«ដំណឹងល្អ»ពីសៀវភៅវិវរណៈ
«ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី »។—វិវរណៈ ១៤:៦
១. ទោះជាស្មរបន្ទាល់ព្រះយេហូវ៉ា ជឿថាសៀវភៅវិវរណៈបានត្រូវព្រះបណ្ដាលឲ្យតែងនោះ ហេតុអ្វីក៏ពួកគេមិនមែនជា«និកាយខាងសេចក្ដីហិនវិនាស»?
ផ្ទុយពីការចោទប្រកាន់ប្រឆាំងនឹងស្មរបន្ទាល់ព្រះយេហូវ៉ា នោះពួកគេមិនមែនជា«និកាយខាងសេចក្ដីហិនវិនាស» ឬក៏ជា«និកាយខាងថ្ងៃកាត់ក្ដី»នោះដែរ។ ប៉ុន្តែ ពួកគេជឿលើសៀវភៅវិវរណៈ ជាផ្នែកនៃបន្ទូលដែលព្រះបានបណ្ដាលឲ្យតែងមក។ ពិតមែន សៀវភៅវិវរណៈមានសារនៃការជំនុំជំរះប្រឆាំងនឹងពួកមនុស្សអាក្រក់។ ប៉ុន្តែ នៅក្នុងការធ្វើបន្ទាល់ជាសាធារណៈរបស់គេ នោះពួកអ្នកបំរើរបស់ព្រះសំដៅលើសេចក្ដីសង្ឃឹមដ៏អស្ចារ្យក្នុងព្រះគម្ពីរ ដែលរួមបញ្ចូលសៀវភៅវិវរណៈនោះដែរ។ ដូច្នេះហើយ ពួកគេមិនបន្ថែមឬដកចេញអ្វីមួយពីបន្ទូលខាងឯទំនាយដែលមានក្នុងសៀវភៅនោះ។
ការប្រកាសដំណឹងល្អ
២. តើមានខគម្ពីរណាខ្លះ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាច្រើនតែប្រើ នៅក្នុងកិច្ចការផ្សព្វផ្សាយរបស់គេ?
២ ខគម្ពីរដែលបានស្រង់ចេញជាញឹកញាប់ ជាមូលដ្ឋានសំរាប់កិច្ចបំរើផ្សាយជាសាធារណៈរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា នោះគឺជាបន្ទូលរបស់ព្រះយេស៊ូ ដែលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ហើយតើ«ដំណឹងល្អនេះ ដែលសំដែងពីនគរ»ជាអ្វីទៅ? ស្មរបន្ទាល់ជាច្រើននាក់នឹងឆ្លើយដោយដកស្រង់បទផ្សេងៗ ពីសៀវភៅវិវរណៈ ២០, ២១ ជំពូកទី២០និងទី២១ និងសំដៅទៅការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ និងអំពីរាជរដ្ឋាភិបាលរបស់ទ្រង់ ព្រមទាំងសង្គមមនុស្ស ដែល«នឹងគ្មាន»សេចក្ដីស្លាប់ សេចក្ដីសោកសង្រេង និងទុក្ខលំបាកទៀតនោះ។—វិវរណៈ ២០:៦; ២១:១, ៤
៣. តើកិច្ចបំរើជាសាធារណៈរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាស្មើនឹងអ្វី?
៣ ជាពួកអ្នកប្រកាសអំពីសារដំណឹងល្អទាំងនេះ នោះស្មរបន្ទាល់ព្រះយេហូវ៉ាគឺពិតជាអ្នកនាំពាក្យ ដ៏ជានិមិត្តរូបនៃអ្នកនាំសារនៅស្ថានសួគ៌ ដែលមុខងាររបស់អ្នកនោះក៏បានរៀបរាប់នៅក្នុងសៀវភៅវិវរណៈដែរ។ «ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ»។ (វិវរណៈ ១៤:៦) «ដំណឹងល្អដ៏នៅអស់កល្បជានិច្ច» រួមបញ្ចូលនឹងសេចក្ដីប្រកាសដែលថា «នគរ[ឬក៏ការគ្រប់គ្រង]ទាំងប៉ុន្មាននៅលោកីយ» បាន«ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ» ព្រមទាំងថា«ពេលកំណត់»របស់ព្រះយេហូវ៉ាបានមកដល់ ដើម្បី«បំផ្លាញពួកអ្នកដែលបង្ខូចផែនដី»។ (វិវរណៈ ១១:១៥, ១៧, ១៨) តើនេះពិតជាដំណឹងល្អមែនទែនទេ?
អ្វីដែលសៀវភៅវិវរណៈមានសំរាប់យើង
៤. (ក) តើសេចក្ដីពិតអ្វីខ្លះជាគ្រឹះ ដែលបានរៀបរាប់ក្នុងជំពូកទី១នៃសៀវភៅវិវរណៈ? (ខ) តើអ្វីដែលបានតម្រូវពីអស់អ្នកដែលមានចិត្តប្រាថ្នាចង់ទទួលប្រយោជន៍ពីដំណឹងល្អនេះ?
៤ ជំពូកដំបូងនៃសៀវភៅវិវរណៈចែងប្រាប់ថា ព្រះយេហូវ៉ាជាព្រះដែល«គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្ដាបំផុត . . . ជាអាលផា នឹងជាអូមេកា គឺជាដើម ហើយជាចុង»។ ហើយក៏ចែងប្រាប់ថា បុត្រារបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ ជា«ស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់» ហើយក៏ជា«អធិបតីលើអស់ទាំងស្តេចនៅផែនដី»។ ព្រមទាំងចែងប្រាប់អំពីព្រះយេស៊ូថា«ទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប»។ (វិវរណៈ ១:៥, ៨) ដូច្នេះហើយ តាំងពីដើមដំបូង នោះសៀវភៅវិវរណៈពន្យល់នូវសេចក្ដីពិតដ៏ជាគ្រឹះដែលសង្គ្រោះជីវិត។ «មនុស្សនៅផែនដី»នឹងមិនទទួលប្រយោជន៍ពីដំណឹងល្អ ដែលបានត្រូវនាំមកឲ្យគេ លុះត្រាតែគេទទួលស្គាល់ដល់អធិបតេយ្យរបស់ព្រះយេហូវ៉ា មានជំនឿលើលោហិតរបស់ព្រះយេស៊ូដែលបានបង្ហូរចេញ និងជឿថាព្រះយេហូវ៉ាបានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ ហើយថា ឥឡូវព្រះគ្រីស្ទជាអ្នករើសតាំងដោយព្រះ ដើម្បីគ្រប់គ្រងទៅលើផែនដី។—ទំនុកដំកើង ២:៦-៨
៥. ក្នុងវិវរណៈ ២, ៣ ជំពូកទី២និងទី៣ តើព្រះគ្រីស្ទដែលបានត្រូវពណ៌នានោះមានមុខនាទីយ៉ាងណា?
៥ ជំពូកពីរជាបន្ទាប់ ពណ៌នាព្រះគ្រីស្ទយេស៊ូ ជាអ្នកត្រួតពិនិត្យនៅស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់ នៃក្រុមជំនុំទាំងឡាយរបស់ពួកសិស្សនៅលើផែនដី។ ក្រាំងមួយដែលសំរាប់ក្រុមជំនុំគ្រីស្ទានប្រាំពីរផ្សេងៗគ្នា ដែលធ្លាប់មាននៅក្នុងភូមិភាគអាស៊ីមីនើរនៅសតវត្សទីមួយ ស.យ. នោះមានការលើកទឹកចិត្តនិងឱវាទដ៏ម៉ឺងម៉ាត់ ដែលនៅទាក់ទងដល់សព្វថ្ងៃនេះ។ សារដំណឹងទាំងប៉ុន្មានដែលបានផ្ញើទៅក្រុមជំនុំទាំងនោះ ធម្មតាចាប់ផ្ដើមដោយប្រើពាក្យដូចជា «អញស្គាល់អស់ទាំងការដែលឯងធ្វើ» ឬក៏ «អញស្គាល់សេចក្ដីទុក្ខលំបាក . . . របស់ឯងហើយ»។ (វិវរណៈ ២:២, ៩) ត្រូវហើយ ព្រះគ្រីស្ទបានជ្រាបយ៉ាងជាក់លាក់ នូវអ្វីដែលបានកើតឡើងក្នុងក្រុមជំនុំទាំងឡាយរបស់ពួកសិស្សទ្រង់។ ទ្រង់បានសរសើរក្រុមជំនុំខ្លះៗ ដោយព្រោះពួកគេមានសេចក្ដីស្រឡាញ់ ជំនឿ និងការងារក្នុងកិច្ចបំរើ ហើយការស៊ូទ្រាំ និងភាពស្មោះត្រង់ដល់ព្រះនាមនិងបន្ទូលរបស់ទ្រង់។ ក្រុមជំនុំឯទៀតទ្រង់បានស្តីបន្ទោស ពីព្រោះពួកគេបានអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់រសាយទៅ ឬក៏ពួកគេបានត្រឡប់ទៅប្រព្រឹត្តអំពើឥតសីលធម៌ខាងកាម ការថ្វាយបង្គំរូបព្រះ និងនិកាយនិយមដែលក្បត់ជំនឿ។
៦. តើចក្ខុនិមិត្តដែលបានកត់ទុកនៅក្នុងជំពូកទី៤ ជួយមនុស្សឲ្យយល់អំពីអ្វី?
៦ ជំពូកទី៤ ផ្ដល់នូវចក្ខុនិមិត្តដ៏ស្ញប់ស្ញែងអំពីបល្ល័ង្កនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា។ ចក្ខុនិមិត្តនេះផ្ដល់ឲ្យឃើញនូវសិរីរុងរឿងនៃវត្តមានរបស់ព្រះយេហូវ៉ា និងអំពីទំរង់គ្រប់គ្រងនៅស្ថានសួគ៌ដែលទ្រង់នឹងប្រើ។ ពួកអ្នកគ្រប់គ្រងដែលពាក់មកុដ ហើយដែលបល្ល័ង្ករបស់ខ្លួនព័ទ្ធជុំវិញបល្ល័ង្កកណ្ដាលក្នុងសកលលោក នោះក្រាបថ្វាយបង្គំព្រះយេហូវ៉ា ហើយប្រកាសថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិតិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។—វិវរណៈ ៤:១១
៧. (ក) តើទេវតាមួយរូបអំពាវនាវឲ្យមនុស្សនៅផែនដីធ្វើអ្វី? (ខ) តើអ្វីជាផ្នែកដ៏សំខាន់នៃកិច្ចការបង្ហាត់របស់យើងខាងព្រះគម្ពីរ?
៧ តើនេះមានន័យអ្វីមួយចំពោះមនុស្សសព្វថ្ងៃនេះឬទេ? គឺប្រាកដជាអ៊ីចឹងមែន។ ប្រសិនបើគេចង់បានជីវិតក្រោមព្រះរាជាណាចក្រសំរាប់រយៈមួយពាន់ឆ្នាំនោះ ពួកគេត្រូវតែធ្វើតាមអ្វីដែល‹ទេវតាដែលកំពុងហោះកាត់កណ្ដាលមេឃ›ប្រកាស ដែលថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។ (វិវរណៈ ១៤:៦, ៧) គោលបំណងដ៏ធំមួយនៃកិច្ចការបង្ហាត់ខាងព្រះគម្ពីរ ដែលបានសម្រេចដោយស្មរបន្ទាល់ព្រះយេហូវ៉ា គឺដើម្បីជួយ«មនុស្សនៅផែនដី» ឲ្យស្គាល់និងថ្វាយបង្គំព្រះយេហូវ៉ា ទទួលស្គាល់នូវភាពដ៏ជាព្រះអាទិទេពរបស់ទ្រង់ ហើយសុខចិត្តចុះចូលចំពោះអធិបតេយ្យដ៏សុចរិតរបស់ទ្រង់។
កូនចៀមដែលសមទទួលនូវកិត្ដិយស
៨. (ក) តើព្រះគ្រីស្ទបានត្រូវពណ៌នាយ៉ាងណាក្នុងជំពូកទី៥និងទី៦? (ខ) តើពួកគ្រប់គ្នាដែលស្ដាប់ដំណឹងល្អនេះអាចរៀនអ្វីពីចក្ខុនិមិត្តនេះ?
៨ ជំពូកទី៥និងទី៦ជាបន្ទាប់ បង្ហាញប្រាប់ថាព្រះយេស៊ូគ្រីស្ទជាកូនចៀម ដែលគួរបើកក្រាំងដែលមានត្រាប្រាំពីរ ដោយហេតុនេះក៏លាតត្រដាងប្រាប់តាមភាសាជានិមិត្តរូបនូវព្រឹត្ដិការណ៍ ដែលកំពុងតែកើតឡើងនៅសម័យយើងនេះ។ (ប្រៀបមើល យ៉ូហាន ១:២៩) សម្លេងពីស្ថានសួគ៌និយាយកាន់កូនចៀមជានិមិត្តរូបនេះ ថា៖ «ទ្រង់គួរនឹងយកក្រាំងនេះ ហើយនឹងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យ[ទៅ]លើផែនដី»។ (វិវរណៈ ៥:៩, ១០) ចក្ខុនិមិត្តនេះបង្រៀនថា ដោយមានមូលដ្ឋានលើលោហិតរបស់ព្រះគ្រីស្ទដែលបានត្រូវបង្ហូរចេញ នោះមនុស្សខ្លះពីគ្រប់ទាំងសាវតា បានត្រូវត្រាស់ហៅឲ្យមកជាមួយទ្រង់នៅស្ថានសួគ៌ និង«សោយរាជ្យ[ទៅ]លើផែនដី»។ (ប្រៀបមើល វិវរណៈ ១:៥, ៦) ចំនួនដែលមានកំរិតនេះនឹងប្រាប់ពេលក្រោយក្នុងសៀវភៅវិវរណៈ។
៩. តើព្រះគ្រីស្ទបានត្រូវពណ៌នាយ៉ាងណាក្នុងជំពូកទី៦?
៩ ក្នុងចក្ខុនិមិត្តមួយទៀត ព្រះគ្រីស្ទក៏បានត្រូវពណ៌នាថាជាអ្នកពាក់មកុដដែលជិះសេះស ហើយចេញទៅ«ទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ»។ យ៉ាងសប្បាយណាស់ ទ្រង់នឹងឈ្នះលើឥទ្ធិពលអាក្រក់ ដែលបានតំណាងដោយពួកអ្នកជិះសេះបីក្នុងវិវរណៈ ដែលការជិះដ៏ខ្លាំងរបស់គេ បាននាំឲ្យមានសង្គ្រាម ការអត់បាយ និងសេចក្ដីស្លាប់ដល់មនុស្សលោកតាំងពីឆ្នាំដ៏សំខាន់គឺឆ្នាំ១៩១៤។ (វិវរណៈ ៦:១-៨) មុខនាទីដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ ដែលជាកូនចៀមរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សលោក ហើយនិងក្នុងការសម្រេចនូវគោលបំណងដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា គឺជាសាច់រឿងដ៏សំខាន់នៃកិច្ចការបង្រៀនព្រះគម្ពីររបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។
១០. (ក) តើពត៌មានដ៏សំខាន់អ្វីខ្លះ ដែលបានផ្ដល់មកក្នុងជំពូកទី៧? (ខ) តើព្រះគ្រីស្ទមានបន្ទូលយ៉ាងណា អំពីអស់អ្នកដែលទទួលព្រះរាជាណាចក្រនោះ?
១០ ជំពូកទី៧ ប្រាកដជាមានដំណឹងល្អមែន។ មានតែក្នុងសៀវភៅវិវរណៈទេ ដែលយើងរកឃើញនូវចំនួននៃអស់អ្នកដែលព្រះយេស៊ូបានហៅថាជា«ហ្វូងតូច» ដែលព្រះវរបិតារបស់កូនចៀមនេះបានប្រទានឲ្យនូវព្រះរាជាណាចក្រនោះ។ (លូកា ១២:៣២; ២២:២៨-៣០) ពួកអ្នកទាំងនេះបានត្រូវបោះត្រាដោយព្រះយេហូវ៉ាតាមរយៈវិញ្ញាណរបស់ទ្រង់។ (កូរិនថូសទី២ ១:២១, ២២) សាវ័កយ៉ូហាន ជាបុគ្គលដែលបានទទួលវិវរណៈនេះ ក៏បញ្ជាក់ថា៖ «ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់»។ (វិវរណៈ ៧:៤) ចំនួនជាក់លាក់នេះក៏បានបញ្ជាក់ក្នុងជំពូកក្រោយមក ជាចំនួនសរុបនៃអស់អ្នកដែល«លោះពីផែនដីចេញ» ដើម្បីគ្រប់គ្រងជាមួយនឹងកូនចៀមនៅភ្នំស៊ីយ៉ូនខាងស្ថានសួគ៌។ (វិវរណៈ ១៤:១-៤) ពួកនិកាយនៃពិភពគ្រីស្ទសាសនាផ្ដល់នូវការពន្យល់ដ៏ស្រពិចស្រពិលដែលមិនគួរឲ្យជឿនៃចំនួននេះ តែជាការគួរឲ្យចាប់អារម្មណ៍ ដែលអ្នកប្រាជ្ញខាងព្រះគម្ពីរឈ្មោះ អិធិលបឺត ប៊ូលិញ្ជើ មានប្រសាសន៍អំពីនេះថា៖ «នេះជាសេចក្ដីថ្លែងដ៏ស្រួលយល់អំពីហេតុការណ៍ពិត ជាចំនួនប្រាកដ ដែលផ្ទុយនឹងចំនួនមិនប្រាកដនៅក្នុងជំពូកដដែលនេះ»។
១១. (ក) តើដំណឹងល្អអ្វីខ្លះ ដែលអាចរកឃើញក្នុងជំពូកទី៧? (ខ) តើមានការទន្ទឹងអ្វីដែលមាននៅមុខពួកសមាជិកនៃ«មនុស្ស១ហ្វូងយ៉ាងធំ»?
១១ តើលោកប៊ូលិញ្ជើបានសំដៅទៅចំនួនដ៏មិនប្រាកដណាមួយឬ? នៅក្នុងខ៩ នោះសាវ័កយ៉ូហានបានសរសេរថា៖ «ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) តើអ្នកណាដែលធ្វើជាមនុស្សមួយហ្វូងយ៉ាងធំនេះ និងតើពួកគេមានជំហរយ៉ាងណាពីមុខព្រះនៅនាបច្ចុប្បន្នកាល ហើយតើពួកគេនឹងអាចមានអនាគតយ៉ាងណា? ចម្លើយក្នុងវិវរណៈគឺជាដំណឹងល្អសំរាប់ពួករស់នៅផែនដី។ យើងអានថា៖ «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ តាមរយៈជំនឿលើលោហិតដែលបានត្រូវបង្ហូររបស់ព្រះគ្រីស្ទ នោះពួកគេនឹងបានត្រូវការពារ ក្នុងកំឡុង‹សេចក្ដីវេទនាជាខ្លាំង›។ ព្រះគ្រីស្ទនឹង«នាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ»។ (វិវរណៈ ៧:១៤-១៧) ត្រូវហើយ មនុស្សរាប់លាននាក់ដែលរស់នៅសព្វថ្ងៃនេះ អាចទៅជាផ្នែកនៃមនុស្សមួយហ្វូងដែលរាប់មិនអស់នេះ ដែលនឹងរួចរស់ជីវិតពីទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ ជាអនុរាស្ត្រក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូគ្រីស្ទជាស្តេច នោះពួកគេនឹងត្រូវបានដឹកនាំដោយទ្រង់ទៅដល់ជីវិតអស់កល្បជានិច្ចលើផែនដីនេះ។ តើនេះមិនមែនជាដំណឹងល្អទេឬ?
«សេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់»
១២, ១៣. (ក) តើជំពូកទី៨រហូតដល់ជំពូកទី១៩មានពត៌មានអ្វីខ្លះ? (ខ) ហេតុអ្វីក៏មនុស្សដែលមានចិត្តស្មោះត្រង់មិនគួរខ្វល់ខ្វាយនឹងទំនាយបែបនេះ?
១២ ជំពូកទី៨ដល់១៩ គឺទទួលខុសត្រូវភាគច្រើនចំពោះកិត្ដិសព្ទថាសៀវភៅវិវរណៈ ជាសៀវភៅដែលទាយអំពីមហន្តរាយដែលធ្វើឲ្យភ័យខ្លាំង។ ជំពូកទាំងនេះមានសារជំនុំជំរះដ៏ខ្លាំងក្លា (ដែលបានតំណាងដោយសំឡេងត្រែនិមួយៗ សេចក្ដីវេទនាផ្សេងៗ និងចាននៃសេចក្ដីខ្ញាល់របស់ព្រះ) ដែលសំដៅប្រឆាំងនឹងផ្នែកផ្សេងៗនៃរបបរបស់សាតាំង។ ការជំនុំជំរះទាំងនេះនឹងត្រូវធ្វើឡើង ជាដំបូងគឺប្រឆាំងនឹងសាសនាមិនពិត («បាប៊ីឡូនដ៏ជាធំ») រួចមក គឺប្រឆាំងនឹងប្រព័ន្ធខាងនយោបាយដែលមិនគោរពព្រះ ដែលបានត្រូវតំណាងដោយសត្វសាហាវផ្សេងៗ។—វិវរណៈ ១៣:១, ២; ១៧:៥-៧, ១៥, ១៦។a
១៣ ជំពូកទាំងនេះបង្ហាញនូវការបោសសំអាតស្ថានសួគ៌ ដោយបោះទម្លាក់សាតាំងនិងពួកបិសាចរបស់វាចុះមកឯទីក្បែរៗផែនដី។ នេះផ្ដល់នូវការពន្យល់ដ៏សមហេតុផលតែមួយ ចំពោះភាពពិបាកដែលមិនធ្លាប់មានពីមុនក្នុងពិភពលោក តាំងពីឆ្នាំ១៩១៤។ (វិវរណៈ ១២:៧-១២) ហើយក៏រៀបរាប់ដោយប្រើភាសាជានិមិត្តរូប នូវសេចក្ដីហិនវិនាសនៃរបបលោកីយ៍ដ៏អាក្រក់ជួជាតិរបស់សាតាំងនៅលើផែនដីនេះ។ (វិវរណៈ ១៩:១៩-២១) តើមនុស្សដែលមានចិត្តស្មោះត្រង់គួរភ្ញាក់ផ្អើលដោយព្រឹត្ដិការណ៍ដ៏ខ្លាំងក្លានេះឬ? មិនទាល់តែសោះ ដ្បិតក្នុងកំឡុងការធ្វើសេចក្ដីជំនុំជំរះរបស់ព្រះ នោះពួកជាច្រើននៅស្ថានសួគ៌បន្លឺសម្លេងថា៖ «ហាលេលូយ៉ា សេចក្ដីសង្គ្រោះ សិរីល្អ នឹងព្រះចេស្ដា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់»។—វិវរណៈ ១៩:១, ២
១៤, ១៥. (ក) តើការនាំមកដល់ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ នឹងធ្វើឡើងដោយសេចក្ដីសុចរិតយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏ផ្នែកនេះនៃវិវរណៈ ជាកត្ដាដែលនាំឲ្យមានការអរសប្បាយចំពោះមនុស្សដែលមានចិត្តស្មោះត្រង់?
១៤ ព្រះយេហូវ៉ានឹងមិននាំឲ្យមានរបបដ៏សុចរិត ដោយឥតកំទេចចោលចេញពីផែនដី នូវអស់អ្នកដែលកំពុងតែបំផ្លាញផែនដីនេះឡើយ។ (វិវរណៈ ១១:១៧, ១៨; ១៩:១១-១៦; ២០:១, ២) ប៉ុន្តែ គ្មានមនុស្សណាឬរបបនយោបាយណាដែលមានអំណាច ដើម្បីនឹងសម្រេចការនេះបានទេ។ មានតែព្រះយេហូវ៉ានិងស្តេចដែលទ្រង់បានតែងតាំងឡើង ព្រះគ្រីស្ទយេស៊ូតែប៉ុណ្ណោះ ដែលអាចធ្វើការនេះដោយសេចក្ដីសុចរិតនោះ។—ថែស្សាឡូនីចទី២ ១:៦-៩
១៥ ដូចជាវិវរណៈបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាមានបំណងនាំឲ្យមានទីបញ្ចប់ដល់របបលោកីយ៍ដ៏អាក្រក់នេះ។ ហេតុការណ៍នេះគួរជាកត្ដានៃការអរសប្បាយចំពោះមនុស្សប្រុសស្រី ដែល«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»។ (អេសេគាល ៩:៤) នេះគួរផ្ដិតជាប់នឹងគំនិតរបស់គេនូវភាពបន្ទាន់ ឲ្យត្រូវធ្វើតាមសេចក្ដីប្រកាសដោយទេវតាដែលមានដំណឹងល្អ ដែលបានប្រកាសថា៖ «ចូរកោតខ្លាចដល់ព្រះ . . . ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ [និង]ផែនដី»។ (វិវរណៈ ១៤:៧) សូមឲ្យមនុស្សបែបនេះថ្វាយបង្គំនិងបំរើព្រះយេហូវ៉ាជាមួយនឹងស្មរបន្ទាល់ទ្រង់ «ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ»។—វិវរណៈ ១២:១៧
ការសោយរាជ្យមួយពាន់ឆ្នាំដ៏រុងរឿង
១៦. (ក) ហេតុអ្វីក៏ពួកនិកាយខាងពិភពគ្រីស្ទសាសនា បានបដិសេធចោលនូវសេចក្ដីសង្ឃឹមខាងមួយសហស្សវត្សនោះ? (ខ) ហេតុអ្វីក៏ស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា សេចក្ដីអធិស្ឋានជាគំរូនឹងត្រូវសម្រេចបាន?
១៦ ជំពូកទី២០ទៅជំពូកទី២២នៃសៀវភៅវិវរណៈ មានមូលដ្ឋានក្នុងបទគម្ពីរចំពោះសេចក្ដីសង្ឃឹមនៅក្នុងមួយសហស្សវត្សនោះ។ នេះជាផ្នែកតែមួយគត់ក្នុងព្រះគម្ពីរ ដែលរៀបរាប់អំពីកំឡុងមួយពាន់ឆ្នាំ ដែលនាំមុខនូវអនន្តភាពនៃសុភមង្គលនៅស្ថានសួគ៌និងនៅលើផែនដី។ ពួកនិកាយនៃពិភពគ្រីស្ទសាសនាបានបដិសេធចោលនូវសេចក្ដីសង្ឃឹមអំពីមួយសហស្សវត្សនោះ។ ដោយព្រោះលទ្ធិនៃសាសនាបង្រៀនថា ពួកសុចរិតនឹងឡើងទៅស្ថានសួគ៌ ហើយពួកមនុស្សអាក្រក់ទៅស្ថាននរក នោះគឺឥតមានកន្លែងសំរាប់ផែនដីមនោរម្យនោះទេ។ សេចក្ដីអធិស្ឋានជាគំរូ ដែលសុំឲ្យ«ព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ» បានបាត់បង់នូវអត្ថន័យទាំងអស់ ចំពោះពួកសមាជិកភាគច្រើនខាងនិកាយនៃពិភពគ្រីស្ទសាសនា។ (ម៉ាថាយ ៦:១០) ក៏ប៉ុន្តែនេះគឺមិនអ៊ីចឹងទេ ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកគេជឿយ៉ាងមុតមាំថា ព្រះយេហូវ៉ាមិនបានបង្កើតផែនដីមក«ឲ្យនៅទទេទេ» ក៏ប៉ុន្តែ«ឲ្យជាទីអាស្រ័យនៅ»វិញ។ (អេសាយ ៤៥:១២, ១៨) ដូច្នេះទំនាយពីបុរាណ និងសេចក្ដីអធិស្ឋានជាគំរូ ព្រមទាំងសេចក្ដីសង្ឃឹមអំពីមួយសហស្សវត្សនោះក្នុងសៀវភៅវិវរណៈ ទាំងអស់សុទ្ធតែយល់ស្របគ្នា។ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ នោះទ្រង់នឹងធានារ៉ាប់រងថាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា នឹងបានសម្រេចនៅលើផែនដី ដូចជាបានសម្រេចនៅស្ថានសួគ៌ដែរ។
១៧. តើអ្វីដែលបញ្ជាក់ថា«១ពាន់ឆ្នាំនោះ» គួរឲ្យយល់ថាមែនទែននោះ?
១៧ សេចក្ដីដែលថា«១ពាន់ឆ្នាំ»នេះ មានប្រើប្រាំមួយដងក្នុងប្រាំពីរខដំបូងនៃវិវរណៈ ២០ ជំពូកទី២០។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺនូវហេតុការណ៍ពិតដែលថាសេចក្ដីនេះមានបីដង ដោយប្រើពាក្យសម្គាល់ជាក់ច្បាស់ គឺ«នោះ» ដើម្បីបង្ហាញថានេះសំដៅទៅសហស្សវត្សមែនទែនមួយ មិនគ្រាន់តែសំដៅទៅលើមួយរយៈពេលដ៏យូរដែលគ្មានកំណត់ ដូចពួកអ្នកធ្វើអត្ថាធិប្បាយជាច្រើននាក់នៃពិភពគ្រីស្ទសាសនា ចង់ឲ្យយើងជឿនោះទេ។ តើនឹងមានអ្វីកើតឡើងក្នុងកំឡុងមួយសហស្សវត្សនោះ? មុនដំបូង គឺបានត្រូវធ្វើឲ្យសាតាំងគ្មានសកម្មភាពក្នុងកំឡុងមួយរយៈពេលទាំងមូលនោះ។ (វិវរណៈ ២០:១-៣; ប្រៀបមើល ហេព្រើរ ២:១៤) នេះជាដំណឹងល្អយ៉ាងណាទៅហ្ន៎!
១៨. (ក) ហេតុអ្វីក៏រយៈពេលមួយពាន់ឆ្នាំនោះ អាចហៅជា«ថ្ងៃ»មួយនៃការជំនុំជំរះ? (ខ) តើនឹងមានអ្វីកើតឡើងនៅទីបញ្ចប់នៃមួយពាន់ឆ្នាំនោះ?
១៨ ដោយព្រោះ‹អំណាចជំនុំជំរះ›បានប្រគល់ឲ្យអស់អ្នកដែល«សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ» នោះតាមការពិត កំឡុងពេលនេះជា«ថ្ងៃ»មួយជាមួយពាន់ឆ្នាំនៃការជំនុំជំរះ។ (វិវរណៈ ២០:៤, ៦; ប្រៀបមើល កិច្ចការ ១៧:៣១; ពេត្រុសទី២ ៣:៨) ពួកមនុស្សស្លាប់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ ហើយរួមគ្នាជាមួយនឹងពួករួចរស់ជីវិតពី‹សេចក្ដីវេទនាជាខ្លាំង› នោះនឹងបានត្រូវជំនុំជំរះយ៉ាងស្មើគ្នា ស្របទៅតាមអំពើឬក៏សកម្មភាពរបស់គេ នៅក្នុងកំឡុងនោះ។ (វិវរណៈ ២០:១២, ១៣) នៅទីបញ្ចប់នៃមួយពាន់ឆ្នាំនោះ សាតាំងនឹងបានត្រូវដោះលែងមួយរយៈខ្លី ដើម្បីឲ្យមនុស្សលោកមានការសាកល្បងចុងក្រោយបំផុត ដែលក្រោយមកវានិងពួកបិសាចរបស់វា ហើយព្រមទាំងអស់អ្នកនៅលើផែនដីដែលបះបោរដោយកាន់តាមវា នោះនឹងត្រូវបំផ្លាញចោលជានិរន្តរ៍។ (វិវរណៈ ២០:៧-១០) មនុស្សលោកដែលជាប់ការសាកល្បងចុងក្រោយបំផុត នឹងមានឈ្មោះរបស់គេសរសេរជាស្ថាពរនៅក្នុង«បញ្ជីជីវិត» ហើយនឹងនាំឲ្យចូលអនន្តភាពនៃជីវិតដ៏សប្បាយ ដោយបំរើនិងថ្វាយបង្គំព្រះយេហូវ៉ានៅលើផែនដីមនោរម្យ។—វិវរណៈ ២០:១៤, ១៥; ទំនុកដំកើង ៣៧:៩, ២៩; អេសាយ ៦៦:២២, ២៣
១៩. (ក) ហេតុអ្វីក៏យើងអាចប្រាកដក្នុងចិត្តថា សេចក្ដីសន្យាដ៏អស្ចារ្យទាំងប៉ុន្មានក្នុងសៀវភៅវិវរណៈ នឹងត្រូវសម្រេចជាមិនខាននោះ? (ខ) តើនឹងត្រូវពិចារណាមើលអ្វីនៅក្នុងអត្ថបទជាបន្ទាប់នោះ?
១៩ នេះហើយជាដំណឹងល្អដែលមាននៅក្នុងសៀវភៅវិវរណៈ។ ដំណឹងល្អទាំងនេះមិនមែនជាសេចក្ដីសន្យារបស់មនុស្ស ដ៏ឥតខ្លឹមសារនោះទេ។ សាវ័កយ៉ូហានបានសរសេរថា៖ «ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ ‹មើល! អញធ្វើទាំងអស់ឡើងជាថ្មី›។ រួចទ្រង់មានបន្ទូលមកខ្ញុំថា៖ ‹ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ›»។ (វិវរណៈ ២១:៥) តើយើងត្រូវតែធ្វើយ៉ាងណា ដើម្បីចូលរួមក្នុងការសម្រេចនៃដំណឹងល្អទាំងនេះ? សៀវភៅវិវរណៈមានឱវាទជាច្រើនសំរាប់អស់អ្នកណាដែលចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ។ ការធ្វើតាមឱវាទបែបនេះនឹងនាំឲ្យយើងមានសុភមង្គលដែលគ្មានកំរិតនៅឥឡូវ និងរៀងរហូតតទៅ ដូចជាអត្ថបទជាបន្ទាប់នឹងបង្ហាញនោះ។
[កំណត់សម្គាល់]
a បើចង់បានការពន្យល់ពេញលេញអំពីសៀវភៅវិវរណៈ សូមមើលសៀវភៅ វិវរណៈ—ការសម្រេចផ្ដាច់ព្រាត់ជិតមកដល់ហើយ! ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ភាសាអង់គ្លេស)
ចំណុចសំរាប់ពិនិត្យមើលសាឡើងវិញ
◻ តើសេចក្ដីពិតណាខ្លះជាគ្រឹះនៅក្នុងវិវរណៈ ជំពូកទី៤ទៅជំពូកទី៦ ដែលបង្កើតនូវផ្នែកដ៏សំខាន់នៃដំណឹងល្អនេះ?
◻ តើដំណឹងល្អអ្វីដែលមាននៅក្នុងវិវរណៈ ជំពូកទី៧?
◻ ហេតុអ្វីក៏មនុស្សដែលមានចិត្តស្មោះត្រង់មិនគួរខ្វល់ខ្វាយនូវសារជំនុំជំរះដែលមានក្នុងសៀវភៅវិវរណៈ?
◻ តើតាមរបៀបណាខ្លះដែលសហស្សវត្សនោះនឹងជា«ថ្ងៃ»មួយនៃការជំនុំជំរះ?
[រូបភាពនៅទំព័រ១០]
ព្រះយេស៊ូគ្រីស្ទជាស្តេចនឹងកំទេចចោលទាំងស្រុងនូវសង្គ្រាម ទុរភិក្ស និងសេចក្ដីស្លាប់ចេញពីផែនដី