ក៥
នាមរបស់ព្រះក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
បណ្ឌិតគម្ពីរទទួលស្គាល់ថា នាមរបស់ព្រះដែលតំណាងដោយអក្សរបួនតួហៅថាតេត្រាក្រាម (יהוה) មានជិត៧.០០០ដងក្នុងឯកសារដើមនៃបទគម្ពីរភាសាហេប្រឺ។ ក៏ប៉ុន្តែ ពួកគេជាច្រើននាក់គិតថា នាមរបស់ព្រះមិនមានក្នុងឯកសារដើមនៃបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចទេ។ ហេតុនេះហើយបានជាគម្ពីរភាគច្រើនដែលបានត្រូវបកប្រែនៅសម័យនេះ មិនដាក់បញ្ចូលនាមយេហូវ៉ាក្នុងផ្នែកដែលគេហៅថាសញ្ញាថ្មីឡើយ។ សូម្បីតែពេលដែលពួកគេបកប្រែខគម្ពីរ ដែលដកស្រង់ពីបទគម្ពីរភាសាហេប្រឺដែលមានតេត្រាក្រាម ក៏អ្នកបកប្រែភាគច្រើនមិនប្រើនាមរបស់ព្រះដែរ តែដាក់«ព្រះជាម្ចាស់»ជំនួសវិញ។
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីជាភាសាអង់គ្លេស ដែលជាមូលដ្ឋានសម្រាប់សេចក្ដីបកប្រែជាភាសាខ្មែរ មិនធ្វើតាមទម្លាប់នេះទេ។ សេចក្ដីបកប្រែនោះមាននាមព្រះយេហូវ៉ាសរុបចំនួន២៣៧ដង ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ពេលដែលសម្រេចចិត្តដាក់បញ្ចូលនាមរបស់ព្រះឡើងវិញ អ្នកបកប្រែបានពិចារណាអំពីកត្ដាសំខាន់ពីរគឺ (១) ឯកសារភាសាក្រិចដែលយើងមានសព្វថ្ងៃនេះ មិនមែនជាឯកសារដើមទេ។ ក្នុងចំណោមឯកសារចម្លងរាប់ពាន់ច្បាប់ដែលមាននៅសព្វថ្ងៃនេះ ភាគច្រើនបានត្រូវចម្លង យ៉ាងហោចណាស់២០០ឆ្នាំក្រោយពីឯកសារដើមបានត្រូវសរសេរ។ (២) នៅពេលនោះ អ្នកចម្លងឯកសារបានផ្លាស់ប្ដូរតេត្រាក្រាមទៅជាឃីរីអុស ជាភាសាក្រិចដែលមានន័យថា«ព្រះជាម្ចាស់» ឬក៏អ្នកចម្លងឯកសារបានចម្លងពីឯកសារដែលបានផ្លាស់ប្ដូរដោយដាក់ពាក្យឃីរីអុសរួចហើយ។
គណៈកម្មាធិការគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីបានយល់ឃើញថា មានភ័ស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថា ពិតជាមានតេត្រាក្រាមក្នុងឯកសារដើមជាភាសាក្រិចមែន។ ការសម្រេចចិត្តរបស់ពួកគាត់មានមូលដ្ឋានលើភ័ស្តុតាងដែលមានដូចតទៅនេះ៖
ឯកសារចម្លងជាបទគម្ពីរភាសាហេប្រឺដែលមនុស្សធ្លាប់ប្រើនៅសម័យលោកយេស៊ូនិងពួកសាវ័ក មានតេត្រាក្រាមពីដើមដល់ចប់។ ពីមុន មានមនុស្សមួយចំនួនបានប្រកែកមិនទទួលស្គាល់ចំណុចនោះ តែដោយសារគេបានរកឃើញឯកសារចម្លងនៃបទគម្ពីរភាសាហេប្រឺពីសតវត្សរ៍ទី១ជិតតំបន់ខាំរ៉ាន នោះជាភ័ស្តុតាងកាន់តែច្បាស់ថា តេត្រាក្រាមពិតជាមានក្នុងឯកសារបទគម្ពីរភាសាហេប្រឺមែន។
នៅសម័យលោកយេស៊ូនិងពួកសាវ័ក តេត្រាក្រាមក៏មានក្នុងសេចក្ដីបកប្រែភាសាក្រិចពីបទគម្ពីរភាសាហេប្រឺដែរ។ អស់រាប់រយឆ្នាំ ពួកបណ្ឌិតធ្លាប់គិតថាគ្មានតេត្រាក្រាមក្នុងសេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច ដែលបកប្រែពីបទគម្ពីរភាសាហេប្រឺទេ។ រួចមក នៅពាក់កណ្ដាលសតវត្សរ៍ទី២០ ពួកបណ្ឌិតបានចាប់អារម្មណ៍ពិនិត្យមើលបំណែកឯកសារបុរាណខ្លះនៃសេបធួជីនជាភាសាក្រិចដែលមាននៅសម័យលោកយេស៊ូ។ បំណែកឯកសារទាំងនោះមាននាមរបស់ព្រះជាអក្សរហេប្រឺ។ ដូច្នេះ នៅសម័យលោកយេស៊ូ ឯកសារចម្លងនៃបទគម្ពីរភាសាក្រិចមាននាមរបស់ព្រះមែន។ ក៏ប៉ុន្តែ នៅសតវត្សរ៍ទី៤ គ.ស. ឯកសារសំខាន់នៃសេបធួជីនជាភាសាក្រិចដូចជាឯកសារខូឌីក វ៉ានធីខេន (Codex Vaticanus) និងខូឌីក ស៊ីណាយធីកឹស (Codex Sinaiticus) គ្មាននាមរបស់ព្រះទាល់តែសោះក្នុងសៀវភៅដើមកំណើតដល់ម៉ាឡាគី (ប៉ុន្តែ ឯកសារដែលចាស់ជាងឯកសារខូឌីកទាំងនោះមាននាមរបស់ព្រះ)។ ដូច្នេះ គឺមិនចម្លែកទេថា ឯកសារពីសម័យនោះដែលនៅមានរហូតដល់សព្វថ្ងៃនេះ មិនមាននាមរបស់ព្រះក្នុងគម្ពីរដែលគេហៅថាសញ្ញាថ្មីឬបទគម្ពីរភាសាក្រិច។
លោកយេស៊ូបានប្រាប់យ៉ាងចំៗថា៖ «ខ្ញុំបានមកក្នុងនាមបិតារបស់ខ្ញុំ»។ លោកក៏បានបញ្ជាក់ដែរថាលោកធ្វើកិច្ចការទាំងប៉ុន្មានគឺក្នុង«នាមបិតា»របស់លោក
បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចបានរៀបរាប់ថា លោកយេស៊ូច្រើនតែមានប្រសាសន៍អំពីនាមរបស់ព្រះ ហើយបង្ហាញអ្នកឯទៀតឲ្យស្គាល់នាមរបស់ព្រះ។ (យ៉ូហាន ១៧:៦, ១១, ១២, ២៦) លោកយេស៊ូបានប្រាប់យ៉ាងចំៗថា៖ «ខ្ញុំបានមកក្នុងនាមបិតារបស់ខ្ញុំ»។ លោកក៏បានបញ្ជាក់ដែរថា លោកធ្វើកិច្ចការទាំងប៉ុន្មានគឺក្នុង«នាមបិតា»របស់លោក។—យ៉ូហាន ៥:៤៣; ១០:២៥
ដោយសារបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ដូចបទគម្ពីរភាសាហេប្រឺដែរ នោះគឺមិនសមហេតុសមផលទេ ដែលនាមរបស់ព្រះស្រាប់តែបាត់ពីបទគម្ពីរភាសាក្រិច។ ប្រហែលជាពាក់កណ្ដាលសតវត្សរ៍ទី១ គ.ស. យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានប្រាប់ពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមថា៖ «ស៊ីម្មានបានរៀបរាប់យ៉ាងល្អិតល្អន់អំពីរបៀបដែលព្រះបានបង្ហាញចំណាប់អារម្មណ៍ជាលើកដំបូងទៅលើប្រជាជាតិនានា ដើម្បីជ្រើសរើសរាស្ដ្រមួយជាតំណាងនាមរបស់លោក»។ (សកម្មភាព ១៥:១៤) បើគ្មានអ្នកណាបានដឹងឬប្រើនាមរបស់ព្រះនៅសតវត្សរ៍ទី១ទេ នោះអ្វីដែលយ៉ាកុបនិយាយគឺមិនសមហេតុសមផលឡើយ។
នាមរបស់ព្រះបានត្រូវសរសេរកាត់ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ នៅការបើកបង្ហាញ ១៩:១, ៣, ៤, ៦ នាមរបស់ព្រះមានក្នុងពាក្យ«ហាឡេលូយ៉ា»។ នាមនោះមកពីពាក្យភាសាហេប្រឺដែលមានន័យថា«ចូរសរសើរយ៉ា»។ ពាក្យ«យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច មានឈ្មោះជាច្រើនដែលមកពីនាមរបស់ព្រះ។ តាមការពិត ឯកសារយោងផ្សេងៗពន្យល់ថា នាមលោកយេស៊ូមានន័យថា«ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»។
ឯកសារផ្សេងៗរបស់ជនជាតិយូដាពីសម័យមុនបញ្ជាក់ថា គ្រិស្តសាសនិកជនជាតិយូដាបានប្រើនាមរបស់ព្រះក្នុងសំណេររបស់ពួកគេ។ កម្រងច្បាប់មួយដែលបានត្រូវចងក្រងរួចរាល់ប្រហែលនៅឆ្នាំ៣០០ គ.ស. បានចែងអំពីសំណេររបស់គ្រិស្តសាសនិកដែលបានត្រូវដុតនៅថ្ងៃឈប់សម្រាកថា៖ «សៀវភៅរបស់ពួកអ្នកផ្សព្វផ្សាយដំណឹងល្អនិងសៀវភៅរបស់ពួកមិនិម[ដែលគេគិតថាជាគ្រិស្តសាសនិកជនជាតិយូដា] ក៏បានត្រូវដុតចោលដែរ។ ពេលពួកគេប្រទះឃើញសៀវភៅនៅកន្លែងណា ពួកគេដុតនៅកន្លែងនោះ គឺដុតឲ្យឆេះទាំងនាមរបស់ព្រះដែលមានក្នុងសៀវភៅទាំងនោះផង» (The Tosefta)។ ឯកសារយោងដដែលនេះ បានដកស្រង់សម្ដីរបស់រ៉ាប៊ីម្នាក់ហៅថាយ៉ូសេពីស្រុកកាលីឡេ ដែលរស់នៅដើមសតវត្សរ៍ទី២ គ.ស.។ រ៉ាប៊ីនោះប្រាប់ថា នៅថ្ងៃផ្សេងទៀតក្រៅពីថ្ងៃឈប់សម្រាក«មានម្នាក់កាត់នាមរបស់ព្រះចេញពីសៀវភៅទាំងនោះ[សំដៅលើសំណេររបស់គ្រិស្តសាសនិក] ហើយយកទៅទុក តែអ្វីដែលនៅសល់ គាត់ដុតចោល»។
បណ្ឌិតខាងគម្ពីរខ្លះទទួលស្គាល់ថា នាមរបស់ព្រះទំនងជាមានក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច នៅបទគម្ពីរដែលបានត្រូវដកស្រង់ពីបទគម្ពីរភាសាហេប្រឺ។ ក្នុងវចនានុក្រមគម្ពីរមួយ មានចំណងជើងធំ«តេត្រាក្រាមក្នុងសញ្ញាថ្មី» ហើយនៅក្រោមចំណងជើងធំនោះបានពន្យល់ថា៖ «មានភ័ស្តុតាងខ្លះដែលបញ្ជាក់ថា តេត្រាក្រាមយ៉ាវេដែលជាតំណាងនាមរបស់ព្រះ មានក្នុងបទគម្ពីរខ្លះ ឬបទគម្ពីរទាំងអស់ដែលបានត្រូវដកស្រង់ពីសញ្ញាចាស់មកដាក់ក្នុងសញ្ញាថ្មី ពេលសញ្ញាថ្មីបានត្រូវសរសេរជាលើកដំបូង» (The Anchor Bible Dictionary)។ បណ្ឌិតចច ហាវឺដ ប្រាប់ថា៖ «ដោយសារគ្រិស្តសាសនិកសម័យដើមធ្លាប់ប្រើឯកសារចម្លងនៃបទគម្ពីរភាសាក្រិច[សេបធួជីន] ដែលនៅតែមានតេត្រាក្រាម នោះគឺសមហេតុសមផលដែលយើងជឿជាក់ថា អ្នកសរសេរគម្ពីរសញ្ញាថ្មីបានទុកតេត្រាក្រាម ពេលដកស្រង់ពីបទគម្ពីរភាសាហេប្រឺ»។
អ្នកបកប្រែគម្ពីរដែលល្បីល្បាញបានប្រើនាមរបស់ព្រះក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ពួកគេខ្លះបានធ្វើដូច្នេះ យូរឆ្នាំមុនសេចក្ដីបកប្រែពិភពលោកថ្មីបានបោះពុម្ព។ សៀវភៅរបស់អ្នកបកប្រែទាំងនោះរួមមាន៖ A Literal Translation of the New Testament . . . From the Text of the Vatican Manuscript របស់ Herman Heinfetter (1863); The Emphatic Diaglott របស់ Benjamin Wilson (1864); The Epistles of Paul in Modern English របស់ George Barker Stevens (1898); St. Paul’s Epistle to the Romans របស់ W. G. Rutherford (1900); The New Testament Letters របស់ J.W.C. Wand និង Bishop of London (1946)។ បន្ថែមទៅទៀត ក្នុងសេចក្ដីបកប្រែជាភាសាអេស្ប៉ាញនៅដើមសតវត្សរ៍ទី២០ អ្នកបកប្រែម្នាក់ឈ្មោះប៉ាប្លូ បេសុន បានប្រើនាម«យេហូវ៉ា»ក្នុងសៀវភៅលូកា ២:១៥ និងយូដាស ខ១៤។ ក្នុងកំណត់សម្គាល់នៃសេចក្ដីបកប្រែនោះគាត់បានបញ្ជាក់ជាង១០០ដងថានាមរបស់ព្រះទំនងជាមាននៅក្នុងខគម្ពីរ។ យូរឆ្នាំមុនមានសេចក្ដីបកប្រែទាំងនោះ សេចក្ដីបកប្រែភាសាហេប្រឺពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច បានប្រើតេត្រាក្រាមក្នុងខគម្ពីរជាច្រើនតាំងពីសតវត្សរ៍ទី១៦មកម្ល៉េះ។ ជាឧទាហរណ៍ គ្រាន់តែភាសាអាល្លឺម៉ង់ប៉ុណ្ណោះ យ៉ាងហោចណាស់មាន១១សេចក្ដីបកប្រែដែលប្រើនាម«យេហូវ៉ា» (ឬបកតាមពាក្យភាសាហេប្រឺថា«យ៉ាវេ») ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ មានអ្នកបកប្រែបួននាក់ទៀតដែលបានថែមនាមនោះក្នុងវង់ក្រចកក្រោយពាក្យ«ព្រះជាម្ចាស់»។ មានសេចក្ដីបកប្រែជាង៧០ជាភាសាអាល្លឺម៉ង់ ដែលប្រើនាមរបស់ព្រះក្នុងកំណត់សម្គាល់ឬសេចក្ដីពន្យល់បន្ថែម។
សេចក្ដីបកប្រែគម្ពីរជាង១០០ភាសាមាននាមរបស់ព្រះក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ភាសាជាច្រើននៅទ្វីបអាហ្វ្រិក អាស៊ី អឺរ៉ុប នៅកោះមហាសមុទ្រប៉ាស៊ីហ្វិក និងភាសារបស់ជនជាតិដើមអាម៉េរិកប្រើនាមរបស់ព្រះដោយសេរី (សូមមើលតារាងនៅទំព័រ២៧០២និង២៧០៣)។ អ្នកបកប្រែគម្ពីរទាំងនោះបានសម្រេចចិត្តប្រើនាមរបស់ព្រះ ដោយមានមូលហេតុស្រដៀងនឹងអ្វីដែលបានរៀបរាប់នៅខាងលើ។ សេចក្ដីបកប្រែខ្លះពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច បានត្រូវបោះពុម្ពមិនយូរមុននេះដូចជា គម្ពីរភាសារ៉ូទូម៉ាន (ឆ្នាំ១៩៩៩) បានប្រើនាម«ជីហូវ៉ា»៥១ដងក្នុង៤៨ខ ហើយគម្ពីរភាសាបាតាក់ (ទូបារ) របស់ឥណ្ឌូណេស៊ី (ឆ្នាំ១៩៨៩) បានប្រើនាម«ចាហូវ៉ា»១១០ដង។
អាស្រ័យហេតុនេះ គឺមានមូលដ្ឋានច្បាស់លាស់ក្នុងការដាក់បញ្ចូលនាមយេហូវ៉ាឡើងវិញ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ នោះជាអ្វីដែលអ្នកបកប្រែគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីបានធ្វើ។ ពួកគេកោតខ្លាចព្រះ ហើយគោរពនាមរបស់លោកយ៉ាងជ្រាលជ្រៅ។ ដូច្នេះ ពួកគេមិនហ៊ានដកចេញនូវអ្វីដែលធ្លាប់មានក្នុងឯកសារដើមនោះទេ។—ការបើកបង្ហាញ ២២:១៨, ១៩