ជំពូកទី១១
«ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាម»
គោលចំណុច: ព្រះយេហូវ៉ាតែងតាំងអ្នកចាំយាម ហើយប្រាប់គាត់អំពីអ្វីដែលគាត់ត្រូវធ្វើ
១. សូមរៀបរាប់អំពីអ្វីដែលអ្នកចាំយាមរបស់ព្រះយេហូវ៉ាបានធ្វើ និងអំពីព្រឹត្តិការណ៍ដែលកើតឡើងក្រោយមក។
អ្នកយាមម្នាក់កំពុងឈរនៅលើកំពែងក្រុងយេរូសាឡិម។ កាលដែលថ្ងៃកំពុងលិច គាត់បានយកដៃមកបាំងភ្នែកសង្កេតមើលទៅទិសខាងលិច។ ភ្លាមនោះ គាត់លើកត្រែឡើង ស្រូបខ្យល់ចូល ហើយផ្លុំត្រែនោះដើម្បីព្រមានបណ្ដាជន។ កងទ័ពបាប៊ីឡូនកំពុងមកហើយ! ទោះជាអ្នកក្រុងឮសំឡេងត្រែលាន់ឮក៏ដោយ តែហួសពេលហើយសម្រាប់ពួកគេ។ ព្រោះពួកគេមិនបានយកចិត្តទុកដាក់នឹងការព្រមានរបស់ព្រះទេ។ អស់ជាច្រើនទសវត្សរ៍ ពួកអ្នកចាំយាមឬពួកអ្នកប្រកាសទំនាយដែលព្រះយេហូវ៉ាបានតែងតាំង ព្រមានពួកគេថាថ្ងៃនេះនឹងមកដល់ តែពួកគេមិនស្ដាប់ទេ។ ឥឡូវនេះ ទ័ពបាប៊ីឡូនឡោមព័ទ្ធក្រុងហើយ។ លុះច្រើនខែក្រោយមក ទ័ពបាប៊ីឡូនបានទម្លាយកំពែងក្រុង ចូលទៅបំផ្លាញវិហារ ហើយសម្លាប់អ្នកក្រុងដែលគ្មានជំនឿនិងដែលគោរពបូជារូបព្រះ។ រីឯអ្នកខ្លះទៀត ពួកគេបានត្រូវចាប់យកទៅធ្វើជាឈ្លើយ។
២, ៣. (ក) តើសព្វថ្ងៃមនុស្សជាតិកំពុងជួបប្រទះនឹងស្ថានភាពអ្វី? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
២ សព្វថ្ងៃនេះ ទ័ពរបស់ព្រះយេហូវ៉ាកំពុងធ្វើដំណើរមកវាយប្រហារមនុស្សជាតិដែលគ្មានជំនឿនៅផែនដី។ (បប. ១៧:១២-១៤) ការវាយប្រហារនោះនឹងកើតឡើងនៅផ្នែកចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំងក្នុងប្រវត្តិសាស្ត្រមនុស្ស។ (ម៉ាថ. ២៤:២១) ប៉ុន្តែ គឺមិនទាន់ហួសពេលទេសម្រាប់មនុស្សជាច្រើន ដែលធ្វើតាមការព្រមានពីពួកអ្នកចាំយាមដែលព្រះយេហូវ៉ាបានតែងតាំង។
៣ តើអ្វីជំរុញឲ្យព្រះយេហូវ៉ាតែងតាំងពួកអ្នកចាំយាម? តើអ្នកចាំយាមប្រកាសដំណឹងបែបណា? តើអ្នកណាបំពេញតួនាទីនេះ? ហើយតើយើងមានតួនាទីអ្វី? សូមឲ្យយើងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
«អ្នកត្រូវព្រមានពួកគេជំនួសខ្ញុំ»
៤. ហេតុអ្វីព្រះយេហូវ៉ាតែងតាំងពួកអ្នកចាំយាម? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ សូមអាន អេសេគាល ៣៣:៧។ តាមធម្មតាពួកអ្នកចាំយាមឈរនៅលើកំពែងក្រុង ដើម្បីមើលការពារសុវត្ថិភាពរបស់អ្នកក្រុងនោះ។ ការមានពួកអ្នកចាំយាមជាភ័ស្តុតាងបញ្ជាក់ថា អ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះរាស្ត្រខ្លួន។ ទោះជាសំឡេងត្រែរបស់អ្នកចាំយាមប្រហែលជាធ្វើឲ្យអស់អ្នកដែលកំពុងដេកលក់ភ្ញាក់ក៏ដោយ តែសំឡេងព្រមាននោះអាចសង្គ្រោះជីវិតអស់អ្នកដែលធ្វើតាមការព្រមាននោះ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានតែងតាំងពួកអ្នកចាំយាម មិនមែនលោកចង់បំភ័យជនជាតិអ៊ីស្រាអែលដោយដំណឹងអាក្រក់ទេ តែដោយសារលោកយកចិត្តទុកដាក់ចំពោះរាស្ត្ររបស់លោក ហើយចង់សង្គ្រោះជីវិតពួកគេ។
៥, ៦. តើរបៀបមួយដែលព្រះយេហូវ៉ាបង្ហាញអំពីយុត្តិធម៌របស់លោកគឺជាអ្វី?
៥ ពេលតែងតាំងអេសេគាលឲ្យធ្វើជាអ្នកចាំយាម ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យឃើញផ្នែកផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់លោក ដែលជួយឲ្យយើងមានទំនុកចិត្តលើលោក។ សូមពិចារណាផ្នែកពីរនៃបុគ្គលិកលក្ខណៈរបស់លោក។
៦ យុត្តិធម៌: ព្រះយេហូវ៉ាបង្ហាញយុត្តិធម៌របស់លោក ដោយប្រព្រឹត្តមិនរើសមុខមកលើយើងម្នាក់ៗ។ ជាឧទាហរណ៍ ទោះជាជនជាតិអ៊ីស្រាអែលជាច្រើនបានឮដំណឹងដែលអេសេគាលប្រកាស ហើយមិនធ្វើតាមក្ដី ក៏ព្រះយេហូវ៉ាមិនចាត់ទុកពួកគេទាំងអស់ជាក្រុមបះបោរដែរ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាចង់ឃើញពួកគេម្នាក់ៗប្រែចិត្ត ហើយលោកមានប្រសាសន៍ម្ដងហើយម្ដងទៀតអំពីការព្រមានដល់«មនុស្សសុចរិត»និង«មនុស្សទុច្ចរិត»។ ហេតុនេះ ព្រះយេហូវ៉ាវិនិច្ឆ័យពួកគេម្នាក់ៗដោយផ្អែកទៅលើប្រតិកម្មរបស់ពួកគេចំពោះដំណឹងនោះ។—អេគ. ៣៣:៨, ១៨-២០
៧. តើព្រះយេហូវ៉ាវិនិច្ឆ័យមនុស្សដោយផ្អែកទៅលើអ្វី?
៧ បន្ថែមទៅទៀត យើងអាចឃើញយុត្តិធម៌របស់ព្រះយេហូវ៉ាតាមរបៀបដែលលោកវិនិច្ឆ័យទោសមនុស្ស។ លោកកាត់ទោសបុគ្គលម្នាក់ៗតាមរយៈការប្រព្រឹត្តរបស់ពួកគេចំពោះការព្រមាននៅពេលបច្ចុប្បន្ន មិនមែនចំពោះការប្រព្រឹត្តរបស់ពួកគេនៅអតីតកាលនោះទេ។ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អេសេគាលថា៖ «ពេលខ្ញុំនិយាយទៅមនុស្សទុច្ចរិតថា៖ ‹អ្នកនឹងស្លាប់ជាប្រាកដ!› តែបើមនុស្សទុច្ចរិតនោះកែខ្លួនឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ហើយបែរមកប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌វិញ . . . នោះគាត់នឹង . . . បន្តរស់រានមានជីវិត»។ ព្រះយេហូវ៉ាមានប្រសាសន៍បន្ថែមទៀតថា៖ «ឯអំពើខុសឆ្គងទាំងប៉ុន្មានដែលគាត់បានប្រព្រឹត្ត នឹងគ្មាននរណានឹកចាំទៀតទេ»។ (អេគ. ៣៣:១៤-១៦) ផ្ទុយទៅវិញ អស់អ្នកដែលបះបោរប្រឆាំងនៅឥឡូវនេះមិនអាចរំពឹងថាព្រះនឹងអភ័យទោសឲ្យគាត់ ដោយសារតែគាត់ធ្លាប់ប្រព្រឹត្តសុចរិតនិងស្ដាប់បង្គាប់នៅអតីតកាលនោះទេ។ ព្រះយេហូវ៉ាក៏បានមានប្រសាសន៍ដែរថា បើបុគ្គលម្នាក់បែរទៅធ្វើខុសដោយ«អាងថាខ្លួនជាមនុស្សសុចរិត អ្នកនោះនឹងស្លាប់ដោយសារកំហុសឆ្គងរបស់ខ្លួន។ រីឯអំពើសុចរិតទាំងប៉ុន្មានរបស់គាត់ នឹងគ្មានអ្នកណានឹកចាំទៀតឡើយ»។—អេគ. ៣៣:១៣
៨. តើការព្រមានទុកជាមុនបង្រៀនយើងយ៉ាងណាអំពីយុត្តិធម៌របស់ព្រះយេហូវ៉ា?
៨ មិនត្រឹមតែប៉ុណ្ណោះ យើងអាចឃើញយុត្តិធម៌របស់ព្រះយេហូវ៉ា តាមរយៈការព្រមានដែលលោកបានប្រាប់ មុននឹងលោកចាត់វិធានការ។ អេសេគាលចាប់ផ្ដើមបំពេញភារកិច្ចរបស់គាត់ក្នុងការព្រមាន ប្រហែល៦ឆ្នាំមុននឹងកងទ័ពបាប៊ីឡូនមកបំផ្លាញក្រុងយេរូសាឡិម។ ប៉ុន្តែ អេសេគាលមិនមែនជាបុគ្គលដំបូងដែលព្រមានរាស្ត្រព្រះថាពួកគេនឹងទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួននោះទេ។ ជាង១០០ឆ្នាំមុនការបំផ្លាញក្រុងយេរូសាឡិម ព្រះយេហូវ៉ាបានចាត់អ្នកប្រកាសទំនាយដូចជាហូសេ អេសាយ មីកា អូដេត និងយេរេមាឲ្យបំពេញតួនាទីជាអ្នកចាំយាម។ ព្រះយេហូវ៉ាបានចាត់យេរេមាឲ្យទៅរំលឹកបណ្ដាជនអ៊ីស្រាអែលថា៖ «ខ្ញុំក៏បានតែងតាំងពួកអ្នកយាម ហើយពួកគេបាននិយាយថា៖ ‹ចូរប្រុងស្ដាប់សំឡេងផ្លុំស្នែងទៅ!›»។ (យេ. ៦:១៧) ដូច្នេះ ពេលដែលព្រះយេហូវ៉ាកាត់ទោសពួកគេតាមរយៈពួកបាប៊ីឡូន នោះពួកគេមិនអាចទម្លាក់កំហុសទៅលើព្រះយេហូវ៉ានិងពួកអ្នកចាំយាមចំពោះការបាត់បង់ជីវិតមនុស្សជាច្រើននោះឡើយ។
៩. តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់?
៩ សេចក្ដីស្រឡាញ់: ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដោយចាត់ពួកអ្នកចាំយាមរបស់លោក ឲ្យទៅព្រមានមិនគ្រាន់តែមនុស្សសុចរិតប៉ុណ្ណោះទេ តែក៏ព្រមានមនុស្សទុច្ចរិតផងដែរ គឺពួកអ្នកដែលធ្វើឲ្យលោកឈឺចិត្តនិងធ្វើឲ្យនាមរបស់លោកអាប់ឱន។ សូមគិតទៅមើល បណ្ដាជនអ៊ីស្រាអែលដែលគេស្គាល់ថាជារាស្ត្ររបស់ព្រះបែរជាក្បត់លោកម្ដងហើយម្ដងទៀត ហើយទៅគោរពបូជាព្រះមិនពិតទៅវិញ! ព្រះយេហូវ៉ាបានបញ្ជាក់អំពីការឈឺចាប់យ៉ាងខ្លាំងរបស់លោកចំពោះការក្បត់នេះ ដោយប្រៀបប្រដូចប្រជាជាតិនេះទៅនឹងប្រពន្ធដែលផិតក្បត់។ (អេគ. ១៦:៣២) ទោះជាយ៉ាងនេះក៏ដោយ ព្រះយេហូវ៉ាមិនឆាប់បោះបង់ចោលពួកគេទេ។ លោកស្វែងរកការផ្សះផ្សា មិនមែនការសងសឹកឡើយ។ ពេលដែលលោកហូតដាវវិនិច្ឆ័យទោសពួកគេ នោះគឺជាជម្រើសចុងក្រោយ មិនមែនជាជម្រើសដំបូងទេ។ ហេតុអ្វី? លោកបានប្រាប់អេសេគាលថា៖ «ខ្ញុំមិនត្រេកអរទេ ពេលឃើញមនុស្សទុច្ចរិតស្លាប់។ ប៉ុន្តែ ខ្ញុំពេញចិត្តណាស់ពេលឃើញមនុស្សទុច្ចរិតកែខ្លួន ហើយបន្តរស់រានមានជីវិត»។ (អេគ. ៣៣:១១) នេះជាអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះមនុស្សនៅសម័យមុន ហើយលោកក៏មានអារម្មណ៍ដូច្នេះដែរចំពោះមនុស្សនៅសព្វថ្ងៃនេះ។—ម៉ាឡ. ៣:៦
១០, ១១. តើយើងទាញមេរៀនអ្វីខ្លះពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះរាស្ត្រលោក?
១០ តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលប្រកបដោយយុត្តិធម៌និងសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះបណ្ដាជនអ៊ីស្រាអែល? មេរៀនមួយគឺយើងមិនត្រូវចាត់ទុកមនុស្សដែលយើងផ្សព្វផ្សាយថាជាក្រុមមនុស្សដែលមិនអាចកែប្រែបាននោះឡើយ តែយើងចង់ផ្ដោតអារម្មណ៍ទៅលើចំណុចល្អរបស់ពួកគេម្នាក់ៗ។ គឺមិនត្រឹមត្រូវទេ បើយើងវិនិច្ឆ័យទុកជាមុនថាមនុស្សណាម្នាក់មិនសមនឹងឮដំណឹងដែលយើងផ្សាយ ដោយសារតែការប្រព្រឹត្តពីមុនរបស់គាត់។ ម្យ៉ាងទៀត បើយើងវិនិច្ឆ័យបុគ្គលម្នាក់ដោយសារតែពណ៌សម្បុរ ឋានៈសង្គម ឬភាសា ឬមជ្ឈដ្ឋានរបស់គាត់ នោះគឺមិនត្រឹមត្រូវឡើយ។ ព្រះយេហូវ៉ាបានបង្រៀនសាវ័កពេត្រុសនូវមេរៀនដ៏សំខាន់មួយដែលមានឥទ្ធិពលរហូតដល់សព្វថ្ងៃនេះ ដែលថា៖ «ព្រះមិនរើសមុខទេ។ ប៉ុន្តែ នៅគ្រប់ប្រជាជាតិ អ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ លោកពេញចិត្តអ្នកនោះ»។—សកម្ម. ១០:៣៤, ៣៥
១១ មេរៀនដ៏សំខាន់មួយទៀត គឺថាយើងត្រូវគិតពិចារណាអំពីខ្លួនយើងឲ្យបានដិតដល់។ អំពើសុចរិតដែលយើងធ្លាប់ធ្វើពីមុន មិនអាចជាលេសឲ្យយើងប្រព្រឹត្តអំពើខុសឆ្គងនៅពេលឥឡូវនេះទេ។ យើងគួរចាំថា យើងក៏មានទំនោរចិត្តខុសឆ្គងដូចមនុស្សដែលនៅតំបន់ផ្សាយរបស់យើងដែរ។ ឱវាទដែលសាវ័កប៉ូលឲ្យដល់ក្រុមជំនុំនៅក្រុងកូរិនថូសក៏ជាប់ទាក់ទងនឹងយើងដែរ។ ឱវាទនោះចែងថា៖ «ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល។ គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ»។ (១កូ. ១០:១២, ១៣) យើងមិនចង់«អាងថាខ្លួនជាមនុស្សសុចរិត» និងអាងថាយើងកំពុងធ្វើកិច្ចការល្អជាច្រើន ហើយយកនោះជាលេសប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា រួចគិតថាខ្លួននឹងមិនទទួលទោសនោះទេ។ (អេគ. ៣៣:១៣) មិនថាយើងបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក៏ដោយ គឺជាការចាំបាច់ឲ្យយើងរក្សាចិត្តគំនិតរាបទាបនិងចេះស្ដាប់បង្គាប់។
១២. បើយើងធ្វើខុសធ្ងន់ធ្ងរនៅអតីតកាល តើយើងគួរចាំអំពីអ្វី?
១២ ចុះបើយើងបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរនៅអតីតកាល តែឥឡូវមានអារម្មណ៍ស្ដាយក្រោយ? តាមរយៈដំណឹងពីអេសេគាល យើងរៀនថាព្រះយេហូវ៉ានឹងដាក់ទោសអស់អ្នកធ្វើខុសដែលមិនប្រែចិត្ត។ ប៉ុន្តែ យើងក៏រៀនដែរថាគុណសម្បត្តិចម្បងរបស់ព្រះយេហូវ៉ាគឺសេចក្ដីស្រឡាញ់។ ដូច្នេះ លោកជាព្រះនៃសេចក្ដីស្រឡាញ់ មិនមែនជាព្រះនៃការសងសឹកទេ។ (១យ៉ូន. ៤:៨) បើយើងបង្ហាញតាមរយៈការប្រព្រឹត្តរបស់យើងថាយើងប្រែចិត្តមែន យើងមិនគួរមានអារម្មណ៍ថាព្រះមិនអាចអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើងបានឡើយ។ (យ៉ា. ៥:១៤, ១៥) ព្រះយេហូវ៉ាពេញចិត្តអភ័យទោសឲ្យបណ្ដាជនអ៊ីស្រាអែលដែលក្បត់លោក ដូច្នេះលោកក៏ពេញចិត្តអភ័យទោសឲ្យយើងដែរ។—ចសព. ៨៦:៥
«ចូរនិយាយទៅកាន់ជនរួមជាតិអ្នក»
១៣, ១៤. (ក) តើដំណឹងបែបណាដែលពួកអ្នកចាំយាមត្រូវប្រកាស? (ខ) តើអេសាយបានប្រកាសដំណឹងអ្វី?
១៣ សូមអាន អេសេគាល ៣៣:២, ៣។ តើដំណឹងបែបណាដែលពួកអ្នកចាំយាមរបស់ព្រះយេហូវ៉ាត្រូវប្រកាស? ផ្នែកដ៏សំខាន់មួយនៃភារកិច្ចរបស់ពួកគេគឺព្រមានបណ្ដាជន តែពួកគេក៏ត្រូវប្រកាសដំណឹងល្អដែរ។ សូមពិចារណាឧទាហរណ៍ខ្លះ។
១៤ ប្រហែលនៅឆ្នាំ៧៧៨ដល់ឆ្នាំ៧៣២ មុនគ.ស. អេសាយបានបំពេញភារកិច្ចជាអ្នកប្រកាសទំនាយ។ គាត់ព្រមានថាពួកបាប៊ីឡូននឹងចាប់យកក្រុងយេរូសាឡិម ហើយចាប់អ្នកក្រុងធ្វើជាឈ្លើយ។ (អេ. ៣៩:៥-៧) ប៉ុន្តែ ព្រះក៏បានដឹកនាំគាត់ឲ្យសរសេរថា៖ «ចូរស្ដាប់! ពួកអ្នកចាំយាមរបស់អ្នកកំពុងបន្លឺសំឡេងឡើង ពួកគេស្រែកឡើងព្រមគ្នាដោយអំណរ ព្រោះពួកគេនឹងឃើញយ៉ាងច្បាស់នៅពេលដែលព្រះយេហូវ៉ា យកស៊ីយ៉ូនត្រឡប់មកវិញ»។ (អេ. ៥២:៨) អេសាយបានប្រកាសដំណឹងដ៏ល្អបំផុតគឺការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញ!
១៥. តើយេរេមាបានប្រកាសដំណឹងអ្វី?
១៥ ចាប់ពីឆ្នាំ៦៤៧ដល់ឆ្នាំ៥៨០ មុនគ.ស. យេរេមាបម្រើជាអ្នកប្រកាសទំនាយ។ ជាញឹកញយ បណ្ដាជនដាក់ងារឲ្យគាត់ថា«ជនដែលប្រកាសពីអន្តរាយ»។ គាត់ច្បាស់ជាបំពេញភារកិច្ចរបស់ខ្លួនយ៉ាងប្រសើរក្នុងការព្រមានជនជាតិអ៊ីស្រាអែលដ៏ទុច្ចរិត អំពីអន្តរាយដែលព្រះយេហូវ៉ានឹងនាំមកលើពួកគេ។a ប៉ុន្តែ យេរេមាក៏ប្រកាសអំពីដំណឹងល្អដែរ ដោយប្រាប់ទុកជាមុនថារាស្ត្ររបស់ព្រះនឹងត្រឡប់មកស្រុករបស់ពួកគេវិញ ហើយរៀបចំការគោរពប្រណិប័តន៍ពិតសាជាថ្មីនៅទីនោះ។—យេ. ២៩:១០-១៤; ៣៣:១០, ១១
១៦. តើតាមរបៀបណាដំណឹងរបស់អេសេគាលផ្ដល់ប្រយោជន៍ដល់ជននិរទេសនៅបាប៊ីឡូន?
១៦ នៅឆ្នាំ៦១៣ មុនគ.ស. អេសេគាលបានត្រូវតែងតាំងជាអ្នកចាំយាម ហើយគាត់បានបន្តបំពេញភារកិច្ចនោះយ៉ាងហោចណាស់ដល់ឆ្នាំ៥៩១ មុនគ.ស.។ ដូចយើងបានរៀននៅជំពូកទី៥និង៦ អេសេគាលបានព្រមានបណ្ដាជនអ៊ីស្រាអែលយ៉ាងខ្នះខ្នែងអំពីការបំផ្លាញដែលនឹងធ្លាក់មកលើពួកគេ។ ដោយធ្វើដូច្នេះ គាត់បានរួចពីទោសឈាមរបស់មនុស្សដែលនឹងស្លាប់។ នៅដំណាលគ្នានោះ គាត់មិនគ្រាន់តែព្រមានជននិរទេសថាព្រះយេហូវ៉ានឹងដាក់ទោសពួកអ្នកក្បត់ជំនឿនៅក្រុងយេរូសាឡិមប៉ុណ្ណោះទេ តែគាត់ក៏បានជួយជននិរទេសនៅស្រុកបាប៊ីឡូនឲ្យរក្សាចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា ដើម្បីពួកគេអាចត្រៀមខ្លួនសម្រាប់កិច្ចការនៅថ្ងៃអនាគត។ នៅដំណាច់៧០ឆ្នាំនៃការជាប់ជាឈ្លើយ ព្រះយេហូវ៉ានឹងនាំរាស្ត្ររបស់លោកដែលនៅសល់ ត្រឡប់ទៅស្រុកអ៊ីស្រាអែលដែលបានត្រូវស្ថាបនាឡើងវិញ។ (អេគ. ៣៦:៧-១១) បណ្ដាជនទាំងនេះភាគច្រើនជាកូនចៅរបស់ពួកអ្នកដែលយកចិត្តទុកដាក់ស្ដាប់អេសេគាល។ ដូចជំពូកផ្សេងទៀតក្នុងផ្នែកទី៣នេះបានរៀបរាប់ មានដំណឹងល្អជាច្រើនដែលអេសេគាលបានប្រាប់ ដែលបញ្ជាក់ថាការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញនៅក្រុងយេរូសាឡិម។
១៧. តើព្រះយេហូវ៉ាបានតែងតាំងពួកអ្នកចាំយាមនៅពេលណា?
១៧ ក្នុងអំឡុងពេលមុនការបំផ្លាញក្រុងយេរូសាឡិមក្នុងឆ្នាំ៦០៧ មុនគ.ស. មានពួកអ្នកប្រកាសទំនាយមួយចំនួនដែលប្រាប់ដំណឹងពីព្រះដល់រាស្ត្រលោក។ តើមានតែពួកគាត់ប៉ុណ្ណោះឬដែលព្រះយេហូវ៉ាបានតែងតាំងជាអ្នកចាំយាម? មិនមែនទេ។ រាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងពេលដែលព្រះយេហូវ៉ាសម្រេចគោលបំណងរបស់លោក លោកបានតែងតាំងពួកអ្នកចាំយាមឲ្យព្រមានមនុស្សទុច្ចរិត និងឲ្យប្រកាសដំណឹងល្អ។
ពួកអ្នកចាំយាមនៅសតវត្សរ៍ទី១
១៨. តើយ៉ូហានដែលជាអ្នកជ្រមុជទឹកបានបំពេញភារកិច្ចអ្វី?
១៨ នៅសតវត្សរ៍ទី១ គ.ស. យ៉ូហានដែលជាអ្នកជ្រមុជទឹកបានបំពេញភារកិច្ចជាអ្នកចាំយាម។ គាត់បានព្រមានជនជាតិអ៊ីស្រាអែលថា បន្តិចទៀតព្រះនឹងលែងទទួលស្គាល់ពួកគេ។ (ម៉ាថ. ៣:១, ២, ៩-១១) ប៉ុន្តែ គាត់មិនត្រឹមតែបំពេញភារកិច្ចនោះប៉ុណ្ណោះទេ តែគាត់ធ្វើច្រើនជាងនោះទៅទៀត។ លោកយេស៊ូបានមានប្រសាសន៍ថាយ៉ូហានគឺជា«ទូត»ដែលបានត្រូវប្រកាសទុកជាមុន ហើយគាត់នឹងរៀបចំផ្លូវឲ្យមេស្ស៊ី។ (ម៉ាឡ. ៣:១; ម៉ាថ. ១១:៧-១០) ភារកិច្ចរបស់គាត់រួមបញ្ចូលការប្រកាសដំណឹងល្អ ដែលថាលោកយេស៊ូជា«កូនចៀមរបស់ព្រះ»បានមកដល់ ហើយលោកនឹងដកយក«ភាពខុសឆ្គងរបស់ពិភពលោកចេញ»។—យ៉ូន. ១:២៩, ៣០
១៩, ២០. តើតាមរបៀបណាលោកយេស៊ូនិងពួកអ្នកកាន់តាមលោកបំពេញភារកិច្ចជាអ្នកចាំយាម?
១៩ ក្នុងចំណោមអ្នកចាំយាមទាំងអស់ លោកយេស៊ូគឺជាអ្នកចាំយាមដែលសំខាន់ជាងគេបំផុត។ ដូចព្រះយេហូវ៉ាបានចាត់អេសេគាល លោកក៏បានចាត់លោកយេស៊ូឲ្យទៅប្រកាសដំណឹងដល់«ពូជពង្សអ៊ីស្រាអែល»ដែរ។ (អេគ. ៣:១៧; ម៉ាថ. ១៥:២៤) លោកយេស៊ូបានព្រមានថាបន្តិចទៀត ព្រះនឹងលែងទទួលស្គាល់ប្រជាជាតិអ៊ីស្រាអែល ហើយប្រាប់ថាក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោល។ (ម៉ាថ. ២៣:៣៧, ៣៨; ២៤:១, ២; លូក. ២១:២០-២៤) ទោះជាយ៉ាងនោះក្ដី ភារកិច្ចចម្បងរបស់លោកគឺប្រកាសដំណឹងល្អ។—លូក. ៤:១៧-២១
២០ កាលដែលលោកយេស៊ូនៅផែនដី លោកប្រាប់ពួកអ្នកកាន់តាមលោកចំៗថា៖ «ចូរចាំយាម»។ (ម៉ាថ. ២៤:៤២) ពួកគេបានធ្វើតាមបង្គាប់លោក ហើយបំពេញភារកិច្ចជាអ្នកចាំយាម ដោយព្រមានថាព្រះយេហូវ៉ាលែងទទួលស្គាល់ប្រជាជាតិអ៊ីស្រាអែលនិងក្រុងយេរូសាឡិមទៀតហើយ។ (រ៉ូម ៩:៦-៨; កាឡ. ៤:២៥, ២៦) ដូចពួកអ្នកចាំយាមនៅសម័យមុន ពួកអ្នកកាន់តាមលោកយេស៊ូក៏ត្រូវប្រកាសដំណឹងល្អដែរ។ ដំណឹងរបស់ពួកគេរួមបញ្ចូលសេចក្ដីប្រកាសដ៏អស្ចារ្យ ដែលថាជនជាតិដទៃនឹងត្រូវអនុញ្ញាតឲ្យរួមចំណែកជាមួយនឹងពួកអ្នករើសតាំងដែលជាអ៊ីស្រាអែលនៃព្រះ ហើយមានឯកសិទ្ធិជួយគ្រិស្តរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញនៅផែនដី។—សកម្ម. ១៥:១៤; កាឡ. ៦:១៥, ១៦; បប. ៥:៩, ១០
២១. តើប៉ូលបានទុកគំរូអ្វី?
២១ ក្នុងចំណោមពួកអ្នកចាំយាមនៅសតវត្សរ៍ទី១ សាវ័កប៉ូលបានទុកគំរូដ៏ប្រសើរ។ គាត់បានបំពេញភារកិច្ចខ្លួនយ៉ាងហ្មត់ចត់។ ដូចអេសេគាល គាត់ដឹងថាគាត់នឹងមានទោសចំពោះឈាមរបស់មនុស្ស បើគាត់មិនបំពេញភារកិច្ចរបស់គាត់។ (សកម្ម. ២០:២៦, ២៧) ប៉ូលបានដើរតាមលំអានដានរបស់ពួកអ្នកចាំយាមឯទៀត ដោយប្រកាសដំណឹងល្អដែរ មិនគ្រាន់តែប្រកាសអំពីការព្រមានប៉ុណ្ណោះទេ។ (សកម្ម. ១៥:៣៥; រ៉ូម ១:១-៤) តាមពិត ក្រោមការដឹកនាំពីឫទ្ធានុភាពបរិសុទ្ធ គាត់បានដកស្រង់ទំនាយដែលអេសាយបានកត់ទុក ដែលថា៖ «នៅលើភ្នំមានអ្នកដែលកំពុងនាំដំណឹងល្អមក ជើងរបស់គាត់គឺស្អាតណាស់ហ្ន៎!»។ បន្ថែមទៅទៀត គាត់បានបញ្ជាក់ថាពាក្យនេះសំដៅទៅលើកិច្ចការដែលពួកអ្នកកាន់តាមគ្រិស្តធ្វើ កាលដែលពួកគេផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ។—អេ. ៥២:៧, ៨; រ៉ូម ១០:១៣-១៥
២២. តើមានអ្វីកើតឡើងក្រោយពីពួកសាវ័កបានស្លាប់?
២២ ក្រោយពីពួកសាវ័កបានស្លាប់ ដូចបានប្រកាសទុកជាមុន មានពួកអ្នកក្បត់ជំនឿជាច្រើនជ្រៀតចូលក្នុងក្រុមជំនុំគ្រិស្តសាសនិក។ (សកម្ម. ២០:២៩, ៣០; ២ថែ. ២:៣-៨) អស់រយៈពេលជាយូរ គ្រិស្តសាសនិកក្លែងក្លាយដែលប្រៀបដូចជាស្រងែ មានចំនួនច្រើនជាងពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្តដែលប្រៀបដូចជាស្រូវសាលី ហើយដំណឹងយ៉ាងជាក់ច្បាស់អំពីរាជាណាចក្រព្រះបានត្រូវគ្របបាំងដោយសេចក្ដីបង្រៀនមិនពិត។ (ម៉ាថ. ១៣:៣៦-៤៣) ប៉ុន្តែ ពេលគ្រាដែលព្រះយេហូវ៉ាធ្វើអន្តរាគមន៍មកដល់ លោកបង្ហាញសេចក្ដីស្រឡាញ់និងយុត្តិធម៌ម្ដងទៀត ដោយតែងតាំងពួកអ្នកចាំយាមឲ្យប្រកាសដំណឹងល្អនិងការព្រមានចំៗ។ តើអ្នកណាជាអ្នកចាំយាមទាំងនោះ?
ព្រះយេហូវ៉ាបានចាត់អ្នកចាំយាមម្ដងទៀតឲ្យទៅព្រមានមនុស្សអាក្រក់
២៣. តើបងរ៉ាសិលនិងអ្នករួមការងារជាមួយគាត់បំពេញតួនាទីអ្វី?
២៣ ក្នុងអំឡុងពេលមុនឆ្នាំ១៩១៤ បងឆាល ថេស រ៉ាសិល និងពួកអ្នករួមការងារជាមួយគាត់ បានបំពេញភារកិច្ចជា«ទូត»ដែលនឹង«សម្អាតផ្លូវ» មុននឹងរាជាណាចក្រមេស្ស៊ីបានត្រូវស្ថាបនាឡើង។b (ម៉ាឡ. ៣:១) ក្រុមនោះបានបំពេញភារកិច្ចជាអ្នកចាំយាម ដោយប្រើទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនដែលប្រកាសវត្តមានរបស់គ្រិស្ត ដើម្បីជួយព្រមានអំពីការវិនិច្ឆ័យរបស់ព្រះ និងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់លោក។
២៤. (ក) តើតាមរបៀបណាខ្ញុំបម្រើដ៏ស្មោះត្រង់បំពេញភារកិច្ចជាអ្នកចាំយាម? (ខ) តើអ្នកទាញមេរៀនអ្វីពីគំរូរបស់ពួកអ្នកចាំយាមនៅសម័យបុរាណ? (សូមមើលប្រអប់«ពួកអ្នកចាំយាមដែលជាគំរូល្អ»)
២៤ ក្រោយរាជាណាចក្រព្រះបានត្រូវស្ថាបនាឡើង លោកយេស៊ូបានតែងតាំងបុរសមួយក្រុមតូចឲ្យបម្រើជាខ្ញុំបម្រើដ៏ស្មោះត្រង់។ (ម៉ាថ. ២៤:៤៥-៤៧) ចាប់តាំងពីពេលនោះមក ខ្ញុំបម្រើដ៏ស្មោះត្រង់ដែលសព្វថ្ងៃនេះយើងហៅថាគណៈអភិបាល បានបំពេញភារកិច្ចជាអ្នកចាំយាម។ ពួកគាត់នាំមុខក្នុងការប្រកាសការព្រមានអំពី«ថ្ងៃសងសឹករបស់ព្រះ» និងប្រកាសអំពី«ឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត»។—អេ. ៦១:២; សូមពិនិត្យបន្ថែម កូរិនថូសទី២ ៦:១, ២
២៥, ២៦. (ក) តើអ្នកកាន់តាមទាំងអស់របស់គ្រិស្តត្រូវបំពេញភារកិច្ចអ្វី? ហើយតើតាមរបៀបណា? (ខ) តើយើងនឹងពិចារណាអ្វីនៅជំពូកបន្ទាប់?
២៥ កាលដែលខ្ញុំបម្រើដ៏ស្មោះត្រង់កំពុងនាំមុខក្នុងកិច្ចការជាអ្នកចាំយាម លោកយេស៊ូបានប្រគល់ភារកិច្ចដល់អ្នកកាន់តាមលោក«គ្រប់គ្នា»ឲ្យ«ចាំយាម»។ (ម៉ាក. ១៣:៣៣-៣៧) យើងស្ដាប់បង្គាប់លោក ដោយបន្តចាំយាម ហើយគាំទ្រយ៉ាងស្មោះចំពោះខ្ញុំបម្រើដ៏ស្មោះត្រង់ដែលជាអ្នកចាំយាមនៅសព្វថ្ងៃនេះ។ យើងបង្ហាញថាយើងចាំយាមដោយបំពេញភារកិច្ចរបស់យើងជាអ្នកផ្សព្វផ្សាយ។ (២ធី. ៤:២) តើអ្វីជំរុញចិត្តយើងឲ្យធ្វើដូច្នេះ? មូលហេតុមួយ គឺយើងចង់សង្គ្រោះជីវិតមនុស្ស។ (១ធី. ៤:១៦) មិនយូរទៀត មនុស្សជាច្រើននឹងបាត់បង់ជីវិតដោយសារពួកគេមិនអើពើនឹងការព្រមានពីអ្នកចាំយាមនៅសព្វថ្ងៃ។ (អេគ. ៣:១៩) ប៉ុន្តែ អ្វីចម្បងដែលជំរុញចិត្តយើង គឺយើងចង់ចែករំលែកដំណឹងដ៏ល្អបំផុត ពោលគឺការគោរពប្រណិប័តន៍ពិតបានត្រូវរៀបចំឡើងវិញហើយ! នាពេលឥឡូវនេះជា«ឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត» មនុស្សជាច្រើននៅមានឱកាសរួមចំណែកជាមួយយើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់និងយុត្តិធម៌។ មិនយូរទៀត មនុស្សទាំងអស់ដែលរួចជីវិតពីទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ នឹងទទួលប្រយោជន៍ពីការគ្រប់គ្រងដែលប្រកបដោយសេចក្ដីមេត្តាករុណារបស់លោកយេស៊ូគ្រិស្តជាបុត្រព្រះ។ គ្មានអ្វីអាចរារាំងយើងពីការជ្រោមជ្រែងខ្ញុំបម្រើដ៏ស្មោះត្រង់ដែលជាអ្នកចាំយាម ក្នុងការប្រកាសដំណឹងល្អដូចនេះឡើយ!—ម៉ាថ. ២៤:១៤
២៦ សូម្បីតែមុនទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះមកដល់ ព្រះយេហូវ៉ាបានបង្រួបបង្រួមរាស្ដ្ររបស់លោកឲ្យមានសាមគ្គីភាពតាមរបៀបដ៏អស្ចារ្យ។ ជំពូកបន្ទាប់នឹងពិចារណាទំនាយមួយដែលទាក់ទងនឹងឈើពីរ ដែលអេសេគាលបានប្រើដើម្បីបញ្ជាក់អំពីរបៀបដែលការបង្រួបបង្រួមនេះបានកើតឡើង។
a ពាក្យភាសាដើមដែលបកប្រែថា«អន្តរាយ»មានប្រមាណ៦០ដងក្នុងសៀវភៅយេរេមា។
b ដើម្បីមើលការពន្យល់ថែមទៀត និងការសម្រេចទំនាយនេះ សូមមើលសៀវភៅរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ! ជំពូកទី២ «រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌»។