូវ៉ា ហើយពួកគេនឹងត្រូវបានផ្ដល់នូវគ្រប់ឱកាសដើម្បីគោរពនិងបម្រើទ្រង់។
៧ ក្នុងកំឡុងពេលថ្ងៃជំនុំជំរះ តើអ្វីនឹងកើតឡើងដល់ពួកដែលជ្រើសរើសយកការបម្រើព្រះ និងពួកដែលបដិសេធមិនព្រមធ្វើដូច្នេះនោះ?
៧ ព្រះយេស៊ូវគ្រីស្ទនិងពួក១៤៤.០០០នាក់ដែលជាសហស្តេចរបស់ទ្រង់ នឹងជំនុំជំរះមនុស្សលោក ក្រោមស្ថានភាពនៃសួនមនោរម្យបែបនេះ។ មនុស្សណាដែលជ្រើសរើសយកការបម្រើព្រះយេហូវ៉ា នឹងមានឋានៈក្នុងការទទួលជីវិតដ៏អស់កល្បជានិច្ច។ ប៉ុន្តែ សូម្បីតែនៅក្រោមកាលៈទេសៈដ៏ប្រសើរបំផុតនេះក៏ដោយ ក៏មានមនុស្សខ្លះនឹងបដិសេធមិនព្រមបម្រើព្រះទេ។ ដូចជាបទគម្ពីរបានចែងថា៖ «បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង»។ (អេសាយ ២៦:១០) ដូច្នេះ ក្រោយពីបានផ្ដល់ឲ្យឱកាសដ៏បរិបូណ៌ដើម្បីប្ដូរនូវផ្លូវរបស់គេ និងរៀនសេចក្ដីសុចរិត មនុស្សកំណាចបែបនេះនឹងត្រូវបំផ្លាញចោល។ ជនខ្លះនឹងត្រូវប្រហារជីវិត មុនពេលថ្ងៃជំនុំជំរះដល់ទីបញ្ចប់ទៅទៀត។ (អេសាយ ៦៥:២០) ពួកគេនឹងមិនត្រូវអនុញ្ញាតឲ្យរស់នៅ ដើម្បីធ្វើឲ្យពុករលួយ ឬក៏ធ្វើឲ្យខូចដល់សួនមនោរម្យផែនដីឡើយ។
៨ តើស្ថានភាពខាងសីលធម៌របស់មនុស្សនៃក្រុងសូដុំមយ៉ាងណាដែរ?
៨ នេះនឹងពិតជាឯកសិទ្ធិដ៏ធំមួយ ក្នុងការរស់ឡើងវិញនៅលើផែនដី ក្នុងកំឡុងថ្ងៃជំនុំជំរះដ៏មហិមារបស់ព្រះយេហូវ៉ា។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្ហាញប្រាប់ថា នេះជាឯកសិទ្ធិមួយដែលគ្រប់ៗគ្នាមិនអាចទទួលបានឡើយ។ ឧទាហរណ៍ សូមពិចារណា អំពីប្រជាជននៅទីក្រុងសូដុំម។ ព្រះគម្ពីរបានចែងថា មនុស្សប្រុសនៃទីក្រុងសូដុំមបានស្វែងរកការរួមមេថុនជាមួយ«មនុស្សប្រុស»ដែលបានមកលេងនឹងឡុត។ ឥរិយាបទដ៏អត់សីលធម៌របស់ពួកគេ ហួសហេតុពេករហូតដល់ ពេលពួកគេបានត្រូវបណ្ដាលឲ្យខ្វាក់ភ្នែកដោយអព្ភូតហេតុ «បានជាគេអស់ចិត្តនឹងរកទ្វារ»ផ្ទះដើម្បីចូលទៅក្នុង ទៅរួមសង្វាសជាមួយភ្ញៀវរបស់ឡុតនោះ។—លោកុប្បត្តិ ១៩:៤-១១
៩, ១០ តើបទគម្ពីរបានបង្ហាញយ៉ាងណា អំពីសេចក្ដីសង្ឃឹមក្នុងដំណើររស់ឡើងវិញ ចំពោះមនុស្សអាក្រក់នៃក្រុងសូដុំមនោះ?
៩ តើមនុស្សដ៏អាក្រក់ជួជាតិបែបនេះ នឹងត្រូវរស់ឡើងវិញនៅក្នុងកំឡុងថ្ងៃជំនុំជំរះឬទេ? ព្រះគម្ពីរបានបង្ហាញថា តាមមើលទៅពួកគេនឹងមិនរស់ឡើងវិញទេ។ ជាឧទាហរណ៍ សិស្សរបស់ព្រះយេស៊ូវម្នាក់ ឈ្មោះយូដាស ដែលនៅក្រោមអានុភាពនៃវិញ្ញាណរបស់ព្រះ បានសរសេរជាមុនដំបូង អំពីពួកទេវតាដែលបានបោះបង់ទីលំនៅរបស់គេនៅស្ថានសួគ៌ ដើម្បីរួមសង្វាសជាមួយនឹងកូនស្រីរបស់មនុស្ស។ បន្ទាប់មក លោកបានបន្ថែមទៀតថា៖ «ដូចជាក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្ដោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច»។ (យូដាស ៦, ៧; លោកុប្បត្តិ ៦:១, ២) មែនហើយ ព្រោះតែអំពើអត់សីលធម៌ដ៏ហួសហេតុរបស់ពួកគេ ប្រជាជននៃទីក្រុងសូដុំមនិងទីក្រុងនៅជុំវិញ បានរងទុក្ខមហន្តរាយ ហើយបើតាមមើលទៅ ពួកគេនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទៀតទេ។—ពេត្រុសទី២ ២:៤-៦, ៩, ១០ក
១០ ព្រះយេស៊ូវទ្រង់ក៏បានបង្ហាញថា អ្នកក្រុងសូដុំមប្រហែលជាមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។ ពេលដែលទ្រង់បានមានបន្ទូលអំពីទីក្រុងកាពើណិម ជាទីក្រុងមួយដែលទ្រង់បានបង្កើតអព្ភូតហេតុ ទ្រង់បានមានបន្ទូលថា៖ «ឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្ដាលឯង[កាពើណិម] បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង»។ (ម៉ាថាយ ១១:២២-២៤) ក្នុងបទនេះ ព្រះយេស៊ូវបានបញ្ជាក់ពីការដែលគួរឲ្យធ្វើទោសដល់ប្រជាជននៃទីក្រុងកាពើណិម ដោយមានបន្ទូលថា អ្នកក្រុងសូដុំមសម័យដើមនឹងទ្រាំបានងាយជាជាងឯង ដែលនៅក្នុងសតិរបស់អ្នកស្ដាប់ជាតិអ៊ីស្រាអែលរបស់ទ្រង់ អ្នកក្រុងសូដុំមមិនសមឲ្យមានដំណើររស់ឡើងវិញទាល់តែសោះ នៅថ្ងៃជំនុំជំរះ។
១១ ហេតុអ្វីក៏ជាការស្រួល នៅថ្ងៃជំនុំជំរះចំពោះ«មនុស្សសុចរិត»ជាងចំពោះ«មនុស្សទុច្ចរិត»?
១១ ហេតុដូច្នេះហើយ យើងគួរតែខំឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំជីវិតរបស់យើងយ៉ាងណា ឲ្យសមនឹងទទួលដំណើររស់ឡើងវិញ។ ប៉ុន្តែ រឿងនេះប្រហែលជាមានគេសួរទៀតថា៖ ចំពោះអ្នកខ្លះដែលបានរស់ពីស្លាប់ឡើងវិញ ឲ្យរៀននិងប្រព្រឹត្តសេចក្ដីសុចរិត តើនេះជាការពិបាកជាងអ្នកឯទៀតឬ? អញ្ចឹង សូមពិចារណាមើល៖ មុននឹងមនុស្ស«សុចរិត»ដូចជា អ័ប្រាហាំ អ៊ីសាក យ៉ូប ដេបូរ៉ា នាងរស់ ដានីយ៉ែលបានស្លាប់នោះ ពួកគេបានទន្ទឹងចាំពីការយាងមកនៃព្រះមែស៊ី។ តើពួកគេនឹងរីករាយយ៉ាងណាទៅហ្ន៎នៅកំឡុងថ្ងៃជំនុំជំរះ ក្នុងការរៀនដឹងអំពីទ្រង់ ហើយថាទ្រង់កំពុងតែសោយរាជ្យនៅស្ថានសួគ៌នោះ! ដូច្នេះ នឹងរឹតតែស្រួលទៅទៀតចំពោះមនុស្ស«សុចរិត»ទាំងនេះ ដើម្បីឲ្យប្រព្រឹត្តអំពើសុចរិតនៅពេលនោះ ជាងចំពោះពួក«ទុច្ចរិត»ដែលបានប្រោសឲ្យរស់ឡើងវិញ ក្នុងការប្រព្រឹត្តយ៉ាងនេះ។—កិច្ចការ ២៤:១៥
ដំណើររស់ឡើងវិញឲ្យបាន«ជីវិត» និង«ឲ្យជាប់មានទោស»
១២ យោងទៅតាម យ៉ូហាន ៥:២៨-៣០ តើពួកណានឹងទទួលដំណើរ«រស់ឡើងវិញឲ្យបានជីវិត» ហើយពួកណានឹងទទួលដំណើរ«រស់ឡើង ឲ្យជាប់មានទោស»នោះ?
១២ ក្នុងការពិពណ៌នាពីស្ថានភាពនៅថ្ងៃជំនុំជំរះ ព្រះយេស៊ូវបានមានបន្ទូលថា៖ «អស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស . . . ខ្ញុំជំនុំជំរះតាមដែលខ្ញុំឮ ហើយសេចក្ដីជំនុំជំរះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ (យ៉ូហាន ៥:២៨-៣០) តើដំណើរ«រស់ឡើង ឲ្យបានជីវិត»នេះជាអ្វី ហើយដំណើរ«រស់ឡើង ឲ្យជាប់មានទោស»នេះជាអ្វីដែរ? ហើយពួកណានឹងទទួលការទាំងនេះ?
១៣ តើមានន័យយ៉ាងណាចំពោះមនុស្ស ដែលទទួលដំណើរ«រស់ឡើងវិញឲ្យបានជីវិត»នោះ?
១៣ យើងបានយល់យ៉ាងច្បាស់ថា ពេលដែលមនុស្សស្លាប់ចេញពីផ្នូរមក ពួកគេនឹងមិនត្រូវជំនុំជំរះតាមការប្រព្រឹត្តរបស់គេពីដើមទេ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវជំនុំជំរះទៅលើមូលដ្ឋាននៃអ្វីៗដែលពួកគេប្រព្រឹត្តក្នុងកំឡុងថ្ងៃជំនុំជំរះនោះ។ ដូច្នេះ ពេលដែលព្រះយេស៊ូវបានមានវាចាថ្លែងអំពី«ពួកអ្នកដែលបានប្រព្រឹត្តល្អ» និង«ពួកអ្នកដែលបានប្រព្រឹត្តអាក្រក់»ទ្រង់បានសំដៅចំពោះអំពើល្អនិងអំពើអាក្រក់ ដែលពួកគេនឹងធ្វើក្នុងកំឡុងថ្ងៃជំនុំជំរះ។ ដោយព្រោះតែអំពើល្អដែលគេធ្វើ ភាគច្រើននៃពួកដែលបានរស់ឡើងវិញ នឹងរីកចម្រើនទៅដល់ភាពជាមនុស្សល្អឥតខ្ចោះ នៅចុង១.០០០ឆ្នាំនៃថ្ងៃជំនុំជំរះនោះ។ ដូច្នេះហើយ ការត្រឡប់មកវិញពីសេចក្ដីស្លាប់របស់ពួកគេនឹងទៅជាដំណើរ«រស់ឡើង ឲ្យបានជីវិត» ព្រោះពួកគេនឹងទទួលជីវិតល្អឥតខ្ចោះដែលគ្មានបាប។
១៤ តើមានន័យយ៉ាងណាចំពោះមនុស្ស ដែលទទួលដំណើរ«រស់ឡើង ឲ្យជាប់មានទោស»នោះ?
១៤ ម្យ៉ាងវិញទៀត តើពួកអ្នកដែល‹បានប្រព្រឹត្តអំពើអាក្រក់ឬក៏អប្រិយ› នៅក្នុងកំឡុងថ្ងៃជំនុំជំរះ នឹងទៅជាយ៉ាងណា? ការត្រឡប់មកវិញពីសេចក្ដីស្លាប់របស់ពួកគេនឹងទៅជាដំណើរ«រស់ឡើង ឲ្យជាប់មានទោស»។ តើនេះមានន័យយ៉ាងណា? គឺមានន័យថា ជាការជំនុំជំរះឬក៏ជាការកាត់ទោស ប្រហារជីវិត។ ដូច្នេះ មនុស្សទាំងនេះនឹងត្រូវកំទេចចោល នៅក្នុងកំឡុងថ្ងៃជំនុំជំរះ ឬក៏នៅទីបញ្ចប់នៃថ្ងៃនោះ។ មូលហេតុនោះគឺថា ពួកគេធ្វើអំពើអាក្រក់ ពួកគេបដិសេធដោយចិត្តមានះមិនព្រមរៀននិងប្រព្រឹត្តតាមសេចក្ដីសុចរិតឡើយ។
ពេលដែលថ្ងៃជំនុំជំរះចាប់ផ្ដើម
១៥ តើមានអ្វីកើតឡើង មុននឹងថ្ងៃជំនុំជំរះចាប់ផ្ដើមភ្លាមនោះ?
១៥ សាវកយ៉ូហានបានឃើញក្នុងចក្ខុនិមិត្ត នូវអ្វីៗដែលនឹងកើតមានឡើង មុនថ្ងៃជំនុំជំរះភ្លាមនោះ។ លោកបានសរសេរថា៖ «ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ . . . នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ . . . រួចមនុស្សស្លាប់ទាំងអស់ត្រូវបានជំនុំជំរះ»។ (វិវរណៈ ២០:១១, ១២) ដូច្នេះ មុនពេលដែលថ្ងៃជំនុំជំរះចាប់ផ្ដើម របបនៃសម័យបច្ចុប្បន្ននេះ ដែលផ្គុំឡើងដោយ«ផែនដីនិងផ្ទៃមេឃ» នឹងត្រូវកន្លងបាត់ទៅ។ មានតែពួកដែលបម្រើព្រះទេ ដែលនឹងរួចរស់ជីវិត នៅពេលដែលមនុស្សកំណាចបានត្រូវកំទេចនៅគ្រាអើម៉ាគេដូននោះ។—យ៉ូហានទី១ ២:១៧
១៦ (ក) ក្រៅពីមនុស្សស្លាប់ អ្នកណាទៀតនឹងត្រូវជំនុំជំរះក្នុងកំឡុងថ្ងៃជំនុំជំរះ? (ខ) តើពួកគេនឹងត្រូវជំនុំជំរះ ពីអ្វី?
១៦ ដូច្នេះ មិនមែនមានតែ«មនុស្សស្លាប់»ដែលបានរស់ឡើងវិញ ជាអ្នកដែលត្រូវជំនុំជំរះក្នុងកំឡុងថ្ងៃជំនុំជំរះនោះទេ។ ពួក«មនុស្សរស់»ដែលបានរួចរស់ជីវិតពីអើម៉ាគេដូន ព្រមទាំងកូនចៅដែលពួកគេមានទាំងឡាយ ក៏នឹងត្រូវជំនុំជំរះដែរ។ (ធីម៉ូថេទី២ ៤:១) តាមរយៈចក្ខុនិមិត្ត លោកយ៉ូហានបានឃើញរបៀបដែលពួកគេបានត្រូវជំនុំជំរះ។ លោកបានសរសេរមកថា៖ «បញ្ជីក៏បានបើកឡើង . . . រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»។—វិវរណៈ ២០:១២, ១៣
១៧ តើអ្វីជា«បញ្ជី»ដែលពីទីនោះ«មនុស្សរស់»និង«មនុស្សស្លាប់»នឹងត្រូវជំនុំជំរះនោះ?
១៧ តើអ្វីជា«បញ្ជី»ដែលបានបើកឡើង ដែលពីទីនោះ«មនុស្សស្លាប់»និង«មនុស្សរស់»ត្រូវបានជំនុំជំរះនោះ? ជាការជាក់ស្តែងណាស់ នេះច្បាស់ជាអ្វីមួយទៀត ដែលបន្ថែមទៅលើព្រះគម្ពីរបរិសុទ្ធដែលយើងមានសព្វថ្ងៃនេះ។ នេះគឺជាឯកសារដែលបណ្ដាលដោយព្រះវិញ្ញាណ ឬក៏សៀវភៅដែលមានក្រិត្យវិន័យនិងសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ា។ ដោយអានរបស់ទាំងនេះ មនុស្សទាំងអស់នៅលើផែនដី នឹងអាចស្គាល់ព្រះហឫទ័យរបស់ព្រះបាន។ បន្ទាប់មក ទៅលើមូលដ្ឋាននៃក្រិត្យវិន័យនិងសេចក្ដីបង្រៀននៅក្នុង«បញ្ជី»ទាំងនេះ មនុស្សគ្រប់គ្នានៅលើផែនដីនឹងត្រូវជំនុំជំរះ។ អស់អ្នកណាដែលគោរពស្ដាប់បង្គាប់សេចក្ដីដែលបានចែងក្នុងនោះ នឹងបានទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ ហើយពួកគេនឹងលូតលាស់បន្ដិចម្ដងៗ រហូតបានទៅជាមនុស្សល្អឥតខ្ចោះ។
១៨ (ក) តើស្ថានភាពនឹងទៅជាយ៉ាងណា នៅទីបញ្ចប់នៃថ្ងៃជំនុំជំរះ? (ខ) តើក្នុងន័យយ៉ាងណាដែល«មនុស្សស្លាប់»នឹងត្រូវទទួលជីវិតនៅទីបញ្ចប់នៃ១.០០០ឆ្នាំនោះ?
១៨ នៅទីបញ្ចប់១.០០០ឆ្នាំនៃថ្ងៃជំនុំជំរះ គ្មានអ្នកណាម្នាក់នៅលើផែនដី នឹងស្ថិតនៅក្នុងស្ថានភាពនៃសេចក្ដីស្លាប់ ដោយព្រោះតែអំពើបាបរបស់អ័ដាមទៀតឡើយ។ ពិតមែនហើយ តាមន័យយ៉ាងពេញលេញបំផុតនេះ មនុស្សគ្រប់គ្នានឹងត្រូវទទួលជីវិតដ៏ពិតប្រាកដវិញ។ នេះហើយជាអ្វីដែលព្រះគម្ពីរបានសំដៅចំពោះ ពេលដែលបានចែងថា៖ «តែមនុស្សស្លាប់ឯទៀត[ពួកក្រៅពីពួក១៤៤.០០០នាក់ ដែលទៅស្ថានសួគ៌] មិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ»។ (វិវរណៈ ២០:៥) ការសំដៅចំពោះ«មនុស្សស្លាប់ឯទៀត»នៅទីនេះ មិនមែនមានន័យថា អ្នកផ្សេងទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅទីបញ្ចប់នៃថ្ងៃជំនុំជំរះ១.០០០ឆ្នាំនោះឡើយ។ ផ្ទុយទៅវិញ រឿងនេះមានន័យថា មនុស្សទាំងអស់នឹងត្រូវទទួលជីវិតឡើងវិញ គឺបានសេចក្ដីថា នៅទីបញ្ចប់ពួកគេនឹងត្រូវទទួលភាពនៃមនុស្សល្អឥតខ្ចោះ។ ពួកគេនឹងមានភាពល្អឥតខ្ចោះដូចជាអ័ដាមនិងអេវ៉ាធ្លាប់មានមក នៅក្នុងសួនច្បារអេដែនពីដើម។ ដល់ពេលនោះ តើអ្វីនឹងកើតមានឡើង?
ក្រោយពីថ្ងៃជំនុំជំរះ
១៩ តើព្រះគ្រីស្ទទ្រង់នឹងធ្វើអ្វី នៅទីបញ្ចប់នៃថ្ងៃជំនុំជំរះ?
១៩ ក្រោយពីបានសម្រេចការទាំងអស់ដែលព្រះបានប្រទានឲ្យទ្រង់ធ្វើនោះ ព្រះយេស៊ូវគ្រីស្ទ«ទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ»។ ការនេះនឹងកើតឡើងនៅទីបញ្ចប់នៃថ្ងៃជំនុំជំរះ១.០០០ឆ្នាំ។ គឺដល់ពេលនោះ សត្រូវទាំងអស់នឹងត្រូវបំបាត់សាបសូន្យអស់ហើយ។ សត្រូវចុងក្រោយបង្អស់ គឺជាសេចក្ដីស្លាប់ដែលបានទទួលជាមរតកពីអ័ដាម។ នេះនឹងត្រូវបំផ្លាញចោលដែរ! បន្ទាប់មក ព្រះរាជាណាចក្រនឹងទៅជាកម្មសិទ្ធិរបស់ព្រះយេហូវ៉ា។ ទ្រង់នឹងសោយរាជ្យផ្ទាល់អង្គជាស្តេច។—កូរិនថូសទី១ ១៥:២៤-២៨
២០ (ក) តើព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងណា ដើម្បីសម្រេចឈ្មោះណាត្រូវកត់ទុកនៅក្នុង«សៀវភៅជីវិត»នោះ? (ខ) ហេតុអ្វីក៏ការល្បងមនុស្សលោកចុងក្រោយបង្អស់ជាការត្រឹមត្រូវនោះ?
២០ តើតាមរបៀបណាដែលព្រះយេហូវ៉ាទ្រង់នឹងសម្រេច ឈ្មោះណាត្រូវកត់ទុកនៅក្នុង«បញ្ជីជីវិត»ឬ«សៀវភៅជីវិត»នោះ? (វិវរណៈ ២០:១២, ១៥) ការនេះនឹងត្រូវសម្រេចតាមរយៈការល្បងមួយទៅលើមនុស្សលោក។ តើលោកអ្នកនៅចាំទេ អំពីរបៀបដែលអ័ដាមនិងនាងអេវ៉ាបានបរាជ័យនៅក្រោមការល្បងបែបនេះ ហើយពីរបៀបដែលយ៉ូបបានរក្សាភក្ដីភាព ពេលដែលគាត់បានត្រូវល្បងនោះ។ ប៉ុន្តែ មនុស្សភាគច្រើនដែលរស់នៅដល់ទីបញ្ចប់១.០០០ឆ្នាំនោះ មិនទាន់បានត្រូវល្បងជំនឿរបស់គេនៅឡើយ។ មុនពេលដែលពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកគេមិនបានដឹងទាល់តែសោះអំពីបំណងរបស់ព្រះយេហូវ៉ា។ ពួកគេពីដើម ជាផ្នែកនៃរបបលោកីយ៍ដ៏កំណាចរបស់សាតាំង ជា«ពួកមនុស្សទុច្ចរិត»។ បន្ទាប់មក ក្រោយពីដំណើររស់ឡើងវិញ ជាការស្រួលណាស់ចំពោះពួកគេក្នុងការបម្រើព្រះយេហូវ៉ា ពីព្រោះគេរស់នៅក្នុងសួនមនោរម្យដោយគ្មានការប្រឆាំងពីអារក្សសោះ។ ប៉ុន្តែ មនុស្សលោករាប់កោដិទាំងនេះដែលបានទៅជាមនុស្សល្អឥតខ្ចោះនោះ តើពួកគេនៅតែបម្រើព្រះយេហូវ៉ាទៀតឬ ប្រសិនបើសាតាំងបានត្រូវអនុញ្ញាត្តឲ្យមានឱកាស ដើម្បីព្យាយាមបញ្ឈប់ពួកគេកុំឲ្យធ្វើតទៅទៀតនោះ? តើសាតាំងអាចធ្វើដល់ពួកគេ ដូចជាវាបានធ្វើដល់មនុស្សល្អឥតខ្ចោះអ័ដាមនិងនាងអេវ៉ាបានទេ?
២១ (ក) តើព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យមនុស្សលោកត្រូវបានល្បងយ៉ាងណា? (ខ) កាលណាការល្បងបានចប់ហើយ អ្វីនឹងកើតមានឡើងចំពោះពួកទាំងអស់ណា ដែលជាប់ទាក់ទងនោះ?
២១ ដើម្បីដោះស្រាយសំនួរបែបនេះ ព្រះយេហូវ៉ាទ្រង់នឹងស្រាយសាតាំងនិងព្រាយបិសាចរបស់វាឲ្យចេញពីជង្ហុកដ៏ធំ ជាកន្លែងដែលវាបាននៅ១.០០០ឆ្នាំមកហើយ។ តើមានលទ្ធផលយ៉ាងណា? ព្រះគម្ពីរបង្ហាញថា សាតាំងនឹងបានជោគជ័យ ក្នុងការបំបែរមនុស្សខ្លះចេញពីការបម្រើព្រះយេហូវ៉ា។ ពួកនេះនឹងមានចំនួនដូចជា«ខ្សាច់នៃសមុទ្រ» គឺមានន័យថាចំនួនរបស់ពួកគេច្រើនណាស់មិនអាចរាប់បានឡើយ។ ក្រោយពីល្បងនេះបានចប់ហើយ សាតាំងនិងព្រាយបិសាចរបស់វា និងពួកដែលមិនបានជាប់ការល្បង នឹងត្រូវបោះទៅក្នុង«បឹង ដែលឆេះជាភ្លើង»ដែលជាជានិមិត្តរូបនៃសេចក្ដីស្លាប់ទីពីរ(ជាអនន្ត)។ (វិវរណៈ ២០:៧-១០, ១៥) ប៉ុន្តែ ពួកណាដែលឈ្មោះរបស់គេបានឃើញនៅក្នុង«បញ្ជីជីវិត»នឹងនៅក្នុងសួនមនោរម្យលើផែនដីដែលប្រកបទៅដោយសិរីល្អ។ ការមានឈ្មោះរបស់គេនៅក្នុង«បញ្ជីជីវិត» មានន័យថា ព្រះយេហូវ៉ាវិនិច្ឆ័យពួកគេជា មនុស្សសុចរិតដ៏ល្អឥតខ្ចោះក្នុងចិត្ត សតិ និងរាងកាយ អញ្ចឹងហើយ ទើបសមនឹងរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីបាន។
ថ្ងៃជំនុំជំរះនៅបច្ចុប្បន្នកាលនេះ
២២ ដើម្បីរស់នៅឲ្យបានឃើញថ្ងៃជំនុំជំរះ និងការល្បងចុងក្រោយបង្អស់ តើយើងត្រូវតែឲ្យបានរួចរស់ជីវិតពីអ្វី នៅពេលឥឡូវនេះ?
២២ ដូច្នេះ ព្រះគម្ពីរផ្ដល់ពត៌មានអំពីព្រឹត្ដិការណ៍ជាង១.០០០ឆ្នាំទៅក្នុងអនាគតកាល។ ហើយក៏បង្ហាញថា គ្មានមូលហេតុណាមួយដែលគួរឲ្យខ្លាចពីអ្វីដែលនៅខាងមុខនេះទេ។ ប៉ុន្តែ សំនួរដែលយើងម្នាក់ៗត្រូវឆ្លើយនោះគឺ៖ តើអ្នកនឹងទៅដល់ទីនោះ ដើម្បីសប្បាយនឹងរបស់ល្អទាំងឡាយដែលព្រះយេហូវ៉ាបានគម្រោងទុកទេ? ការនេះនឹងស្រេចទៅលើលោកអ្នក ថាតើអ្នកអាចរួចរស់ជីវិតពីថ្ងៃជំនុំជំរះដំបូង ដែលជា«ថ្ងៃជំនុំជំរះ . . . ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»នៅបច្ចុប្បន្ននេះ។—ពេត្រុសទី២ ៣:៧
២៣ (ក) នៅសព្វថ្ងៃនេះ ប្រជាជនកំពុងតែត្រូវបានញែកចេញពីគ្នាទៅជាពីរក្រុមណាខ្លះ? (ខ) តើអ្វីនឹងកើតឡើងដល់ក្រុមនិមួយៗ ហើយហេតុអ្វី?
២៣ មែនហើយ តាំងពីព្រះយេស៊ូវបានយាងត្រឡប់មក ហើយបានគង់នៅលើបល្ល័ង្កនៅស្ថានសួគ៌របស់ទ្រង់នោះ មនុស្សលោកទាំងអស់បាននៅក្នុងការជំនុំជំរះ។ ថ្ងៃ«ជំនុំជំរះ»បច្ចុប្បន្ននេះ កើតឡើងមុននឹងការចាប់ផ្ដើមនៃថ្ងៃជំនុំជំរះ១.០០០ឆ្នាំទៅទៀត។ នៅក្នុងថ្ងៃជំនុំជំរះបច្ចុប្បន្ននេះ ប្រជាជនកំពុងតែត្រូវបានញែកចេញពីគ្នា ជា«ពពែ»ទៅខាងព្រះហស្តឆ្វេងរបស់ព្រះគ្រីស្ទ ឬក៏ជា«ចៀម»ទៅខាងស្ដាំទ្រង់។ ពួក«ពពែ»នឹងត្រូវកំទេចចោល ពីព្រោះពួកគេមិនបានជួយដល់«បងប្អូន»ដែលជាអ្នកចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទក្នុងការបម្រើរបស់គេចំពោះព្រះទេ។ នៅគ្រានោះ ពួក«ពពែ»នេះបានបង្ហាញខ្លួនគេថា ជាមនុស្សបាបដែលមិនព្រមកែប្រែ ជាអ្នកកំណាច មានចិត្តរឹងក្នុងការប្រព្រឹត្តអំពើទុច្ចរិតរបស់ពួកគេ។ ផ្ទុយទៅវិញ ពួក«ចៀម»នឹងត្រូវបានប្រសិទ្ធិពរដោយជីវិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ ពីព្រោះពួកគេបានជួយជ្រោមជ្រែងដល់«បងប្អូន»របស់ព្រះគ្រីស្ទគ្រប់កិច្ចការទាំងអស់។—ម៉ាថាយ ២៥:៣១-៤៦
[រូបភាពនៅទំព័រ១៧៨]
ហេតុអ្វីក៏ព្រះយេស៊ូវបានមានបន្ទូលថា ពួកអ្នកក្រុងសូដុំមនឹងទ្រាំបានងាយជាងនៅថ្ងៃជំនុំជំរះ?