-
ម៉ាថាយ ២១:៣៣-៤១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ «ចូរស្ដាប់ឧទាហរណ៍មួយទៀត៖ បុរសម្នាក់ដែលជាម្ចាស់ដី បានធ្វើចម្ការទំពាំងបាយជូរមួយ+ ក៏បានព័ទ្ធរបង ជីកកន្លែងសម្រាប់ជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ហើយសង់ប៉មមួយ+ រួចប្រវាស់ចម្ការឲ្យពួកកសិករ។ បន្ទាប់មក គាត់ធ្វើដំណើរទៅក្រៅប្រទេស។+ ៣៤ លុះដល់រដូវផ្លែទុំ គាត់ចាត់ពួកខ្ញុំបម្រើឲ្យទៅយកផលដែលជាចំណែករបស់គាត់ពីពួកកសិករ។ ៣៥ ក៏ប៉ុន្តែ ពួកកសិករបានចាប់ពួកខ្ញុំបម្រើរបស់គាត់ រួចវាយដំម្នាក់ សម្លាប់ម្នាក់ ហើយយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។+ ៣៦ គាត់បានចាត់ខ្ញុំបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យទៅម្ដងទៀត។ ប៉ុន្តែ ពួកកសិករបានប្រព្រឹត្តទៅលើខ្ញុំបម្រើទាំងនោះដូចពីមុន។+ ៣៧ ក្រោយបង្អស់ គាត់បានចាត់កូនប្រុសរបស់គាត់ឲ្យទៅ ដោយពោលថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។ ៣៨ ពេលដែលពួកកសិករឃើញកូនប្រុសរបស់គាត់ នោះពួកគេនិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។+ ចូរយើងនាំគ្នាសម្លាប់គាត់ ដើម្បីយើងអាចទទួលមត៌ករបស់គាត់!›។ ៣៩ ដូច្នេះ ពួកគេបានចាប់កូនប្រុសនោះ បោះទៅក្រៅចម្ការ រួចសម្លាប់គាត់ចោល។+ ៤០ ម្ល៉ោះហើយ ពេលដែលម្ចាស់ចម្ការនោះមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកកសិករទាំងនោះ?»។ ៤១ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំជម្រាបលោកថា៖ «ដោយសារពួកគេជាមនុស្សអាក្រក់ នោះម្ចាស់ចម្ការនឹងបំផ្លាញពួកគេចោលឥតត្រាប្រណី ហើយប្រវាស់ចម្ការនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងឲ្យផលដល់គាត់តាមរដូវ»។
-
-
លូកា ២០:៩-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ បន្ទាប់មក លោកលើកឧទាហរណ៍ប្រាប់បណ្ដាជនថា៖ «បុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ+ ហើយប្រវាស់ចម្ការឲ្យពួកកសិករ រួចធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលយ៉ាងយូរ។+ ១០ លុះដល់រដូវផ្លែទុំ បុរសនោះចាត់ខ្ញុំបម្រើម្នាក់ឲ្យទៅឯពួកកសិករ ដើម្បីទទួលផលខ្លះពីចម្ការនោះ។ ប៉ុន្តែ ពួកកសិករបានវាយដំខ្ញុំបម្រើនោះ រួចបណ្ដេញឲ្យទៅវិញដោយដៃទទេ។+ ១១ ប៉ុន្តែ បុរសនោះបានចាត់ខ្ញុំបម្រើម្នាក់ទៀតឲ្យទៅ ហើយពួកកសិករក៏វាយដំនិងប្រមាថមើលងាយខ្ញុំបម្រើនោះដែរ ទាំងបណ្ដេញឲ្យទៅវិញដោយដៃទទេ។ ១២ បុរសនោះចាត់អ្នកទី៣ឲ្យទៅទៀត ហើយពួកកសិករក៏ធ្វើឲ្យអ្នកនោះរបួសដែរ រួចបោះទៅខាងក្រៅ។ ១៣ ម្ល៉ោះហើយ ម្ចាស់ចម្ការនោះនិយាយថា៖ ‹តើខ្ញុំត្រូវធ្វើយ៉ាងណា? ខ្ញុំនឹងចាត់កូនជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ។+ ពួកគេទំនងជានឹងគោរពកូនរបស់ខ្ញុំ›។ ១៤ ពេលដែលពួកកសិករឃើញកូនប្រុសរបស់លោក នោះពួកគេសមគំនិតគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។ ចូរយើងនាំគ្នាសម្លាប់គាត់ចោល ដើម្បីយើងអាចទទួលមត៌ករបស់គាត់!›។ ១៥ លុះគិតគ្នាហើយ ពួកគេក៏ចាប់កូនប្រុសនោះ បោះទៅក្រៅចម្ការ រួចសម្លាប់ចោល។+ ដូច្នេះ តើម្ចាស់ចម្ការនឹងធ្វើអ្វីដល់ពួកកសិករទាំងនោះ? ១៦ គាត់នឹងមកសម្លាប់ពួកកសិករទាំងនោះចោល រួចប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យអ្នកផ្សេងទៀត»។
លុះស្ដាប់ចប់ហើយ ពួកគេនិយាយថា៖ «សូមកុំឲ្យរឿងនោះកើតឡើងឡើយ!»។
-