-
ចូរប្រយ័ត្ននឹងអន្ទាក់របស់មេកំណាច!ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ សីហា
-
-
ចូរប្រយ័ត្ននឹងអន្ទាក់របស់មេកំណាច!
«ចេញពីអន្ទាក់របស់មេកំណាច»។—២ធី. ២:២៦
តើអ្នកនឹងឆ្លើយយ៉ាងណា?
បើអ្នកមានទំនោរចិត្តរិះគន់អ្នកឯទៀតដោយមិនសមហេតុផល តើអ្នកគួរពិនិត្យមើលខ្លួនអ្នកអំពីអ្វី?
តាមរយៈគំរូរបស់ពីឡាតនិងពេត្រុស តើអ្នកអាចរៀនអ្វីស្តីអំពីការមិនភ័យខ្លាចនិងការមិនចាញ់ការបង្ខិតបង្ខំ?
តើតាមរបៀបណាអ្នកអាចជៀសវាងពីការមានអារម្មណ៍បន្ទោសខ្លួនហួសហេតុពេក?
១, ២. ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាអន្ទាក់ណាខ្លះរបស់មេកំណាច?
មេកំណាចលបចាប់អ្នកបម្រើរបស់ព្រះយេហូវ៉ា។ គោលបំណងរបស់វាគឺមិនចាំបាច់បំផ្លាញពួកគេ ដូចអ្នកបាញ់សត្វធំៗជាការកម្សាន្តដែលសម្លាប់សត្វនោះទេ។ ផ្ទុយទៅវិញ គោលដៅធំចម្បងរបស់មេកំណាចគឺចាប់អ្នកណាម្នាក់ទាំងរស់ ហើយប្រើបុគ្គលនោះតាមអំពើចិត្តរបស់វា។—សូមអាន ធីម៉ូថេទី២ ២:២៤-២៦
២ ដើម្បីចាប់សត្វទាំងរស់ អ្នកដាក់អន្ទាក់ប្រហែលជាប្រើអន្ទាក់ណាមួយ។ គាត់ប្រហែលជាព្យាយាមធ្វើឲ្យសត្វចេញពីកន្លែងដែលវាពួន ចូលមកកន្លែងដែលគាត់អាចចាប់វាដោយអន្ទាក់រូត។ គាត់ក៏ប្រហែលជាប្រើអន្ទាក់មានគន្លឹះដែលគាត់លាក់ ហើយចាប់សត្វនោះដោយមិនឲ្យវាដឹងខ្លួន។ មេកំណាចប្រើអន្ទាក់ស្រដៀងគ្នានេះដើម្បីចាប់អ្នកបម្រើព្រះទាំងរស់។ បើយើងមិនចង់ឲ្យវាចាប់យើងបាន យើងត្រូវដឹងខ្លួន ហើយយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់ដែលព្រមានយើងថាមានអន្ទាក់មួយរបស់សាថាននៅជិតយើង។ អត្ថបទនេះនឹងពិចារណាអំពីរបៀបដែលយើងអាចការពារខ្លួនពីអន្ទាក់បីយ៉ាងដែលមេកំណាចបានប្រើដោយបានជោគជ័យមួយកម្រិត។ អន្ទាក់ទាំងនោះគឺ (១) ការមិនចេះគ្រប់គ្រងពាក្យសម្ដី (២) ការភ័យខ្លាចនិងការបង្ខិតបង្ខំ ហើយ (៣) ការបន្ទោសខ្លួនហួសហេតុពេក។ អត្ថបទបន្ទាប់នឹងពិចារណាអំពីអន្ទាក់ពីរទៀតរបស់សាថាន។
ចូរពន្លត់ភ្លើងដែលបណ្ដាលមកពីការមិនចេះគ្រប់គ្រងពាក្យសម្ដី
៣, ៤. តើការមិនចេះគ្រប់គ្រងពាក្យសម្ដីអាចនាំឲ្យមានលទ្ធផលអ្វី? សូមលើកឧទាហរណ៍។
៣ ដើម្បីឲ្យសត្វចេញពីកន្លែងដែលវាពួន ព្រានប្រហែលជាដុតព្រៃមួយកន្លែងដើម្បីចាប់សត្វពេលវាខំរត់គេចពីភ្លើង។ ក្នុងន័យធៀប សាថានចង់ធ្វើឲ្យក្រុមជំនុំមានបញ្ហាដែលប្រៀបដូចជាភ្លើងឆេះ។ បើវាបានជោគជ័យ វានឹងធ្វើឲ្យសមាជិកក្រុមជំនុំចេញពីកន្លែងមានសុវត្ថិភាពចូលក្នុងកណ្ដាប់ដៃវា។ តើយើងប្រហែលជាសហការជាមួយវាដោយមិនដឹងខ្លួន ហើយជាប់អន្ទាក់របស់វាតាមរបៀបណា?
៤ សាវ័កយ៉ាកុបបានប្រៀបប្រដូចអណ្ដាតទៅនឹងភ្លើង។ (សូមអាន យ៉ាកុប ៣:៦-៨) ប្រសិនបើយើងមិនអាចគ្រប់គ្រងអណ្ដាតរបស់យើងទេ យើងអាចចាប់ផ្ដើមធ្វើឲ្យមានបញ្ហានៅក្នុងក្រុមជំនុំដែលប្រៀបដូចជាភ្លើងឆេះព្រៃ។ តើរឿងនេះប្រហែលជាកើតឡើងយ៉ាងដូចម្ដេច? សូមពិចារណាអំពីស្ថានភាពមួយ: នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមជំនុំ មានសេចក្ដីជូនដំណឹងមួយដែលប្រកាសថាបងស្រីម្នាក់បានត្រូវតែងតាំងជាអ្នកត្រួសត្រាយពេញពេល។ ក្រោយកិច្ចប្រជុំ បងស្រីពីរនាក់ដែលជាអ្នកផ្សព្វផ្សាយពិភាក្សាគ្នាអំពីសេចក្ដីជូនដំណឹងនេះ។ បងស្រីម្នាក់បង្ហាញអំណរ ហើយចង់ឲ្យអ្នកត្រួសត្រាយនោះបានជោគជ័យ។ បងស្រីម្នាក់ទៀតសង្ស័យអំពីបំណងចិត្តរបស់អ្នកត្រួសត្រាយនោះ ហើយនិយាយបញ្ឆិតបញ្ឆៀងថាបងស្រីនោះគ្រាន់តែចង់បានមុខមាត់ក្នុងក្រុមជំនុំប៉ុណ្ណោះ។ តើអ្នកផ្សព្វផ្សាយមួយណាក្នុងចំណោមអ្នកផ្សាយទាំងពីរនាក់នោះដែលអ្នកនឹងចង់បានធ្វើជាមិត្ត? គឺមិនពិបាកឲ្យយើងដឹងថាបងស្រីមួយណាដែលទំនងជាធ្វើឲ្យមានបញ្ហាដែលប្រៀបដូចជាភ្លើងឆេះក្នុងក្រុមជំនុំតាមរយៈពាក្យសំដីរបស់គាត់នោះទេ។
៥. ដើម្បីទប់ស្កាត់បញ្ហាដែលបណ្ដាលមកពីការមិនចេះគ្រប់គ្រងពាក្យសម្ដី តើយើងគួរពិនិត្យមើលខ្លួនយើងអំពីអ្វីខ្លះ?
៥ តើតាមរបៀបណាយើងអាចទប់ស្កាត់បញ្ហាដែលបណ្ដាលមកពីការមិនចេះគ្រប់គ្រងពាក្យសម្ដី? លោកយេស៊ូបានមានប្រសាសន៍ថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថ. ១២:៣៤) ដូច្នេះ ជំហានដំបូងគឺពិនិត្យមើលចិត្តរបស់យើង។ តើយើងជៀសវាងពីការមានអារម្មណ៍មិនល្អដែលនាំឲ្យយើងនិយាយអ្វីដែលនាំឲ្យមានបញ្ហាឬទេ? ជាឧទាហរណ៍ ពេលយើងឮថាបងប្រុសម្នាក់ខំប្រឹងឲ្យបានឯកសិទ្ធិណាមួយក្នុងកិច្ចបម្រើ តើយើងជឿយ៉ាងស្មោះថាគាត់មានបំណងចិត្តត្រឹមត្រូវ ឬតើយើងសង្ស័យថាគាត់ចង់បានឯកសិទ្ធិនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន? បើយើងមានទំនោរចិត្តសង្ស័យអំពីបំណងចិត្តរបស់អ្នកឯទៀត ជាការល្អឲ្យយើងចាំថាមេកំណាចសង្ស័យអំពីបំណងចិត្តរបស់យ៉ូបដែលជាអ្នកបម្រើស្មោះត្រង់របស់ព្រះ។ (យ៉ូប ១:៩-១១) ជាជាងសង្ស័យបងប្អូនរបស់យើង យើងគួរពិចារណាអំពីមូលហេតុដែលយើងរិះគន់គាត់។ តើពិតជាមានមូលហេតុត្រឹមត្រូវដែលនាំឲ្យយើងធ្វើដូច្នេះឬទេ? ឬតើចិត្តគំនិតដែលគ្មានសេចក្ដីស្រឡាញ់ដែលមានជាទូទៅនៅគ្រាចុងក្រោយបង្អស់នេះមានឥទ្ធិពលលើចិត្តរបស់យើងទៅវិញ?—២ធី. ៣:១-៤
៦, ៧. (ក) តើប្រហែលជាមានមូលហេតុអ្វីខ្លះដែលនាំឲ្យយើងរិះគន់អ្នកឯទៀត? (ខ) តើយើងគួរឆ្លើយតបយ៉ាងណាបើយើងត្រូវគេជេរប្រមាថ?
៦ សូមពិចារណានូវមូលហេតុខ្លះផ្សេងទៀតដែលប្រហែលជានាំឲ្យយើងរិះគន់អ្នកឯទៀត។ មូលហេតុមួយគឺដោយសារយើងចង់ឲ្យអ្នកឯទៀតកត់សម្គាល់ច្រើនជាងនូវអ្វីដែលយើងបានសម្រេច។ ដោយធ្វើដូច្នេះ យើងប្រហែលជាខំប្រឹងលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្នកឯទៀត។ យើងប្រហែលជាខំដោះសាអំពីអ្វីដែលយើងគួរធ្វើតែមិនបានធ្វើ។ ទោះជាយើងរិះគន់អ្នកឯទៀតដោយសារអំណួត ការច្រណែន ឬដោយសារយើងគ្មានទំនុកចិត្តលើខ្លួនយើងក៏ដោយ ចិត្តគំនិតទាំងនេះនឹងបណ្ដាលឲ្យមានការខូចបង់យ៉ាងធ្ងន់ធ្ងរ។
៧ ប្រហែលជាយើងអាចមានអារម្មណ៍ថាមានមូលហេតុត្រឹមត្រូវដែលនាំឲ្យយើងរិះគន់អ្នកណាម្នាក់។ ប្រហែលជាយើងធ្លាប់ត្រូវគេនិយាយដោយមិនចេះគ្រប់គ្រងពាក្យសម្ដីមកលើយើង។ បើដូច្នេះមែន ការសងសឹកឲ្យសមនឹងអ្វីដែលគេធ្វើមកលើយើងមិនមែនជារបៀបដោះស្រាយបញ្ហានោះទេ។ ធ្វើដូច្នេះគឺប្រៀបដូចជាចាក់សាំងលើភ្លើង ហើយធ្វើអ្វីដែលសាថានចង់ឲ្យយើងធ្វើ មិនមែនធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើនោះទេ។ (២ធី. ២:២៦) យើងគួរយកតម្រាប់តាមគំរូរបស់លោកយេស៊ូស្តីអំពីរឿងនេះ។ ពេលលោកយេស៊ូត្រូវគេជេរប្រមាថ«លោកមិនបានជេរប្រមាថគេវិញទេ»។ ផ្ទុយទៅវិញ លោក«តែងតែផ្ញើខ្លួនទៅលើព្រះដែលវិនិច្ឆ័យដោយសុចរិតយុត្ដិធម៌»។ (១ពេ. ២:២១-២៣) លោកយេស៊ូមានទំនុកចិត្តថាព្រះយេហូវ៉ានឹងដោះស្រាយបញ្ហាតាមរបៀបរបស់លោកនិងតាមពេលវេលារបស់លោក។ យើងគួរទុកចិត្តលើព្រះដូចលោកយេស៊ូដែរ។ ពេលយើងប្រើសម្ដីដែលប្រៀបដូចជាថ្នាំផ្សះ យើងជួយរក្សាឲ្យមាន«ចំណងដែលនាំឲ្យមានឯកភាព»ក្នុងក្រុមជំនុំរបស់យើង។—សូមអាន អេភេសូរ ៤:១-៣
ចូរជៀសចេញពីអន្ទាក់រូតពោលគឺ ការភ័យខ្លាចនិងការបង្ខិតបង្ខំ
៨, ៩. ហេតុអ្វីពីឡាតបានកាត់ទោសលោកយេស៊ូ?
៨ សត្វដែលជាប់អន្ទាក់រូតមិនអាចរើខ្លួនរួចឡើយ។ ស្រដៀងគ្នាដែរ មនុស្សម្នាក់ដែលភ័យខ្លាច ហើយធ្វើតាមការបង្ខិតបង្ខំ យ៉ាងហោចណាស់បាត់បង់ការគ្រប់គ្រងលើជីវិតរបស់គាត់មួយកម្រិត។ (សូមអាន សុភាសិត ២៩:២៥) សូមឲ្យយើងពិចារណាអំពីគំរូរបស់បុរសពីរនាក់ដែលធ្វើតាមការបង្ខិតបង្ខំ ហើយភ័យខ្លាចមនុស្ស ព្រមទាំងពិចារណាអំពីអ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់ពួកគាត់។
៩ ប៉ុនទាសពីឡាតដែលជាអភិបាលរ៉ូមបានដឹងថាលោកយេស៊ូជាមនុស្សដែលគ្មានកំហុស ហើយតាមមើលទៅ គាត់មិនចង់ធ្វើបាបលោកយេស៊ូទេ។ តាមការពិត ពីឡាតបាននិយាយថាលោកយេស៊ូមិនបាន«ធ្វើអ្វីដែលគួរនឹងប្រហារជីវិតសោះ»។ ក៏ប៉ុន្តែ ពីឡាតបានកាត់ទោសលោកយេស៊ូឲ្យត្រូវស្លាប់។ ហេតុអ្វី? ដោយសារពីឡាតចាញ់ការបង្ខិតបង្ខំពីហ្វូងមនុស្ស។ (លូក. ២៣:១៥, ២១-២៥) ពួកអ្នកប្រឆាំងទាំងនោះព្យាយាមបង្ខិតបង្ខំពីឡាតឲ្យធ្វើអ្វីដែលពួកគេចង់បាន ដោយស្រែកឡើងថា៖ «ប្រសិនបើលោកដោះលែងបុរសនេះ លោកមិនមែនជាមិត្តរបស់សេសារទេ»។ (យ៉ូន. ១៩:១២) ពីឡាតប្រហែលជាបានខ្លាចថាគាត់នឹងបាត់បង់ឋានៈឬប្រហែលជាបាត់បង់ជីវិតរបស់គាត់ ប្រសិនបើគាត់កាន់ខាងគ្រិស្ត។ ដូច្នេះ គាត់បានអនុញ្ញាតឲ្យមេកំណាចដឹកនាំគាត់ឲ្យធ្វើតាមបំណងប្រាថ្នារបស់វា។
១០. តើអ្វីបានបណ្ដាលឲ្យពេត្រុសបដិសេធគ្រិស្ត?
១០ សាវ័កពេត្រុសគឺជាមិត្តសម្លាញ់ដ៏ជិតស្និទ្ធបំផុតម្នាក់របស់លោកយេស៊ូ។ គាត់បានប្រកាសជាចំហថាលោកយេស៊ូជាមេស្ស៊ី។ (ម៉ាថ. ១៦:១៦) ពេត្រុសបានរក្សាភក្ដីភាពពេលដែលអ្នកកាន់តាមឯទៀតមិនបានយល់អត្ថន័យនៃអ្វីដែលលោកបានមានប្រសាសន៍ ហើយបានបោះបង់លោក។ (យ៉ូន. ៦:៦៦-៦៩) នៅពេលដែលសត្រូវបានមកចាប់លោកយេស៊ូ ពេត្រុសបានប្រើដាវដើម្បីការពារម្ចាស់របស់គាត់។ (យ៉ូន. ១៨:១០, ១១) ក៏ប៉ុន្តែ ក្រោយមកពេត្រុសបានភ័យខ្លាច ហើយថែមទាំងបានបដិសេធថាមិនស្គាល់លោកយេស៊ូគ្រិស្តទៀតផង។ អស់មួយរយៈពេលខ្លី សាវ័កនេះបានភ័យខ្លាចមនុស្ស ហើយបានអនុញ្ញាតឲ្យការភ័យខ្លាចនោះរារាំងគាត់មិនឲ្យប្រព្រឹត្តដោយចិត្តក្លាហាន។—ម៉ាថ. ២៦:៧៤, ៧៥
១១. តើយើងប្រហែលជាត្រូវតយុទ្ធនឹងឥទ្ធិពលអាក្រក់អ្វី?
១១ ក្នុងនាមជាគ្រិស្តសាសនិក យើងត្រូវទប់ទល់នឹងការបង្ខិតបង្ខំឲ្យធ្វើអ្វីដែលព្រះមិនពេញចិត្ត។ និយោជកឬអ្នកឯទៀតប្រហែលជាព្យាយាមបង្ខំយើងឲ្យប្រព្រឹត្តមិនទៀងត្រង់ ឬប្រហែលជាល្បួងយើងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ សិស្សសាលាប្រហែលជាត្រូវប្រឈមមុខនឹងមិត្តភក្ដិដែលព្យាយាមបង្ខំពួកគេឲ្យលួចចម្លងពេលប្រឡង មើលរូបអាសអាភាស ជក់បារី ប្រើគ្រឿងញៀន ផឹកស្រាហួសប្រមាណ ឬប្រព្រឹត្តអំពើខុសឆ្គងខាងផ្លូវភេទ។ ដូច្នេះ តើអ្វីអាចជួយយើងឲ្យជៀសវាងពីអន្ទាក់នៃការភ័យខ្លាច និងការបង្ខិតបង្ខំឲ្យធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត?
១២. តើយើងអាចរៀនអ្វីពីគំរូរបស់ពីឡាតនិងពេត្រុស?
១២ សូមឲ្យយើងពិចារណាថាយើងអាចរៀនអ្វីពីគំរូរបស់ពីឡាតនិងពេត្រុស។ ពីឡាតមិនសូវមានចំណេះអំពីគ្រិស្តទេ។ ប៉ុន្តែ គាត់បានដឹងថាលោកយេស៊ូគ្មានទោសកំហុស ហើយលោកមិនមែនជាបុរសធម្មតាឡើយ។ ប៉ុន្តែ ពីឡាតគ្មានចិត្តរាបទាប ហើយគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះពិតទេ។ ដូច្នេះ មេកំណាចបានចាប់គាត់ទាំងរស់យ៉ាងងាយ។ ពេត្រុសមានទាំងចំណេះត្រឹមត្រូវនិងសេចក្ដីស្រឡាញ់ចំពោះព្រះ។ ទោះជាយ៉ាងនោះក្ដី ជួនកាលពេត្រុសខ្វះចិត្តរាបទាប បានភ័យខ្លាច ហើយចាញ់ការបង្ខិតបង្ខំ។ មុនលោកយេស៊ូត្រូវគេចាប់ខ្លួន ពេត្រុសបានអួតថា៖ «សូម្បីតែពួកគេទាំងអស់គ្នាជំពប់ដួល ក៏ខ្ញុំនឹងមិនជំពប់ដួលទេ»។ (ម៉ាក. ១៤:២៩) ប្រសិនបើពេត្រុសទុកចិត្តព្រះដូចអ្នកតែងទំនុកតម្កើង គាត់នឹងបានត្រៀមខ្លួនឲ្យបានប្រសើរជាងសម្រាប់ការល្បងលដែលគាត់នឹងមាននៅពេលក្រោយមក។ អ្នកតែងទំនុកតម្កើងនោះបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន»។ (ទំនុក. ១១៨:៦) នៅយប់ចុងក្រោយនៃជីវិតរបស់លោកនៅផែនដី លោកយេស៊ូបានយកពេត្រុសនិងសាវ័កពីរនាក់ទៀតចូលយ៉ាងជ្រៅទៅក្នុងសួនហ្គេតសេម៉ានីជាមួយលោក។ ក៏ប៉ុន្តែ ជាជាងនៅចាំយាម ពេត្រុសនិងមិត្តភក្ដិរបស់គាត់បានដេកលក់។ លោកយេស៊ូបានដាស់ពួកគាត់ ហើយមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាចាំយាមហើយអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួង»។ (ម៉ាក. ១៤:៣៨) ក៏ប៉ុន្តែ ពេត្រុសបានដេកលក់ម្ដងទៀត ហើយក្រោយមកគាត់បានភ័យខ្លាច ហើយចាញ់ការបង្ខិតបង្ខំ។
១៣. តើតាមរបៀបណាយើងអាចទប់ទល់នឹងការបង្ខិតបង្ខំឲ្យធ្វើអ្វីដែលខុសឆ្គង?
១៣ គំរូរបស់ពីឡាតនិងពេត្រុសអាចបង្រៀនយើងមេរៀនដ៏សំខាន់មួយទៀតគឺ ដើម្បីទប់ទល់នឹងការបង្ខិតបង្ខំដោយជោគជ័យ យើងត្រូវមានអ្វីទាំងអស់នេះដូចជា ចំណេះត្រឹមត្រូវ ចិត្តរាបទាប សេចក្ដីស្រឡាញ់ចំពោះព្រះ និងការកោតខ្លាចព្រះយេហូវ៉ា មិនមែនការខ្លាចមនុស្សទេ។ ប្រសិនបើជំនឿរបស់យើងមានមូលដ្ឋានលើចំណេះត្រឹមត្រូវ យើងនឹងមានចិត្តក្លាហានដើម្បីនិយាយអំពីជំនឿរបស់យើងដោយមានទំនុកចិត្ត។ នេះនឹងជួយយើងឲ្យទប់ទល់នឹងការបង្ខិតបង្ខំហើយយកឈ្នះការខ្លាចមនុស្ស។ យើងមិនត្រូវមានទំនុកចិត្តលើកម្លាំងរបស់យើងហួសហេតុពេកនោះទេ។ ផ្ទុយទៅវិញ យើងគួរទទួលស្គាល់ដោយចិត្តរាបទាបថាយើងត្រូវការកម្លាំងពីព្រះដើម្បីទប់ទល់នឹងការបង្ខិតបង្ខំ។ យើងត្រូវអធិដ្ឋានសុំសកម្មពលពីព្រះយេហូវ៉ា ហើយត្រូវឲ្យសេចក្ដីស្រឡាញ់ចំពោះលោកជំរុញយើងឲ្យលើកតម្កើងនាមនិងខ្នាតតម្រារបស់លោក។ ម្យ៉ាងទៀត យើងត្រូវត្រៀមខ្លួនទុកជាមុន មុននឹងយើងជួបការល្បងល។ ជាឧទាហរណ៍ ការអធិដ្ឋាននិងការត្រៀមលក្ខណៈទុកជាមុន អាចជួយកូនរបស់យើងឲ្យតបឆ្លើយដោយមានប្រសិទ្ធភាព ពេលដែលមិត្តភក្ដិរបស់ពួកគេព្យាយាមល្បួងពួកគេឲ្យធ្វើអ្វីដែលខុសឆ្គង។—២កូ. ១៣:៧a
ចូរជៀសវាងអន្ទាក់ដែលសង្កត់យ៉ាងធ្ងន់ ពោលគឺការបន្ទោសខ្លួនហួសហេតុពេក
១៤. តើសាថានចង់ឲ្យយើងគិតយ៉ាងណាអំពីកំហុសរបស់យើងនៅអតីតកាល?
១៤ ជួនកាលអន្ទាក់សម្រាប់ចាប់សត្វគឺជាគល់ឈើឬដុំថ្មធ្ងន់ៗដែលគេចងព្យួរនៅលើផ្លូវដែលសត្វច្រើនតែឆ្លងកាត់។ ពេលដែលសត្វមួយមិនប្រយ័ត្នដើរទាក់ខ្សែដែលព្រានចង នេះបណ្ដាលឲ្យគល់ឈើឬដុំថ្មនោះធ្លាក់មកសង្កត់វា។ ការបន្ទោសខ្លួនហួសហេតុពេកអាចប្រៀបដូចជាបន្ទុកដ៏ធ្ងន់ដែលសង្កត់លើយើង។ ពេលដែលគិតអំពីកំហុសនៅអតីតកាល យើងប្រហែលជាមានអារម្មណ៍ថា «ត្រូវជាំ[សង្កត់]ជាខ្លាំង»។ (សូមអាន ទំនុកតម្កើង ៣៨:៣-៥, ៨) សាថានចង់ឲ្យយើងគិតថាយើងមិនសមនឹងទទួលសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ា ហើយយើងមិនអាចធ្វើតាមអ្វីដែលលោកតម្រូវឲ្យយើងធ្វើបានទេ។
១៥, ១៦. តើតាមរបៀបណាអ្នកអាចជៀសវាងពីការបន្ទោសខ្លួនហួសហេតុពេក?
១៥ តើតាមរបៀបណាអ្នកអាចជៀសវាងពីអន្ទាក់ដែលសង្កត់យ៉ាងធ្ងន់? ប្រសិនបើអ្នកបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ សូមចាត់វិធានការភ្លាមៗដើម្បីធ្វើឲ្យចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ាបានល្អឡើងវិញ។ ទៅជួបពួកអ្នកចាស់ទុំ ហើយសុំជំនួយពីពួកគាត់។ (យ៉ា. ៥:១៤-១៦) សូមធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីកែកំហុសរបស់អ្នក។ (២កូ. ៧:១១) ប្រសិនបើអ្នកទទួលការប្រដៅតម្រង់ សូមកុំធ្លាក់ទឹកចិត្តឡើយ។ ការប្រដៅតម្រង់គឺជាសញ្ញាសម្គាល់មួយដែលបញ្ជាក់យ៉ាងច្បាស់ថាព្រះយេហូវ៉ាស្រឡាញ់អ្នក។ (ហេ. ១២:៦) សូមតាំងចិត្តមិនដើរតាមគន្លងចាស់ដែលនាំឲ្យប្រព្រឹត្តអំពើខុសឆ្គងម្ដងទៀត ហើយធ្វើតាមការតាំងចិត្តនោះ។ បន្ទាប់ពីអ្នកបានប្រែចិត្ត ហើយវិលមករកព្រះវិញ សូមមានជំនឿថាគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្តពិតជាអាចគ្របបាំងកំហុសរបស់អ្នកបាន។—១យ៉ូន. ៤:៩, ១៤
១៦ បុគ្គលខ្លះនៅតែមានអារម្មណ៍ថាខ្លួនខុសដោយសារអំពើខុសឆ្គងដែលគាត់បានធ្វើ ទោះជាតាមពិតគាត់បានទទួលការអភ័យទោសរួចហើយក៏ដោយ។ បើអ្នកមានអារម្មណ៍ដូច្នេះ សូមចាំថាព្រះយេហូវ៉ាបានអភ័យទោសឲ្យពេត្រុសនិងសាវ័កឯទៀតដែលបានបោះបង់ចោលលោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់លោក នៅពេលដែលលោកយេស៊ូត្រូវការពួកគេខ្លាំងបំផុត។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យបុរសដែលបានត្រូវបណ្ដេញចេញពីក្រុមជំនុំនៅក្រុងកូរិនថូសដោយសារបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដោយឥតអៀនខ្មាស ប៉ុន្តែក្រោយមកគាត់បានប្រែចិត្ត។ (១កូ. ៥:១-៥; ២កូ. ២:៦-៨) បណ្ដាំរបស់ព្រះរៀបរាប់អំពីអ្នកប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរដែលបានប្រែចិត្ត ហើយបានទទួលការអភ័យទោសពីព្រះ។—២រប. ៣៣:២, ១០-១៣; ១កូ. ៦:៩-១១
១៧. តើថ្លៃលោះរបស់លោកយេស៊ូអាចជួយយើងយ៉ាងដូចម្ដេច?
១៧ ព្រះយេហូវ៉ានឹងអភ័យទោស ហើយបំភ្លេចកំហុសរបស់អ្នកនៅអតីតកាល ប្រសិនបើអ្នកពិតជាប្រែចិត្ត ហើយទទួលយកសេចក្ដីមេត្ដាករុណារបស់លោក។ សូមកុំមានអារម្មណ៍ថាគ្រឿងបូជាលោះរបស់លោកយេស៊ូមិនអាចគ្របបាំងអំពើខុសឆ្គងរបស់អ្នកឡើយ។ បើអ្នកគិតដូច្នេះ អ្នកនឹងធ្លាក់ចូលក្នុងអន្ទាក់មួយរបស់សាថាន។ ទោះជាមេកំណាចចង់ឲ្យអ្នកជឿផ្សេងពីនេះក៏ដោយ ថ្លៃលោះរបស់លោកយេស៊ូអាចគ្របបាំងអំពើខុសឆ្គងរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គង ហើយបានប្រែចិត្ត។ (សុភ. ២៤:១៦) ជំនឿលើថ្លៃលោះរបស់លោកយេស៊ូអាចជួយអ្នកឲ្យឈប់បន្ទោសខ្លួនហួសហេតុពេក ដែលប្រៀបដូចជាដកយកបន្ទុកដ៏ធ្ងន់ចេញពីស្មារបស់អ្នក ហើយអាចផ្ដល់កម្លាំងឲ្យអ្នកដើម្បីបម្រើព្រះអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិតរបស់អ្នក។—ម៉ាថ. ២២:៣៧
មិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាននោះទេ
១៨. តើតាមរបៀបណាយើងអាចជៀសចេញពីអន្ទាក់របស់មេកំណាច?
១៨ សាថានមិនខ្វល់ថាយើងជាប់អន្ទាក់មួយណារបស់វាទេឲ្យតែវាចាប់យើងបាន។ ដោយសារមិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាន ដូច្នេះយើងអាចជៀសវាងមិនឲ្យមេកំណាចចាប់យើងបាន។ (២កូ. ២:១០, ១១) យើងនឹងមិនជាប់អន្ទាក់របស់វាទេ ប្រសិនបើយើងអធិដ្ឋានសុំប្រាជ្ញាដើម្បីប្រឈមមុខនឹងទុក្ខលំបាករបស់យើង។ យ៉ាកុបបានសរសេរថា៖ «ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់ ហើយលោកមិនស្តីបន្ទោសឡើយ។ ធ្វើដូច្នេះ អ្នកនោះនឹងទទួលប្រាជ្ញាមែន»។ (យ៉ា. ១:៥) យើងត្រូវប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានរបស់យើង ដោយធ្វើការសិក្សាផ្ទាល់ខ្លួនយ៉ាងទៀងទាត់និងដោយធ្វើតាមបណ្ដាំរបស់ព្រះ។ សៀវភៅនានាសម្រាប់សិក្សាគម្ពីរដែលក្រុមខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាផ្ដល់ឲ្យ ជួយយើងឲ្យស្គាល់អន្ទាក់របស់មេកំណាច ហើយជួយយើងឲ្យជៀសចេញពីអន្ទាក់ទាំងនោះ។
១៩, ២០. ហេតុអ្វីយើងគួរស្អប់អ្វីដែលអាក្រក់?
១៩ សេចក្ដីអធិដ្ឋាននិងការសិក្សាគម្ពីរជួយឲ្យយើងស្រឡាញ់អ្វីដែលល្អ។ ប៉ុន្តែ ការរៀនឲ្យចេះស្អប់អ្វីដែលអាក្រក់ក៏សំខាន់ដូចគ្នាដែរ។ (ទំនុក. ៩៧:១០) ការសញ្ជឹងគិតអំពីផលវិបាកដែលមកពីការស្វែងរកបំពេញសេចក្ដីប៉ងប្រាថ្នាដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួន អាចជួយយើងឲ្យជៀសវាងពីអ្វីដែលអាក្រក់។ (យ៉ា. ១:១៤, ១៥) ពេលដែលយើងរៀនស្អប់អ្វីដែលអាក្រក់ ហើយពិតជាស្រឡាញ់អ្វីដែលល្អ នោះនុយដែលសាថានបានដាក់នៅក្នុងអន្ទាក់របស់វាធ្វើឲ្យយើងខ្ពើមរអើម។ ដូច្នេះ នុយនោះមិនទាក់ទាញចិត្តយើងទេ។
២០ ដោយសារព្រះជួយយើងមិនឲ្យសាថានចាប់យើងបាន នោះយើងពិតជាអរគុណលោកមែន! ព្រះយេហូវ៉ាសង្គ្រោះយើង«ឲ្យរួចពីមេកំណាច»តាមរយៈសកម្មពល បណ្ដាំនិងអង្គការរបស់លោក។ (ម៉ាថ. ៦:១៣) នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងអាចជៀសពីអន្ទាក់ពីរទៀតដែលមេកំណាចយល់ឃើញថាមានប្រសិទ្ធភាពក្នុងការចាប់អ្នកបម្រើរបស់ព្រះទាំងរស់។
[កំណត់សម្គាល់]
a ឪពុកម្ដាយអាចពិភាក្សាជាមួយកូនរបស់ពួកគាត់នូវព័ត៌មានដែលមានក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ១៦-១៨ វគ្គ១១-១៥ និងកិច្ចបម្រើព្រះខែកក្កដា ឆ្នាំ២០១១ ទំព័រ២ វគ្គ៣។ ឪពុកម្ដាយអាចប្រើព័ត៌មានទាំងនេះក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
[រូបភាពនៅទំព័រ២១]
ការមិនចេះគ្រប់គ្រងពាក្យសម្ដីអាចនាំឲ្យក្រុមជំនុំមានបញ្ហាដែលប្រៀបដូចជាភ្លើងឆេះ
[រូបភាពនៅទំព័រ២៤]
អ្នកអាចបំបាត់ចោលការបន្ទោសខ្លួនហួសហេតុពេកដែលប្រៀបដូចជាបន្ទុកធ្ងន់
-
-
ចូរកាន់ជំហរមាំមួន ហើយជៀសពីអន្ទាក់របស់សាថាន!ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ សីហា
-
-
ចូរកាន់ជំហរមាំមួន ហើយជៀសពីអន្ទាក់របស់សាថាន!
«កាន់ជំហរមាំមួននៅចំពោះមុខកលល្បិចទាំងប៉ុន្មានរបស់មេកំណាច»។—អេភ. ៦:១១
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើតាមរបៀបណាអ្នកបម្រើព្រះយេហូវ៉ាអាចជៀសវាងពីអន្ទាក់នៃការចង់បានទ្រព្យសម្បត្ដិ?
តើអ្វីអាចជួយឲ្យគ្រិស្តសាសនិកម្នាក់ដែលបានរៀបការហើយមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ដែលប្រៀបដូចជាការធ្លាក់ក្នុងរណ្ដៅ?
ហេតុអ្វីអ្នកជឿជាក់ថាការកាន់ជំហរមាំមួនដើម្បីទប់ទល់នឹងការចង់បានទ្រព្យសម្បត្ដិ និងការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺមានប្រយោជន៍?
១, ២. (ក) ហេតុអ្វីសាថានគ្មានចិត្តអាណិតមេត្ដាចំពោះពួកអ្នកដែលព្រះរើសតាំងនិងចំពោះ«ចៀមឯទៀត»? (ខ) តើអន្ទាក់អ្វីខ្លះរបស់សាថានដែលនឹងត្រូវពិចារណាក្នុងអត្ថបទនេះ?
មេកំណាចសាថានគ្មានចិត្តអាណិតមេត្ដាចំពោះមនុស្ស ជាពិសេសចំពោះពួកអ្នកដែលបម្រើព្រះយេហូវ៉ា។ តាមការពិត សាថានច្បាំងនឹងពួកអ្នកដែលព្រះបានរើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌។ (បប. ១២:១៧) គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះ បាននាំមុខកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រព្រះនៅសព្វថ្ងៃនេះ ហើយបានប្រាប់ឲ្យដឹងថាសាថានជាអ្នកគ្រប់គ្រងពិភពលោក។ មេកំណាចក៏គ្មានសេចក្ដីស្រឡាញ់ចំពោះ«ចៀមឯទៀត»ដែលគាំទ្រពួកអ្នកដែលព្រះបានរើសតាំង ហើយដែលមានសេចក្ដីសង្ឃឹមចំពោះជីវិតដែលគ្មានទីបញ្ចប់ ជាសេចក្ដីសង្ឃឹមមួយដែលសាថានលែងមានទៀត។ (យ៉ូន. ១០:១៦) ហេតុនេះ មិនចម្លែកទេដែលវាខឹងខ្លាំងណាស់! ទោះជាយើងមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬរស់នៅលើផែនដីក្ដី សាថានប្រាកដជាមិនចង់ឲ្យយើងមានសុភមង្គលទេ។ គោលដៅរបស់វាគឺយកយើងធ្វើជាចំណីរបស់វា។—១ពេ. ៥:៨
២ ដើម្បីសម្រេចគោលដៅរបស់វា សាថានបានដាក់អន្ទាក់ផ្សេងៗ។ ដោយសារវាបានធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត ពួកគេមិនទទួលយកដំណឹងល្អ ហើយមិនអាចឃើញអន្ទាក់ទាំងនេះទេ។ ប៉ុន្តែ មេកំណាចក៏ចាប់មនុស្សខ្លះដែលបានទទួលយកដំណឹងល្អអំពីរាជាណាចក្រដែរ។ (២កូ. ៤:៣, ៤) អត្ថបទមុនបានបង្ហាញអំពីរបៀបដែលយើងអាចជៀសវាងពីអន្ទាក់បីយ៉ាងរបស់សាថានគឺ (១) ការមិនចេះគ្រប់គ្រងពាក្យសម្ដី (២) ការភ័យខ្លាចនិងការបង្ខិតបង្ខំ ហើយ (៣) ការបន្ទោសខ្លួនហួសហេតុពេក។ សូមឲ្យយើងពិចារណាអំពីរបៀបដែលយើងអាចកាន់ជំហរមាំមួននៅចំពោះមុខអន្ទាក់ពីរផ្សេងទៀតរបស់សាថាន ពោលគឺការចង់បានទ្រព្យសម្បត្ដិ និងការល្បួងឲ្យប្រព្រឹត្តអំពើផិតក្បត់។
ការចង់បានទ្រព្យសម្បត្ដិគឺជាអន្ទាក់ដែលធ្វើឲ្យថប់
៣, ៤. តើតាមរបៀបណាការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះអាចនាំឲ្យមនុស្សចង់បានទ្រព្យសម្បត្ដិ?
៣ នៅក្នុងឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ឯទៀត លោកយេស៊ូបានមានប្រសាសន៍អំពីគ្រាប់ពូជដែលបានត្រូវសាបព្រោះក្នុងដីដែលមានបន្លា។ លោកបានបញ្ជាក់ថាមនុស្សម្នាក់ប្រហែលជាឮបណ្ដាំព្រះ«ប៉ុន្តែការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ និងការល្បួងនៃទ្រព្យសម្បត្ដិ ក៏គ្របបាំងបណ្ដាំនោះជិត ហើយអ្នកនោះមិនបង្កើតផលឡើយ»។ (ម៉ាថ. ១៣:២២) ការចង់បានទ្រព្យសម្បត្ដិគឺជាអន្ទាក់មួយដែលសាថានដែលជាសត្រូវរបស់យើងប្រើ។
៤ មានកត្ដាពីរយ៉ាងគួបផ្សំគ្នាដែលគ្របបាំងបណ្ដាំរបស់ព្រះ។ កត្ដាទី១គឺ «ការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ»។ នៅ‹គ្រាចុងក្រោយបង្អស់ដ៏លំបាក›នេះ មានអ្វីៗជាច្រើនដែលអាចធ្វើឲ្យយើងខ្វល់ខ្វាយ។ (២ធី. ៣:១) អ្នកប្រហែលជាពិបាកបង់ថ្លៃអ្វីដែលអ្នកត្រូវការ ពីព្រោះអីវ៉ាន់គឺថ្លៃណាស់ឬពីព្រោះអ្នកគ្មានការងារធ្វើ។ អ្នកក៏ប្រហែលជាបារម្ភអំពីអនាគតដែរ ហើយឆ្ងល់ថា ‹តើខ្ញុំនឹងមានប្រាក់ចំណូលគ្រប់គ្រាន់ក្រោយពីខ្ញុំចូលនិវត្តន៍ឬទេ?›។ មនុស្សខ្លះខំរកលុយឲ្យបានច្រើន ពីព្រោះពួកគេគិតថាប្រសិនបើមានលុយច្រើន ពួកគេនឹងមានអ្វីដែលពួកគេត្រូវការជានិច្ច។
៥. តើ«ទ្រព្យសម្បត្ដិ»ប្រហែលជាល្បួងយើងតាមវិធីណា?
៥ លោកយេស៊ូបានមានប្រសាសន៍អំពីកត្ដាផ្សេងទៀតគឺ «ការល្បួងនៃទ្រព្យសម្បត្ដិ»។ ការល្បួងនេះគួបផ្សំគ្នាជាមួយការខ្វល់ខ្វាយអាចគ្របបាំងបណ្ដាំរបស់ព្រះ។ គម្ពីរទទួលស្គាល់ថា៖ «ប្រាក់ . . . ជាគ្រឿងការពារខ្លួន»។ (សាស្ដ. ៧:១២) ប៉ុន្តែ ការខំស្វែងរកទ្រព្យសម្បត្ដិគឺមិនមែនជាអ្វីដ៏ឈ្លាសវៃនោះទេ។ មនុស្សជាច្រើនបានដឹងថាពេលដែលពួកគេកាន់តែខំស្វែងរកទ្រព្យសម្បត្ដិ ពួកគេកាន់តែជាប់អន្ទាក់នៃការចង់បានទ្រព្យសម្បត្ដិ។ មនុស្សខ្លះបានក្លាយជាខ្ញុំបម្រើនៃទ្រព្យសម្បត្ដិ។—ម៉ាថ. ៦:២៤
៦, ៧. (ក) នៅកន្លែងធ្វើការ តើតាមរបៀបណាការចង់បានទ្រព្យសម្បត្ដិអាចជាគ្រោះថ្នាក់មួយ? (ខ) តើគ្រិស្តសាសនិកម្នាក់គួរពិចារណាអំពីអ្វីខ្លះ ពេលគេស្នើគាត់ឲ្យធ្វើការថែមម៉ោង?
៦ ការចង់បានទ្រព្យសម្បត្ដិប្រហែលជាចាប់ផ្ដើមដោយមិនដឹងខ្លួន។ ជាឧទាហរណ៍ សូមពិចារណាអំពីរឿងនេះ។ និយោជករបស់អ្នកចូលមកជិតអ្នក ហើយប្រាប់ថា៖ «ខ្ញុំមានដំណឹងល្អមួយ! ក្រុមហ៊ុនទទួលបានកិច្ចសន្យាដ៏ធំមួយ។ នេះមានន័យថាចាប់ពីពីរបីខែក្រោយ អ្នកនឹងធ្វើការថែមម៉ោងជាញឹកញាប់។ ប៉ុន្តែ ខ្ញុំធានាថាអ្នកនឹងទទួលបានប្រាក់ខែច្រើនសមនឹងការខំប្រឹងប្រែងរបស់អ្នក»។ តើអ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះសំណើបែបនេះ? មែនហើយ ការផ្គត់ផ្គង់ក្រុមគ្រួសារខាងសម្ភារគឺជាភារកិច្ចដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែនេះមិនមែនជាភារកិច្ចតែមួយដែលអ្នកមាននោះទេ។ (១ធី. ៥:៨) មានអ្វីជាច្រើនទៀតដែលអ្នកត្រូវតែពិចារណា។ តើអ្នកត្រូវធ្វើការថែមម៉ោងច្រើនប៉ុណ្ណា? តើការងាររបស់អ្នកនឹងរំខានដល់សកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះដែលរួមបញ្ចូលកិច្ចប្រជុំក្រុមជំនុំ និងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារឬទេ?
៧ ពេលអ្នកគិតថ្លឹងថ្លែងមុនសម្រេចចិត្ត តើអ្នកគិតថាអ្វីសំខាន់បំផុតសម្រាប់អ្នក? លុយបន្ថែមឬចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា? តើការចង់បានលុយថែមនឹងនាំឲ្យអ្នកលែងចាត់ទុកកិច្ចបម្រើព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកឬទេ? តើអ្នកអាចឃើញថាការចង់បានទ្រព្យសម្បត្ដិនឹងមានឥទ្ធិពលយ៉ាងណាលើអ្នក ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងចំណងមិត្តភាពរបស់អ្នកនិងក្រុមគ្រួសារអ្នកជាមួយព្រះ? បើរឿងនេះកើតឡើងចំពោះអ្នកនៅពេលឥឡូវនេះ តើតាមរបៀបណាអ្នកអាចកាន់ជំហរមាំមួន ហើយជៀសវាងពីអន្ទាក់នៃការចង់បានទ្រព្យសម្បត្ដិដែលរារាំងការគោរពប្រណិប័តន៍ព្រះ?—សូមអាន ធីម៉ូថេទី១ ៦:៩, ១០
៨. តើការពិចារណាគំរូណាខ្លះក្នុងបទគម្ពីរអាចជួយយើងឲ្យពិចារណា ហើយកែប្រែរបៀបរស់នៅរបស់យើង?
៨ ដើម្បីជៀសវាងពីអន្ទាក់នៃការចង់បានទ្រព្យសម្បត្ដិដែលរារាំងការគោរពប្រណិប័តន៍ព្រះ ម្ដងម្កាល សូមពិចារណា ហើយកែប្រែរបៀបរស់នៅរបស់អ្នក។ អ្នកនឹងមិនចង់ធ្វើដូចអេសាវ ដែលការប្រព្រឹត្តរបស់គាត់បានបង្ហាញថាគាត់មើលងាយសេចក្ដីសន្យារបស់ព្រះយេហូវ៉ា! (លោ. ២៥:៣៤; ហេ. ១២:១៦) អ្នកប្រាកដជាមិនគួរធ្វើដូចបុរសអ្នកមានដែលលោកយេស៊ូបានអញ្ជើញឲ្យលក់អ្វីដែលគាត់មាន ហើយឲ្យដល់អ្នកក្រ រួចទៅតាមលោកយេស៊ូនោះទេ។ ជាជាងធ្វើតាមការអញ្ជើញរបស់លោកយេស៊ូ បុរសនោះ«បានចេញទៅដោយមានក្ដីទុក្ខ ព្រោះគាត់មានទ្រព្យសម្បត្ដិជាច្រើន»។ (ម៉ាថ. ១៩:២១, ២២) ដោយធ្លាក់ចូលក្នុងអន្ទាក់នៃការចង់បានទ្រព្យសម្បត្ដិ បុរសនោះបានបាត់បង់ឯកសិទ្ធិដ៏អស្ចារ្យមួយ គឺគាត់អាចទៅជាអ្នកកាន់តាមបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ! សូមប្រយ័ត្នកុំឲ្យយើងបាត់បង់ឯកសិទ្ធិធ្វើជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។
៩, ១០. តាមដែលអ្នកយល់តើគម្ពីរបញ្ជាក់យ៉ាងណាអំពីទ្រព្យសម្បត្ដិ?
៩ ដើម្បីទប់ទល់នឹងការខ្វល់ខ្វាយអំពីទ្រព្យសម្បត្ដិហួសហេតុពេក យើងគួរធ្វើតាមការណែនាំរបស់លោកយេស៊ូដែលថា៖ «កុំខ្វល់ខ្វាយឲ្យសោះថា៖ ‹តើយើងនឹងបានអ្វីបរិភោគ?› ឬ‹តើយើងនឹងបានអ្វីផឹក?› ឬក៏‹តើយើងនឹងបានអ្វីស្លៀកពាក់?› ព្រោះរបស់ទាំងនេះជាអ្វីដែលជនជាតិដទៃកំពុងស្វះស្វែងរក។ បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ»។—ម៉ាថ. ៦:៣១, ៣២; លូក. ២១:៣៤, ៣៥
១០ ជាជាងធ្លាក់ក្នុងអន្ទាក់ដែលជាការល្បួងនៃទ្រព្យសម្បត្ដិ ចូរខំប្រឹងធ្វើតាមទស្សនៈរបស់អេគើរដែលជាអ្នកសរសេរគម្ពីរ។ គាត់បានពោលថា៖ «កុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ»។ (សុភ. ៣០:៨) អេគើរបានយល់យ៉ាងច្បាស់ថាលុយអាចការពារគាត់ ហើយក៏យល់អំពីការល្បួងនៃទ្រព្យសម្បត្ដិដែរ។ សូមចាំថា ការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះនិងការល្បួងនៃទ្រព្យសម្បត្ដិអាចបំផ្លាញចំណងមិត្តភាពរបស់អ្នកជាមួយព្រះ។ ការខ្វល់ខ្វាយហួសហេតុពេកអំពីទ្រព្យសម្បត្ដិអាចស៊ីពេលរបស់អ្នក ធ្វើឲ្យអ្នកអស់កម្លាំង ហើយនេះនាំឲ្យអ្នកមិនសូវចង់ឬលែងចង់ស្វែងរកអ្វីៗដែលទាក់ទងនឹងរាជាណាចក្រដែលជាអ្វីដែលសំខាន់បំផុត។ ដូច្នេះ សូមតាំងចិត្តមិនឲ្យជាប់អន្ទាក់របស់សាថាន ដែលជាការចង់បានទ្រព្យសម្បត្ដិឡើយ!—សូមអាន ហេប្រឺ ១៣:៥
អំពើផិតក្បត់គឺជារណ្ដៅមួយដែលបានត្រូវលាក់យ៉ាងប៉ិនប្រសប់
១១, ១២. តើតាមរបៀបណាគ្រិស្តសាសនិកម្នាក់អាចធ្លាក់ក្នុងអន្ទាក់នៃការប្រព្រឹត្តអំពើផិតក្បត់នៅកន្លែងធ្វើការរបស់គាត់?
១១ ព្រានដែលចង់ចាប់សត្វដែលមានកម្លាំងខ្លាំង ប្រហែលជាជីករណ្ដៅមួយនៅកន្លែងដែលសត្វនោះឆ្លងកាត់ជាញឹកញាប់។ តាមធម្មតារណ្ដៅនោះបានត្រូវគ្របយ៉ាងស្តើងដោយមែកឈើនិងដី។ ការល្បួងមួយក្នុងចំណោមការល្បួងដែលសាថានប្រើដោយជោគជ័យបំផុតគឺស្រដៀងនឹងអន្ទាក់នេះដែរ។ សេចក្ដីល្បួងនេះគឺអំពើប្រាសចាកសីលធម៌ដែលជាអំពើខុសឆ្គង។ (សុភ. ២២:១៤; ២៣:២៧) គ្រិស្តសាសនិកមួយចំនួនបានធ្លាក់ចូលក្នុងរណ្ដៅនោះ ដោយបណ្ដោយខ្លួនឲ្យស្ថិតក្នុងស្ថានភាពដែលងាយចាញ់សេចក្ដីល្បួង ហើយបោះបង់ចោលគោលការណ៍គម្ពីរយ៉ាងងាយស្រួល។ គ្រិស្តសាសនិកខ្លះដែលបានរៀបការហើយ បានប្រព្រឹត្តអំពើផិតក្បត់ ក្រោយពីមានទំនាក់ទំនងស្នេហាជាមួយបុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។
១២ ទំនាក់ទំនងស្នេហាជាមួយបុគ្គលដែលមិនមែនជាគូរបស់ខ្លួន អាចកកើតឡើងនៅកន្លែងធ្វើការរបស់អ្នក។ តាមការពិត ការស្រាវជ្រាវមួយបានបង្ហាញថា ជាងពាក់កណ្ដាលនៃស្ត្រីដែលផិតប្ដី ហើយជិតបីភាគបួននៃបុរសដែលក្បត់ប្រពន្ធ បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយអ្នករួមការងារ។ តើការងាររបស់អ្នកតម្រូវឲ្យអ្នកសេពគប់ជាមួយបុគ្គលដែលមានភេទផ្ទុយពីអ្នកឬទេ? បើដូច្នេះមែន តើអ្នកមានទំនាក់ទំនងបែបណាជាមួយពួកគេ? តើអ្នកបានដាក់កម្រិតថាអ្នកមានទំនាក់ទំនងជាមួយបុគ្គលនោះតែក្នុងរឿងការងារប៉ុណ្ណោះ និងមិនឲ្យមានអ្វីលើសពីនេះឬទេ? ជាឧទាហរណ៍ ក្រោយពីនិយាយគ្នាលេងជាច្រើនដងជាមួយបុរសម្នាក់ដែលជាអ្នករួមការងារ បងស្រីដែលជាគ្រិស្តសាសនិកម្នាក់ប្រហែលជាទុកចិត្តបុរសនោះ ហើយថែមទាំងបានប្រាប់គាត់អំពីបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍របស់នាងទៀតផង។ ក្នុងស្ថានភាពមួយទៀត ក្រោយពីបានស្និទ្ធស្នាលជាមួយស្ត្រីដែលធ្វើការជាមួយគាត់ បងប្រុសដែលជាគ្រិស្តសាសនិកម្នាក់ប្រហែលជាសន្និដ្ឋានថា «ស្ត្រីនេះឲ្យតម្លៃទៅលើទស្សនៈរបស់ខ្ញុំ នាងពិតជាស្ដាប់ពេលខ្ញុំនិយាយទៅរកនាង ហើយនាងពិតជាគោរពខ្ញុំមែន! ខ្ញុំចង់ឲ្យប្រពន្ធខ្ញុំប្រព្រឹត្តបែបនេះចំពោះខ្ញុំដែរ!»។ តើអ្នកអាចឃើញនូវរបៀបដែលគ្រិស្តសាសនិកទាំងនេះស្ថិតក្នុងស្ថានភាពដែលងាយឲ្យពួកគេប្រព្រឹត្តអំពើផិតក្បត់ឬទេ?
១៣. តើទំនាក់ទំនងស្នេហាជាមួយបុគ្គលដែលមិនមែនជាគូរបស់ខ្លួនអាចកកើតឡើងយ៉ាងដូចម្ដេចនៅក្នុងក្រុមជំនុំ?
១៣ ទំនាក់ទំនងស្នេហាជាមួយបុគ្គលដែលមិនមែនជាគូរបស់ខ្លួនអាចកកើតឡើងនៅក្នុងក្រុមជំនុំ។ សូមពិចារណាឧទាហរណ៍នេះដែលបានកើតឡើងក្នុងជីវិតពិត។ ដានីយ៉ែលនិងប្រពន្ធរបស់គាត់ឈ្មោះសារ៉ាaគឺជាអ្នកត្រួសត្រាយពេញពេល។ ដានីយ៉ែលប្រាប់ថាគាត់ក៏ជាអ្នកចាស់ទុំម្នាក់ដែលព្រមទទួលឯកសិទ្ធិទាំងអស់ដែលក្រុមជំនុំសុំឲ្យគាត់ធ្វើ។ ក្នុងកិច្ចបម្រើផ្សាយរបស់ដានីយ៉ែល គាត់បង្រៀនសិស្សគម្ពីរប្រាំនាក់ដែលជាយុវជន ហើយសិស្សបីនាក់ក្នុងចំណោមនោះបានទទួលការជ្រមុជទឹក។ ប្អូនប្រុសថ្មីទាំងនេះដែលទើបនឹងទទួលការជ្រមុជទឹកត្រូវការជំនួយជាច្រើន។ ពេលដានីយ៉ែលជាប់រវល់យ៉ាងខ្លាំងនឹងភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ ជារឿយៗសារ៉ាបានជួយពួកគេ។ មិនយូរប៉ុន្មានរឿងដូចតទៅនេះបានកើតឡើង: សិស្សគម្ពីរពីមុនរបស់ដានីយ៉ែលត្រូវការ ការជួយជ្រោមជ្រែងខាងផ្លូវចិត្ត ហើយពួកគេបានទទួលការជួយជ្រោមជ្រែងនេះពីសារ៉ា។ ពេលសារ៉ាត្រូវការការយកចិត្តទុកដាក់ នោះនាងបានទទួលការយកចិត្តទុកដាក់ពីសិស្សគម្ពីររបស់ដានីយ៉ែល។ ស្ថានភាពនោះគឺដូចជាអន្ទាក់មួយដែលនាំឲ្យមានគ្រោះថ្នាក់។ ដានីយ៉ែលនិយាយថា៖ «ជាច្រើនខែដែលប្រពន្ធរបស់ខ្ញុំបានលះបង់ប្រយោជន៍ខ្លួនដើម្បីលើកទឹកចិត្តអ្នកឯទៀត នេះបានធ្វើឲ្យចំណងមិត្តភាពរបស់គាត់ជាមួយព្រះចុះខ្សោយ ហើយធ្វើឲ្យនាងអស់កម្លាំងខាងផ្លូវចិត្ត។ នេះគួបផ្សំនឹងការដែលខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះនាង បាននាំឲ្យមានព្រឹត្ដិការណ៍ខ្លោចផ្សាកើតឡើង។ ប្រពន្ធរបស់ខ្ញុំបានប្រព្រឹត្តអំពើផិតក្បត់ជាមួយអតីតសិស្សគម្ពីរម្នាក់របស់ខ្ញុំ។ ចំណងមិត្តភាពរបស់នាងជាមួយព្រះបានចុះខ្សោយនៅខាងមុខខ្ញុំ តែដោយសារខ្ញុំគិតហួសហេតុពេកអំពីឯកសិទ្ធិទាំងអស់របស់ខ្ញុំ រហូតដល់ខ្ញុំមិនបានកត់សម្គាល់អំពីរឿងនេះទេ»។ តើអ្នកអាចជៀសវាងរឿងដ៏គួរឲ្យខ្លោចផ្សានេះយ៉ាងដូចម្ដេច?
១៤, ១៥. តើកត្ដាអ្វីខ្លះដែលអាចជួយគ្រិស្តសាសនិកដែលបានរៀបការហើយជៀសវាងពីការផិតក្បត់?
១៤ ដើម្បីជៀសវាងពីអំពើផិតក្បត់ អ្នកត្រូវយល់អត្ថន័យនៃការតាំងចិត្តនៅស្មោះនឹងគ្នាក្នុងអាពាហ៍ពិពាហ៍។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថ. ១៩:៦) សូមកុំគិតថាឯកសិទ្ធិរបស់អ្នកក្នុងកិច្ចបម្រើសំខាន់ជាងគូរបស់អ្នកឡើយ។ ម្យ៉ាងទៀត ចូរដឹងថាការចំណាយពេលជារឿយៗឆ្ងាយពីគូរបស់អ្នកដើម្បីធ្វើសកម្មភាពដែលមិនចាំបាច់ ប្រហែលជាអាចនាំឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមិនរឹងមាំ អាចនាំឲ្យចាញ់សេចក្ដីល្បួង ហើយអាចនាំឲ្យប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។
១៥ ប៉ុន្តែ ប្រសិនបើអ្នកជាអ្នកចាស់ទុំម្នាក់ តើអ្នកអាចថែរក្សាហ្វូងចៀមបានយ៉ាងណា? សាវ័កពេត្រុសបានសរសេរថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត»។ (១ពេ. ៥:២) អ្នកប្រាកដជាមិនគួរព្រងើយកន្តើយនឹងសមាជិកក្នុងក្រុមជំនុំដែលនៅក្រោមការថែទាំរបស់អ្នក។ ប៉ុន្តែ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នកជាអ្នកគង្វាលដោយមិនបំពេញភារកិច្ចជាប្ដីនោះទេ។ ការដែលអ្នកប្រមូលអារម្មណ៍ទាំងស្រុងទៅលើការផ្គត់ផ្គង់អាហារដល់ក្រុមជំនុំ នៅពេលដែលគូរបស់អ្នកនៅផ្ទះកំពុង«អត់ឃ្លាន»ឬកំពុងត្រូវការជំនួយនោះ គឺឥតប្រយោជន៍ ហើយអាចនាំឲ្យអន្តរាយដល់ចំណងអាពាហ៍ពិពាហ៍។ ដានីយ៉ែល (ដែលបានរៀបរាប់ខាងលើ) បាននិយាយថា៖ ‹អ្នកមិនគួរជាប់រវល់នឹងភារកិច្ចរបស់អ្នក រហូតដល់មិនយកចិត្តទុកដាក់នឹងក្រុមគ្រួសាររបស់អ្នកនោះទេ›។
១៦, ១៧. (ក) នៅកន្លែងធ្វើការ តើគ្រិស្តសាសនិកដែលរៀបការហើយអាចធ្វើអ្វីដើម្បីបង្ហាញយ៉ាងច្បាស់ថាពួកគេមិនរកគូស្នេហាទៀតឡើយ? (ខ) សូមឲ្យឧទាហរណ៍មួយអំពីអត្ថបទដែលបានបោះពុម្ពផ្សាយដែលអាចជួយគ្រិស្តសាសនិកឲ្យជៀសវាងពីការផិតក្បត់។
១៦ ឱវាទល្អជាច្រើននៅក្នុងទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រលឹក! (Awake!) អាចជួយគ្រិស្តសាសនិកដែលបានរៀបការហើយឲ្យជៀសវាងអំពើផិតក្បត់ដែលប្រៀបដូចជាអន្ទាក់។ ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែតុលា ឆ្នាំ២០០៦ បានជូនយោបល់ថា៖ «មិនថានៅកន្លែងធ្វើការឬកន្លែងណាទៀតក្ដី ចូរប្រុងប្រយ័ត្ននឹងស្ថានភាពផ្សេងៗដែលអាចនាំឲ្យមានភាពជិតស្និទ្ធជាមួយអ្នកធ្វើការឯទៀត។ ជាឧទាហរណ៍ បើយើងតែងតែធ្វើការលើសម៉ោងជាមួយមនុស្សភេទផ្សេង នេះអាចបង្កើតឲ្យមានស្ថានភាពដែលល្បួងចិត្ត។ បើអ្នកមានគូអាពាហ៍ពិពាហ៍ហើយ សម្ដីនិងអាកប្បកិរិយារបស់អ្នកត្រូវសឲ្យឃើញច្បាស់ថា អ្នកមិនរកគូស្នេហាទៀតឡើយ។ ហើយក្នុងនាមជាអ្នកគោរពប្រណិប័តន៍ព្រះ អ្នកពិតជាមិននិយាយចែចង់ឬបញ្ចេញឫកកាច់រាងដោយស្លៀកពាក់សម្អិតសម្អាងខ្លួនបែបមិនសមរម្យទេ។ . . . បើដាក់រូបថតគូអាពាហ៍ពិពាហ៍និងកូនៗនៅកន្លែងធ្វើការ នេះជួយរំលឹកអ្នក ព្រមទាំងឲ្យមនុស្សដទៃដឹងថា អ្នកស្រឡាញ់ក្រុមគ្រួសាររបស់ខ្លួនយ៉ាងស្មោះអស់ពីចិត្ត។ ចូរតាំងចិត្តមិនធ្វើអ្វីក៏ដោយដែលអាចទាញចិត្តអ្នកដទៃឲ្យមកស្រឡាញ់យើង ហើយចូរបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះអស់អ្នកដែលចង់យកយើងធ្វើជាគូស្នេហ៍»។
១៧ អត្ថបទដែលមានចំណងជើងថា «ភាពស្មោះត្រង់ចំពោះគូរបស់អ្នក តើតាមពិតពាក្យនេះមានន័យយ៉ាងណា?»នៅក្នុងទស្សនាវដ្ដីភ្ញាក់រលឹក! ខែមេសា ឆ្នាំ២០០៩ ជាភាសាអង់គ្លេស បានព្រមានអំពីការស្រមើស្រមៃចង់រួមដំណេកជាមួយបុគ្គលណាម្នាក់ដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។ អត្ថបទនេះបង្ហាញថាការស្រមើស្រមៃចង់រួមដំណេកនឹងផ្ដល់លទ្ធភាពកាន់តែច្រើនឡើងឲ្យអ្នកប្រព្រឹត្តអំពើផិតក្បត់។ (យ៉ា. ១:១៤, ១៥) ប្រសិនបើអ្នកបានរៀបការហើយ ជាការល្អដែលអ្នកនិងគូរបស់អ្នកពិនិត្យឡើងវិញនូវព័ត៌មានបែបនេះជាមួយគ្នាម្ដងម្កាល។ អាពាហ៍ពិពាហ៍គឺជារបៀបរៀបចំដែលព្រះយេហូវ៉ាបានបង្កើតដោយផ្ទាល់ ហើយអាពាហ៍ពិពាហ៍គឺពិសិដ្ឋ។ ការលៃទុកពេលនិយាយជាមួយគូរបស់អ្នកអំពីអាពាហ៍ពិពាហ៍របស់អ្នក គឺជាវិធីដ៏ល្អមួយដែលបង្ហាញថាអ្នកឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ។—លោ. ២:២១-២៤
១៨, ១៩. (ក) តើការប្រព្រឹត្តអំពើផិតក្បត់នាំឲ្យទទួលលទ្ធផលអ្វីខ្លះ? (ខ) តើភាពស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍នាំឲ្យទទួលប្រយោជន៍អ្វីខ្លះ?
១៨ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដែលល្បួងអ្នកឲ្យបង្កើតទំនាក់ទំនងស្នេហាដែលមិនត្រឹមត្រូវ សូមរំពឹងគិតអំពីលទ្ធផលអាក្រក់ដែលមកពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនិងអំពើផិតក្បត់។ (សុភ. ៧:២២, ២៣; កាឡ. ៦:៧) ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត ហើយធ្វើឲ្យគូរបស់ពួកគេនិងខ្លួនពួកគេឈឺចាប់។ (សូមអាន ម៉ាឡាគី ២:១៣, ១៤) ផ្ទុយទៅវិញ ចូរពិចារណាអំពីប្រយោជន៍ដែលពួកអ្នកដែលរក្សាការប្រព្រឹត្តបរិសុទ្ធបានទទួល។ ពួកគេមិនត្រឹមតែមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានជីវិតរស់នៅដ៏ល្អបំផុតនៅឥឡូវនេះ រួមទាំងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសផងដែរ។—សូមអាន សុភាសិត ៣:១, ២
១៩ អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យ[របស់ព្រះ] នោះមានសេចក្ដីសុខដ៏លើសលប់ ហើយគ្មានហេតុនឹងចំពប់ដួលឡើយ»។ (ទំនុក. ១១៩:១៦៥) ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត ហើយ«យកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំឲ្យប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែដូចមនុស្សដែលប្រកបដោយប្រាជ្ញាវិញ»នៅសម័យដ៏អាក្រក់នេះ។ (អេភ. ៥:១៥, ១៦) ផ្លូវដែលយើងដើរគឺពោរពេញទៅដោយអន្ទាក់ដែលសាថានបានដាក់ដើម្បីចាប់អ្នកគោរពប្រណិប័តន៍ពិត។ ប៉ុន្តែ យើងមានសមត្ថភាពដើម្បីការពារខ្លួនយើងបាន។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បី«កាន់ជំហរមាំមួន» ហើយ«ពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច»។—អេភ. ៦:១១, ១៦
[កំណត់សម្គាល់]
a ឈ្មោះបានត្រូវប្ដូរ។
[រូបភាពនៅទំព័រ២៦]
ការចង់បានទ្រព្យសម្បត្ដិអាចរារាំងបុគ្គលម្នាក់មិនឲ្យគោរពប្រណិប័តន៍ព្រះ។ សូមកុំឲ្យរឿងនេះកើតឡើងចំពោះអ្នកឡើយ
[រូបភាពនៅទំព័រ២៩]
ការចែចង់ ឬការបណ្ដោយឲ្យគេចែចង់យើងអាចបណ្ដាលឲ្យប្រព្រឹត្តអំពើផិតក្បត់
-