កំណត់នៅចុងសៀវភៅ
១ ព្រះយេហូវ៉ា
នាមរបស់ព្រះគឺយេហូវ៉ា ហើយមានន័យថា«លោកធ្វើឲ្យកើតមក»ឬ«លោកធ្វើឲ្យក្លាយជា»។ ព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយលោកបានបង្កើតអ្វីៗទាំងអស់។ លោកមានឫទ្ធានុភាពដើម្បីសម្រេចគោលបំណងទាំងអស់របស់លោក។
ក្នុងភាសាហេប្រឺ នាមរបស់ព្រះតំណាងដោយអក្សរបួនតួ ដែលបានត្រូវបកប្រែជាភាសាខ្មែរថា យហវហ ឬចហវហ។ ក្នុងគម្ពីរភាសាហេប្រឺដែលជាភាសាដើម នាមរបស់ព្រះមានជិត៧.០០០ដង។ មនុស្សនៅទូទាំងពិភពលោកហៅនាមព្រះយេហូវ៉ាតាមរបៀបផ្សេងៗអាស្រ័យទៅលើភាសារបស់ពួកគេ។
២ គម្ពីរ«បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»
ព្រះជាអ្នកនិពន្ធគម្ពីរ តែលោកបានប្រើមនុស្សឲ្យសរសេរគម្ពីរ។ ស្រដៀងគ្នានឹងអ្នកជំនួញម្នាក់ប្រាប់លេខាឲ្យសរសេរសំបុត្រមួយតាមគំនិតរបស់គាត់ នោះព្រះបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីដឹកនាំមនុស្សឲ្យកត់ទុកគំនិតរបស់លោក។ សកម្មពលរបស់ព្រះបានដឹកនាំពួកគេតាមរបៀបផ្សេងៗ ជួនកាលបើកបង្ហាញឲ្យពួកគេឃើញក្នុងគំនិត ឬតាមរយៈសុបិន រួចមកឲ្យពួកគេសរសេរទុក។
៣ គោលការណ៍
គឺជាសេចក្ដីបង្រៀនក្នុងគម្ពីរដែលពន្យល់អំពីសេចក្ដីពិតដែលជាមូលដ្ឋាន។ ជាឧទាហរណ៍ គោលការណ៍ដែលថា៖ «ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»បង្រៀនយើងថា មនុស្សដែលយើងសេពគប់អាចមានឥទ្ធិពលល្អឬអាក្រក់មកលើយើង។ (កូរិនថូសទី១ ១៥:៣៣) ម្យ៉ាងទៀត គោលការណ៍ដែលថា៖ «មនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ»បង្រៀនយើងថា យើងនឹងទទួលផលតាមអ្វីដែលយើងបានធ្វើ។—កាឡាទី ៦:៧
៤ ទំនាយ
នេះគឺជាដំណឹងមកពីព្រះ។ ដំណឹងនោះអាចជាសេចក្ដីបង្រៀនខាងសីលធម៌ ជាបង្គាប់ ជាការវិនិច្ឆ័យ ឬជាការពន្យល់អំពីបំណងប្រាថ្នារបស់ព្រះ។ ដំណឹងនោះក៏អាចជាព័ត៌មានអំពីអ្វីដែលនឹងកើតឡើងនៅអនាគតផងដែរ។ ទំនាយជាច្រើនក្នុងគម្ពីរបានកើតឡើងរួចហើយ។
៥ ទំនាយអំពីមេស្ស៊ី
លោកយេស៊ូជាអ្នកដែលបានធ្វើឲ្យទំនាយជាច្រើនក្នុងគម្ពីរអំពីមេស្ស៊ីក្លាយទៅជាការពិត។ សូមមើលប្រអប់«ទំនាយអំពីមេស្ស៊ី»។
▸ ជំ. ២ វ. ១៧, កំ.ស.
៦ គោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់ផែនដី
ព្រះយេហូវ៉ាបានបង្កើតផែនដីដើម្បីឲ្យក្លាយជាសួនឧទ្យានសម្រាប់មនុស្សដែលស្រឡាញ់លោក។ គោលបំណងរបស់ព្រះមិនផ្លាស់ប្ដូរទេ។ មិនយូរទៀត ព្រះនឹងបំបាត់ចោលមនុស្សទុច្ចរិត ហើយឲ្យរាស្ត្ររបស់លោករស់ជារៀងរហូត។
៧ មេកំណាចសាថាន
សាថានជាទេវតាមួយរូបដែលបានផ្ដើមបះបោរប្រឆាំងព្រះ។ វាបានត្រូវហៅថាសាថាន ដែលមានន័យថា«អ្នកប្រឆាំង» ដោយសារវាបានប្រឆាំងព្រះយេហូវ៉ា។ ម្យ៉ាងទៀត វាបានត្រូវហៅថាមេកំណាច ដែលមានន័យថា«អ្នកបង្កាច់បង្ខូច» ដោយសារវានិយាយកុហកអំពីព្រះ ហើយបោកបញ្ឆោតមនុស្ស។
៨ ទេវតា
ព្រះយេហូវ៉ាបានបង្កើតពួកទេវតាជាយូរមុនពេលដែលលោកបង្កើតផែនដី។ ព្រះបានឲ្យពួកគេរស់នៅស្ថានសួគ៌ ហើយនៅទីនោះមានទេវតារាប់រយលានរូប។ (ដានីយ៉ែល ៧:១០) ទេវតាមានឈ្មោះនិងបុគ្គលិកលក្ខណៈខុសៗគ្នា។ ពួកទេវតាដែលមានចិត្តរាបទាបនិងស្មោះត្រង់ទាំងនេះ បដិសេធការគោរពប្រណិប័តន៍ពីមនុស្ស។ ពួកទេវតាមានឋានៈនិងភារកិច្ចផ្សេងៗគ្នា។ ភារកិច្ចទាំងនោះរួមមានកិច្ចបម្រើនៅខាងមុខបល្ល័ង្ករបស់ព្រះ នាំដំណឹងពីព្រះ ការពារនិងណែនាំអ្នកបម្រើរបស់ព្រះនៅផែនដី ព្រមទាំងអនុវត្តការវិនិច្ឆ័យរបស់ព្រះនិងគាំទ្រកិច្ចការផ្សព្វផ្សាយ។ (ទំនុកតម្កើង ៣៤:៧; ការបើកបង្ហាញ ១៤:៦; ២២:៨, ៩) នៅអនាគត ពួកទេវតានឹងចូលរួមជាមួយនឹងលោកយេស៊ូក្នុងសង្គ្រាមហាម៉ាគេដូន។—ការបើកបង្ហាញ ១៦:១៤, ១៦; ១៩:១៤, ១៥
៩ អំពើខុសឆ្គង
គឺជាអារម្មណ៍ ជាគំនិត ឬជាការប្រព្រឹត្តដែលប្រឆាំងព្រះយេហូវ៉ាឬបំណងប្រាថ្នារបស់លោក។ ដោយសារភាពខុសឆ្គងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ ហេតុនេះហើយបានជាលោកឲ្យច្បាប់និងគោលការណ៍ដែលជួយយើងឲ្យជៀសវាងពីការប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា។ នៅដើមដំបូង ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ដោយល្អឥតខ្ចោះ ប៉ុន្តែពេលអាដាមនិងអេវ៉ាបានសម្រេចចិត្តឈប់ស្ដាប់បង្គាប់ព្រះ ពួកគេមានភាពខុសឆ្គង ហើយបាត់បង់ភាពល្អឥតខ្ចោះ។ ដូច្នេះ ពួកគេទៅជាចាស់ហើយស្លាប់។ ដោយសារយើងបានទទួលភាពខុសឆ្គងជាមត៌កពីអាដាម យើងក៏ទៅជាចាស់ហើយស្លាប់ដែរ។
១០ ហាម៉ាគេដូន
នេះគឺជាសង្គ្រាមរបស់ព្រះដើម្បីបំផ្លាញពិភពលោករបស់សាថានព្រមទាំងអំពើទុច្ចរិតទាំងអស់។
១១ រាជាណាចក្ររបស់ព្រះ
រាជាណាចក្រព្រះជារដ្ឋាភិបាលដែលព្រះយេហូវ៉ាបានបង្កើតឡើងនៅស្ថានសួគ៌។ លោកយេស៊ូគ្រិស្តកំពុងគ្រប់គ្រងជាស្តេចក្នុងរាជាណាចក្រនោះ។ នៅអនាគត ព្រះយេហូវ៉ានឹងប្រើរាជាណាចក្រនោះដើម្បីបំផ្លាញចោលអំពើទុច្ចរិតទាំងអស់។ រាជាណាចក្រព្រះនឹងគ្រប់គ្រងមកលើផែនដី។
១២ លោកយេស៊ូគ្រិស្ត
ព្រះបានបង្កើតលោកយេស៊ូមុនអ្វីៗទាំងអស់។ ព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីស្លាប់ជំនួសមនុស្សជាតិ។ ក្រោយពីគេបានសម្លាប់លោកយេស៊ូហើយ ព្រះយេហូវ៉ាបានប្រោសលោកឲ្យរស់ឡើងវិញ។ ឥឡូវលោកយេស៊ូកំពុងគ្រប់គ្រងនៅស្ថានសួគ៌ជាស្តេចនៃរាជាណាចក្ររបស់ព្រះ។
១៣ ទំនាយអំពី៧០អាទិត្យ
ទំនាយក្នុងគម្ពីរប្រាប់អំពីពេលដែលមេស្ស៊ីនឹងលេចមក។ នេះនឹងកើតឡើងនៅចុង៦៩អាទិត្យ ដែលចាប់ផ្ដើមនៅឆ្នាំ៤៥៥ មុនគ.ស. ហើយចប់នៅឆ្នាំ២៩ គ.ស.។
ហេតុអ្វីយើងដឹងថាគ្រានោះបានចប់នៅឆ្នាំ២៩ គ.ស.? ៦៩អាទិត្យបានចាប់ផ្ដើមនៅឆ្នាំ៤៥៥ មុនគ.ស. ពេលនេហេមាមកដល់ក្រុងយេរូសាឡិម ហើយចាប់ផ្ដើមសង់ក្រុងនោះឡើងវិញ។ (ដានីយ៉ែល ៩:២៥; នេហេមា ២:១, ៥-៨) ឧទាហរណ៍ ពេលយើងឮពាក្យ«មួយឡូ» យើងដឹងថាមាន១២។ ដូច្នេះពាក្យ«មួយអាទិត្យ»យើងដឹងថាមាន៧ថ្ងៃ។ ក្នុងទំនាយនេះមួយអាទិត្យមិនមែនជារយៈពេល៧ថ្ងៃទេ តែជារយៈពេល៧ឆ្នាំវិញ ពីព្រោះទំនាយក្នុងគម្ពីរបានរាប់«១ថ្ងៃទុកជា១ឆ្នាំ»។ (ជនគណនា ១៤:៣៤; អេសេគាល ៤:៦) ដោយសារមួយអាទិត្យស្មើនឹង៧ឆ្នាំ ដូច្នេះ៦៩អាទិត្យស្មើនឹង៤៨៣ឆ្នាំ(៦៩×៧=៤៨៣)។ បើយើងរាប់៤៨៣ឆ្នាំចាប់ពីឆ្នាំ៤៥៥ មុនគ.ស. លទ្ធផលគឺមកដល់ឆ្នាំ២៩ គ.ស.។ នេះគឺចំនឹងឆ្នាំដែលលោកយេស៊ូបានទទួលការជ្រមុជទឹក ហើយក្លាយទៅជាមេស្ស៊ី!—លូកា ៣:១, ២, ២១, ២២
ទំនាយដដែលនេះប្រាប់អំពីអាទិត្យមួយទៀត ដែលមានរយៈពេល៧ឆ្នាំថែមទៀត។ ក្នុងរយៈពេលនោះ នៅឆ្នាំ៣៣ គ.ស. មេស្ស៊ីបានត្រូវគេសម្លាប់។ ចាប់ពីឆ្នាំ៣៦ គ.ស. ដំណឹងល្អអំពីរាជាណាចក្រព្រះបានត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិ មិនគ្រាន់តែជនជាតិយូដាប៉ុណ្ណោះទេ។—ដានីយ៉ែល ៩:២៤-២៧
១៤ សេចក្ដីបង្រៀនមិនពិតនៃព្រះបីរួមគ្នាជាព្រះតែមួយ
គម្ពីរបង្រៀនថាព្រះយេហូវ៉ាជាអ្នកបង្កើត ហើយថាលោកបានបង្កើតលោកយេស៊ូមុនអ្វីៗឯទៀតទាំងអស់។ (កូឡុស ១:១៥, ១៦) លោកយេស៊ូមិនមានឫទ្ធានុភាពខ្លាំងក្លាបំផុតដូចព្រះនោះទេ។ លោកយេស៊ូមិនដែលអះអាងថាលោកមានឋានៈស្មើនឹងព្រះឡើយ។ ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា៖ «បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។ (យ៉ូហាន ១៤:២៨; កូរិនថូសទី១ ១៥:២៨) ប៉ុន្តែ សាសនាខ្លះបង្រៀនថាព្រះជាបុគ្គលបីអង្គដែលរួមគ្នាជាព្រះតែមួយ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ តាមពិត ពាក្យ«ព្រះបីរួមគ្នាជាព្រះតែមួយ»មិនមាននៅក្នុងគម្ពីរទេ។ នេះគឺជាសេចក្ដីបង្រៀនមិនពិត។
សកម្មពលបរិសុទ្ធគឺជាកម្លាំងរបស់ព្រះយេហូវ៉ាដែលមនុស្សមើលមិនឃើញ។ នេះជាកម្លាំងដែលព្រះប្រើដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។ សកម្មពលបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ។ ជាឧទាហរណ៍ គ្រិស្តសាសនិកសម័យដើម«បានពេញដោយសកម្មពលបរិសុទ្ធរបស់ព្រះ» ហើយព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំនឹងចាក់សកម្មពលខ្លះរបស់ខ្ញុំទៅលើមនុស្សគ្រប់ប្រភេទ»។—សកម្មភាព ២:១-៤, ១៧
១៥ ឈើឆ្កាង
គ្រិស្តសាសនិកពិតមិនប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍ព្រះទេ។ ហេតុអ្វី?
ឈើឆ្កាងបានត្រូវប្រើដោយសាសនាមិនពិតរហូតមកដល់សព្វថ្ងៃនេះ។ នៅសម័យបុរាណគេប្រើឈើឆ្កាងក្នុងការគោរពបូជាធម្មជាតិ និងពិធីបូជារបស់សាសនាមិនពិតដែលទាក់ទងនឹងការរួមភេទ។ ក្នុងអំឡុង៣០០ឆ្នាំក្រោយពីលោកយេស៊ូស្លាប់ គ្រិស្តសាសនិកមិនបានប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍ព្រះទេ។ ក៏ប៉ុន្តែជាយូរក្រោយមក អធិរាជរ៉ូមឈ្មោះខន់ស្ទែនធីនបានយកឈើឆ្កាងធ្វើជានិមិត្តរូបនៃគ្រិស្តសាសនា។ និមិត្តរូបនេះបានត្រូវប្រើក្នុងបំណងខំធ្វើឲ្យគ្រិស្តសាសនាកាន់តែទទួលបានភាពល្បីល្បាញ។ ប៉ុន្តែ ឈើឆ្កាងមិនទាក់ទងនឹងលោកយេស៊ូគ្រិស្តទាល់តែសោះ។ សព្វវចនាធិប្បាយមួយពន្យល់ថា៖ «ទំនៀមទម្លាប់ផ្សេងៗដែលមានដើមកំណើតមុនគ្រិស្តសាសនានិងទំនៀមទម្លាប់របស់អ្នកដែលមិនជឿគ្រិស្តសាសនា ក៏ធ្លាប់ប្រើឈើឆ្កាងដែរ» (New Catholic Encyclopedia)។
លោកយេស៊ូមិនបានស្លាប់លើឈើឆ្កាងទេ។ ពាក្យភាសាក្រិចដែលធម្មតាបានត្រូវបកប្រែថា«ឈើឆ្កាង» តាមពិតមានអត្ថន័យថា«បង្គោលឈើត្រង់» «បង្គោលត្រង់» ឬ«ដើមឈើ»។ ហេតុនេះហើយ សៀវភៅគម្ពីរមួយពន្យល់ថា៖ «ក្នុងភាសាក្រិច[គម្ពីរសញ្ញាថ្មី] ពាក្យនោះមិនដែលសំដៅលើឈើពីរកំណាត់ដាក់ខ្វែងគ្នាទេ ប៉ុន្តែតែងតែសំដៅលើឈើមួយកំណាត់ប៉ុណ្ណោះ» (The Companion Bible)។ លោកយេស៊ូបានស្លាប់លើបង្គោលឈើ។
ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យយើងប្រើរូបព្រះឬនិមិត្តសញ្ញាផ្សេងៗ ក្នុងការគោរពប្រណិប័តន៍របស់យើងឡើយ។—និក្ខមនំ ២០:៤, ៥; កូរិនថូសទី១ ១០:១៤
១៦ ពិធីរំលឹក
លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យធ្វើពិធីរំលឹកមរណភាពរបស់លោក។ ពួកគេធ្វើពិធីនេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែណែសាន គឺដូចគ្នានឹងថ្ងៃដែលបណ្ដាជនអ៊ីស្រាអែលធ្វើបុណ្យរំលង។ ក្នុងពិធីរំលឹកមាននំប៉័ងនិងស្រាដែលតំណាងរូបកាយនិងឈាមរបស់លោកយេស៊ូ។ វត្ថុតំណាងទាំងនេះបានត្រូវហុចឲ្យអ្នកចូលរួមទាំងអស់ក្នុងពិធីនោះ។ ពួកអ្នកដែលនឹងគ្រប់គ្រងជាមួយលោកយេស៊ូនៅស្ថានសួគ៌នឹងបរិភោគនំប៉័ងនិងស្រានោះ។ ចំណែកឯពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី ពួកគេបង្ហាញចិត្តដឹងគុណដោយចូលរួមពិធីរំលឹក តែពួកគេមិនបរិភោគនំប៉័ងនិងស្រាទាំងនោះឡើយ។
១៧ ព្រលឹង
ពាក្យ«ព្រលឹង»បានត្រូវបកប្រែពីពាក្យហេប្រឺនីហ្វែស ឬពាក្យក្រិចផ្ស៊ីគី ដែលសំដៅទៅលើ (១) មនុស្ស (២) សត្វ ឬ(៣) ជីវិតរបស់មនុស្សឬសត្វ។ សូមមើលឧទាហរណ៍ខ្លះ:
មនុស្ស។ គម្ពីរចែងថានៅសម័យណូអេ«មនុស្សប្រាំបីនាក់[ផ្ស៊ីគី]»បានត្រូវនាំកាត់ទឹកដោយសុវត្ថិភាព។ (ពេត្រុសទី១ ៣:២០) ដូច្នេះ ក្នុងខនេះពាក្យក្រិចផ្ស៊ីគី គឺសំដៅលើ«មនុស្ស» ពោលគឺណូអេនិងប្រពន្ធគាត់ ព្រមទាំងកូនប្រុសបីនាក់និងប្រពន្ធរបស់កូនប្រុសៗគាត់។
សត្វ។ គម្ពីរចែងថា៖«ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានមច្ឆជាតិ[នីហ្វែស]រវើកនៅក្នុងទឹកជាបរិបូរ នឹងបក្សីជាតិ[នីហ្វែស]ហើរលើដីនៅនាអាកាស»។ បន្ទាប់មក «ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិ[នីហ្វែស]កើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុក សត្វលូនវារ នឹងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ»។—លោកុប្បត្តិ ១:២០, ២៤
ជីវិតរបស់មនុស្សឬសត្វ។ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ពួកអ្នកដែលចង់សំឡាប់ឯង[ឬ«សម្លាប់នីហ្វែសឯង»] គេស្លាប់អស់ហើយ»។ (និក្ខមនំ ៤:១៩) ពេលលោកយេស៊ូនៅផែនដី លោកមានប្រសាសន៍ថា៖ «ខ្ញុំជាគង្វាលដ៏ល្អប្រសើរ។ គង្វាលល្អប្រសើរលះបង់ជីវិត[ផ្ស៊ីគី]ដើម្បីចៀម»។—យ៉ូហាន ១០:១១
បន្ថែមទៅទៀត ពាក្យនីហ្វែស ឬពាក្យផ្ស៊ីគីសំដៅទៅលើបំណងប្រាថ្នាឬបំណងចិត្តរបស់មនុស្ស។ មនុស្សស្លាប់ឬសាកសពក៏អាចត្រូវហៅថានីហ្វែស ឬផ្ស៊ីគីដែរ។—ជនគណនា ៦:៦; សុភាសិត ២៣:២; អេសាយ ៥៦:១១; ហាកាយ ២:១៣
១៨ វិញ្ញាណ
ពាក្យភាសាហេប្រឺនិងភាសាក្រិចដែលបានត្រូវបកប្រែក្នុងសេចក្ដីបកប្រែពិភពលោកថ្មីថា«វិញ្ញាណ» អាចមានអត្ថន័យខុសៗគ្នា។ ទោះជាយ៉ាងនេះក្ដី ពាក្យ«វិញ្ញាណ»គឺតែងតែសំដៅលើអ្វីមួយដែលមនុស្សមើលមិនឃើញដូចជា ខ្យល់ឬដង្ហើមរបស់មនុស្សនិងសត្វ។ ពាក្យទាំងនេះក៏អាចសំដៅលើបុគ្គលវិញ្ញាណនិងសកម្មពលបរិសុទ្ធរបស់ព្រះដែរ។ គម្ពីរមិនបានបង្រៀនថា ពេលមនុស្សស្លាប់មានផ្នែកណាមួយក្នុងខ្លួនមនុស្សនឹងបន្តរស់នៅនោះទេ។—និក្ខមនំ ៣៥:២១; ទំនុកតម្កើង ១០៤:២៩; ម៉ាថាយ ១២:៤៣; លូកា ១១:១៣
១៩ ហ្គេហេណា
ហ្គេហេណាគឺជាឈ្មោះជ្រលងភ្នំមួយដែលនៅជិតក្រុងយេរូសាឡិម។ នេះជាកន្លែងចាក់សំរាមសម្រាប់ដុតបំផ្លាញចោល។ ពេលលោកយេស៊ូរស់នៅផែនដី គ្មានភ័ស្តុតាងអ្វីដែលបញ្ជាក់ថាមនុស្សឬសត្វបានត្រូវគេធ្វើទារុណកម្មឬដុតទាំងរស់ក្នុងជ្រលងភ្នំនេះឡើយ។ ដូច្នេះ ហ្គេហេណាមិនមែនជានិមិត្តរូបនៃកន្លែងមួយដែលមនុស្សមើលមិនឃើញ ហើយក៏មិនមែនជាកន្លែងដែលមនុស្សស្លាប់ទទួលទារុណកម្មឬត្រូវដុតជារៀងរហូតដែរ។ ពេលលោកយេស៊ូមានប្រសាសន៍អំពីពួកអ្នកដែលបានត្រូវបោះទៅក្នុងហ្គេហេណា គឺលោកសំដៅលើការបំផ្លាញឲ្យសាបសូន្យទៅ។—ម៉ាថាយ ៥:២២; ១០:២៨
២០ សេចក្ដីអធិដ្ឋានរបស់លោកម្ចាស់
នេះគឺជាសេចក្ដីអធិដ្ឋានដែលលោកយេស៊ូបានទុកសម្រាប់ពួកអ្នកកាន់តាម ពេលលោកចាប់ផ្ដើមបង្រៀនពួកគេឲ្យចេះអធិដ្ឋាន។ សេចក្ដីអធិដ្ឋាននេះបានត្រូវហៅថាសេចក្ដីអធិដ្ឋានទៅបិតារបស់យើង ឬសេចក្ដីអធិដ្ឋានគំរូ។ ជាឧទាហរណ៍ លោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានថា:
«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»
យើងអធិដ្ឋានសុំព្រះយេហូវ៉ាធ្វើឲ្យនាមឬកេរ្ដិ៍ឈ្មោះរបស់លោកបានជ្រះស្អាតពីការបង្កាច់បង្ខូចនិងការភូតភរទាំងអស់ ដើម្បីឲ្យបុគ្គលទាំងនៅស្ថានសួគ៌ទាំងនៅផែនដីលើកកិត្ដិយសនិងគោរពនាមរបស់ព្រះ។
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
យើងអធិដ្ឋានសុំឲ្យរដ្ឋាភិបាលរបស់ព្រះបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាន ហើយគ្រប់គ្រងមកលើផែនដី ព្រមទាំងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន។
«សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី»
យើងអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេចនៅផែនដី ដើម្បីឲ្យមនុស្សល្អឥតខ្ចោះដែលចេះស្ដាប់បង្គាប់អាចរស់ជារៀងរហូតក្នុងសួនឧទ្យាន ស្របតាមគោលបំណងដើមរបស់ព្រះ។
២១ ថ្លៃលោះ
ព្រះយេហូវ៉ាផ្ដល់ថ្លៃលោះដើម្បីសង្គ្រោះមនុស្សជាតិពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ថ្លៃលោះជាតម្លៃដែលត្រូវបង់ដើម្បីទិញមកវិញនូវជីវិតល្អឥតខ្ចោះដែលអាដាមជាបុរសដំបូងបានធ្វើឲ្យបាត់បង់។ ម្យ៉ាងទៀត ថ្លៃលោះជួយផ្សះផ្សាឡើងវិញនូវចំណងមិត្តភាពរបស់មនុស្សជាមួយនឹងព្រះយេហូវ៉ា។ ព្រះបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីស្លាប់ជំនួសមនុស្សទាំងអស់ដែលមានភាពខុសឆ្គង។ ដោយសារលោកយេស៊ូស្លាប់ មនុស្សទាំងអស់មានឱកាសរស់ជារៀងរហូត ហើយក្លាយទៅជាមនុស្សល្អឥតខ្ចោះ។
២២ ហេតុអ្វីឆ្នាំ១៩១៤ជាឆ្នាំដ៏សំខាន់?
ទំនាយក្នុងដានីយ៉ែលជំពូកទី៤បង្រៀនយើងថា ព្រះនឹងស្ថាបនារាជាណាចក្ររបស់លោកនៅឆ្នាំ១៩១៤។
ទំនាយ: ព្រះយេហូវ៉ាបានឲ្យស្តេចនេប៊ូក្នេសាសុបិនឃើញដើមឈើធំមួយដែលបានត្រូវកាប់ផ្ដាច់។ គាត់ឃើញគល់ឈើនោះឈប់លូតអស់រយៈពេល«៧ខួប» ដោយសារមានវ័ណ្ឌដែកនិងលង្ហិនព័ទ្ធជុំវិញគល់ឈើនោះ។ ក្រោយ៧ខួបចប់ ដើមឈើនោះនឹងលូតម្ដងទៀត។—ដានីយ៉ែល ៤:១, ១០-១៦
តើទំនាយនេះមានអត្ថន័យយ៉ាងណាចំពោះយើង?: ដើមឈើនោះតំណាងការគ្រប់គ្រងរបស់ព្រះ។ អស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមានស្តេចក្នុងក្រុងយេរូសាឡិមដើម្បីគ្រប់គ្រងប្រជាជាតិអ៊ីស្រាអែល។ (របាក្សត្រទី១ ២៩:២៣) ប៉ុន្តែ ស្តេចទាំងនោះលែងមានចិត្តស្មោះត្រង់ទៀត ដូច្នេះការគ្រប់គ្រងរបស់ពួកគេបានចប់។ នៅឆ្នាំ៦០៧ មុនគ.ស. ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល ពេលនោះគ្រា«៧ខួប»បានចាប់ផ្ដើម។ (ពង្សាវតារក្សត្រទី២ ២៥:១, ៨-១០; អេសេគាល ២១:២៥-២៧) ពេលលោកយេស៊ូមានប្រសាសន៍ថា៖ «ក្រុងយេរូសាឡិមនឹងត្រូវជាន់ឈ្លីដោយប្រជាជាតិនានា រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់» នោះលោកកំពុងសំដៅលើ«៧ខួប»។ (លូកា ២១:២៤) ដូច្នេះ«៧ខួប»មិនបានចប់នៅពេលដែលលោកយេស៊ូនៅផែនដីឡើយ។ ព្រះយេហូវ៉ាបានសន្យាតែងតាំងស្តេចមួយរូបនៅចុងបញ្ចប់គ្រា«៧ខួប»។ ការគ្រប់គ្រងរបស់លោកយេស៊ូដែលជាស្តេចថ្មីនឹងនាំឲ្យមានពរជាបរិបូរដល់រាស្ត្ររបស់ព្រះនៅទូទាំងផែនដីជារៀងរហូត។—លូកា ១:៣០-៣៣
រយៈពេល«៧ខួប»: គ្រា«៧ខួប»មានរយៈពេល២.៥២០ឆ្នាំ។ បើយើងរាប់២.៥២០ឆ្នាំ ចាប់ពីឆ្នាំ៦០៧ មុនគ.ស. នោះនឹងមកដល់ឆ្នាំ១៩១៤។ នោះជាឆ្នាំដែលព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូដែលជាមេស្ស៊ីឲ្យធ្វើជាស្តេចក្នុងរាជាណាចក្រព្រះនៅស្ថានសួគ៌។
ហេតុអ្វីយើងដឹងថាគ្រានោះមានរយៈពេល២.៥២០ឆ្នាំ? គម្ពីរចែងថាបីគ្រាកន្លះស្មើនឹង១.២៦០ថ្ងៃ។ (ការបើកបង្ហាញ ១២:៦, ១៤) ដូច្នេះ គ្រា«៧ខួប»គឺស្មើនឹង២.៥២០ថ្ងៃ។ ២.៥២០ថ្ងៃស្មើនឹង២.៥២០ឆ្នាំ ដោយសារទំនាយក្នុងគម្ពីររាប់«១ថ្ងៃទុកជា១ឆ្នាំ»។—ជនគណនា ១៤:៣៤; អេសេគាល ៤:៦
២៣ មីកែលដែលជាមហាទេវតា
ពាក្យ«មហាទេវតា»មានន័យថា«មេទេវតា»។ គម្ពីររៀបរាប់អំពីមហាទេវតាតែម្នាក់គត់ ហើយនាមរបស់មហាទេវតានោះគឺមីកែល។—ដានីយ៉ែល ១២:១; យូដាស ៩
មីកែលគឺជាអ្នកដឹកនាំកងទ័ពទេវតាដ៏ស្មោះត្រង់របស់ព្រះ។ ការបើកបង្ហាញ ១២:៧ ចែងថា៖ «មីកែលនិងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគនិងបណ្ដាទេវតារបស់វា»។ សៀវភៅការបើកបង្ហាញប្រាប់ថាលោកយេស៊ូគឺអ្នកដឹកនាំកងទ័ពរបស់ព្រះ។ ដូច្នេះ មីកែលជានាមមួយទៀតរបស់លោកយេស៊ូ។—ការបើកបង្ហាញ ១៩:១៤-១៦
២៤ គ្រាចុងក្រោយបង្អស់
ពាក្យនេះសំដៅលើគ្រាមួយដែលមានព្រឹត្ដិការណ៍ធំៗកើតឡើងនៅផែនដី មុនពេលដែលរាជាណាចក្រព្រះបំផ្លាញចោលពិភពលោករបស់សាថាន។ មានពាក្យផ្សេងទៀតដែលស្រដៀងគ្នានឹងពាក្យនេះដែរ ដូចជា«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» និង«វត្តមានរបស់កូនមនុស្ស»ជាដើម។ ទំនាយក្នុងគម្ពីរក៏បានប្រើពាក្យទាំងនេះដើម្បីសំដៅលើគ្រាដូចគ្នា។ (ម៉ាថាយ ២៤:៣, ២៧, ៣៧) «គ្រាចុងក្រោយបង្អស់»បានចាប់ផ្ដើមនៅពេលដែលរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ រាជាណាចក្រនោះនឹងបំផ្លាញចោលពិភពលោករបស់សាថាននៅសង្គ្រាមហាម៉ាគេដូន។—ធីម៉ូថេទី២ ៣:១; ពេត្រុសទី២ ៣:៣
២៥ ការប្រោសឲ្យរស់ឡើងវិញ
ពេលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ នេះហៅថាការប្រោសឲ្យរស់ឡើងវិញ។ អ្នកបម្រើខ្លះរបស់ព្រះដូចជាអេលីយ៉ា អេលីសេ លោកយេស៊ូ ពេត្រុស និងប៉ូលបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ពួកគាត់អាចធ្វើអព្ភូតហេតុទាំងនេះបានគឺដោយសារតែអំណាចពីព្រះយេហូវ៉ាប៉ុណ្ណោះ។ ក្នុងគម្ពីរមានបុគ្គល៩រូបដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ព្រះបានសន្យាថា«មនុស្សសុចរិតនិងមនុស្សមិនសុចរិត»នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ (សកម្មភាព ២៤:១៥) គម្ពីរក៏បានប្រាប់អំពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ដែរ។ នេះកើតឡើងនៅពេលដែលព្រះប្រោសពួកអ្នករើសតាំងឲ្យមានជីវិតនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ។—យ៉ូហាន ៥:២៨, ២៩; ១១:២៥; ភីលីព ៣:១១; ការបើកបង្ហាញ ២០:៥, ៦
២៦ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់
ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់គឺជាការប្រព្រឹត្តដ៏អាក្រក់ដោយខំព្យាយាមទាក់ទងជាមួយនឹងពួកវិញ្ញាណកំណាចដោយផ្ទាល់ ឬតាមរយៈអ្នកឯទៀតដូចជា គ្រូមន្តអាគម គ្រូទាយ គ្រូខាប ឬគ្រូអង្គុយធម៌ជាដើម។ មនុស្សទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ដោយសារពួកគេជឿលើសេចក្ដីបង្រៀនមិនពិតដែលថាក្រោយពេលមនុស្សម្នាក់បានស្លាប់ទៅ នៅតែមានព្រលឹងបន្តរស់ ហើយព្រលឹងនោះមានអំណាចខ្លាំងក្លា។ ពួកវិញ្ញាណកំណាចក៏ខំព្យាយាមធ្វើឲ្យមនុស្សលែងស្ដាប់បង្គាប់ព្រះដែរ។ ហោរាសាស្ត្រ ការទស្សន៍ទាយ វេទមន្ត អាបធ្មប់ អបិយជំនឿ ឬអ្វីណាដែលមនុស្សគិតថាមានអំណាចពិសេស គឺជាផ្នែកមួយនៃការទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ សៀវភៅ ទស្សនាវដ្ដី ភាពយន្ត ចម្រៀង ហ្គេម និងរូបភាពជាច្រើន ទាក់ទាញមនុស្សឲ្យគិតថាអំណាចពិសេសពីពួកវិញ្ញាណកំណាចមិននាំឲ្យមានគ្រោះថ្នាក់ទេ តែជាអ្វីគួរឲ្យរំភើបចិត្តទៅវិញ។ ទំនៀមទម្លាប់បុណ្យសពជាច្រើនរួមបញ្ចូលការសែនព្រេន ឬបុណ្យខួបមនុស្សស្លាប់ជាដើម នេះក៏ជាប់ទាក់ទងនឹងពួកវិញ្ញាណកំណាចដែរ។ ក្នុងករណីជាច្រើន ដើម្បីទាក់ទងជាមួយនឹងពួកវិញ្ញាណកំណាច មនុស្សប្រើគ្រឿងញៀនជាមុនសិន។—កាឡាទី ៥:២០; ការបើកបង្ហាញ ២១:៨
២៧ សិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយលោកបានបង្កើតសកលលោកទាំងមូល។ (ការបើកបង្ហាញ ១៥:៣) ហេតុនេះ លោកជាម្ចាស់លើអ្វីៗទាំងអស់ ហើយលោកមានសិទ្ធិគ្រប់គ្រង ឬមានអំណាចទាំងស្រុងលើអ្វីដែលលោកបានបង្កើត។ (ទំនុកតម្កើង ២៤:១; អេសាយ ៤០:២១-២៣; ការបើកបង្ហាញ ៤:១១) លោកបានបង្កើតច្បាប់សម្រាប់អ្វីៗទាំងអស់ដែលលោកបានបង្កើត។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមានសិទ្ធិតែងតាំងបុគ្គលផ្សេងៗឲ្យធ្វើជាអ្នកគ្រប់គ្រង។ យើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះ ដោយស្រឡាញ់លោកហើយស្ដាប់បង្គាប់លោក។—របាក្សត្រទី១ ២៩:១១
២៨ ការពន្លូតកូន
ការពន្លូតកូនគឺជាការធ្វើឲ្យកូនក្នុងផ្ទៃស្លាប់ដោយចេតនា។ នេះមិនមែនកើតឡើងដោយចៃដន្យ ឬដោយសារប្រតិកម្មណាមួយក្នុងខ្លួនម្ដាយដែលធ្វើឲ្យទារកក្នុងផ្ទៃស្លាប់នោះទេ។ តាំងពីពេលដែលទារកចាប់បង្កកំណើត ទារកនោះមិនមែនជាផ្នែកមួយរបស់ម្ដាយទេ តែជាបុគ្គលម្នាក់ទៀតដែលមានជីវិត។
២៩ ការចាក់បញ្ចូលឈាម
នេះគឺជាវិធីព្យាបាលដែលគេប្រើឈាមសុទ្ធ ឬសមាសធាតុសំខាន់ណាមួយនៃសមាសធាតុសំខាន់ទាំងបួននៃឈាម ដោយបង្វែរឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬចាក់បញ្ចូលឈាមដែលគេបានស្តុកទុក។ សមាសធាតុសំខាន់ទាំងបួននៃឈាមមាន គោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា។
៣០ ការប្រៀនប្រដៅ
ក្នុងគម្ពីរ ពាក្យ«ប្រៀនប្រដៅ»មិនសំដៅទៅលើការធ្វើទោសឬការដាក់ទណ្ឌកម្មនោះទេ។ ពេលយើងទទួលការប្រៀនប្រដៅ គឺយើងទទួលការបង្ហាត់បង្រៀន ការអប់រំ និងការកែតម្រង់។ ព្រះយេហូវ៉ាមិនដែលប្រព្រឹត្តដោយមើលងាយ ឬដោយសាហាវឃោរឃៅចំពោះអ្នកដែលលោកប្រៀនប្រដៅឡើយ។ (សុភាសិត ៤:១, ២) ព្រះយេហូវ៉ាបានទុកគំរូដ៏ល្អបំផុតសម្រាប់មាតាបិតាទាំងឡាយ។ ការប្រៀនប្រដៅពីព្រះគឺមានប្រសិទ្ធភាពខ្លាំងដល់ម្ល៉េះ បានជាធ្វើឲ្យបុគ្គលដែលទទួលការប្រៀនប្រដៅ ស្រឡាញ់សេចក្ដីប្រៀនប្រដៅនោះ។ (សុភាសិត ១២:១) ព្រះយេហូវ៉ាស្រឡាញ់រាស្ត្ររបស់លោក ហេតុនេះហើយបានជាលោកបង្ហាត់បង្រៀនពួកគេ។ លោកផ្ដល់ការណែនាំដែលជួយកែតម្រង់ចិត្តគំនិតមិនត្រឹមត្រូវរបស់ពួកគេ ហើយជួយពួកគេឲ្យចេះគិតពិចារណា និងមានការប្រព្រឹត្តដែលលោកពេញចិត្ត។ មាតាបិតាទាំងឡាយ សូមចាំថាការប្រៀនប្រដៅរួមបញ្ចូលការជួយកូនឲ្យយល់មូលហេតុដែលពួកគេគួរស្ដាប់បង្គាប់។ នេះក៏មានន័យថាបង្ហាត់បង្រៀនកូនឲ្យស្រឡាញ់ព្រះយេហូវ៉ា ស្រឡាញ់គម្ពីរដែលជាបណ្ដាំរបស់លោក ព្រមទាំងជួយកូនឲ្យយល់គោលការណ៍ក្នុងគម្ពីរដែរ។
៣១ ពួកវិញ្ញាណកំណាច
ពួកវាគឺជាពួកបុគ្គលវិញ្ញាណទុច្ចរិតដែលមានអំណាចខ្លាំងក្លា ហើយយើងមើលពួកវាមិនឃើញទេ។ ពួកវិញ្ញាណកំណាចជាទេវតាអាក្រក់។ ពួកវាបានទៅជាអាក្រក់ពេលដែលពួកវាបានតាំងខ្លួនជាសត្រូវរបស់ព្រះ ដោយឈប់ស្ដាប់បង្គាប់លោក។ (លោកុប្បត្តិ ៦:២; យូដាស ៦) ពួកវាចូលរួមជាមួយនឹងសាថានដើម្បីបះបោរប្រឆាំងព្រះយេហូវ៉ា។—ចោទិយកថា ៣២:១៧; លូកា ៨:៣០; សកម្មភាព ១៦:១៦; យ៉ាកុប ២:១៩