ការបើកបង្ហាញចំពោះយ៉ូហាន
២១ ក្រោយមក ខ្ញុំឃើញមេឃថ្មីនិងផែនដីថ្មី+ ព្រោះមេឃនិងផែនដីដែលមានពីមុនបានកន្លងបាត់ទៅហើយ+ ឯសមុទ្រ+ក៏លែងមានទៀត។ ២ ខ្ញុំក៏ឃើញក្រុងបរិសុទ្ធ គឺក្រុងយេរូសាឡិមថ្មីចុះមកពីព្រះនៅស្ថានសួគ៌។+ ក្រុងនោះបានត្រូវរៀបចំដូចកូនក្រមុំដែលបានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង។+ ៣ រួចមក ខ្ញុំឮសំឡេងមួយបន្លឺយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ដ្ររបស់លោក។ ព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។+ ៤ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ+ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត+ ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។+ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។
៥ លោកដែលអង្គុយលើបល្ល័ង្ក+មានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។+ ម្យ៉ាងទៀត លោកមានប្រសាសន៍ថា៖ «ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត* ហើយក៏ពិតត្រង់»។ ៦ លោកក៏មានប្រសាសន៍មកខ្ញុំថា៖ «ការទាំងនោះបានសម្រេចហើយ! ខ្ញុំជាអាលផានិងជាអូមេហ្គា* ជាដើមនិងជាចុង។+ ខ្ញុំនឹងឲ្យទឹកពីប្រភពទឹកដែលផ្ដល់ជីវិតដល់អ្នកណាដែលស្រេក ដោយឥតគិតថ្លៃ។+ ៧ អ្នកណាដែលឈ្នះនឹងទទួលអ្វីៗទាំងនោះជាមត៌ក ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នកនោះ ឯអ្នកនោះនឹងធ្វើជាកូនរបស់ខ្ញុំ។ ៨ ប៉ុន្តែ ពួកអ្នកដែលកំសាក ពួកអ្នកដែលគ្មានជំនឿ+ ពួកអ្នកដែលកខ្វក់និងគួរឲ្យស្អប់ខ្ពើម ពួកឃាតករ+ ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ ពួកអ្នកដែលទាក់ទងនឹងវិញ្ញាណអាក្រក់ ពួកអ្នកដែលគោរពបូជារូបព្រះ និងពួកអ្នកដែលភូតភរ+ ពួកគេនឹងទទួលចំណែកក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។+ នេះតំណាងសេចក្ដីស្លាប់ទី២»។+
៩ ទេវតាមួយពីចំណោមទេវតាទាំង៧ ដែលមានចានគោម៧ពេញទៅដោយសេចក្ដីវេទនាចុងក្រោយទាំង៧+ បានមកហើយនិយាយប្រាប់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញអ្នកឲ្យឃើញកូនក្រមុំដែលជាភរិយារបស់កូនចៀម»។+ ១០ ដូច្នេះ ដោយឫទ្ធានុភាពរបស់ព្រះ គាត់បានយកខ្ញុំទៅឯភ្នំមួយដែលធំនិងខ្ពស់ត្រដែត រួចគាត់បង្ហាញខ្ញុំឲ្យឃើញក្រុងយេរូសាឡិមជាក្រុងបរិសុទ្ធ ដែលកំពុងចុះពីព្រះនៅស្ថានសួគ៌។+ ១១ ក្រុងនោះប្រកបដោយសិរីរុងរឿងរបស់ព្រះ។+ រស្មីរបស់ក្រុងនោះគឺដូចត្បូងថ្លៃវិសេស និងដូចត្បូងយ៉ាស្បាដែលភ្លឺថ្លាដូចកែវចរណៃ។+ ១២ ក្រុងនោះមានកំពែងធំនិងខ្ពស់ណាស់ ព្រមទាំងមានទ្វារកំពែង១២ ហើយនៅទ្វារកំពែងទាំងនោះមានទេវតា១២។ ម្យ៉ាងទៀត ឈ្មោះរបស់កុលសម្ព័ន្ធទាំង១២នៃអ៊ីស្រាអែល បានត្រូវសរសេរលើទ្វារទាំងនោះ។ ១៣ នៅខាងកើតមានទ្វារ៣ នៅខាងជើងមានទ្វារ៣ នៅខាងត្បូងមានទ្វារ៣ ហើយនៅខាងលិចមានទ្វារ៣។+ ១៤ កំពែងក្រុងនោះក៏មានថ្មគ្រឹះ១២ ហើយនៅលើថ្មទាំងនោះមានឈ្មោះសាវ័កទាំង១២+របស់កូនចៀម។
១៥ រីឯអ្នកដែលកំពុងនិយាយជាមួយនឹងខ្ញុំ គាត់កាន់ដើមត្រែងមាសមួយដើម្បីប្រើជាប្រដាប់វាស់ក្រុងនោះ ព្រមទាំងវាស់ទ្វារនិងកំពែងរបស់ក្រុងនោះផង។+ ១៦ ក្រុងនោះមានរាងបួនជ្រុងស្មើ ឯបណ្ដោយនិងទទឹងនៃក្រុងនោះគឺស្មើគ្នា។ រួចគាត់យកដើមត្រែងមកវាស់ក្រុងនោះ ហើយឃើញមាន១២.០០០ស្ដាដ។* បណ្ដោយ ទទឹង និងកម្ពស់នៃក្រុងនោះគឺស្មើគ្នា។ ១៧ គាត់ក៏វាស់កំពែងក្រុងនោះដែរ ឃើញមាន១៤៤ហត្ថ* តាមរង្វាស់របស់មនុស្សដែលដូចគ្នានឹងរង្វាស់របស់ទេវតា។ ១៨ កំពែងក្រុងនោះធ្វើពីត្បូងយ៉ាស្បា+ ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលប្រៀបដូចជាកញ្ចក់ថ្លា។ ១៩ គ្រឹះនានានៃកំពែងក្រុងនោះបានត្រូវធ្វើពីត្បូងថ្លៃវិសេសគ្រប់ប្រភេទ៖ គ្រឹះទី១បានត្រូវធ្វើពីត្បូងយ៉ាស្បា ទី២ត្បូងកណ្ដៀង ទី៣ត្បូងខាលសេដូនី ទី៤ត្បូងមរកត ២០ ទី៥ត្បូងសាដូនិច ទី៦ត្បូងសាដៀស ទី៧ត្បូងគ្រីសូឡែត ទី៨ត្បូងបេរីល ទី៩ត្បូងថូផាស ទី១០ត្បូងគ្រីសូប្រេស ទី១១ត្បូងហៃយ៉ាស៊ីន ទី១២ត្បូងអេម៉ាទេស។ ២១ ម្យ៉ាងទៀត ទ្វារទាំង១២ គឺជាគជ់ខ្យង១២ ដោយទ្វារនីមួយៗធ្វើពីគជ់ខ្យងមួយ។ ចំណែកឯផ្លូវធំក្នុងក្រុងនោះធ្វើពីមាសសុទ្ធ ដែលប្រៀបដូចជាកញ្ចក់ថ្លា។
២២ ខ្ញុំមិនឃើញវិហារនៅក្នុងក្រុងនោះទេ ព្រោះព្រះយេហូវ៉ា*ដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុត+ លោកនិងកូនចៀមជាវិហារនៃក្រុងនោះ។ ២៣ ក្រុងនោះមិនត្រូវការដួងអាទិត្យឬដួងខែបំភ្លឺទេ ពីព្រោះសិរីរុងរឿងរបស់ព្រះបានបំភ្លឺក្រុងនោះ+ ហើយកូនចៀមជាចង្កៀងនៃក្រុងនោះ។+ ២៤ ប្រជាជាតិនានានឹងដើរដោយសារពន្លឺនៃក្រុងនោះ+ ហើយស្ដេចទាំងឡាយនៅផែនដីនឹងនាំសិរីរុងរឿងរបស់ពួកគេចូលទៅក្នុងក្រុងនោះ។ ២៥ ទ្វារក្រុងនោះនឹងមិនត្រូវបិទនៅពេលថ្ងៃឡើយ ហើយនៅក្រុងនោះនឹងមិនមានយប់ទេ។+ ២៦ ពួកគេនឹងនាំសិរីរុងរឿងនិងកិត្តិយសនៃប្រជាជាតិនានាចូលទៅក្រុងនោះ។+ ២៧ ប៉ុន្តែ អ្វីដែលស្មោកគ្រោក ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមនិងអំពើបោកបញ្ឆោត នឹងមិនបានចូលក្នុងក្រុងនោះទេ+ មានតែពួកអ្នកដែលមានឈ្មោះក្នុងរមូរជីវិតរបស់កូនចៀមប៉ុណ្ណោះនឹងចូលបាន។+