-
ម៉ាថាយ ១២:៩-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ រួចលោកចេញពីកន្លែងនោះ ហើយចូលទៅក្នុងសាលាប្រជុំ។ ១០ មើល! នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។+ ដូច្នេះ ពួកគេសួរលោកថា៖ «នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយឬទេ?»។ ពួកគេសួរដូច្នេះ ដើម្បីឲ្យមានហេតុចោទប្រកាន់លោក។+ ១១ លោកសួរពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមិនទៅលើកយកចៀមតែមួយរបស់ខ្លួនចេញពីរណ្ដៅ បើវាធ្លាក់នៅថ្ងៃឈប់សម្រាកនោះ?+ ១២ ម្ល៉ោះហើយ មនុស្សមានតម្លៃជាងចៀមឆ្ងាយណាស់! ដូច្នេះ មានច្បាប់ឲ្យមនុស្សធ្វើអំពើល្អនៅថ្ងៃឈប់សម្រាក»។ ១៣ រួចមក លោកប្រាប់បុរសស្វិតដៃនោះថា៖ «ចូរលាដៃរបស់អ្នក»។ គាត់ក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ ដូចដៃម្ខាងទៀត។ ១៤ ប៉ុន្តែ ពួកផារិស៊ីបានចេញទៅ ហើយប្រឹក្សាគ្នារកវិធីសម្លាប់លោក។
-
-
លូកា ៦:៦-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ នៅថ្ងៃឈប់សម្រាកមួយទៀត+ លោកបានចូលទៅក្នុងសាលាប្រជុំ ហើយចាប់ផ្ដើមបង្រៀន។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។+ ៧ ពេលនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីចាំសង្កេតមើលថា លោកយេស៊ូនឹងធ្វើឲ្យបុរសនោះជាសះស្បើយនៅថ្ងៃឈប់សម្រាកឬយ៉ាងណា ដើម្បីមានហេតុចោទប្រកាន់លោក។ ៨ ប៉ុន្តែ លោកជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិតក្នុងចិត្ត។+ លោកក៏មានប្រសាសន៍ទៅបុរសស្វិតដៃថា៖ «ចូរក្រោកឡើង ហើយមកឈរនៅចំកណ្ដាលនេះ»។ ឮដូច្នោះ បុរសនោះក៏ក្រោកឡើង ហើយមកឈរនៅទីនោះ។ ៩ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សម្រាក តើមានច្បាប់ឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើមានច្បាប់ឲ្យសង្គ្រោះជីវិត* ឬសម្លាប់ជីវិត?»។+ ១០ ក្រោយពីបានមើលមុខពួកគេទាំងអស់គ្នាហើយ លោកប្រាប់បុរសស្វិតដៃថា៖ «ចូរលាដៃរបស់អ្នក»។ បុរសនោះក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ១១ ប៉ុន្តែ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានខឹងយ៉ាងខ្លាំង រួចពួកគេក៏ពិភាក្សាគ្នារកវិធីធ្វើបាបលោកយេស៊ូ។
-