ជំពូកទី៣
«ខ្ញុំឃើញក្នុងគំនិតអំពីលោក»
គោលចំណុច: ការសង្ខេបអំពីអ្វីដែលអេសេគាលឃើញក្នុងគំនិត ស្ដីអំពីរទេះនៅស្ថានសួគ៌
១-៣. (ក) សូមរៀបរាប់អំពីអ្វីដែលអេសេគាលបានឃើញនិងឮ។ (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើអ្វីបានធ្វើឲ្យគាត់ពិសោធដូចនោះ ហើយតើមានឥទ្ធិពលយ៉ាងណាទៅលើគាត់?
អេសេគាលសម្លឹងមើលទៅវាលខ្សាច់ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ គាត់បើកភ្នែកធំៗមិនចង់ជឿអ្វីដែលគាត់កំពុងឃើញនោះទេ។ គាត់ឃើញព្យុះសង្ឃរាកំពុងបក់បោកមកពីទិសខាងជើង តែនោះមិនមែនជាព្យុះធម្មតាទេ។ ពេលដែលខ្យល់ដ៏ខ្លាំងនោះបក់ផាត់សក់និងសម្លៀកបំពាក់របស់គាត់ គាត់ក៏ឃើញពពកយ៉ាងក្រាស់ខ្មួលខ្មាញ់។ ក្នុងពពកនោះមានផ្លេកបន្ទោរភ្លឺចិញ្ចាច។ ពន្លឺនោះធ្វើឲ្យគាត់នឹកឃើញលោហៈដ៏មានតម្លៃ។a កាលដែលពពករសាត់ឆ្ពោះទៅអេសេគាល មានឮសូរសំឡេងមួយកាន់តែខ្លាំងឡើងៗ គឺសូរសន្ធឹកដូចជាក្បួនទ័ពដ៏ធំ។—អេគ. ១:៤, ២៤
២ ពេលនោះ អេសេគាលមានអាយុប្រហែល៣០ឆ្នាំ ហើយអ្វីដែលគាត់ឃើញនេះជាបទពិសោធន៍ដំបូងនៃបទពិសោធន៍ឯទៀតដែលគាត់មិនអាចបំភ្លេចបាន។ គាត់មានអារម្មណ៍ថា«ឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា»មកសណ្ឋិតលើគាត់។ អ្វីដែលឫទ្ធានុភាពរបស់ព្រះបណ្ដាលឲ្យគាត់ឃើញនិងឮ ច្បាស់ជាអស្ចារ្យខ្លាំងណាស់ គឺអស្ចារ្យជាងភាពយន្តនៅសព្វថ្ងៃនេះទៅទៀត។ អ្វីដែលអេសេគាលឃើញក្នុងគំនិត នឹងធ្វើឲ្យគាត់តក់ស្លុតយ៉ាងខ្លាំង រហូតដល់គាត់ក្រាបមុខចុះដល់ដី។—អេគ. ១:៣, ២៨
៣ ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែចង់ឲ្យអេសេគាលមានអារម្មណ៍ស្ញប់ស្ញែងប៉ុណ្ណោះទេ។ ការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិតលើកដំបូង មានអត្ថន័យជ្រាលជ្រៅចំពោះគាត់ និងចំពោះអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។ រីឯការបើកបង្ហាញឲ្យឃើញក្នុងគំនិតផ្សេងទៀតដែលបានត្រូវកត់ទុកក្នុងសៀវភៅដ៏គួរឲ្យរំភើបនេះ ក៏មានអត្ថន័យជ្រាលជ្រៅដែរ។ ហេតុនេះ សូមឲ្យយើងពិចារណាឲ្យបានដិតដល់នូវអ្វីដែលអេសេគាលបានឃើញនិងឮ។
ស្ថានភាព
៤, ៥. ពេលអេសេគាលទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិត តើមានស្ថានភាពយ៉ាងណា?
៤ សូមអាន អេសេគាល ១:១-៣។ ដំបូងយើងចង់គិតអំពីស្ថានភាពនៅពេលនោះ។ គ្រានោះ គឺឆ្នាំ៦១៣ មុនគ.ស.។ ដូចយើងបានរៀននៅជំពូកមុន អេសេគាលកំពុងរស់នៅតំបន់មួយក្បែរទន្លេកេបាក្នុងស្រុកបាប៊ីឡូន ជាមួយនឹងជនរួមជាតិដែលបានត្រូវនិរទេស។ តាមមើលទៅ ទន្លេនោះជាប្រឡាយដែលបែកចេញពីទន្លេអឺប្រាត ហើយក្រោយមកហូរចូលទន្លេអឺប្រាតវិញ។
៥ ក្រុងយេរូសាឡិមដែលជាស្រុកកំណើតរបស់ជននិរទេស មានចម្ងាយ៨០០គីឡូម៉ែត្រ(៥០០ម៉ៃល៍)ពីស្រុកបាប៊ីឡូន។b វិហារដែលឪពុកអេសេគាលធ្លាប់បម្រើជាសង្ឃ បានត្រូវបង្ខូច ហើយពេញទៅដោយការគោរពបូជារូបព្រះ។ រីឯបល្ល័ង្កដែលដាវីឌនិងសាឡូម៉ូនធ្លាប់អង្គុយគ្រប់គ្រងយ៉ាងរុងរឿង បានត្រូវបង្អាប់បង្អោន។ ចំណែកស្ដេចយេហូយ៉ាគីនជាស្ដេចដែលគ្មានជំនឿ ក៏កំពុងជាប់ជាឈ្លើយនៅក្នុងស្រុកបាប៊ីឡូនដែរ។ ឯសេដេគាដែលបានត្រូវតែងតាំងឲ្យគ្រប់គ្រងជំនួសយេហូយ៉ាគីន គាត់ជាមនុស្សអាក្រក់ ហើយគ្រាន់តែជាកូនអុករបស់គេប៉ុណ្ណោះ។—២បស. ២៤:៨-១២, ១៧, ១៩
៦, ៧. ហេតុអ្វីអេសេគាលប្រហែលជាមានអារម្មណ៍ថាគាត់រស់នៅក្នុងគ្រាពិបាក?
៦ ចំពោះពួកអ្នកដែលមានជំនឿដូចអេសេគាល គ្រានោះប្រហែលជាគ្រាដ៏ពិបាកបំផុត។ ក្នុងចំណោមជនរួមជាតិរបស់គាត់ដែលបានត្រូវនិរទេស អ្នកខ្លះប្រហែលជាឆ្ងល់ថា៖ ‹តើព្រះយេហូវ៉ាបោះបង់យើងចោលរហូតឬ? តើបាប៊ីឡូននិងបណ្ដាព្រះមិនពិតរាប់មិនអស់ ពិតជាអាចបំបាត់ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានទេ? ហើយតើមហាអំណាចដ៏អាក្រក់នោះពិតជាអាចបំផ្លាញការគ្រប់គ្រងរបស់លោកចេញពីផែនដីបានឬ?›។
៧ ក្រោយពីដឹងអំពីស្ថានភាពនេះ អ្នកច្បាស់ជាចង់សិក្សាអំពីប្រធានបទនេះថែមទៀត ដោយអានការបើកបង្ហាញលើកដំបូងដ៏រស់រវើកដែលអេសេគាលបានឃើញក្នុងគំនិត មែនទេ? (អេគ. ១:៤-២៨) កាលដែលអ្នកអាន សូមស្រមៃឃើញខ្លួនអ្នកនៅជាមួយអេសេគាល កំពុងមើលអ្វីដែលគាត់ឃើញ និងឮអ្វីដែលគាត់បានឮ។
រទេះដ៏អស្ចារ្យ
៨. ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិត តើអេសេគាលបានឃើញអ្វី ហើយតើនោះតំណាងអ្វី?
៨ បើនិយាយឲ្យចំទៅ តើអេសេគាលបានឃើញអ្វី? អ្វីដែលគាត់បានឃើញ មើលទៅដូចជារទេះដ៏ធំអស្ចារ្យ។ រទេះនោះមានកង់ធំៗបួន អមដោយបុគ្គលវិញ្ញាណបួនរូបដែលក្រោយមកហៅថាចេរូប៊ីន។ (អេគ. ១០:១) នៅលើចេរូប៊ីនមានកម្រាលដ៏ធំមួយមើលទៅដូចជាផ្ទាំងទឹកកក។ នៅលើកម្រាលមានបល្ល័ង្កដ៏រុងរឿង ហើយព្រះយេហូវ៉ាផ្ទាល់អង្គុយនៅលើនោះ។ តើរទេះនោះតំណាងអ្វី? រទេះដែលអេសេគាលឃើញក្នុងគំនិតអាចតំណាងអ្វីតែមួយគត់ គឺផ្នែកស្ថានសួគ៌នៃអង្គការសកលលោកដ៏រុងរឿងរបស់ព្រះយេហូវ៉ា។ ហេតុអ្វីយើងនិយាយដូច្នេះ? សូមពិចារណាកត្ដាបីយ៉ាងដែលនាំឲ្យយើងសន្និដ្ឋានដូចនោះ។
៩. តើតាមរបៀបណាការរៀបរាប់អំពីរទេះបង្ហាញអំពីទំនាក់ទំនងរវាងព្រះយេហូវ៉ានិងបុគ្គលវិញ្ញាណនៅស្ថានសួគ៌?
៩ ទំនាក់ទំនងរវាងព្រះយេហូវ៉ានិងបុគ្គលវិញ្ញាណនៅស្ថានសួគ៌។ សូមកត់សម្គាល់ថានៅក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះ បល្ល័ង្ករបស់ព្រះយេហូវ៉ាស្ថិតនៅលើចេរូប៊ីន។ ស្រដៀងគ្នាដែរ នៅផ្នែកផ្សេងទៀតក្នុងគម្ពីររៀបរាប់ថា ព្រះយេហូវ៉ាអង្គុយនៅលើចេរូប៊ីនឬចន្លោះចេរូប៊ីន។ (សូមអាន បណ្ដាស្ដេចទី២ ១៩:១៥; ដច. ២៥:២២; ចសព. ៨០:១) ការពិតលោកមិនអង្គុយលើចេរូប៊ីនក្នុងន័យត្រង់ ហាក់ដូចជាលោកត្រូវការឲ្យបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាសែងលោកទេ ហើយលោកក៏មិនត្រូវការជិះលើរទេះមែនទែនដែរ។ ផ្ទុយទៅវិញ នោះមានន័យថាចេរូប៊ីនគាំទ្រសិទ្ធិគ្រប់គ្រងរបស់លោក ហើយលោកអាចចាត់ពួកគេទៅកន្លែងណាក៏បានក្នុងសកលលោក ឲ្យធ្វើតាមបំណងប្រាថ្នារបស់លោកដែលជាម្ចាស់ដ៏ឧត្ដមបំផុត។ ដូចទេវតាបរិសុទ្ធឯទៀតរបស់ព្រះយេហូវ៉ា ពួកគេធ្វើតាមការសម្រេចចិត្តរបស់លោក ក្នុងនាមជាអ្នកបម្រើឬជាភ្នាក់ងាររបស់លោក។ (ចសព. ១០៤:៤) ដូច្នេះ ព្រះយេហូវ៉ាប្រៀបដូចជាជិះលើពួកគេក្នុងន័យថា លោកដឹកនាំពួកគេក្នុងនាមជាអ្នកគ្រប់គ្រងរបស់ពួកគេ ហើយពួកគេរួបរួមគ្នាហាក់ដូចជារទេះដ៏ធំមួយ។
១០. តើអ្វីខ្លះបង្ហាញថារទេះស្ថានសួគ៌មិនគ្រាន់តែមានចេរូប៊ីនបួនរូបប៉ុណ្ណោះ?
១០ រទេះស្ថានសួគ៌មិនគ្រាន់តែមានចេរូប៊ីនបួនរូបទេ។ ចេរូប៊ីនដែលអេសេគាលបានឃើញមានបួនរូប។ ជាញឹកញយ ក្នុងគម្ពីរលេខបួនសំដៅទៅលើភាពស៊ីមេទ្រីឬភាពពេញលេញ ពោលគឺដើម្បីរៀបរាប់អ្វីមួយដែលរួមបញ្ចូលបុគ្គលទាំងអស់ក្នុងសកលលោក។ ហេតុនេះ ចេរូប៊ីនបួនរូបបង្ហាញថាពួកគេតំណាងបុគ្គលវិញ្ញាណដ៏ស្មោះភក្ដីទាំងអស់ដែលជាកូនរបស់ព្រះយេហូវ៉ា។ សូមកត់សម្គាល់ថានៅលើកង់និងចេរូប៊ីនមានពេញទៅដោយភ្នែក។ នេះបង្ហាញថាទេវតាទាំងអស់ត្រូវប្រុងស្មារតីចាំយាម មិនមែនគ្រាន់តែចេរូប៊ីនបួនរូបនោះទេ។ ពេលអេសេគាលរៀបរាប់អំពីរទេះនោះថាធំមហិមា នោះធ្វើឲ្យចេរូប៊ីនដ៏អស្ចារ្យមើលទៅតូច។ (អេគ. ១:១៨, ២២; ១០:១២) ស្រដៀងគ្នាដែរ អង្គការរបស់ព្រះយេហូវ៉ាផ្នែកនៅស្ថានសួគ៌ គឺធំធេងខ្លាំងណាស់ មិនគ្រាន់តែមានចេរូប៊ីនបួនរូបប៉ុណ្ណោះទេ។
១១. តើដានីយ៉ែលបានទទួលការបើកបង្ហាញអ្វីដែលស្រដៀងគ្នា ហើយនាំឲ្យយើងសន្និដ្ឋានយ៉ាងណា?
១១ អ្វីដែលដានីយ៉ែលឃើញក្នុងគំនិតអំពីស្ថានសួគ៌ក៏ស្រដៀងនេះដែរ។ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានរស់នៅអស់ជាយូរឆ្នាំជាជននិរទេសក្នុងក្រុងបាប៊ីឡូន ហើយព្រះក៏បានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតអំពីស្ថានសួគ៌ដែរ។ គួរឲ្យចាប់អារម្មណ៍ នៅក្នុងការបើកបង្ហាញនោះ គាត់ឃើញបល្ល័ង្ករបស់ព្រះយេហូវ៉ាមានកង់។ អ្វីដែលដានីយ៉ែលឃើញក្នុងគំនិតនោះ ផ្ដោតទៅលើក្រុមគ្រួសារដ៏ធំរបស់ព្រះយេហូវ៉ាដែលជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌។ ដានីយ៉ែលបានឃើញបុគ្គលវិញ្ញាណដែលជាកូនរបស់ព្រះ«១.០០០រូបគុណនឹង១.០០០រូប . . . ១០.០០០រូបគុណនឹង១០.០០០រូប» កំពុងឈរនៅចំពោះព្រះយេហូវ៉ា។ តាមមើលទៅ ពួកគេម្នាក់ៗអង្គុយតាមកន្លែងរៀងៗខ្លួនក្នុងតុលាការនៅស្ថានសួគ៌។ (ដាន. ៧:៩, ១០, ១៣-១៨) ដូច្នេះ ជាការសមហេតុសមផលឲ្យយើងសន្និដ្ឋានថាអ្វីដែលអេសេគាលឃើញក្នុងគំនិត ក៏តំណាងការជួបជុំគ្នារបស់បុគ្គលវិញ្ញាណដ៏រុងរឿងនៅស្ថានសួគ៌ដែរ មែនទេ?
១២. ពេលយើងសិក្សាព្រឹត្តិការណ៍ដូចអ្វីដែលអេសេគាលបានឃើញក្នុងគំនិតអំពីរទេះស្ថានសួគ៌ ហេតុអ្វីនោះការពារយើង?
១២ ព្រះយេហូវ៉ាជ្រាបថាយើងនឹងទទួលការការពារ បើយើងផ្ដោតអារម្មណ៍ទៅលើអ្វីនៅស្ថានសួគ៌ ពោលគឺ«អ្វីដែលយើងមើលមិនឃើញ»ដូចប៉ូលបានរៀបរាប់។ ហេតុអ្វី? ព្រោះជាមនុស្សសាច់ឈាមយើងមានទំនោរចិត្តផ្ដោតអារម្មណ៍ទៅលើ«អ្វីដែលយើងមើលឃើញ» រួមមានការខ្វល់ខ្វាយខាងរូបកាយ ដែលជាអ្វីបណ្ដោះអាសន្នប៉ុណ្ណោះ។ (សូមអាន កូរិនថូសទី២ ៤:១៨) ជាញឹកញយ សាថានប្រើទំនោរចិត្តរបស់យើង ដើម្បីជំរុញយើងឲ្យមានរបៀបគិតគូរខុសឆ្គង។ ដើម្បីជួយយើងឲ្យយកឈ្នះរឿងនេះ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ដល់ឲ្យយើង នូវព្រឹត្តិការណ៍ដូចអ្វីដែលបានកត់ទុកក្នុងសៀវភៅអេសេគាល។ យ៉ាងនេះ យើងទទួលសេចក្ដីរំលឹកដ៏គួរឲ្យរំភើបអំពីក្រុមគ្រួសារស្ថានសួគ៌ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។
«កង់វិល!»
១៣, ១៤. (ក) តើតាមរបៀបណាអេសេគាលរៀបរាប់អំពីកង់ដែលគាត់បានឃើញ? (ខ) ហេតុអ្វីជាការត្រឹមត្រូវដែលរទេះរបស់ព្រះយេហូវ៉ាមានកង់?
១៣ ដំបូងអេសេគាលផ្ដោតអារម្មណ៍ទៅលើចេរូប៊ីនទាំងបួន។ ក្នុងជំពូកទី៤នៃសៀវភៅនេះ យើងនឹងរៀនអំពីព្រះយេហូវ៉ាតាមរយៈទេវតាទាំងនោះ ព្រមទាំងតាមរយៈលក្ខណៈក្រៅដ៏អស្ចារ្យរបស់ពួកគេ។ អេសេគាលបានឃើញកង់ទាំងបួននៅក្បែរចេរូប៊ីនទាំងនោះ។ តាមមើលទៅ កង់ទាំងនោះនៅជ្រុងទាំងបួនមានទម្រង់ជាការ៉េដ៏ធំមួយ។ (សូមអាន អេសេគាល ១:១៦-១៨) កង់ទាំងនោះមើលទៅធ្វើពីត្បូងគ្រីសូឡែត។ ត្បូងដ៏មានតម្លៃនេះប្រហែលភ្លឺថ្លា និងមានពណ៌លឿងឬពណ៌លឿងបែកបៃតង។ ត្បូងដ៏ស្រស់ស្អាតនេះបញ្ចេញពន្លឺភ្លឺចិញ្ចាច។
១៤ អ្វីដែលអេសេគាលឃើញក្នុងគំនិតនេះ ផ្ដោតសំខាន់ទៅលើកង់រទេះដែលនៅក្រោមបល្ល័ង្ក។ បល្ល័ង្កមានកង់! ចម្លែកណាស់ មែនទេ? តាមធម្មតា យើងប្រហែលជាគិតថាបល្ល័ង្ករបស់ស្ដេចនៅតែមួយកន្លែងប៉ុណ្ណោះ ព្រោះអំណាចគ្រប់គ្រងរបស់មនុស្សមានកម្រិត។ ប៉ុន្តែ ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាមិនដូចការគ្រប់គ្រងរបស់មនុស្សឡើយ។ បន្តិចទៀត អេសេគាលនឹងដឹងថាអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ាគ្មានកម្រិតទេ។ (នេហ. ៩:៦) បើនិយាយឲ្យចំទៅ លោកមានសិទ្ធិគ្រប់គ្រងលើផែនដីនិងសកលលោកទាំងមូល។
១៥. ស្ដីអំពីទំហំនិងទ្រង់ទ្រាយរបស់កង់ តើអេសេគាលបានកត់សម្គាល់អ្វីខ្លះ?
១៥ អេសេគាលបានកោតស្ងើចនឹងទំហំនៃកង់ទាំងនោះ។ គាត់សរសេរថា៖ «ខ្នងកង់ទាំងនោះខ្ពស់ដល់ម្ល៉េះដែលមើលទៅអស្ចារ្យណាស់»។ យើងអាចស្រមៃគិតថាអេសេគាលកំពុងសម្លឹងមើលទៅខ្នងកង់ដ៏ភ្លឺចិញ្ចាច ហើយធំក្រៃលែងខ្ពស់ដល់មេឃ។ គាត់បានបញ្ជាក់បន្ថែមនូវចំណុចដ៏គួរឲ្យចាប់អារម្មណ៍ថា៖ «ខ្នងកង់ទាំងនោះមានពេញទៅដោយភ្នែក»។ ប៉ុន្តែ ប្រហែលអ្វីដ៏គួរឲ្យចាប់អារម្មណ៍បំផុត គឺទ្រង់ទ្រាយនៃកង់ទាំងនោះមិនធម្មតាទេ។ គាត់ពន្យល់ថា៖ «មើលទៅក្នុងកង់នីមួយៗមានកង់មួយទៀត»។ តើនោះមានន័យយ៉ាងណា?
១៦, ១៧. (ក) តើរទេះដែលមានកង់នៅក្នុងកង់បញ្ជាក់យ៉ាងណា? (ខ) តើកង់បង្ហាញយ៉ាងណាអំពីចលនានៃរទេះរបស់ព្រះយេហូវ៉ា?
១៦ តាមមើលទៅ កង់នីមួយៗដែលអេសេគាលបានឃើញមានកង់ពីរចូលគ្នា គឺកង់មួយកែងនឹងកង់មួយទៀត ហើយឈរត្រង់។ ហេតុនេះហើយបានជាអេសេគាលរៀបរាប់អំពីកង់នោះថា៖ «ពេលវាធ្វើដំណើរ វាអាចទៅទិសណាមួយក្នុងទិសដៅទាំងបួន ដោយមិនចាំបាច់បត់ទេ»។ តើកង់ទាំងនេះបង្ហើបឲ្យដឹងយ៉ាងណាអំពីរទេះស្ថានសួគ៌ដែលអេសេគាលបានឃើញ?
១៧ កង់ដែលមានកម្ពស់ដ៏ខ្ពស់ទាំងនោះ អាចទៅឆ្ងាយដោយគ្រាន់តែវិលមួយជុំប៉ុណ្ណោះ។ តាមពិត ការបើកបង្ហាញឲ្យឃើញក្នុងគំនិតនោះបង្ហាញថារទេះរបស់ព្រះយេហូវ៉ាធ្វើចលនាលឿនដូចផ្លេកបន្ទោរ។ (អេគ. ១:១៤) បន្ថែមទៅទៀត កង់ដ៏អស្ចារ្យដែលអាចធ្វើដំណើរទៅទិសទាំងបួន បញ្ជាក់ថាកង់នេះមានចលនាវិសេសណាស់ ជាអ្វីដែលវិស្វករមិនអាចធ្វើបានទេ។ រទេះនេះអាចប្ដូរទិសដៅយ៉ាងលឿនដោយមិនចាំបាច់បន្ថយល្បឿនឬបត់ឡើយ។ ប៉ុន្តែ រទេះមិនធ្វើដំណើរដោយគ្មានទិសដៅនោះទេ។ ភ្នែកទាំងប៉ុន្មាននៅលើខ្នងកង់បញ្ជាក់យ៉ាងច្បាស់ថា រទេះរបស់ព្រះដឹងអំពីអ្វីទាំងអស់នៅជុំវិញគ្រប់ទិស។
១៨. តើយើងទាញមេរៀនអ្វីពីទំហំដ៏អស្ចារ្យរបស់កង់ និងភ្នែកជាច្រើននៅលើកង់នោះ?
១៨ តើព្រះយេហូវ៉ាបានបង្រៀនអ្វីដល់អេសេគាលនិងអ្នកបម្រើស្មោះត្រង់ទាំងអស់អំពីផ្នែកស្ថានសួគ៌នៃអង្គការរបស់លោក? សូមពិចារណាអំពីអ្វីដែលយើងបានរៀនរួចហើយ។ តាមរយៈកង់ដែលធ្វើពីត្បូងដ៏ចែងចាំងនិងទំហំកង់ បង្ហាញថារទេះគឺរុងរឿងនិងគួរឲ្យស្ញប់ស្ញែង។ តាមរយៈភ្នែកជាច្រើននៅលើកង់ បញ្ជាក់ថារទេះរបស់ព្រះឃើញអ្វីៗទាំងអស់នៅជុំវិញ។ ភ្នែករបស់ព្រះយេហូវ៉ាផ្ទាល់មើលឃើញអ្វីៗទាំងអស់។ (សុភ. ១៥:៣; យេ. ២៣:២៤) បន្ថែមទៅទៀត លោកមានទេវតារាប់លានអ្នកជាអ្នកបម្រើដែលលោកអាចចាត់ឲ្យទៅកន្លែងណាក៏បានក្នុងសកលលោក។ ទេវតាទាំងនោះសង្កេតមើលហេតុការណ៍យ៉ាងហ្មត់ចត់ រួចមករាយការណ៍ប្រាប់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់ពួកគេ។—សូមអាន ហេប្រឺ ១:១៣, ១៤
១៩. ស្ដីអំពីល្បឿននិងចលនានៃរទេះរបស់ព្រះយេហូវ៉ា តើយើងអាចរៀនអ្វីអំពីព្រះយេហូវ៉ានិងអំពីអង្គការផ្នែកស្ថានសួគ៌របស់លោក?
១៩ បន្ថែមទៅទៀត យើងឃើញថារទេះរបស់ព្រះលឿនខ្លាំងណាស់ ហើយអាចធ្វើចលនាបម្លាស់ទីយ៉ាងរហ័ស។ សូមគិតអំពីភាពខុសគ្នារវាងអង្គការផ្នែកស្ថានសួគ៌របស់ព្រះយេហូវ៉ា និងរដ្ឋាភិបាល ស្ថាប័ននិងអង្គការផ្សេងៗរបស់មនុស្ស។ រដ្ឋាភិបាលរបស់មនុស្សចេះតែដំណើរការដោយមិនគិតវែងឆ្ងាយ ហើយមិនចេះប្រែប្រួលតាមកាលៈទេសៈ។ ហេតុនេះ ពួកគេនឹងជួបអន្តរាយ ហើយបរាជ័យទាំងស្រុង។ ប៉ុន្តែ រទេះរបស់ព្រះយេហូវ៉ាឆ្លុះបញ្ចាំងយ៉ាងល្អឥតខ្ចោះ អំពីលោកដែលជាអ្នកបញ្ជារទេះនោះថាលោកសមហេតុផល ហើយចេះបត់បែនតាមស្ថានភាព។ ដូចនាមរបស់លោកបញ្ជាក់ លោកអាចក្លាយទៅជាអ្វីក៏ដោយដែលត្រូវការ ដើម្បីបំពេញតាមបំណងប្រាថ្នារបស់លោក។ (ដច. ៣:១៣, ១៤) ជាឧទាហរណ៍ លោកអាចក្លាយទៅជាអ្នកចម្បាំងដ៏ខ្លាំងក្លា ហើយច្បាំងការពាររាស្ត្ររបស់លោក តែភ្លាមៗលោកក៏អាចក្លាយទៅជាអ្នកអភ័យទោសដែលប្រកបដោយសេចក្ដីមេត្តាករុណាចំពោះអស់អ្នកធ្វើខុស ដែលប្រែចិត្តនិងមានចិត្តខ្ទេចខ្ទាំ។ លោកថ្នាក់ថ្នមពួកគេ ហើយជួយពួកគេឲ្យធូរស្បើយចិត្តឡើងវិញ។—ចសព. ៣០:៥; អេ. ៦៦:១៣
២០. ហេតុអ្វីយើងគួរកោតស្ងើចរទេះរបស់ព្រះយេហូវ៉ា?
២០ មកដល់ត្រឹមនេះ អ្វីដែលអេសេគាលឃើញក្នុងគំនិតប្រហែលជំរុញចិត្តយើងឲ្យសួរខ្លួនថា‹តើខ្ញុំពិតជាកោតស្ងើចរទេះរបស់ព្រះយេហូវ៉ាឬទេ?›។ យើងត្រូវចាំថារទេះរបស់ព្រះកំពុងធ្វើដំណើរនៅសព្វថ្ងៃនេះ។ យើងមិនចង់ស្រមៃថា ព្រះយេហូវ៉ា បុត្ររបស់លោក និងបណ្ដាទេវតា មិនអាចមើលឃើញបញ្ហាដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តឡើយ។ យើងមិនគួរបារម្ភថាព្រះរបស់យើងនឹងយឺតក្នុងការបំពេញសេចក្ដីត្រូវការរបស់យើងទេ ហើយយើងក៏មិនចាំបាច់ព្រួយថាអង្គការរបស់លោកនឹងមិនចេះបត់បែនទៅតាមស្ថានភាពថ្មីក្នុងពិភពលោកដែលចេះតែប្រែប្រួលនោះឡើយ។ ជាការល្អឲ្យយើងចាំថាអង្គការរបស់ព្រះយេហូវ៉ាកំពុងមានសកម្មភាព ហើយជឿនទៅមុខ។ ការពិត អេសេគាលបានឮសំឡេងពីស្ថានសួគ៌ស្រែកថា៖ «កង់វិល!»។ តាមមើលទៅជាបញ្ជាឲ្យកង់រទេះចាប់ផ្ដើមធ្វើចលនាទៅមុខ។ (អេគ. ១០:១៣) ពេលយើងគិតអំពីរបៀបដែលព្រះយេហូវ៉ាបញ្ជាអង្គការរបស់លោក គឺអស្ចារ្យណាស់ មែនទេ? ប៉ុន្តែ អ្វីដែលធ្វើឲ្យយើងស្ញប់ស្ញែងបំផុតគឺព្រះយេហូវ៉ាផ្ទាល់។
បុគ្គលដែលជាអ្នកបញ្ជា
២១, ២២. តើយើងអាចពន្យល់យ៉ាងណាអំពីអ្វីដែលធ្វើឲ្យផ្នែកផ្សេងៗនៃរទេះជាប់គ្នា?
២១ ឥឡូវអេសេគាលផ្ដោតអារម្មណ៍ទៅផ្នែកខាងលើកង់វិញម្ដង ហើយគាត់ឃើញ«កម្រាលមួយភ្លឺរលោងដូចជាផ្ទាំងទឹកកក»។ (អេគ. ១:២២) កម្រាលនោះលាតសន្ធឹងនៅលើក្បាលចេរូប៊ីន ហើយថ្លាភ្លឺត្រចះ។ ប៉ុន្តែមកដល់ត្រឹមនេះ អ្នកអានដែលយល់អំពីដំណើរការនៃម៉ាស៊ីនប្រហែលមានសំណួរច្រើនអំពីរទេះនេះ។ ជាឧទាហរណ៍ ពួកគេប្រហែលឆ្ងល់ថា‹តើអ្វីទប់កម្រាលឲ្យនៅនឹងលើកង់ទាំងនោះ? តើតាមរបៀបណាកង់អាចវិលបានដោយគ្មានភ្លៅរទេះជាប់ជាមួយ?›។ សូមចាំថារទេះរបស់ព្រះមិនមែនត្រូវកាន់កាប់ដោយច្បាប់ធម្មជាតិនោះទេ ព្រោះរទះនោះជានិមិត្តរូបតំណាងឲ្យអ្វីដែលមានពិតប្រាកដនៅស្ថានសួគ៌។ សូមកត់សម្គាល់ផងដែរនូវពាក្យសំខាន់ទាំងនេះ ដែលថា៖ «ឫទ្ធានុភាពរបស់ព្រះដឹកនាំពួកគេនិងកង់ទាំងនោះ»។ (អេគ. ១:២០, ២១) តើឫទ្ធានុភាពដែលដឹកនាំចេរូប៊ីននិងកង់ទាំងនោះជាអ្វី?
២២ ច្បាស់ណាស់ ឫទ្ធានុភាពនោះគឺជាឫទ្ធានុភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាដែលជាថាមពលខ្លាំងក្លាបំផុតក្នុងសកលលោក។ ឫទ្ធានុភាពនោះធ្វើឲ្យផ្នែកផ្សេងៗនៃរទេះជាប់គ្នា ហើយផ្ដល់ថាមពលដល់រទេះនោះ ព្រមទាំងកាន់កាប់ចលនារទេះដែលស៊ីចង្វាក់គ្នាយ៉ាងល្អឥតខ្ចោះ។ ដោយយល់អំពីចំណុចនេះ សូមយើងតាមដានជាមួយអេសេគាល កាលដែលគាត់សម្លឹងមើលបុគ្គលដែលបញ្ជារទេះនោះ។
អេសេគាលខំរកពាក្យដើម្បីរៀបរាប់អ្វីដែលគាត់បានឃើញជាអ្វីដែលពិបាកពណ៌នា
២៣. តើអេសេគាលបានប្រើពាក្យអ្វីខ្លះដើម្បីព្យាយាមរៀបរាប់អំពីព្រះយេហូវ៉ា ហើយហេតុអ្វី?
២៣ សូមអាន អេសេគាល ១:២៦-២៨។ ពេលអេសេគាលរៀបរាប់ការបើកបង្ហាញនេះ ជាញឹកញយគាត់ប្រើពាក្យ«មើលទៅដូចជា» «ឃើញអ្វីមួយដូចជា» និង«មានទ្រង់ទ្រាយដូចជា»។ ប៉ុន្តែក្នុងខទាំងប៉ុន្មាននេះ គាត់ប្រើពាក្យទាំងនេះច្រើនជាង។ តាមមើលទៅ គាត់ព្យាយាមខំរកពាក្យ ដើម្បីរៀបរាប់អ្វីដែលគាត់បានឃើញ ព្រោះអ្វីទាំងនោះពិបាករៀបរាប់ខ្លាំងណាស់។ គាត់ឃើញ«អ្វីមួយដូចជាត្បូងកណ្ដៀង ហើយមានទ្រង់ទ្រាយដូចជាបល្ល័ង្កមួយ»។ តើអ្នកអាចស្រមៃឃើញបល្ល័ង្កមួយដែលបានត្រូវដាប់ពីត្បូងកណ្ដៀងដ៏ធំមានពណ៌ខៀវស្រងាត់ឬទេ? នៅលើបល្ល័ង្កនោះឃើញមានបុគ្គលម្នាក់កំពុងអង្គុយ។ បុគ្គលដែលអង្គុយនៅលើបល្ល័ង្កនោះ«មើលទៅដូចជាមនុស្សជាតិ»។
២៤, ២៥. (ក) តើឥន្ទធនូដែលនៅជុំវិញបល្ល័ង្ករបស់ព្រះយេហូវ៉ារំលឹកយើងអំពីអ្វី? (ខ) តើតាមរបៀបណាការបើកបង្ហាញដូចនេះអាចមានឥទ្ធិពលទៅលើអស់អ្នកដែលមានជំនឿ?
២៤ អេសេគាលមិនឃើញសណ្ឋានដ៏រុងរឿងរបស់ព្រះយេហូវ៉ាច្បាស់ទេ ព្រោះលោកបញ្ចេញពន្លឺចិញ្ចាចចិញ្ចែងពីចង្កេះឡើងលើនិងពីចង្កេះចុះក្រោម។ យើងអាចស្រមៃឃើញអេសេគាលបើកភ្នែកព្រឹមៗ ហើយយកដៃមកបាំងភ្នែកគាត់ កាលដែលគាត់មើលទៅសណ្ឋានដ៏រុងរឿងនោះ។ បន្ទាប់មក គាត់ឃើញអ្វីដ៏អស្ចារ្យ ហើយគាត់រៀបរាប់ថា៖ «នៅជុំវិញបុគ្គលនោះមានរស្មីភ្លឺចិញ្ចាចចិញ្ចែង ដូចជាឥន្ទធនូក្នុងពពកពេលភ្លៀង»។ ពេលដែលអ្នកឃើញឥន្ទធនូ តើអ្នករំភើបចិត្តទេ? ឥន្ទធនូរំលឹកយើងអំពីសិរីរុងរឿងរបស់ព្រះជាអ្នកបង្កើតយើង។ ឥន្ទធនូដែលមានពណ៌ចម្រុះស្រស់ស្អាត ក៏ប្រហែលរំលឹកយើងអំពីកិច្ចព្រមព្រៀងសន្តិភាពដែលព្រះយេហូវ៉ាបានធ្វើក្រោយពីទឹកជំនន់។ (ដក. ៩:១១-១៦) ទោះជាព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតក៏ដោយ លោកជាព្រះនៃសេចក្ដីសុខសាន្ត។ (ហេ. ១៣:២០) លោកមានសេចក្ដីសុខសាន្តពេញក្នុងចិត្ត ហើយលោកក៏ឲ្យអ្នកដែលគោរពប្រណិប័តន៍ដ៏ស្មោះត្រង់មានសេចក្ដីសុខសាន្តដែរ។
២៥ តើការឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាទៅលើអេសេគាល? គាត់បានកត់ទុកអំពីនោះថា៖ «ពេលឃើញភ្លាម ខ្ញុំក៏ក្រាបមុខចុះ»។ ដោយសារគាត់ស្ញប់ស្ញែង ហើយកោតខ្លាចព្រះ គាត់ក៏ក្រាបដល់ដី។ អ្នកប្រកាសទំនាយឯទៀតក៏មានប្រតិកម្មស្រដៀងគ្នាដែរ ពេលដែលព្រះយេហូវ៉ាឲ្យពួកគាត់ឃើញក្នុងគំនិត។ បទពិសោធន៍នេះច្បាស់ជាធ្វើឲ្យពួកគាត់ភ័យតក់ស្លុត និងមានចិត្តរាបទាបជាខ្លាំង។ (អេ. ៦:១-៥; ដាន. ១០:៨, ៩; បប. ១:១២-១៧) ប៉ុន្តែក្រោយមក ពួកបុរសទាំងនោះបានទទួលកម្លាំងចិត្តយ៉ាងខ្លាំងពីអ្វីដែលព្រះយេហូវ៉ាបើកបង្ហាញឲ្យពួកគាត់ឃើញ។ អេសេគាលច្បាស់ជាមានអារម្មណ៍ដូចនេះដែរ។ ចុះយើងវិញ ពេលយើងអានកំណត់ហេតុដូចនោះ តើយើងគួរមានអារម្មណ៍យ៉ាងណា?
២៦. តើតាមរបៀបណាអ្វីដែលអេសេគាលឃើញក្នុងគំនិតពង្រឹងកម្លាំងចិត្តគាត់?
២៦ បើអេសេគាលខ្វល់ចិត្តឬព្រួយបារម្ភអំពីស្ថានភាពរបស់រាស្ត្រព្រះនៅស្រុកបាប៊ីឡូន នោះអ្វីដែលគាត់ឃើញក្នុងគំនិតច្បាស់ជាពង្រឹងកម្លាំងចិត្តគាត់ណាស់។ មិនថារាស្ត្រស្មោះត្រង់របស់ព្រះនៅក្រុងយេរូសាឡិម ស្រុកបាប៊ីឡូន ឬកន្លែងណាក៏ដោយ នោះមិនសំខាន់ទេ។ ព្រោះរទេះដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាអាចធ្វើដំណើរទៅដល់ពួកគេទាំងអស់។ គឺពិតជាគ្មានអំណាចណាមកពីសាថានអាចប្រឆាំងនឹងព្រះដែលជាអ្នកបញ្ជាអង្គការស្ថានសួគ៌ដ៏រុងរឿងបែបនោះទេ មែនទេ? (សូមអាន ចម្រៀងសរសើរព្រះ ១១៨:៦) អេសេគាលក៏ឃើញដែរថារទេះស្ថានសួគ៌នៅមិនឆ្ងាយពីមនុស្សជាតិឡើយ ព្រោះកង់រទេះប៉ះដីតែម្ដង! (អេគ. ១:១៩) ដូច្នេះ ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរាស្ត្រស្មោះត្រង់របស់លោកដែលជាប់ជាឈ្លើយនៅបាប៊ីឡូន។ ព្រះយេហូវ៉ាតែងតែមើលថែពួកគេដោយសេចក្ដីស្រឡាញ់!
តើរទេះព្រះទាក់ទងនឹងអ្នកយ៉ាងណា?
២៧. តើការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត មានអត្ថន័យយ៉ាងណាចំពោះយើងសព្វថ្ងៃ?
២៧ តើការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិតមានអត្ថន័យចំពោះយើងសព្វថ្ងៃនេះទេ? ពិតជាមានមែន! សូមចាំថាសាថានកំពុងវាយប្រហារកាន់តែខ្លាំងមកលើការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ា។ វាចូលចិត្តធ្វើឲ្យយើងជឿថាយើងនៅតែម្នាក់ឯងគ្មានទីពឹង ហើយមិនអាចទទួលជំនួយពីបិតាស្ថានសួគ៌របស់យើង និងពីអង្គការរបស់លោកបានឡើយ។ សូមកុំឲ្យពាក្យភូតភរនេះដក់ជាប់ក្នុងចិត្តនិងគំនិតរបស់អ្នកឲ្យសោះ។ (ចសព. ១៣៩:៧-១២) ដូចអេសេគាលដែរ មានហេតុជាច្រើនឲ្យយើងកោតស្ញប់ស្ញែង យើងប្រហែលមិនក្រាបមុខដល់ដីដូចគាត់នោះទេ។ ប៉ុន្តែ យើងច្បាស់ជានឹកអស្ចារ្យក្នុងចិត្តណាស់ ដោយសារថាមពល ល្បឿន ចលនា ការចេះបត់បែន និងសិរីរុងរឿងនៃអង្គការសកលលោកផ្នែកស្ថានសួគ៌របស់ព្រះយេហូវ៉ា។
២៨, ២៩. តើអ្វីបង្ហាញថារទេះរបស់ព្រះយេហូវ៉ាបានធ្វើដំណើរទៅមុខយ៉ាងលឿនក្នុងអំឡុងមួយសតវត្សរ៍កន្លងទៅនេះ?
២៨ សូមចាំថាអង្គការរបស់ព្រះយេហូវ៉ាក៏មានផ្នែកនៅផែនដីដែរ។ ផ្នែកនៅផែនដីបានត្រូវចាត់ចែងដោយមនុស្សមិនល្អឥតខ្ចោះ។ ទោះជាយ៉ាងនោះក៏ដោយ សូមគិតអំពីអ្វីជាច្រើនដែលព្រះយេហូវ៉ាបានសម្រេច។ នៅទូទាំងពិភពលោក ព្រះយេហូវ៉ាបានជំរុញចិត្តមនុស្សឲ្យធ្វើអ្វីដែលពួកគេមិនអាចធ្វើដោយសមត្ថភាពខ្លួនឯង។ (យ៉ូន. ១៤:១២) ពេលយើងអានសៀវភៅរាជាណាចក្ររបស់ព្រះ យើងនឹងឃើញទំហំនៃកិច្ចការផ្សព្វផ្សាយធំអស្ចារ្យប៉ុនណាក្នុងអំឡុង១០០ឆ្នាំកន្លងទៅនេះ។ បន្ថែមទៅទៀត យើងប្រហែលនឹកឃើញការជឿនទៅមុខយ៉ាងលឿនរបស់អង្គការព្រះយេហូវ៉ា ក្នុងការអប់រំគ្រិស្តសាសនិកពិត ការមានជ័យជម្នះខាងច្បាប់ និងការប្រើបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។
២៩ ស្ដីអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏ខូចអាក្រក់នេះ ពេលយើងពិចារណាសមិទ្ធផលទាំងអស់ យើងឃើញច្បាស់ថារទេះរបស់ព្រះយេហូវ៉ាធ្វើដំណើរទៅមុខយ៉ាងលឿន។ យើងពិតជាមានកិត្តិយសខ្ពង់ខ្ពស់ណាស់ ដែលអាចរួមចំណែកក្នុងអង្គការនេះ ហើយបម្រើព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។—ចសព. ៨៤:១០
៣០. តើយើងនឹងពិចារណាអំពីអ្វីនៅជំពូកបន្ទាប់?
៣០ យើងមានអ្វីច្រើនទៀតដែលអាចរៀន ពីការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត។ ក្នុងជំពូកបន្ទាប់ យើងនឹងពិចារណាថែមទៀតអំពីចេរូប៊ីនដែលជាបុគ្គលវិញ្ញាណដ៏អស្ចារ្យទាំងបួនរូប។ តាមរយៈពួកគេ តើយើងអាចរៀនអ្វីខ្លះពីព្រះយេហូវ៉ាជាម្ចាស់ដ៏រុងរឿងនិងឧត្ដមបំផុតរបស់យើង?
a លោហៈនេះជាមាសលាយប្រាក់។
b នេះជាចម្ងាយផ្លូវត្រង់ តែផ្លូវដែលជននិរទេសប្រហែលជាធ្វើដំណើរគឺមានចម្ងាយឆ្ងាយជាងជិតពីរដង។