ថ្ងៃច័ន្ទ ទី២០ ខែកក្កដា
[សូម]មេត្តាអភ័យទោសឲ្យបុរសនោះ ហើយសម្រាលទុក្ខគាត់ ដើម្បីកុំឲ្យគាត់ព្រួយចិត្តខ្លាំងហួសហេតុពេក។—២កូ. ២:៧
សូមស្រមៃគិតថា តើនឹងមានអ្វីកើតឡើងបើពួកអ្នកចាស់ទុំមិនអនុញ្ញាតឲ្យបុរសដែលពិតជាបានប្រែចិត្តត្រឡប់មកក្រុមជំនុំវិញ ឬក្រោយពីគាត់ត្រឡប់មកក្រុមជំនុំវិញបងប្អូនមិនព្រមបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់? នេះអាចនាំឲ្យគាត់«ព្រួយចិត្តខ្លាំងហួសហេតុពេក» រហូតដល់គិតថាគ្មានថ្ងៃដែលគាត់អាចបម្រើព្រះយេហូវ៉ាម្ដងទៀតទេ។ គាត់ក៏ប្រហែលជាឈប់ព្យាយាមមានចំណងមិត្តភាពជាមួយនឹងព្រះទៀតផង។ អាក្រក់ជាងនោះទៅទៀត បើបងប្អូនក្នុងក្រុមជំនុំមិនព្រមអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្តទេ ពួកគេអាចបាត់បង់ចំណងមិត្តភាពរបស់ខ្លួនជាមួយព្រះយេហូវ៉ា។ ហេតុអ្វីយើងអាចនិយាយដូច្នោះ? ដោយសារពួកគេមិនមានទស្សនៈដូចព្រះយេហូវ៉ាស្ដីអំពីការអភ័យទោសចំពោះបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្តទេ តែពួកគេកំពុងមានទស្សនៈដូចសាថានដែលកាចសាហាវ និងគ្មានក្ដីមេត្តា។ យ៉ាងនេះ ពួកគេនឹងអនុញ្ញាតឲ្យសាថានប្រើពួកគេដើម្បីធ្វើឲ្យបុរសនោះឈប់បម្រើព្រះយេហូវ៉ា។—២កូ. ២:១០, ១១; អេភ. ៤:២៧ w២៤.០៨ ទំ.១៧ វ.៧, ១០-១១
ថ្ងៃអង្គារ ទី២១ ខែកក្កដា
ពេលដែលលោកបានឡើងទៅឯទីខ្ពស់ លោក . . . បានឲ្យអំណោយជាមនុស្ស។—អេភ. ៤:៨
លោកយេស៊ូគ្រិស្តបានឲ្យ«អំណោយជាមនុស្ស»ដើម្បីជួយក្រុមជំនុំតាមរបៀបផ្សេងទៀត។ នៅសតវត្សរ៍ទី១ ក្រោមការដឹកនាំរបស់លោក ពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមចាត់ប៉ូល បាណាបាស និងអ្នកឯទៀតឲ្យធ្វើជាអ្នកធ្វើដំណើរត្រួតពិនិត្យ។ (សកម្ម. ១១:២២) ហេតុអ្វី? មូលហេតុគឺដើម្បីពង្រឹងក្រុមជំនុំ ដូចជំនួយការខាងកិច្ចបម្រើ និងអ្នកចាស់ទុំធ្វើដែរ។ (សកម្ម. ១៥:៤០, ៤១) អ្នកត្រួតពិនិត្យប្រចាំមណ្ឌលត្រូវធ្វើដំណើរច្រើន។ អ្នកខ្លះត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីទៅទស្សនកិច្ចក្រុមជំនុំផ្សេងៗ។ រាល់សប្ដាហ៍ដែលមានទស្សនកិច្ច អ្នកត្រួតពិនិត្យប្រចាំមណ្ឌលថ្លែងសុន្ទរកថាជាច្រើនដង និងទៅសួរសុខទុក្ខបងប្អូនរួមជំនឿក្នុងនាមជាគង្វាល។ មួយវិញទៀត គាត់ក៏ដឹកនាំកិច្ចប្រជុំអ្នកត្រួសត្រាយ កិច្ចប្រជុំអ្នកចាស់ទុំ និងកិច្ចប្រជុំផ្សព្វផ្សាយដែរ។ ម្យ៉ាងទៀត គាត់រៀបចំសុន្ទរកថាផ្សេងៗនិងជួយចាត់ចែងសន្និបាតប្រចាំមណ្ឌលនិងមហាសន្និបាត។ គាត់ក៏បង្រៀនសាលាអ្នកត្រួសត្រាយ និងរៀបចំកិច្ចប្រជុំពិសេសជាមួយអ្នកត្រួសត្រាយនៅក្នុងមណ្ឌលរបស់គាត់។ ក្រៅពីកិច្ចការទាំងនេះ គាត់ក៏មានកិច្ចការសំខាន់ផ្សេងទៀតដែលការិយាល័យសាខាសុំឲ្យធ្វើ។ ជួនកាល នោះជាកិច្ចការបន្ទាន់។ w២៤.១០ ទំ.២១ វ.១២-១៣
ថ្ងៃពុធ ទី២២ ខែកក្កដា
ខ្ញុំនឹងអភ័យទោសឲ្យពួកគេ ហើយខ្ញុំក៏នឹងលែងនឹកចាំអំពើខុសឆ្គងរបស់ពួកគេតទៅទៀតដែរ។—យេ. ៣១:៣៤
អ្នកប្រកាសទំនាយយេរេមាបានដកស្រង់ពាក្យព្រះយេហូវ៉ាដែលមានក្នុងបទគម្ពីរថ្ងៃនេះ។ សាវ័កប៉ូលដកស្រង់ពាក្យទាំងនេះពេលគាត់និយាយថា៖ «ខ្ញុំនឹងមិននឹកចាំការខុសឆ្គងរបស់ពួកគេទៀតឡើយ»។ (ហេ. ៨:១២) ប៉ុន្តែ តើនេះពិតជាមានន័យយ៉ាងណា? នៅក្នុងគម្ពីរ ពាក្យ«នឹកចាំ»មិនតែងតែសំដៅទៅលើបុគ្គលណាម្នាក់គិតអំពីអ្វីដែលបានកើតឡើងនៅអតីតកាលទេ។ ផ្ទុយទៅវិញ នេះអាចរួមបញ្ចូលបុគ្គលណាម្នាក់ចាត់វិធានការអ្វីមួយ។ ឧក្រិដ្ឋជនដែលព្យួរលើបង្គោលទារុណកម្មក្បែរលោកយេស៊ូបានសំណូមពរលោកថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ ពេលដែលលោកទៅជាស្ដេច»។ (លូក. ២៣:៤២, ៤៣) គាត់មិនគ្រាន់តែសុំលោកយេស៊ូឲ្យគិតអំពីគាត់នៅពេលនោះទេ។ ការតបឆ្លើយរបស់លោកយេស៊ូបានបង្ហាញថា លោកនឹងចាត់វិធានការប្រោសឧក្រិដ្ឋជននេះឲ្យរស់ឡើងវិញ។ ដូច្នេះ ពេលព្រះយេហូវ៉ាមានប្រសាសន៍ថាលោកលែងនឹកចាំការខុសឆ្គងរបស់យើង លោកចង់មានន័យថា លោកបានអភ័យទោសឲ្យយើង ហើយលោកនឹងមិនដាក់ទោសយើងនៅពេលក្រោយមកចំពោះការខុសឆ្គងទាំងនោះទេ។ w២៥.០២ ទំ.១១ វ.១៤-១៥