អត្ថបទសិក្សា ៤៦
ប្ដីប្រពន្ធថ្មីថ្មោង ចូរផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា
«ព្រះយេហូវ៉ាជាកម្លាំង... របស់ខ្ញុំ ខ្ញុំទុកចិត្តលោក»។—ចសព. ២៨:៧
ចម្រៀងលេខ១៣១ «គូដែលព្រះបានផ្សំផ្គុំ»
សេចក្ដីសង្ខេបa
១-២. (ក) ហេតុអ្វីប្ដីប្រពន្ធថ្មីថ្មោងគួរទុកចិត្តព្រះយេហូវ៉ា? (ចម្រៀងសរសើរព្រះ ៣៧:៣, ៤) (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
តើអ្នកជិតរៀបការឬទេ ឬតើអ្នកទើបតែបានរៀបការ? បើដូច្នេះ អ្នកទំនងជាទន្ទឹងរង់ចាំរស់នៅដោយមានសុភមង្គលជាមួយគូដែលអ្នកស្រឡាញ់។ ជីវិតអាពាហ៍ពិពាហ៍មិនតែងតែងាយស្រួលទេ ហើយគូប្ដីប្រពន្ធត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ផ្សេងៗ។ អ្វីដែលអ្នកធ្វើពេលជួបការពិបាក និងការសម្រេចចិត្តរបស់អ្នក នឹងមានឥទ្ធិពលអស់ជាច្រើនឆ្នាំទៅលើសុភមង្គលរបស់អ្នកទាំងពីរក្នុងចំណងអាពាហ៍ពិពាហ៍។ បើអ្នកទុកចិត្តព្រះយេហូវ៉ា អ្នកនឹងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ចំណងអាពាហ៍ពិពាហ៍របស់អ្នកនឹងរឹងមាំ ហើយអ្នកនឹងមានសុភមង្គល។ តែបើអ្នកមិនធ្វើតាមយោបល់ពីព្រះ អ្នកទំនងជានឹងជួបការពិបាកដែលនឹងបង្កឲ្យមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ ហើយអ្នកនឹងមិនសប្បាយចិត្តទេ។—សូមអាន ចម្រៀងសរសើរព្រះ ៣៧:៣, ៤
២ ទោះជាអត្ថបទនេះផ្ដោតទៅលើប្ដីប្រពន្ធថ្មីថ្មោងក៏ដោយ ព័ត៌មានក្នុងអត្ថបទនេះនឹងលើកឡើងអំពីការពិបាកផ្សេងៗដែលគូអាពាហ៍ពិពាហ៍ទាំងអស់អាចជួបប្រទះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់បុរសស្ត្រីស្មោះត្រង់នៅសម័យគម្ពីរ និងមេរៀនដែលយើងអាចអនុវត្តក្នុងជីវិត ព្រមទាំងក្នុងអាពាហ៍ពិពាហ៍។ យើងក៏នឹងគិតអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់ប្ដីប្រពន្ធមួយចំនួននៅសព្វថ្ងៃនេះផងដែរ។
តើគូអាពាហ៍ពិពាហ៍ថ្មីប្រហែលជាមានការពិបាកអ្វីខ្លះ?
៣-៤. តើប្ដីប្រពន្ធថ្មីថ្មោងប្រហែលជាជួបការពិបាកអ្វី?
៣ អ្នកខ្លះប្រហែលជាលើកទឹកចិត្តគូប្ដីប្រពន្ធថ្មីឲ្យមានរបៀបរស់នៅដូចគេដូចឯង។ ជាឧទាហរណ៍ ឪពុកម្ដាយនិងសាច់ញាតិឯទៀតប្រហែលជាព្យាយាមបង្ខំពួកគេឲ្យយកកូនភ្លាមៗ ឬមិត្តភក្ដិនិងសមាជិកក្រុមគ្រួសារដែលមានបំណងល្អ ប្រហែលជាលើកទឹកចិត្តគូប្ដីប្រពន្ធថ្មីឲ្យទិញផ្ទះនិងរបស់របរជាច្រើនដើម្បីរស់នៅឲ្យស្រណុក។
៤ បើមិនប្រុងប្រយ័ត្ន ប្ដីប្រពន្ធមួយគូអាចធ្វើការសម្រេចចិត្តដែលនាំឲ្យពួកគេជំពាក់បំណុលច្រើន។ យ៉ាងនេះ ទាំងប្ដីទាំងប្រពន្ធប្រហែលជាត្រូវខំធ្វើការជាច្រើនម៉ោង ដើម្បីសងបំណុលនោះ។ ពួកគេប្រហែលជាមិនសូវមានពេលសិក្សាគម្ពីរផ្ទាល់ខ្លួន គោរពប្រណិប័តន៍ជាក្រុមគ្រួសារ និងផ្សព្វផ្សាយ។ ពួកគេប្រហែលជាថែមទាំងខកខានទៅកិច្ចប្រជុំ ដោយសារពួកគេត្រូវធ្វើការថែមម៉ោងដើម្បីរកលុយឲ្យបានច្រើន ឬដោយសារពួកគេមិនចង់បាត់បង់ការងាររបស់ពួកគេ។ ជាលទ្ធផល ពួកគេប្រហែលជាបាត់បង់ឱកាសបង្កើនកិច្ចបម្រើរបស់ពួកគេចំពោះព្រះយេហូវ៉ា។
៥. តើអ្នករៀនអ្វីពីគំរូរបស់បងខ្លោសនិងបងម៉ារីសា?
៥ បទពិសោធន៍របស់បងប្អូនជាច្រើនបង្ហាញថាការផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យ មិននាំឲ្យមានសុភមង្គលឡើយ។ សូមគិតអំពីមេរៀនដែលប្ដីប្រពន្ធមួយគូឈ្មោះខ្លោសនិងម៉ារីសាbបានរៀនអំពីរឿងនេះ។ ពេលពួកគាត់ទើបតែរៀបការ ពួកគាត់ធ្វើការពេញពេលដើម្បីពួកគាត់អាចមានជីវិតសុខស្រួល។ ប៉ុន្តែ ពួកគាត់មិនមានសុភមង្គលពិតប្រាកដទេ។ បងខ្លោសសារភាពថា៖ «យើងមានរបស់របរច្រើន ប៉ុន្តែយើងគ្មានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាទេ។ តាមពិត យើងមានការខ្វល់ខ្វាយច្រើនដែលនាំឲ្យជីវិតយើងស្មុគស្មាញនិងមានការតានតឹងចិត្ត»។ អ្នកក៏ប្រហែលជាកត់សម្គាល់ដែរថា ការផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យមិននាំឲ្យអ្នកស្កប់ចិត្តទេ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ សូមកុំធ្លាក់ទឹកចិត្តឡើយ។ សូមគិតអំពីគំរូល្អរបស់អ្នកឯទៀតដែលអាចជួយអ្នកឲ្យធ្វើការកែប្រែដែលចាំបាច់។ ដំបូង សូមយើងពិចារណាអំពីអ្វីដែលប្ដីអាចរៀនពីគំរូរបស់ស្ដេចយេហូសាផាត។
ដូចស្ដេចយេហូសាផាត ចូរទុកចិត្តព្រះយេហូវ៉ា
៦. តើស្ដេចយេហូសាផាតបានធ្វើតាមគោលការណ៍នៅសុភាសិត ៣:៥, ៦យ៉ាងដូចម្ដេច ពេលកងទ័ពដ៏ធំមួយមកប្រយុទ្ធនឹងប្រជារាស្ត្ររបស់គាត់?
៦ បងប្អូនដែលជាប្ដី ជួនកាលតើអ្នកមានអារម្មណ៍ថាអ្នកមានភារកិច្ចច្រើនពេកឬទេ? បើដូច្នេះ អ្នកអាចទទួលប្រយោជន៍ពីគំរូរបស់ស្ដេចយេហូសាផាត។ ក្នុងនាមជាស្ដេច គាត់មានភារកិច្ចរក្សាការពារប្រជាជាតិរបស់គាត់ទាំងមូល! តើគាត់បានបំពេញភារកិច្ចដ៏ធ្ងន់នេះយ៉ាងដូចម្ដេច? គាត់បានខំអស់ពីសមត្ថភាពដើម្បីរក្សាការពារប្រជារាស្ត្ររបស់គាត់ ដោយធ្វើឲ្យកំពែងកាន់តែមាំមួននៅក្រុងផ្សេងៗនៃស្រុកយូដា ហើយគាត់បានរៀបចំកងទ័ពដ៏ធំមួយដែលមានទាហានជាង១.១៦០.០០០នាក់។ (២ប្រ. ១៧:១២-១៩) ក្រោយមកស្ដេចយេហូសាផាតជួបបញ្ហាធំ ពេលពួកអាំម៉ូន ពួកម៉ូអាប់ និងពួកបុរសពីតំបន់ភ្នំសៀបានប្រមូលកងទ័ពដ៏ធំមួយ ដើម្បីគំរាមស្ដេចយេហូសាផាត ក្រុមគ្រួសារគាត់ និងប្រជារាស្ត្ររបស់គាត់។ (២ប្រ. ២០:១, ២) តើស្ដេចយេហូសាផាតបានធ្វើអ្វី? គាត់បានសុំព្រះយេហូវ៉ាឲ្យផ្ដល់ជំនួយនិងកម្លាំងឲ្យគាត់។ នេះគឺសមស្របតាមការណែនាំដែលប្រកបដោយប្រាជ្ញានៅសុភាសិត ៣:៥, ៦។ (សូមអាន) សេចក្ដីអធិដ្ឋានរបស់ស្ដេចយេហូសាផាតដែលបានត្រូវកត់ទុកនៅប្រវត្តិហេតុទី២ ២០:៥-១២ បង្ហាញថាគាត់ទុកចិត្តបិតារបស់គាត់នៅស្ថានសួគ៌យ៉ាងខ្លាំង។ តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ស្ដេចយេហូសាផាតយ៉ាងដូចម្ដេច?
៧. តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យេហូសាផាតតាមរបៀបណា?
៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យេហូសាផាតតាមរយៈលេវីម្នាក់ឈ្មោះយ៉ាហេសែល ថា៖ «អ្នករាល់គ្នា... គ្រាន់តែតម្រៀបគ្នា ឈរស្ងៀម ហើយចាំមើលព្រះយេហូវ៉ាសង្គ្រោះអ្នករាល់គ្នាចុះ»។ (២ប្រ. ២០:១៣-១៧) នេះច្បាស់ជាមិនមែនវិធីសាស្ត្រធម្មតាក្នុងចម្បាំងឡើយ។ ប៉ុន្តែការណែនាំនោះមិនមែនមកពីមនុស្សទេ តែមកពីព្រះយេហូវ៉ាវិញ។ ដោយមានទំនុកចិត្តទាំងស្រុងលើព្រះ យេហូសាផាតបានធ្វើដូចអ្វីដែលលោកបានប្រាប់។ ពេលយេហូសាផាត និងរាស្ត្ររបស់គាត់ចេញទៅតទល់នឹងពួកសត្រូវ គាត់បានដាក់ពួកអ្នកចម្រៀងដែលគ្មានអាវុធនៅខាងមុខទាហាន។ ពួកគេមិនមែនជាទាហានដែលមានបទពិសោធន៍ក្នុងចម្បាំងទេ។ ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ាបានធ្វើឲ្យពួកគេយកឈ្នះលើពួកសត្រូវ ដូចដែលលោកបានសន្យាចំពោះយេហូសាផាត។—២ប្រ. ២០:១៨-២៣
៨. តើប្ដីអាចរៀនអ្វីពីគំរូរបស់យេហូសាផាត?
៨ ប្ដីទាំងឡាយ អ្នកអាចរៀនពីគំរូរបស់យេហូសាផាត។ អ្នកមានភារកិច្ចមើលថែក្រុមគ្រួសាររបស់អ្នក ដូច្នេះអ្នកខំប្រឹងព្យាយាមដើម្បីផ្ដល់ការការពារ ព្រមទាំងផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ។ ហេតុនេះ ពេលមានការពិបាក អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកអាចរ៉ាប់រងតែម្នាក់ឯងក៏បាន។ ប៉ុន្តែ សូមកុំពឹងផ្អែកលើកម្លាំងរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ពេលដែលអ្នកនៅម្នាក់ឯង សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ហើយសូមអធិដ្ឋានយ៉ាងអស់ពីចិត្តជាមួយប្រពន្ធរបស់អ្នកដែរ។ សូមស្វែងរកការណែនាំក្នុងគម្ពីរ និងក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង ហើយធ្វើតាមយោបល់ដែលអ្នកបានរកឃើញ។ អ្នកឯទៀតប្រហែលជាមិនយល់អ្វីដែលអ្នកធ្វើ ហើយគិតថាអ្នកល្ងង់ខ្លៅ។ ពួកគេប្រហែលជានិយាយថា ទ្រព្យសម្បត្តិនិងលុយជាអ្វីដែលល្អបំផុតដើម្បីការពារក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែ សូមនឹកចាំអំពីគំរូរបស់យេហូសាផាត។ គាត់បានទុកចិត្តព្រះយេហូវ៉ា ហើយនេះសឲ្យឃើញតាមរយៈការប្រព្រឹត្តរបស់គាត់។ ព្រះយេហូវ៉ាមិនបានបោះបង់ចោលបុរសដ៏ស្មោះត្រង់នេះទេ ហើយព្រះយេហូវ៉ាក៏នឹងមិនបោះបង់ចោលអ្នកដែរ។ (ចសព. ៣៧:២៨; ហេ. ១៣:៥) តើប្ដីប្រពន្ធអាចធ្វើអ្វីទៀតដើម្បីមានជីវិតអាពាហ៍ពិពាហ៍ដ៏សប្បាយ?
ដូចអេសាយនិងប្រពន្ធរបស់គាត់ ចូរចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិត
៩. តើយើងអាចនិយាយយ៉ាងណាអំពីអេសាយដែលជាអ្នកប្រកាសទំនាយនិងប្រពន្ធរបស់គាត់?
៩ អេសាយនិងប្រពន្ធរបស់គាត់បានចាត់ទុកការបម្រើព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគាត់។ អេសាយជាអ្នកប្រកាសទំនាយ ហើយប្រពន្ធរបស់គាត់ក៏ប្រហែលជាទទួលភារកិច្ចឲ្យប្រកាសទំនាយដែរ ដោយសារគម្ពីរបានហៅគាត់ថា«អ្នកប្រកាសទំនាយ»។ (អេ. ៨:១-៤) ជាគូប្ដីប្រពន្ធ អេសាយនិងប្រពន្ធគាត់ចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគាត់។ ពួកគាត់ទុកគំរូដ៏ល្អប្រសើរសម្រាប់ប្ដីប្រពន្ធនៅសព្វថ្ងៃនេះ!
១០. តើការសិក្សាទំនាយក្នុងគម្ពីរអាចជួយប្ដីប្រពន្ធតាំងចិត្តបម្រើព្រះយេហូវ៉ាឲ្យបានច្រើនបំផុតយ៉ាងដូចម្ដេច?
១០ ប្ដីប្រពន្ធនៅសព្វថ្ងៃនេះអាចធ្វើតាមគំរូរបស់អេសាយនិងប្រពន្ធរបស់គាត់ ដោយចាត់ទុកការបម្រើព្រះយេហូវ៉ាជាអ្វីសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ពួកគេអាចពង្រឹងទំនុកចិត្តទៅលើព្រះយេហូវ៉ា ដោយសិក្សាទំនាយក្នុងគម្ពីរជាមួយគ្នា និងរបៀបដែលទំនាយនោះតែងតែក្លាយជាការពិត។c (ទីត. ១:២) ពួកគេអាចគិតអំពីរបៀបដែលពួកគេអាចរួមចំណែកក្នុងការធ្វើឲ្យទំនាយគម្ពីរខ្លះក្លាយទៅជាការពិត។ ជាឧទាហរណ៍ ពួកគេអាចមានចំណែកក្នុងការធ្វើឲ្យទំនាយរបស់លោកយេស៊ូសម្រេច ស្ដីអំពីកិច្ចការផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោកដែលនឹងត្រូវធ្វើឡើងមុនទីបញ្ចប់មកដល់។ (ម៉ាថ. ២៤:១៤) កាលណាគូប្ដីប្រពន្ធកាន់តែជឿជាក់ថាទំនាយក្នុងគម្ពីរកំពុងក្លាយជាការពិត ពួកគេនឹងតាំងចិត្តកាន់តែខ្លាំងដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានច្រើនបំផុត។
ដូចព្រីស៊ីលនិងអាគីឡា ចូរចាត់ទុករាជាណាចក្ររបស់ព្រះជាអ្វីដ៏សំខាន់បំផុត
១១. តើព្រីស៊ីលនិងអាគីឡាបានធ្វើអ្វី ហើយហេតុអ្វី?
១១ គូប្ដីប្រពន្ធវ័យក្មេងអាចរៀនពីព្រីស៊ីលនិងអាគីឡាដែលជាប្ដីប្រពន្ធជនជាតិយូដា ដែលរស់នៅក្រុងរ៉ូម។ ក្រោយពីព្រីស៊ីលនិងអាគីឡាឮដំណឹងល្អអំពីលោកយេស៊ូ ពួកគាត់បានទៅជាគ្រិស្តសាសនិក។ ពួកគាត់ច្បាស់ជាស្កប់ចិត្តនឹងជីវិតរបស់ពួកគាត់។ ប៉ុន្តែជីវិតរបស់ពួកគាត់ស្រាប់តែបានផ្លាស់ប្ដូរ ពេលអធិរាជរ៉ូមឈ្មោះក្លូឌាសបានបង្គាប់ជនជាតិយូដាទាំងអស់ឲ្យចាកចេញពីក្រុងរ៉ូម។ សូមគិតទៅមើល តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអាគីឡានិងព្រីស៊ីល? ពួកគាត់ត្រូវចាកចេញពីតំបន់ដែលពួកគាត់ធ្លាប់រស់នៅ ស្វែងរកផ្ទះថ្មី ហើយចាប់ផ្ដើមមុខរបរជាអ្នកធ្វើត្រសាលនៅតំបន់ថ្មី។ តើស្ថានភាពថ្មីដ៏ពិបាកទាំងនេះបានបញ្ឈប់ពួកគាត់ពីការបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាពឬទេ? អ្នកទំនងជាស្គាល់ចម្លើយចំពោះសំណួរនេះ។ នៅក្រុងកូរិនថូសដែលជាកន្លែងថ្មី អាគីឡានិងព្រីស៊ីលបានចាប់ផ្ដើមជួយបងប្អូនក្នុងក្រុមជំនុំ ហើយរួមកិច្ចការជាមួយសាវ័កប៉ូលដើម្បីពង្រឹងកម្លាំងចិត្តរបស់បងប្អូននៅទីនោះ។ ក្រោយមក ពួកគាត់បានរើទៅក្រុងផ្សេងដែលមានសេចក្ដីត្រូវការច្រើនជាង។ (សកម្ម. ១៨:១៨-២១; រ៉ូម ១៦:៣-៥) ជីវិតរបស់ពួកគាត់ជាប់រវល់ ហើយមានសុភមង្គល!
១២. ហេតុអ្វីប្ដីប្រពន្ធគួរកំណត់គោលដៅក្នុងកិច្ចបម្រើព្រះ?
១២ ប្ដីប្រពន្ធនៅសព្វថ្ងៃនេះអាចយកតម្រាប់ព្រីស៊ីលនិងអាគីឡា ដោយចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុត។ ពេលដ៏ល្អបំផុតដើម្បីនិយាយគ្នាអំពីគោលដៅក្នុងកិច្ចបម្រើព្រះ គឺក្នុងអំឡុងពេលស្វែងយល់ចិត្តគ្នា។ ពេលធ្វើការសម្រេចចិត្តជាមួយគ្នានិងកំណត់គោលដៅផ្សេងៗក្នុងកិច្ចបម្រើព្រះ នោះពួកគេមានឱកាសកាន់តែច្រើនដើម្បីឃើញអំពីរបៀបដែលព្រះយេហូវ៉ាជួយពួកគេ។ (អទ. ៤:៩, ១២) សូមគិតអំពីបទពិសោធន៍របស់បងប្រុសរ៉ាសិលនិងបងស្រីអេលីសាបិត។ បងរ៉ាសិលនិយាយថា៖ «ក្នុងអំឡុងពេលយើងស្វែងយល់ចិត្តគ្នា យើងបាននិយាយគ្នាអំពីគោលដៅក្នុងកិច្ចបម្រើព្រះ»។ បងអេលីសាបិតនិយាយថា៖ «យើងបាននិយាយគ្នាអំពីរឿងទាំងនេះដើម្បីស្រួលធ្វើការសម្រេចចិត្តនៅពេលក្រោយមក ដោយមិនឲ្យអ្វីណាក៏ដោយរារាំងយើងពីការសម្រេចគោលដៅដែលយើងបានកំណត់ទុកនោះ»។ ជាលទ្ធផល បងរ៉ាសិលនិងបងអេលីសាបិតបានរើទៅប្រជុំកោះមីក្រូណេស៊ីជាកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។
១៣. យោងទៅតាមចម្រៀងសរសើរព្រះ ២៨:៧ ពេលយើងទុកចិត្តព្រះយេហូវ៉ា តើយើងនឹងទទួលលទ្ធផលអ្វី?
១៣ ដូចបងរ៉ាសិលនិងបងអេលីសាបិត ប្ដីប្រពន្ធជាច្រើនបានសម្រេចចិត្តរក្សាជីវិតសាមញ្ញដើម្បីពួកគេអាចចំណាយពេលច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀន។ ពេលប្ដីប្រពន្ធកំណត់គោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយខំអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅទាំងនោះជាមួយគ្នា ពួកគេទទួលលទ្ធផលល្អ។ ពួកគេនឹងឃើញអំពីរបៀបដែលព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះពួកគេ ទំនុកចិត្តរបស់ពួកគេទៅលើលោកនឹងកាន់តែកើនឡើង ហើយពួកគេនឹងមានសុភមង្គលពិតប្រាកដ។—សូមអាន ចម្រៀងសរសើរព្រះ ២៨:៧
ដូចសាវ័កពេត្រុសនិងប្រពន្ធរបស់គាត់ ចូរទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
១៤. តើសាវ័កពេត្រុសនិងប្រពន្ធរបស់គាត់បានបង្ហាញយ៉ាងណាថាពួកគាត់បានទុកចិត្តទៅលើសេចក្ដីសន្យានៅម៉ាថាយ ៦:២៥, ៣១-៣៤?
១៤ ប្ដីប្រពន្ធក៏អាចរៀនពីគំរូរបស់សាវ័កពេត្រុសនិងប្រពន្ធរបស់គាត់ផងដែរ។ រវាង៦ខែទៅមួយឆ្នាំក្រោយពីពេត្រុសបានជួបលោកយេស៊ូ ពេត្រុសត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ គាត់មានមុខរបរជាអ្នកនេសាទត្រីដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ពេលលោកយេស៊ូបានអញ្ជើញគាត់ឲ្យមកតាមលោកយ៉ាងជាប់ ពេត្រុសច្បាស់ជាបានគិតអំពីប្រពន្ធរបស់គាត់។ (លូក. ៥:១-១១) ពេត្រុសបានសម្រេចចិត្តចូលរួមក្នុងកិច្ចការផ្សព្វផ្សាយជាមួយលោកយេស៊ូ។ ពេត្រុសបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃមែន! យើងជឿជាក់ថាប្រពន្ធរបស់គាត់ច្បាស់ជាគាំទ្រការសម្រេចចិត្តរបស់ពេត្រុស។ គម្ពីរចែងថាក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ប្រពន្ធរបស់ពេត្រុសក៏បានរួមដំណើរជាមួយគាត់នៅពេលខ្លះផងដែរ។ (១កូ. ៩:៥) ប្រពន្ធរបស់ពេត្រុសទំនងជាប្រពន្ធគ្រិស្តសាសនិកដ៏ល្អម្នាក់ ហេតុនេះពេត្រុសអាចមានសេរីភាពក្នុងការជូនឱវាទដល់ប្ដីប្រពន្ធដែលជាគ្រិស្តសាសនិក។ (១ពេ. ៣:១-៧) ពេត្រុសនិងប្រពន្ធរបស់គាត់ពិតជាបានទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថា លោកនឹងផ្គត់ផ្គង់អ្វីដែលពួកគាត់ត្រូវការបើពួកគាត់ស្វែងរករាជាណាចក្ររបស់លោកជាមុនសិន។—សូមអាន ម៉ាថាយ ៦:២៥, ៣១-៣៤
១៥. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងធីអាហ្គោនិងបងអេសធើរ?
១៥ បើអ្នកបានរៀបការអស់ជាច្រើនឆ្នាំ តើតាមរបៀបណាអ្នកនៅតែអាចចង់បង្កើនកិច្ចបម្រើចំពោះព្រះយេហូវ៉ា? របៀបមួយគឺដោយរៀនពីបទពិសោធន៍របស់ប្ដីប្រពន្ធផ្សេងៗ។ ជាឧទាហរណ៍ អ្នកអាចអានអត្ថបទតភាគដែលមានចំណងជើងថា «ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត»។ បងប្រុសធីអាហ្គោនិងប្រពន្ធរបស់គាត់អេសធើរពីប្រទេសប្រេស៊ីល បានអានអត្ថបទផ្សេងៗទាំងនោះ ហើយនេះបានជួយពួកគាត់ឲ្យមានចិត្តចង់បម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ បងធីអាហ្គោពន្យល់ថា៖ «ពេលយើងបានអានបទពិសោធន៍ទាំងនោះ យើងឃើញអំពីរបៀបដែលព្រះយេហូវ៉ាជួយអ្នកបម្រើរបស់លោកនៅសព្វថ្ងៃនេះ ហើយយើងក៏ចង់ធ្វើតាមការណែនាំពីព្រះយេហូវ៉ានិងពិសោធជំនួយពីលោកដូចពួកគេដែរ»។ ក្រោយមក ពួកគាត់បានរើទៅប្រទេសប៉ារ៉ាហ្គាយ ហើយបានបម្រើនៅតំបន់ភាសាព័រទុយហ្គាល់នៅប្រទេសនោះចាប់ពីឆ្នាំ២០១៤។ បងអេសធើរនិយាយថា៖ «បទគម្ពីរមួយដែលយើងពីរនាក់ចូលចិត្តយ៉ាងខ្លាំងគឺអេភេសូរ ៣:២០។ យើងបានឃើញពាក្យនោះក្លាយទៅជាការពិតអស់ជាច្រើនដងក្នុងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា»។ ក្នុងសំបុត្រដែលប៉ូលសរសេរទៅកាន់ក្រុមជំនុំនាក្រុងអេភេសូរ គាត់បានសន្យាថាព្រះយេហូវ៉ានឹងឲ្យលើសពីអ្វីដែលយើងសុំពីលោក។ សេចក្ដីសន្យានេះគឺពិតមែន!
១៦. តើគូប្ដីប្រពន្ធវ័យក្មេងអាចសុំយោបល់ពីអ្នកណា ពេលពួកគេកំពុងគិតអំពីគោលដៅផ្សេងៗក្នុងជីវិត?
១៦ ប្ដីប្រពន្ធវ័យក្មេងនៅសព្វថ្ងៃនេះអាចទទួលប្រយោជន៍ពីបទពិសោធន៍របស់ប្ដីប្រពន្ធឯទៀតដែលបានរៀនឲ្យពឹងផ្អែកលើព្រះយេហូវ៉ា។ គូប្ដីប្រពន្ធខ្លះបានចំណាយពេលអស់ជាច្រើនឆ្នាំក្នុងកិច្ចបម្រើពេញពេល។ ចូរសុំយោបល់ពីពួកគេ បើអ្នកកំពុងគិតពិចារណាអំពីគោលដៅផ្សេងៗ។ ការធ្វើដូច្នេះគឺជារបៀបមួយទៀតដើម្បីបង្ហាញថាអ្នកទុកចិត្តព្រះយេហូវ៉ា។ (សុភ. ២២:១៧, ១៩) អ្នកចាស់ទុំក៏អាចជួយគូប្ដីប្រពន្ធឲ្យកំណត់និងសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ។
១៧. តើអ្វីបានកើតឡើងចំពោះបងខ្លោសនិងបងម៉ារីសា ហើយតើយើងរៀនអ្វីពីបទពិសោធន៍របស់ពួកគាត់?
១៧ ជួនកាល ការសម្រេចចិត្តរបស់យើងចំពោះការបង្កើនកិច្ចបម្រើមិនចេញលទ្ធផលដូចដែលចិត្តយើងរំពឹងទុកទេ។ សូមគិតអំពីបងខ្លោសនិងបងម៉ារីសាដែលបានត្រូវរៀបរាប់នៅដើមអត្ថបទ។ ក្រោយពីពួកគាត់រៀបការបានបីឆ្នាំ ពួកគាត់បានរើផ្ទះ ហើយស្ម័គ្រចិត្តជួយខាងកិច្ចការសាងសង់ការិយាល័យសាខាហ្វាំងឡង់។ ប៉ុន្តែ ពួកគាត់បានឮថាពួកគាត់អាចបម្រើនៅទីនោះតែរយៈពេល៦ខែទេ។ ដំបូងឡើយ ពួកគាត់ខកចិត្ត។ ប៉ុន្តែមួយរយៈពេលក្រោយមក ពួកគាត់បានត្រូវអញ្ជើញឲ្យចូលរួមវគ្គសិក្សាភាសាអារ៉ាប់។ ឥឡូវពួកគាត់សប្បាយចិត្តបម្រើនៅក្រៅប្រទេសនាតំបន់ដែលគេនិយាយភាសាអារ៉ាប់។ បងម៉ារីសា សារភាពថា៖ «ការរើចេញពីផ្ទះដែលស្រណុកស្រួលលនិងការទុកចិត្តព្រះយេហូវ៉ាទាំងស្រុងគឺគួរឲ្យភ័យ។ ប៉ុន្តែ ខ្ញុំឃើញថាព្រះយេហូវ៉ាតែងតែផ្ដល់អ្វីដែលយើងត្រូវការតាមរបៀបដែលយើងមិនបានរំពឹងទុក ហើយនេះធ្វើឲ្យខ្ញុំទុកចិត្តលោកកាន់តែខ្លាំងឡើង»។ តាមរយៈបទពិសោធន៍នេះអ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងតែងតែឲ្យពរអ្នក បើអ្នកទុកចិត្តលោកទាំងស្រុង។
១៨. តើគូប្ដីប្រពន្ធអាចធ្វើអ្វីដើម្បីបន្តទុកចិត្តព្រះយេហូវ៉ា?
១៨ អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះយេហូវ៉ា។ (ម៉ាថ. ១៩:៥, ៦) លោកចង់ឲ្យគូប្ដីប្រពន្ធអរសប្បាយនឹងអំណោយនេះ។ (សុភ. ៥:១៨) ប្ដីប្រពន្ធវ័យក្មេង សូមពិនិត្យពិចារណាអំពីជីវិតរបស់អ្នក។ តើអ្នកកំពុងខំអស់ពីសមត្ថភាពដើម្បីឲ្យព្រះយេហូវ៉ាឃើញថាអ្នកទាំងពីរឲ្យតម្លៃចំពោះអំណោយពីលោកឬទេ? សូមអធិដ្ឋានទៅព្រះយេហូវ៉ា ហើយសូមស្វែងរកគោលការណ៍ផ្សេងៗពីបណ្ដាំរបស់លោកដែលជាប់ទាក់ទងនឹងស្ថានភាពរបស់អ្នក។ ក្រោយមក សូមធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ បើអ្នកទាំងពីរចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិត អ្នកអាចជឿជាក់ថាអ្នកនឹងមានជីវិតសប្បាយនិងដែលមានន័យខ្លឹមសារ!
ចម្រៀងលេខ១៣២ យើងជាសាច់ឈាមតែមួយ
a ការសម្រេចចិត្តខ្លះរបស់យើងអាចមានឥទ្ធិពលទៅលើពេលវេលានិងកម្លាំងរបស់យើងចំពោះការបម្រើព្រះយេហូវ៉ា។ ជាពិសេសចំពោះប្ដីប្រពន្ធថ្មី ការសម្រេចចិត្តដែលពួកគេត្រូវធ្វើ អាចមានឥទ្ធិពលយូរអង្វែងទៅលើជីវិតរបស់ពួកគេ។ អត្ថបទនេះនឹងជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនឹងនាំឲ្យពួកគេមានសុភមង្គល និងមានជីវិតដែលមានន័យខ្លឹមសារ។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
c ជាឧទាហរណ៍ សូមពិចារណាមេរៀននៅក្នុងសៀវភៅការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ! ជំពូកទី៦ ៧ និង១៩។