ជំពូកទី៣
តើព្រះមានគោលបំណងអ្វីសម្រាប់មនុស្សជាតិ?
១. តើព្រះមានគោលបំណងអ្វីសម្រាប់មនុស្សជាតិ?
ព្រះមានគោលបំណងដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។ លោកបានបង្កើតបុរសស្ត្រីដំបូង គឺអាដាមនិងអេវ៉ា។ លោកឲ្យពួកគេរស់នៅក្នុងសួនដ៏សែនស្អាតមួយ។ លោកមានគោលបំណងឲ្យពួកគេបង្កើតកូន ពង្រីកសួនឧទ្យាននោះឲ្យពេញផែនដី ហើយថែរក្សាសត្វទាំងឡាយ (សូមមើលលេខ៦ក្នុងកំណត់នៅចុងសៀវភៅ)។—លោកុប្បត្តិ ១:២៨; ២:៨, ៩, ១៥
២. (ក) ហេតុអ្វីយើងដឹងថាព្រះនឹងសម្រេចគោលបំណងរបស់លោក? (ខ) តើព្រះចង់ឲ្យមនុស្សបែបណារស់នៅផែនដី ហើយរស់នៅប៉ុន្មានឆ្នាំ?
២ តើអ្នកគិតថាគោលបំណងរបស់ព្រះដែលចង់ឲ្យយើងរស់ក្នុងសួនឧទ្យាននៅផែនដីនឹងសម្រេចឬទេ? ព្រះយេហូវ៉ាប្រាប់យើងថា៖ ‹ខ្ញុំបានគិតសំរេចស្រេចហើយ ខ្ញុំនឹងធ្វើការនោះឯង›។ (អេសាយ ៤៦:៩-១១; ៥៥:១១) ពិតណាស់ ព្រះនឹងសម្រេចគោលបំណងរបស់លោកជាក់ជាមិនខាន គ្មានអ្វីអាចរារាំងលោកបានឡើយ។ ព្រះយេហូវ៉ា«មិនមែនបង្កើត[ផែនដី]មកឲ្យនៅទទេទេ» តែលោកមានគោលបំណងមួយ។ តើនោះជាអ្វី? (អេសាយ ៤៥:១៨) លោកចង់ឲ្យមនុស្សរស់នៅពេញផែនដី។ តើព្រះចង់ឲ្យមនុស្សបែបណារស់នៅផែនដី ហើយរស់នៅប៉ុន្មានឆ្នាំ? គម្ពីរចែងថា៖ «ពួកអ្នកសុចរិត[ឬពួកអ្នកស្ដាប់បង្គាប់]នឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩; ការបើកបង្ហាញ ២១:៣, ៤
៣. ដោយសារមនុស្សតែងតែឈឺហើយស្លាប់ តើអ្នកប្រហែលជាមានសំណួរអ្វីខ្លះ?
៣ ប៉ុន្តែនៅសព្វថ្ងៃនេះ មនុស្សតែងតែឈឺហើយស្លាប់។ នៅកន្លែងជាច្រើន មនុស្សវាយតប់គ្នាហើយសម្លាប់គ្នាទៀតផង។ ព្រះប្រាកដជាគ្មានបំណងឲ្យផែនដីមានសភាពដូចដែលយើងឃើញនៅសព្វថ្ងៃនេះឡើយ! ដូច្នេះ តើអ្វីបានកើតឡើង? ហេតុអ្វីគោលបំណងរបស់ព្រះមិនទាន់សម្រេច? មានតែគម្ពីរប៉ុណ្ណោះដែលអាចឆ្លើយបាន។
សត្រូវរបស់ព្រះ
៤, ៥. (ក) តើអ្នកណាបាននិយាយជាមួយនឹងអេវ៉ាតាមរយៈសត្វពស់ក្នុងសួនអេដែន? (ខ) តើមនុស្សម្នាក់ដែលទៀងត្រង់អាចក្លាយទៅជាចោរយ៉ាងដូចម្ដេច?
៤ គម្ពីរប្រាប់យើងថាព្រះមានសត្រូវម្នាក់ដែលជាទេវតាមួយរូប«ហៅថាមេកំណាចនិងសាថាន»។ សាថានបានប្រើសត្វពស់មួយដើម្បីនិយាយជាមួយនឹងអេវ៉ាក្នុងសួនអេដែន។ (ការបើកបង្ហាញ ១២:៩; លោកុប្បត្តិ ៣:១) វាធ្វើឲ្យសត្វពស់នោះមើលទៅហាក់ដូចជាចេះនិយាយ (សូមមើលលេខ៧ក្នុងកំណត់នៅចុងសៀវភៅ)។
៥ ដូច្នេះ តើព្រះបានបង្កើតទេវតាមួយរូបឲ្យក្លាយទៅជាមេកំណាចសាថានឬ? មិនមែនទេ! ពេលដែលព្រះបានរៀបចំផែនដីសម្រាប់អាដាមនិងអេវ៉ា ទេវតាមួយរូបនេះក៏មានវត្តមាននៅស្ថានសួគ៌ដែរ។ ប៉ុន្តែក្រោយមក ទេវតានេះបានធ្វើឲ្យខ្លួនវាទៅជាមេកំណាច។ (យ៉ូប ៣៨:៤, ៧) តើនេះអាចកើតឡើងតាមរបៀបណា? ជាឧទាហរណ៍ សព្វថ្ងៃនេះ តើមនុស្សម្នាក់ដែលទៀងត្រង់អាចក្លាយទៅជាចោរយ៉ាងដូចម្ដេច? គាត់មិនបានកើតមកជាចោរនោះទេ។ ប៉ុន្តែ បើគាត់មានបំណងចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ហើយបន្តគិតអំពីរឿងនោះទៀត ជាលទ្ធផល គាត់នឹងមានបំណងចិត្តអាក្រក់កាន់តែខ្លាំងឡើង។ រួចមកពេលមានឱកាស គាត់នឹងលួចរបស់នោះ។ យ៉ាងនេះ គាត់បានធ្វើឲ្យខ្លួនគាត់ទៅជាចោរ (សូមមើលលេខ៨ក្នុងកំណត់នៅចុងសៀវភៅ)។—សូមអាន យ៉ាកុប ១:១៣-១៥
៦. តើទេវតាមួយរូបបានក្លាយទៅជាសត្រូវរបស់ព្រះយ៉ាងដូចម្ដេច?
៦ នេះជាអ្វីដែលបានកើតឡើងដល់ទេវតានោះ។ ក្រោយពីព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា លោកបង្គាប់ពួកគេឲ្យបង្កើតកូន«ឲ្យមានពេញពាសលើផែនដី»។ (លោកុប្បត្តិ ១:២៧, ២៨) ពេលនោះទេវតានេះប្រហែលជាគិតថា ‹មនុស្សទាំងអស់គួរគោរពប្រណិប័តន៍ខ្ញុំវិញមិនមែនព្រះយេហូវ៉ាទេ!›។ ពេលដែលវាកាន់តែគិតអំពីរឿងនេះ វាក៏មានបំណងចិត្តកាន់តែខ្លាំងចង់បានអ្វីដែលជារបស់ព្រះយេហូវ៉ា។ ទេវតានោះចង់ឲ្យមនុស្សគោរពប្រណិប័តន៍វា។ ដូច្នេះ វាបានកុហកអេវ៉ាហើយបំភាន់នាង។ (សូមអាន លោកុប្បត្តិ ៣:១-៥) ដោយធ្វើដូច្នេះ វាបានក្លាយទៅជាមេកំណាចសាថាន ពោលគឺសត្រូវរបស់ព្រះ។
៧. (ក) ហេតុអ្វីអាដាមនិងអេវ៉ាស្លាប់? (ខ) ហេតុអ្វីបានជាយើងទៅជាចាស់ហើយស្លាប់?
៧ អាដាមនិងអេវ៉ាបានឈប់ស្ដាប់បង្គាប់ព្រះ ហើយបរិភោគផ្លែឈើដែលព្រះហាម។ (លោកុប្បត្តិ ២:១៧; ៣:៦) យ៉ាងនេះ ពួកគេបានប្រព្រឹត្តអំពើខុសឆ្គងចំពោះព្រះយេហូវ៉ា រួចក្រោយមកពួកគេបានស្លាប់ ដូចប្រសាសន៍របស់ព្រះមែន។ (លោកុប្បត្តិ ៣:១៧-១៩) កូនចៅរបស់អាដាមនិងអេវ៉ាបានទទួលភាពខុសឆ្គងនោះ ហេតុនេះពួកគេក៏ស្លាប់ដែរ។ (សូមអាន រ៉ូម ៥:១២) ដើម្បីជួយយើងឲ្យយល់អំពីមូលហេតុដែលកូនចៅរបស់អាដាមនិងអេវ៉ាមានភាពខុសឆ្គង សូមពិចារណាឧទាហរណ៍មួយអំពីពុម្ពចាក់នំ។ បើពុម្ពនោះមានស្នាមពៀច នំទាំងអស់ដែលចេញពីពុម្ពនោះនឹងមានស្នាមពៀចដែរ។ ស្រដៀងគ្នាដែរ ពេលដែលអាដាមលែងស្ដាប់បង្គាប់ព្រះ អាដាមមានភាពខុសឆ្គង។ ដោយសារយើងជាកូនចៅរបស់អាដាម យើងទាំងអស់ក៏មានភាពខុសឆ្គងដែលហាក់ដូចជា«ស្នាមពៀច»នោះដែរ។ ម្យ៉ាងទៀត ដោយសារយើងទាំងអស់គ្នាមានភាពខុសឆ្គង នោះយើងទាំងអស់គ្នាក៏ទៅជាចាស់ហើយស្លាប់ (សូមមើលលេខ៩ក្នុងកំណត់នៅចុងសៀវភៅ)។—រ៉ូម ៣:២៣
៨, ៩. (ក) តើសាថានចង់ឲ្យអាដាមនិងអេវ៉ាជឿអំពីអ្វី? (ខ) ហេតុអ្វីព្រះយេហូវ៉ាមិនសម្លាប់ពួកបះបោរទាំងនោះភ្លាមៗ?
៨ សាថានចាប់ផ្ដើមនាំឲ្យមានការបះបោរប្រឆាំងនឹងព្រះយេហូវ៉ា ពេលដែលវានាំឲ្យអាដាមនិងអេវ៉ាសម្រេចចិត្តឈប់ស្ដាប់បង្គាប់ព្រះ។ វាចង់ឲ្យអាដាមនិងអេវ៉ាជឿថាព្រះយេហូវ៉ាគឺជាអ្នកកុហក និងជាអ្នកគ្រប់គ្រងអាក្រក់ដែលមិនព្រមឲ្យអ្វីដ៏ល្អបំផុតដល់ពួកគេឡើយ។ សាថានហាក់ដូចជានិយាយថាមនុស្សជាតិមិនត្រូវការការណែនាំពីព្រះទេ។ ម្យ៉ាងទៀត វាក៏ប្រាប់ដែរថាអាដាមនិងអេវ៉ាគួរសម្រេចចិត្តដោយខ្លួនឯងស្តីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ដូច្នេះ តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណា? លោកអាចសម្លាប់ពួកអ្នកបះបោរទាំងនោះចោល ហើយបញ្ចប់ការបះបោរប្រឆាំងទៀត។ ប៉ុន្តែ តើនេះនឹងបង្ហាញថាសាថានគឺជាអ្នកកុហកឬទេ? មិនមែនទេ។
៩ ម្ល៉ោះហើយ ព្រះយេហូវ៉ាមិនបានសម្លាប់ពួកអ្នកបះបោរទាំងនោះភ្លាមៗទេ។ ផ្ទុយទៅវិញ លោកទុកពេលឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯង។ នេះនឹងបង្ហាញយ៉ាងច្បាស់ថាសាថានគឺជាអ្នកកុហក ហើយថាព្រះយេហូវ៉ាស្គាល់អ្វីដែលល្អបំផុតសម្រាប់មនុស្សជាតិ។ យើងនឹងរៀនថែមទៀតអំពីរឿងនេះក្នុងជំពូកទី១១។ ប៉ុន្តែ តើអ្នកគិតយ៉ាងណាអំពីការសម្រេចចិត្តរបស់អាដាមនិងអេវ៉ា? តើជាការត្រឹមត្រូវទេដែលអាដាមនិងអេវ៉ាជឿសាថាន ហើយឈប់ស្ដាប់បង្គាប់ព្រះ? ព្រះយេហូវ៉ាបានឲ្យអ្វីៗទាំងអស់ដល់អាដាមនិងអេវ៉ា។ លោកឲ្យពួកគេមានជីវិតល្អឥតខ្ចោះ ទីលំនៅដ៏សែនស្អាត និងការងារដែលពួកគេពេញចិត្ត។ ប៉ុន្តែសាថានវិញ វាមិនបានឲ្យអ្វីល្អទាល់តែសោះដល់ពួកគេ។ បើអ្នកជាអាដាមនិងអេវ៉ា តើអ្នកនឹងសម្រេចចិត្តយ៉ាងណា?
១០. តើយើងម្នាក់ៗមានការសម្រេចចិត្តដ៏សំខាន់អ្វី?
១០ នៅសព្វថ្ងៃនេះយើងម្នាក់ៗមានការសម្រេចចិត្តស្រដៀងនេះដែរ ហើយជីវិតយើងអាស្រ័យទៅលើការសម្រេចចិត្តនោះ។ យើងអាចសម្រេចចិត្តស្ដាប់បង្គាប់ព្រះ ហើយទទួលស្គាល់លោកជាអ្នកគ្រប់គ្រងយើង និងជួយបង្ហាញថាសាថានជាអ្នកកុហក ឬក៏យើងអាចសម្រេចចិត្តឲ្យសាថានធ្វើជាអ្នកគ្រប់គ្រងយើងវិញ។ (ទំនុកតម្កើង ៧៣:២៨; សូមអាន សុភាសិត ២៧:១១) គួរឲ្យស្ដាយណាស់ ក្នុងពិភពលោកនេះ មានមនុស្សតិចណាស់ដែលសម្រេចចិត្តស្ដាប់បង្គាប់ព្រះ។ តាមពិត លោកមិនមែនជាអ្នកគ្រប់គ្រងពិភពលោកនេះទេ ប៉ុន្តែបើមិនមែនព្រះទេ តើអ្នកណាវិញ?
តើអ្នកណាជាអ្នកគ្រប់គ្រងពិភពលោកនេះ?
១១, ១២. (ក) តើការដែលសាថានស្នើជូនទៅលោកយេស៊ូបង្ហាញយើងអ្វី? (ខ) តើមានខគម្ពីរណាខ្លះដែលបង្ហាញថាសាថានជាអ្នកគ្រប់គ្រងពិភពលោកនេះ?
១១ លោកយេស៊ូបានជ្រាបច្បាស់ថាអ្នកណាជាអ្នកគ្រប់គ្រងពិភពលោកនេះ។ មានពេលមួយសាថាន«បង្ហាញលោកនូវរាជាណាចក្រទាំងឡាយក្នុងពិភពលោកនិងភាពរុងរឿងរបស់រាជាណាចក្រទាំងនោះ»។ រួចមក សាថានសន្យានឹងលោកយេស៊ូថា៖ «អ្វីៗទាំងនេះខ្ញុំនឹងឲ្យដល់អ្នក ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង»។ (ម៉ាថាយ ៤:៨, ៩; លូកា ៤:៥, ៦) ដូច្នេះ សូមសួរខ្លួនអ្នកថា ‹បើរាជាណាចក្រទាំងនោះមិនមែនជារបស់សាថានទេ តើវាអាចឲ្យលោកយេស៊ូបានទេ?› ពិតជាមិនបានទេ។ ពិតណាស់ រដ្ឋាភិបាលទាំងអស់ជារបស់សាថានមែន។
១២ អ្នកប្រហែលជាឆ្ងល់ថា ‹ព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយជាអ្នកបង្កើតសកលលោកនេះ។ បើដូច្នេះ តើសាថានអាចទៅជាអ្នកគ្រប់គ្រងពិភពលោកនេះបានយ៉ាងដូចម្ដេច?›។ (ការបើកបង្ហាញ ៤:១១) ព្រះជាអ្នកបង្កើតមែន ប៉ុន្តែលោកយេស៊ូមានប្រសាសន៍យ៉ាងច្បាស់ថាសាថានជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ (យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១) ស្រដៀងគ្នាដែរ សាវ័កប៉ូលហៅមេកំណាចសាថានថា«ព្រះនៃរបៀបរបបពិភពលោកនេះ»។ (កូរិនថូសទី២ ៤:៣, ៤) ម្យ៉ាងទៀត សាវ័កយ៉ូហានបានសរសេរថា៖ «ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។—យ៉ូហានទី១ ៥:១៩
តើតាមរបៀបណាពិភពលោករបស់សាថាននឹងត្រូវបំផ្លាញចោល?
១៣. ហេតុអ្វីយើងត្រូវការពិភពលោកថ្មី?
១៣ ពិភពលោកនេះមានសុវត្ថិភាពកាន់តែតិចទៅៗ។ យើងឃើញមានសង្គ្រាម អំពើពុករលួយ ភាពលាក់ពុត និងអំពើហិង្សានៅគ្រប់ទីកន្លែង។ មនុស្សជាតិមិនអាចបំបាត់ចោលបញ្ហាទាំងអស់នោះបានទេ ទោះជាពួកគេខំប្រឹងយ៉ាងណាក៏ដោយ។ ប៉ុន្តែ មិនយូរទៀតព្រះនឹងបំផ្លាញចោលពិភពលោកដ៏អាក្រក់នេះក្នុងសង្គ្រាមហាម៉ាគេដូន ហើយជំនួសវិញដោយពិភពលោកថ្មីដ៏សុចរិត (សូមមើលលេខ១០ក្នុងកំណត់នៅចុងសៀវភៅ)។—ការបើកបង្ហាញ ១៦:១៤-១៦
១៤. តើព្រះបានជ្រើសរើសអ្នកណាឲ្យធ្វើជាស្តេចក្នុងរាជាណាចក្ររបស់លោក? តើគម្ពីរបានប្រាប់ទុកជាមុនយ៉ាងណាអំពីលោកយេស៊ូ?
១៤ ព្រះយេហូវ៉ាបានជ្រើសរើសលោកយេស៊ូគ្រិស្តឲ្យធ្វើជាស្តេចគ្រប់គ្រងរាជាណាចក្រ ឬរដ្ឋាភិបាលរបស់ព្រះនៅស្ថានសួគ៌។ រាប់ពាន់ឆ្នាំមុន គម្ពីរបានប្រាប់ទុកជាមុនថាលោកយេស៊ូនឹងគ្រប់គ្រងជា«ម្ចាស់នៃមេត្រីភាព» ហើយថារដ្ឋាភិបាលរបស់លោកនឹងមិនចេះផុតឡើយ។ (អេសាយ ៩:៦, ៧) ស្តីអំពីរដ្ឋាភិបាលនេះ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ក្នុងជំពូកទី៨ យើងនឹងរៀនអំពីរបៀបដែលរាជាណាចក្រព្រះនឹងជំនួសរដ្ឋាភិបាលទាំងឡាយរបស់ពិភពលោកនេះ។ (សូមអាន ដានីយ៉ែល ២:៤៤) បន្ទាប់មក រាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន (សូមមើលលេខ១១ក្នុងកំណត់នៅចុងសៀវភៅ)។
ពិភពលោកថ្មីគឺជិតមកដល់ហើយ!
១៥. តើ«ផែនដីថ្មី»សំដៅទៅលើអ្វី?
១៥ គម្ពីរសន្យាថា៖ «យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី» ហើយ«ទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (ពេត្រុសទី២ ៣:១៣; អេសាយ ៦៥:១៧) ជួនកាលនៅពេលគម្ពីរប្រាប់អំពី«ផែនដី» នោះសំដៅលើមនុស្សដែលរស់នៅផែនដីវិញ។ (លោកុប្បត្តិ ១១:១) ដូច្នេះ «ផែនដីថ្មី»ដ៏សុចរិតសំដៅទៅលើសង្គមមនុស្សដែលស្ដាប់បង្គាប់ព្រះ ហើយពួកគេនឹងទទួលពរពីលោក។
១៦. តើអំណោយដ៏អស្ចារ្យអ្វីដែលព្រះនឹងឲ្យដល់ពួកអ្នកដែលរស់នៅក្នុងពិភពលោកថ្មី ហើយតើយើងត្រូវធ្វើអ្វីដើម្បីទទួលអំណោយនេះ?
១៦ លោកយេស៊ូសន្យាថាពួកអ្នកដែលរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះនឹងទទួលអំណោយជា«ជីវិតដែលគ្មានទីបញ្ចប់»។ (ម៉ាកុស ១០:៣០) តើយើងត្រូវធ្វើអ្វីដើម្បីទទួលអំណោយនេះ? ដើម្បីដឹងចម្លើយ សូមអាន យ៉ូហាន ៣:១៦ និង១៧:៣។ ឥឡូវ សូមឲ្យយើងពិចារណានូវអ្វីដែលគម្ពីរប្រាប់អំពីជីវិតក្នុងសួនឧទ្យាននៅផែនដី។
១៧, ១៨. តើយើងដឹងយ៉ាងដូចម្ដេចថានឹងមានសេចក្ដីសុខសាន្តគ្រប់ទីកន្លែងនៅផែនដី ហើយថាយើងនឹងមានសន្ដិសុខ?
១៧ អំពើទុច្ចរិត សង្គ្រាម ឧក្រិដ្ឋកម្ម អំពើហិង្សានឹងលែងមានទៀត។ នៅពេលនោះនឹងគ្មានមនុស្សអាក្រក់នៅផែនដីទេ។ (ទំនុកតម្កើង ៣៧:១០, ១១) ព្រះនឹងធ្វើឲ្យ«សង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។ (ទំនុកតម្កើង ៤៦:៩; អេសាយ ២:៤) ផែនដីនឹងពេញដោយមនុស្សដែលស្រឡាញ់ព្រះ ហើយស្ដាប់បង្គាប់លោក ព្រមទាំងមានសេចក្ដីសុខសាន្តជារៀងរហូត។—ទំនុកតម្កើង ៧២:៧
១៨ រាស្ត្ររបស់ព្រះយេហូវ៉ានឹងមានសុវត្ថិភាព។ នៅសម័យគម្ពីរ ដរាបណាដែលជនជាតិអ៊ីស្រាអែលស្ដាប់បង្គាប់ព្រះ ដរាបនោះពួកគេមានសេចក្ដីសុខសាន្ត ដោយសារព្រះការពារពួកគេ។ (លេវីវិន័យ ២៥:១៨, ១៩) ក្នុងសួនឧទ្យាន យើងនឹងមិនភ័យខ្លាចអ្វីណាមួយ ឬបុគ្គលណាឡើយ។ យើងនឹងមានសន្ដិសុខជានិច្ច!—សូមអាន អេសាយ ៣២:១៨; មីកា ៤:៤
១៩. ហេតុអ្វីយើងអាចប្រាកដថានឹងមានអាហារជាបរិបូរក្នុងពិភពលោកថ្មីរបស់ព្រះ?
១៩ នឹងមានអាហារជាបរិបូរ។ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។ (ទំនុកតម្កើង ៧២:១៦) ព្រះយេហូវ៉ា«ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ» ហើយ«ដីនឹងបង្កើតផលឡើង»។—ទំនុកតម្កើង ៦៧:៦
២០. តើតាមរបៀបណាយើងដឹងថាផែនដីនឹងក្លាយទៅជាសួនឧទ្យាន?
២០ ផែនដីទាំងមូលនឹងក្លាយទៅជាសួនឧទ្យាន។ មនុស្សនឹងមានផ្ទះស្អាត ព្រមទាំងសួនច្បារដែរ។ (សូមអាន អេសាយ ៦៥:២១-២៤; ការបើកបង្ហាញ ១១:១៨) ផែនដីទាំងមូលនឹងមានសោភ័ណភាពដូចសួនអេដែន។ ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវអ្វីៗទាំងអស់ដែលយើងត្រូវការ។ គម្ពីរចែងអំពីលោកថា៖ «ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុកតម្កើង ១៤៥:១៦
២១. តើយើងដឹងដូចម្ដេចថាមនុស្សហើយសត្វនឹងនៅជាមួយគ្នាដោយសុខសាន្ត?
២១ មនុស្សហើយសត្វនឹងនៅជាមួយគ្នាដោយសុខសាន្ត។ សត្វនឹងមិនធ្វើបាបមនុស្សទៀត។ នៅពេលនោះ សូម្បីតែក្មេងតូចក៏មិនចាំបាច់ខ្លាចសត្វសាហាវនៅសព្វថ្ងៃនេះដែរ។—សូមអាន អេសាយ ១១:៦-៩; ៦៥:២៥
២២. តើលោកយេស៊ូនឹងធ្វើអ្វីចំពោះពួកអ្នកដែលឈឺ?
២២ នឹងគ្មានអ្នកណាឈឺទៀត។ ពេលលោកយេស៊ូនៅផែនដី លោកបានធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយពីជំងឺផ្សេងៗ។ (ម៉ាថាយ ៩:៣៥; ម៉ាកុស ១:៤០-៤២; យ៉ូហាន ៥:៥-៩) លើសជាងនោះទៅទៀត ក្នុងនាមជាស្តេចនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងធ្វើឲ្យមនុស្សទាំងអស់ជាឡើងវិញ។ គ្មានអ្នកណាម្នាក់នឹងនិយាយថា៖ «ខ្ញុំឈឺទៀតឡើយ»។—អេសាយ ៣៣:២៤; ៣៥:៥, ៦
២៣. តើព្រះនឹងធ្វើអ្វីចំពោះមនុស្សដែលបានស្លាប់?
២៣ មនុស្សស្លាប់នឹងរស់ឡើងវិញ។ ព្រះសន្យាថាលោកនឹងប្រោសមនុស្សរាប់លាននាក់ដែលបានស្លាប់ឲ្យរស់ឡើងវិញ។ គម្ពីរចែងថា៖ «មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—សូមអាន យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥
២៤. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះជីវិតក្នុងសួនឧទ្យាន?
២៤ យើងទាំងអស់គ្នាមានការសម្រេចចិត្តមួយ។ យើងអាចសម្រេចចិត្តរៀនអំពីព្រះយេហូវ៉ានិងបម្រើលោក ឬក៏យើងអាចធ្វើអ្វីដែលយើងចង់ធ្វើប៉ុណ្ណោះ។ បើយើងសម្រេចចិត្តបម្រើព្រះយេហូវ៉ា នោះយើងអាចមានអនាគតដ៏ភ្លឺស្វាង។ ពេលបុរសម្នាក់បានសុំលោកយេស៊ូឲ្យនឹកចាំអំពីគាត់ក្រោយពីគាត់បានស្លាប់ នោះលោកយេស៊ូបានសន្យានឹងគាត់ថា៖ «អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។ (លូកា ២៣:៤៣) សូមឲ្យយើងរៀនថែមទៀតអំពីលោកយេស៊ូគ្រិស្ត និងរបៀបដែលលោកនឹងធ្វើឲ្យសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះក្លាយជាការពិត។