ជំពូកទី៨
ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក
១, ២. (ក) នៅសតវត្សរ៍ទី១ តើអ្វីបានជួយមនុស្សទូទាំងចក្រភពរ៉ូមឲ្យឮដំណឹងល្អ? (ខ) នៅសព្វថ្ងៃនេះ តើមានភ័ស្តុតាងអ្វីដែលបញ្ជាក់ថាព្រះយេហូវ៉ាកំពុងគាំទ្រយើង? (សូមមើលប្រអប់ដែលមានចំណងជើងថា«ដំណឹងល្អជាង៦៧០ភាសា»)
នៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ភ្ញៀវដែលបានទៅលេងក្រុងយេរូសាឡិមកំពុងនឹកអស្ចារ្យក្នុងចិត្តក្រៃលែង។ ហេតុអ្វី? ពីព្រោះមានពួកអ្នកស្រុកកាលីឡេកំពុងនិយាយភាសាបរទេសយ៉ាងស្ទាត់ ហើយអ្វីដែលពួកគេនិយាយធ្វើឲ្យភ្ញៀវទាំងនោះជក់ចិត្តស្ដាប់។ ពួកអ្នកស្រុកកាលីឡេទាំងនោះជាអ្នកកាន់តាមលោកយេស៊ូ ហើយពួកគេទើបតែទទួលអំណោយពីព្រះ ពោលគឺសមត្ថភាពនិយាយភាសាផ្សេងៗ។ នេះជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះកំពុងគាំទ្រពួកគេ។ (សូមអាន សកម្មភាព ២:១-៨, ១២, ១៥-១៧) នៅថ្ងៃនោះ ពួកគេបានផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលមានវប្បធម៌និងភាសាផ្សេងៗ ហើយបន្ទាប់មក ដំណឹងល្អនោះបានឮសុសសាយពេញចក្រភពរ៉ូម។—កូឡ. ១:២៣
២ សព្វថ្ងៃនេះ ព្រះមិនធ្វើការអស្ចារ្យ បណ្ដាលឲ្យអ្នកបម្រើរបស់លោកចេះនិយាយភាសាផ្សេងៗនោះទេ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកបម្រើលោកផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់លោក ជាង៦៧០ភាសា។ ចំនួននេះគឺច្រើនជាងចំនួនភាសាដែលអ្នកកាន់តាមលោកយេស៊ូបានផ្សព្វផ្សាយនៅសតវត្សរ៍ទី១ឆ្ងាយណាស់។ (សកម្ម. ២:៩-១១) ដោយសាររាស្ត្ររបស់ព្រះបានបោះពុម្ពផ្សាយសៀវភៅច្រើនសន្ធឹក ហើយបានបកប្រែជាច្រើនភាសា នោះដំណឹងល្អអំពីរាជាណាចក្របានឮដល់គ្រប់កៀនកោះនៃផែនដីនេះ។a នេះជាភ័ស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថា ព្រះយេហូវ៉ាកំពុងប្រើលោកយេស៊ូដែលមានឋានៈជាស្តេច ឲ្យដឹកនាំកិច្ចផ្សព្វផ្សាយរបស់យើង។ (ម៉ាថ. ២៨:១៩, ២០) ឥឡូវយើងនឹងពិចារណាឧបករណ៍ជំនួយខ្លះៗ ដែលយើងបានប្រើដើម្បីសម្រេចកិច្ចផ្សព្វផ្សាយក្នុងអំឡុង១០០ឆ្នាំកន្លងទៅហើយនេះ។ ពេលដែលយើងគិតអំពីរឿងនេះ សូមកត់សម្គាល់របៀបដែលស្តេចនៃរាជាណាចក្ររបស់ព្រះ បានបង្ហាត់បង្រៀនយើងបន្ដិចម្ដងៗ ដើម្បីឲ្យចេះយកចិត្តទុកដាក់ចំពោះមនុស្សដែលយើងជួប ហើយកត់សម្គាល់របៀបដែលលោកបានលើកទឹកចិត្តយើងឲ្យទៅជាអ្នកបង្រៀនបណ្ដាំរបស់ព្រះ។—២ធី. ២:២
ស្តេចនៃរាជាណាចក្រព្រះផ្គត់ផ្គង់អ្នកបម្រើរបស់លោក ដើម្បីដាំគ្រាប់ពូជនៃសេចក្ដីពិត
៣. ហេតុអ្វីយើងប្រើឧបករណ៍ជំនួយផ្សេងៗក្នុងកិច្ចផ្សព្វផ្សាយ?
៣ លោកយេស៊ូបានប្រដូច«បណ្ដាំស្តីអំពីរាជាណាចក្រ»ទៅនឹងគ្រាប់ពូជ ហើយបានប្រដូចចិត្តរបស់មនុស្សទៅនឹងដី។ (ម៉ាថ. ១៣:១៨, ១៩) កសិករប្រើឧបករណ៍ជំនួយផ្សេងៗដើម្បីជ្រោយដីឲ្យទន់ ស្រួលដាំគ្រាប់ពូជ។ ដូចគ្នាដែរ រាស្ត្ររបស់ព្រះយេហូវ៉ាបានប្រើឧបករណ៍ជំនួយផ្សេងៗដែលបានជួយមនុស្សរាប់លាននាក់ ឲ្យត្រៀមចិត្តដើម្បីទទួលដំណឹងល្អអំពីរាជាណាចក្រ។ ឧបករណ៍ជំនួយខ្លះបានមានប្រសិទ្ធភាពតែមួយរយៈពេលប៉ុណ្ណោះ រីឯជំនួយផ្សេងៗទៀត ដូចជាសៀវភៅនិងទស្សនាវដ្ដីជាដើម បន្តមានប្រសិទ្ធភាពខ្ពស់រហូតដល់ឥឡូវនេះ។ ជំពូកមុនបានបញ្ជាក់អំពីវិធីខ្លះដែលយើងធ្លាប់ប្រើដើម្បីផ្សាយដល់មហាជន។ ក៏ប៉ុន្តែក្នុងជំពូកនេះយើងនឹងពិចារណាអំពីឧបករណ៍ជំនួយដែលបានជួយអ្នកផ្សាយអំពីរាជាណាចក្រឲ្យជួបមនុស្សដោយផ្ទាល់។—សកម្ម. ៥:៤២; ១៧:២, ៣
៤, ៥. តើថាសសំឡេងបានត្រូវប្រើយ៉ាងដូចម្ដេច ហើយតើការប្រើថាសសំឡេងមិនបានផ្ដល់ឱកាសឲ្យធ្វើអ្វី?
៤ សុន្ទរកថាដែលបានត្រូវថតចម្លង: រវាងឆ្នាំ១៩៣០និងឆ្នាំ១៩៥០ អ្នកផ្សាយធ្លាប់យួរប្រដាប់ចាក់ថាសសំឡេងដែលមានសុន្ទរកថាអំពីគម្ពីរ។ សុន្ទរកថានីមួយៗមានរយៈពេលខ្លីជាងប្រាំនាទី។ ជួនកាល ថាសសំឡេងទាំងនោះមានចំណងជើងខ្លីៗដូចជា«រាជាណាចក្រ» និង«ព្រះបីរួមជាព្រះតែមួយ»ជាដើម។ តើបងប្អូនបានប្រើថាសសំឡេងទាំងនោះយ៉ាងដូចម្ដេច? បងប្រុសខ្លេថិន វូដវឺត ដែលបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៣០ នាសហរដ្ឋអាម៉េរិក បានរៀបរាប់ថា៖ «ខ្ញុំធ្លាប់យួរម៉ាស៊ីនចាក់ថាសសំឡេង ដែលមានទំហំប៉ុនវ៉ាលិសតូចមួយ។ ខ្ញុំត្រូវរវៃម៉ាស៊ីននោះសិន ដើម្បីឲ្យរ៉ឺស័ររុញគ្រឿងចក្ររបស់វា។ មានប្រដាប់ដែកមួយដែលខ្ញុំត្រូវដាក់នៅគែមថាសដើម្បីឲ្យវាដើរត្រឹមត្រូវ។ [ពេលផ្សព្វផ្សាយ] ខ្ញុំដើរទៅផ្ទះមួយ បើកម៉ាស៊ីនចាក់ថាស ដាក់ប្រដាប់ដែកលើគែមថាស រួចចុចកណ្ដឹងផ្ទះ។ ពេលម្ចាស់ផ្ទះមក ខ្ញុំនិយាយថា‹ខ្ញុំមានព័ត៌មានសំខាន់ដែលចង់ឲ្យលោកអ្នកស្ដាប់›»។ តើម្ចាស់ផ្ទះធ្វើយ៉ាងណា? បងវូដវឺតប្រាប់ថា៖ «ច្រើនដង ម្ចាស់ផ្ទះពេញចិត្ត តែពេលខ្លះពួកគេបិទទ្វារតែម្ដង។ ពេលខ្លះទៀតពួកគេស្មានថាខ្ញុំកំពុងដើរលក់ម៉ាស៊ីនចាក់ចម្រៀង»។
៥ មកដល់ឆ្នាំ១៩៤០ សុន្ទរកថាជាង៩០បានត្រូវថត ហើយជាង១លានថាសបានត្រូវផលិត។ បងប្រុសចន បា ធ្លាប់ធ្វើជាអ្នកត្រួសត្រាយពេញពេលនាប្រទេសអង់គ្លេសនៅឆ្នាំនោះ ហើយក្រោយមកគាត់បានបម្រើជាសមាជិកនៃគណៈអភិបាល។ គាត់បានប្រាប់ថា៖ «ពីឆ្នាំ១៩៣៦ដល់ឆ្នាំ១៩៤៥ ដៃគូផ្សាយរបស់ខ្ញុំគឺជាម៉ាស៊ីនចាក់ថាសសំឡេងនោះឯង។ តាមពិតទៅ នៅសម័យនោះ បើខ្ញុំមិនមានម៉ាស៊ីនចាក់ថាសជាមួយ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ។ ពេលដែលខ្ញុំស្ដាប់សំឡេងបងរ៉ូធើហ្វឺតនៅមាត់ទ្វារ នោះបានលើកទឹកចិត្តខ្ញុំខ្លាំងណាស់ គឺហាក់ដូចជាគាត់នៅមាត់ទ្វារនោះតែម្ដង។ ក៏ប៉ុន្តែការចាក់ថាសសំឡេងក្នុងកិច្ចបម្រើផ្សាយមិនផ្ដល់ឱកាសឲ្យបង្រៀនឬមានឥទ្ធិពលទៅលើចិត្តមនុស្សឡើយ»។
៦, ៧. (ក) ហេតុអ្វីកាតផ្សព្វផ្សាយមានប្រយោជន៍ ហើយហេតុអ្វីប្រសិទ្ធភាពនៃកាតផ្សព្វផ្សាយមានកម្រិត? (ខ) តើព្រះយេហូវ៉ាបាន‹ដាក់សម្ដីក្នុងមាត់យើង›ក្នុងន័យអ្វី?
៦ កាតផ្សព្វផ្សាយ: ចាប់តាំងពីឆ្នាំ១៩៣៣ អ្នកផ្សាយបានត្រូវលើកទឹកចិត្តឲ្យប្រើកាតដែលមានពាក្យផ្សព្វផ្សាយ ពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ កាតផ្សព្វផ្សាយមានទំហំប្រហែលជា៨គុណ១២សង់ទីម៉ែត្រ។ កាតនោះមានព័ត៌មានខ្លីៗអំពីគម្ពីរ ហើយរៀបរាប់អំពីសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ដែលម្ចាស់ផ្ទះអាចទទួលបាន។ អ្នកផ្សាយគ្រាន់តែជូនកាតនោះឲ្យម្ចាស់ផ្ទះអាន។ បងស្រីលីលយ៉ាន កាម៉ឺរូដ ដែលធ្លាប់បម្រើជាសាសនទូតនៅប្រទេសព័រតូរីកូ និងប្រទេសអាហ្សង់ទីនបានប្រាប់ថា៖ «ខ្ញុំចូលចិត្តការផ្សព្វផ្សាយដោយប្រើកាតនោះណាស់»។ ហេតុអ្វីគាត់ចូលចិត្ត? គាត់ប្រាប់ថា៖ «មិនមែនយើងទាំងអស់គ្នាពូកែផ្សព្វផ្សាយទេ ដូច្នេះកាតនោះជួយខ្ញុំឲ្យទម្លាប់ខ្លួននឹងការចូលទៅជិតមនុស្សដើម្បីផ្សព្វផ្សាយ»។
៧ បងប្រុសដាវីឌ រូស ដែលបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩១៨ បានរៀបរាប់ថា៖ «កាតផ្សព្វផ្សាយបានជួយបងប្អូន ដោយសារមានបងប្អូនតិចណាស់ ដែលគិតថាពួកគេអាចរៀបចំពាក្យផ្សាយដ៏ល្អដោយខ្លួនឯង»។ ក៏ប៉ុន្តែប្រសិទ្ធភាពនៃកាតផ្សព្វផ្សាយមានកម្រិត។ បងរូសប្រាប់ថា៖ «ជួនកាលយើងជួបមនុស្សដែលស្មានថាយើងជាមនុស្សគ។ ក្នុងន័យម្យ៉ាង យើងជាច្រើននាក់ដូចមនុស្សគមែន។ ប៉ុន្តែព្រះយេហូវ៉ាកំពុងបង្ហាត់បង្រៀនយើងឲ្យចេះជួបមនុស្សក្នុងនាមជាអ្នកបម្រើរបស់លោក។ មិនយូរក្រោយនោះ គឺហាក់ដូចជាលោកដាក់សម្ដីក្នុងមាត់យើងតែម្ដង ដោយបង្រៀនយើងឲ្យចេះប្រើបទគម្ពីរពេលផ្សព្វផ្សាយ។ លោកបានធ្វើដូច្នេះ តាមរយៈសាលាកិច្ចបម្រើផ្សាយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៤៣»។—សូមអាន យេរេមា ១:៦-៩
៨. តើអ្នកអាចបើកឱកាសឲ្យគ្រិស្តបង្ហាត់បង្រៀនអ្នកយ៉ាងដូចម្ដេច?
៨ សៀវភៅ: តាំងពីឆ្នាំ១៩១៤ រាស្ត្ររបស់ព្រះយេហូវ៉ាបានបោះពុម្ពជាង១០០សៀវភៅផ្សេងៗដែលពន្យល់ប្រធានបទពីគម្ពីរ។ សៀវភៅខ្លះបានត្រូវរៀបចំជាពិសេសដើម្បីបង្ហាត់បង្រៀនអ្នកផ្សាយឲ្យមានប្រសិទ្ធភាពក្នុងកិច្ចបម្រើ។ បងស្រីអាណា ឡាសិនដែលរស់នៅប្រទេសដាណឺម៉ាក បានផ្សព្វផ្សាយអស់៧០ឆ្នាំហើយ។ គាត់ប្រាប់ថា៖ «តាមរយៈសាលាកិច្ចបម្រើផ្សាយ និងសៀវភៅផ្សេងៗសម្រាប់សាលានោះ ព្រះយេហូវ៉ាបានជួយយើងឲ្យមានប្រសិទ្ធភាពច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយ។ ខ្ញុំចាំថា សៀវភៅដំបូងមានចំណងជើងថា ជំនួយពីព្រះសម្រាប់អ្នកផ្សាយអំពីរាជាណាចក្រ (Theocratic Aid to Kingdom Publishers) ហើយបានចេញនៅឆ្នាំ១៩៤៥។ បន្ទាប់មក នៅឆ្នាំ១៩៤៦ មានសៀវភៅចំណងជើងថា ត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង(Equipped for Every Good Work)។ ឥឡូវយើងមានសៀវភៅចំណងជើងថា ចូរទទួលប្រយោជន៍ពីការអប់រំក្នុងសាលាកិច្ចបម្រើផ្សាយ(Benefit From Theocratic Ministry School Education) ដែលបានចេញនៅឆ្នាំ២០០១»។ កាលដែលព្រះយេហូវ៉ា«ធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់ ដើម្បីធ្វើជាអ្នកបម្រើ» នោះសាលាកិច្ចបម្រើផ្សាយនិងសៀវភៅផ្សេងៗសម្រាប់សាលានោះ ប្រាកដជាមានតួនាទីសំខាន់។ (២កូ. ៣:៥, ៦) តើអ្នកបានចុះឈ្មោះក្នុងសាលាកិច្ចបម្រើផ្សាយហើយឬនៅ? តើអ្នកយកកូនសៀវភៅវិធីបង្កើនសមត្ថភាពមករាល់សប្ដាហ៍ ហើយមើលផ្ទៀងតាមពេលដែលអ្នកដឹកនាំសាលាលើកឡើងចំណុចពីសៀវភៅនោះឬទេ? បើអ្នកធ្វើដូច្នេះ នោះអ្នកកំពុងឲ្យគ្រិស្តបង្ហាត់បង្រៀនអ្នកឲ្យបង្កើនសមត្ថភាពបង្រៀន។—២កូ. ៩:៦; ២ធី. ២:១៥
៩, ១០. តើសៀវភៅមានតួនាទីអ្វីក្នុងការដាំនិងការស្រោចគ្រាប់ពូជនៃសេចក្ដីពិត?
៩ ព្រះយេហូវ៉ាក៏បានជួយយើង ដោយចាត់ចែងឲ្យអង្គការរបស់លោករៀបចំសៀវភៅផ្សេងៗដែលជួយយើងឲ្យពន្យល់សេចក្ដីបង្រៀនបឋមៗក្នុងគម្ពីរ។ សៀវភៅចំណងជើងថា សេចក្ដីពិតដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់(The Truth That Leads to Eternal Life) បានមានប្រសិទ្ធភាពអស្ចារ្យ។ សៀវភៅនោះបានចេញនៅឆ្នាំ១៩៦៨ ហើយភ្លាមៗបានមានឥទ្ធិពលខ្លាំងទៅលើកិច្ចផ្សព្វផ្សាយ។ កិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ១៩៦៨ បានចែងថា៖ «ចំនួនសៀវភៅសេចក្ដីពិតដែលបងប្អូនបានស្នើសុំនោះមានច្រើនដល់ម្ល៉េះ បានជានៅខែកញ្ញា រោងពុម្ពរបស់អង្គការយើងនៅក្រុងប៊្រុគ្លីន ត្រូវថែមវេនពិសេសមួយ ដើម្បីបោះពុម្ពសៀវភៅនៅពេលយប់ទៀត»។ អត្ថបទនោះបន្តថា៖ «មានពេលមួយ ក្នុងអំឡុងខែសីហា ដែលការស្នើសុំសៀវភៅសេចក្ដីពិតគឺច្រើនជាងចំនួនសៀវភៅសេចក្ដីពិតដែលអង្គការមានក្នុងស្តុក។ អង្គការបានខ្វះសៀវភៅ១លាន៥សែនក្បាល!»។ មកដល់ឆ្នាំ១៩៨២ សៀវភៅសេចក្ដីពិតបានត្រូវបោះពុម្ពជាង១០០លានក្បាល ជា១១៦ភាសា។ ក្នុងចន្លោះ១៤ឆ្នាំ ពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៨២ សៀវភៅសេចក្ដីពិតបានជួយមនុស្សជាង១លាននាក់ឲ្យទៅជាអ្នកផ្សាយអំពីរាជាណាចក្រ។b
១០ នៅឆ្នាំ២០០៥ ជំនួយសិក្សាគម្ពីរមួយទៀតបានចេញ គឺសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សៀវភៅនេះ២០០លានក្បាលបានត្រូវបោះពុម្ពរួចហើយ ជា២៥៦ភាសា! តើសៀវភៅនេះមានប្រសិទ្ធភាពយ៉ាងណា? ក្នុងអំឡុងតែ៧ឆ្នាំ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១២ មនុស្សប្រហែលជា១លាន២សែននាក់បានទៅជាអ្នកផ្សាយដំណឹងល្អ។ ក្នុងឆ្នាំទាំងនោះដែរ សិស្សគម្ពីររបស់យើងដែលពីមុនមានចំនួនប្រហែលជា៦លាននាក់ បានកើនឡើងដល់៨លាន៧សែននាក់។ ព្រះយេហូវ៉ាប្រាកដជាកំពុងឲ្យពរទៅលើការខំព្យាយាមរបស់យើងក្នុងការដាំនិងការស្រោចពូជនៃសេចក្ដីពិត។—សូមអាន កូរិនថូសទី១ ៣:៦, ៧
១១, ១២. ស្របតាមបទគម្ពីរក្នុងវគ្គនេះ តើទស្សនាវដ្ដីរបស់យើងបានត្រូវរៀបចំសម្រាប់ក្រុមណាខ្លះ?
១១ ទស្សនាវដ្ដី: នៅដើមដំបូង ទស្សនាវដ្ដីប៉មយាមបានត្រូវសរសេរជាពិសេសសម្រាប់«ហ្វូងតូច» ដែល«ត្រូវហៅឲ្យឡើងទៅស្ថានសួគ៌»។ (លូក. ១២:៣២; ហេ. ៣:១) នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩១៩ អង្គការព្រះយេហូវ៉ាបានចេញទស្សនាវដ្ដីមួយទៀត ដែលបានត្រូវរៀបចំសម្រាប់ក្រុមមនុស្សផ្សេង ពោលគឺសាធារណជន។ អស់ជាច្រើនឆ្នាំ ទស្សនាវដ្ដីនោះបានពេញនិយមក្នុងចំណោមនិស្សិតគម្ពីរនិងសាធារណជន រហូតដល់អត្រានៃការចែកចាយទស្សនាវដ្ដីថ្មីនោះគឺច្រើនជាងការចែកចាយទស្សនាវដ្ដីប៉មយាមឆ្ងាយណាស់។ នៅដើមដំបូង ទស្សនាវដ្ដីនោះមានឈ្មោះថា ទស្សនាវដ្ដីសម័យរុងរឿង។ នៅឆ្នាំ១៩៣៧ ឈ្មោះទស្សនាវដ្ដីនោះបានត្រូវដូរទៅជា ទស្សនាវដ្ដីការសម្រាលទុក្ខ។ រួចមក នៅឆ្នាំ១៩៤៦ ទស្សនាវដ្ដីនោះមានឈ្មោះថាភ្ញាក់រឭក!
១២ ក្នុងអំឡុងរាប់សិបឆ្នាំដែលមានទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! ទម្រង់នៃទស្សនាវដ្ដីទាំងនោះបានផ្លាស់ប្ដូរ ប៉ុន្តែគោលបំណងនៅដដែល ពោលគឺដើម្បីប្រកាសអំពីរាជាណាចក្ររបស់ព្រះ និងជួយមនុស្សឲ្យមានជំនឿទៅលើគម្ពីរ។ សព្វថ្ងៃនេះ មានទស្សនាវដ្ដីប៉មយាមសម្រាប់សិក្សានិងទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ។ ទស្សនាវដ្ដីប៉មយាមសម្រាប់សិក្សាបានត្រូវរៀបចំសម្រាប់«ខ្ញុំបម្រើឯទៀត» ពោលគឺ«ហ្វូងតូច»និង«ចៀមឯទៀត»។c (ម៉ាថ. ២៤:៤៥; យ៉ូន. ១០:១៦) ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយបានត្រូវរៀបចំជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់សេចក្ដីពិត តែឲ្យតម្លៃចំពោះគម្ពីរនិងព្រះ។ (សកម្ម. ១៣:១៦) ទស្សនាវដ្ដីភ្ញាក់រឭក! បានត្រូវរៀបចំសម្រាប់អ្នកដែលមិនសូវស្គាល់គម្ពីរនិងព្រះយេហូវ៉ាដែលជាព្រះដ៏ពិត។—សកម្ម. ១៧:២២, ២៣
១៣. ស្តីអំពីទស្សនាវដ្ដីរបស់យើង តើអ្នកកោតស្ងើចនឹងអ្វីខ្លះ? (សូមពិភាក្សាអំពីតារាងដែលមានចំណងជើងថា«ឯតទគ្គកម្មពិភពលោកខាងការបោះពុម្ពផ្សាយ»)
១៣ មកដល់ដើមឆ្នាំ២០១៤ ទស្សនាវដ្ដីភ្ញាក់រឭក!ចំនួនជាង៤៤លានក្បាល និងទស្សនាវដ្ដីប៉មយាមចំនួនប្រហែលជា៤៦លានក្បាល បានត្រូវបោះពុម្ពរាល់ខែ។ ទស្សនាវដ្ដីភ្ញាក់រឭក!បានត្រូវបកប្រែប្រហែលជា១០០ភាសា ហើយទស្សនាវដ្ដីប៉មយាមបានត្រូវបកប្រែជាង២០០ភាសា។ ដូច្នេះ ទស្សនាវដ្ដីទាំងពីរនោះជាទស្សនាវដ្ដីដែលបានត្រូវបកប្រែច្រើនភាសាបំផុត ហើយដែលបានត្រូវចែកចាយច្រើនជាងគេបំផុតក្នុងពិភពលោក! ទោះជាយ៉ាងណាក៏ដោយ នោះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលទេ។ ហេតុអ្វី? ពីព្រោះទស្សនាវដ្ដីទាំងនេះមានព័ត៌មានដែលលោកយេស៊ូមានប្រសាសន៍ថានឹងត្រូវប្រកាសផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី។—ម៉ាថ. ២៤:១៤
១៤. តើយើងបានខ្នះខ្នែងធ្វើអ្វី ហើយហេតុអ្វី?
១៤ គម្ពីរ: នៅឆ្នាំ១៨៩៦ បងរ៉ាសិលនិងអ្នករួមការងារជាមួយគាត់ បានផ្លាស់ប្ដូរឈ្មោះសាជីវកម្មដែលពួកគាត់ប្រើដើម្បីបោះពុម្ពសៀវភៅ។ តើផ្លាស់ប្ដូរយ៉ាងដូចម្ដេច? ពួកគាត់រួមបញ្ចូលពាក្យ«គម្ពីរ»ក្នុងឈ្មោះសាជីវកម្មនោះ។ ហេតុដូច្នេះហើយ សាជីវកម្មនោះបានត្រូវហៅថាសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ។ ការផ្លាស់ប្ដូរនេះគឺសមត្រឹមត្រូវ ពីព្រោះតាំងតែពីដំបូងឡើយ គម្ពីរជាជំនួយសំខាន់បំផុតសម្រាប់ការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។ (លូក. ២៤:២៧) ស្របតាមឈ្មោះផ្លូវការរបស់សាជីវកម្មយើង នោះអ្នកបម្រើរបស់ព្រះបានខ្នះខ្នែងចែកចាយគម្ពីរ និងលើកទឹកចិត្តមនុស្សឲ្យអានគម្ពីរ។ ជាឧទាហរណ៍ នៅឆ្នាំ១៩២៦ យើងបានបោះពុម្ពគម្ពីរ ឌឺអិមហ្វាទិចដែយ៉ូក្លត់ (The Emphatic Diaglott) ដោយប្រើម៉ាស៊ីនបោះពុម្ពរបស់យើង។ គម្ពីរនេះជាសេចក្ដីបកប្រែបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច រៀបចំដោយលោកបេនយ៉ាមីន វិលសុន។ ចាប់ពីឆ្នាំ១៩៤២ យើងបានបោះពុម្ពនិងចែកចាយ៧០០.០០០ក្បាលនៃសេចក្ដីបកប្រែគម្ពីរឃីងជេម្ស(King James Version) ទាំងមូល។ ត្រឹមតែពីរឆ្នាំក្រោយពីនោះ យើងចាប់ផ្ដើមបោះពុម្ពគម្ពីរសេចក្ដីបកប្រែគម្ពីរបមាណីយអាម៉េរិក (American Standard Version) ដែលមាននាមព្រះយេហូវ៉ានៅ៦.៨២៣កន្លែង។ មកដល់ឆ្នាំ១៩៥០ យើងបានចែកចាយគម្ពីរនោះជាង២៥០.០០០ក្បាល។
១៥, ១៦. (ក) ហេតុអ្វីអ្នកចូលចិត្តសេចក្ដីបកប្រែពិភពលោកថ្មី? (សូមពិភាក្សាប្រអប់ដែលមានចំណងជើងថា«ការបញ្ជឿនការបកប្រែគម្ពីរ») (ខ) តើអ្នកអាចបើកឱកាសឲ្យព្រះយេហូវ៉ាមានឥទ្ធិពលទៅលើចិត្តរបស់អ្នកយ៉ាងដូចម្ដេច?
១៥ នៅឆ្នាំ១៩៥០ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច បានចេញ។ នៅឆ្នាំ១៩៦១ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធទាំងមូលបានចេញ។ គម្ពីរនេះលើកតម្កើងព្រះយេហូវ៉ាដោយដាក់បញ្ចូលនាមរបស់លោកឡើងវិញ នៅកន្លែងដែលមាននាមរបស់លោកក្នុងឯកសារដើមភាសាហេប្រឺ។ នាមរបស់ព្រះក៏មាន២៣៧ដងក្នុងខគម្ពីរនៅក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចដែរ។ ដើម្បីប្រាកដថាសេចក្ដីបកប្រែពិភពលោកថ្មីគឺត្រឹមត្រូវបំផុតនិងស្រួលអានបំផុត នោះគម្ពីរនេះបានត្រូវកែច្រើនដង។ កំណែថ្មីបំផុតគឺនៅឆ្នាំ២០១៣។ មកដល់ឆ្នាំ២០១៣ សេចក្ដីបកប្រែពិភពលោកថ្មី នៃគម្ពីរទាំងមូលឬផ្នែកខ្លះជាង២០១លានក្បាលបានត្រូវបោះពុម្ពផ្សាយ ជា១២១ភាសា។
១៦ តើមនុស្សខ្លះបានមានអារម្មណ៍យ៉ាងណា ពេលអានសេចក្ដីបកប្រែពិភពលោកថ្មីជាភាសារបស់ខ្លួន? បុរសជនជាតិនេប៉ាល់ម្នាក់បានប្រាប់ថា៖ «ចំពោះមនុស្សជាច្រើន សេចក្ដីបកប្រែចាស់ជាភាសានេប៉ាល់គឺពិបាកយល់ ដោយសារប្រើពាក្យបុរាណ។ ប៉ុន្តែឥឡូវនេះ យើងអាចយល់គម្ពីរច្បាស់ជាង ដោយសារគម្ពីរនេះប្រើពាក្យសាមញ្ញវិញ»។ ពេលស្ត្រីម្នាក់នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលចាប់ផ្ដើមអានគម្ពីរនោះជាភាសាសាងហ្គោ គាត់ចាប់ផ្ដើមយំ ហើយនិយាយថា៖ «នេះជាភាសាដែលចូលក្នុងចិត្តរបស់ខ្ញុំ»។ ដូចស្ត្រីនោះ យើងម្នាក់ៗអាចបើកឱកាសឲ្យព្រះយេហូវ៉ាមានឥទ្ធិពលមកលើចិត្តរបស់យើង ដោយអានបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃ។—ទំនុក. ១:២; ម៉ាថ. ២២:៣៦, ៣៧
យើងមានចិត្តកតញ្ញូដោយសារទទួលឧបករណ៍ជំនួយនិងការបង្ហាត់បង្រៀន
១៧. តើតាមរបៀបណាអ្នកអាចបង្ហាញថា អ្នកឲ្យតម្លៃឧបករណ៍ជំនួយនិងការបង្ហាត់បង្រៀនដែលអ្នកបានទទួល ហើយបើអ្នកធ្វើដូច្នេះ តើនឹងមានលទ្ធផលយ៉ាងណា?
១៧ តើអ្នកឲ្យតម្លៃឧបករណ៍ជំនួយនិងការបង្ហាត់បង្រៀនដែលលោកយេស៊ូគ្រិស្តជាស្តេចរបស់យើងបានផ្ដល់ឲ្យឬទេ? តើអ្នកលៃទុកពេលដើម្បីអានសៀវភៅផ្សេងៗដែលអង្គការរបស់ព្រះរៀបចំឬ? ហើយតើអ្នកប្រើសៀវភៅទាំងនោះដើម្បីជួយអ្នកឯទៀតឬទេ? បើអ្នកធ្វើដូច្នេះមែន អ្នកនឹងមានអារម្មណ៍ដូចបងស្រីអូផឹល បេតឡឺដែលបានទទួលការជ្រមុជទឹកនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩១៤។ បងអូផឹលនិយាយថា៖ «ក្នុងជីវិតខ្ញុំ ខ្ញុំនិងប្ដីខ្ញុំ[ឈ្មោះអេឌវ៉ាដ]ធ្លាប់ផ្សព្វផ្សាយដោយប្រើថាសសំឡេងនិងកាតផ្សព្វផ្សាយ។ យើងបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដោយប្រើសៀវភៅ កូនសៀវភៅនិងទស្សនាវដ្ដី។ យើងធ្លាប់ចូលរួមសកម្មភាពផ្សព្វផ្សាយពិសេស បានហែក្បួន និងបានចែកចាយសេចក្ដីប្រកាសផ្សេងៗ។ ក្រោយមក យើងបានត្រូវបង្ហាត់បង្រៀនឲ្យធ្វើការត្រឡប់ទៅជួបនិងដឹកនាំការសិក្សាគម្ពីរក្នុងផ្ទះរបស់អ្នកចាប់អារម្មណ៍។ យើងមានជីវិតសប្បាយនិងពោរពេញទៅដោយសកម្មភាព»។ លោកយេស៊ូបានសន្យាថា រាស្ត្ររបស់លោកនឹងរវល់សាបព្រោះ ប្រមូលផល និងអរសប្បាយជាមួយគ្នា។ អ្នកផ្សាយរាប់លាននាក់ដូចបងអូផឹល អាចបញ្ជាក់ថាអ្វីដែលលោកយេស៊ូសន្យាបានកើតឡើងពិតមែន។—សូមអាន យ៉ូហាន ៤:៣៥, ៣៦
១៨. តើយើងមានឯកសិទ្ធិអ្វី?
១៨ មនុស្សជាច្រើនដែលមិនទាន់ក្លាយទៅជាអ្នកបម្រើស្តេចនៃរាជាណាចក្ររបស់ព្រះ ប្រហែលជាចាត់ទុករាស្ត្ររបស់ព្រះជាមនុស្សដែល«មិនបានរៀនសូត្រ»។ (សកម្ម. ៤:១៣) ប៉ុន្តែសូមគិត! ស្តេចនៃរាជាណាចក្រព្រះបានបណ្ដាលឲ្យរាស្ត្ររបស់លោកដែលមិនបានរៀនសូត្រនេះ ទៅជាអង្គការដែលបោះពុម្ព បកប្រែ និងចែកចាយសៀវភៅច្រើនបំផុតជាប្រវត្ដិសាស្ត្រ! សំខាន់ជាងនោះទៅទៀត លោកបានបង្ហាត់បង្រៀននិងជំរុញចិត្តយើងឲ្យប្រើឧបករណ៍ជំនួយទាំងអស់នេះដើម្បីផ្សាយដំណឹងល្អដល់ប្រជាជាតិទាំងឡាយ។ យើងមានឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ណាស់ ពោលគឺយើងអាចរួមការងារជាមួយនឹងគ្រិស្តក្នុងការព្រោះពូជនៃសេចក្ដីពិត និងការប្រមូលអ្នកកាន់តាមថ្មី!
a ក្នុងតែ១០ឆ្នាំកន្លងទៅហើយនេះ ឧបករណ៍ជំនួយទាំងអស់ដែលមានមូលដ្ឋានលើគម្ពីរ ដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានផលិតមានចំនួនសរុបជាង២០ពាន់លាន។ ម្យ៉ាងទៀត នៅទូទាំងពិភពលោកមនុស្សជាង២,៧ពាន់លាននាក់ដែលប្រើប្រព័ន្ធអ៊ីនធឺណិត អាចបើកjw.org ដែលជាគេហទំព័ររបស់យើង។
b ជំនួយសិក្សាគម្ពីរផ្សេងទៀតដែលបានជួយអ្នកផ្សាយឲ្យបង្រៀនសេចក្ដីពិតពីគម្ពីរ មានដូចជាសៀវភៅចំណងជើងថា ពិណរបស់ព្រះ(The Harp of God បោះពុម្ពនៅឆ្នាំ១៩២១) សៀវភៅ«សូមឲ្យព្រះរាប់ជាពិត»(“Let God Be True” បោះពុម្ពនៅឆ្នាំ១៩៤៦) សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី(បោះពុម្ពនៅឆ្នាំ១៩៨២) និងសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច(បោះពុម្ពនៅឆ្នាំ១៩៩៥)
c សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ទំព័រ២៣ វគ្គ១៣ ដែលពន្យល់ការយល់ដឹងថ្មីរបស់យើងស្តីអំពី«ខ្ញុំបម្រើឯទៀត»។