ដំណើរចាកចេញ
២១ «ច្បាប់ដែលអ្នកត្រូវប្រាប់ដល់ជនរួមជាតិរបស់អ្នក មានដូចតទៅ៖+
២ «បើអ្នករាល់គ្នាទិញខ្ញុំបម្រើជាជនជាតិហេប្រឺ+ គាត់ត្រូវបម្រើអស់រយៈពេល៦ឆ្នាំ តែនៅឆ្នាំទី៧ គាត់នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ដោយមិនចាំបាច់បង់អ្វីឡើយ។+ ៣ បើគាត់មកម្នាក់ឯង គាត់ត្រូវទៅវិញម្នាក់ឯង តែបើគាត់មកជាមួយប្រពន្ធ គាត់ត្រូវយកប្រពន្ធទៅជាមួយ។ ៤ ប៉ុន្តែ បើប្រពន្ធនោះជានារីដែលចៅហ្វាយគាត់រៀបការឲ្យ ហើយនាងបង្កើតបានកូនប្រុសស្រី នោះនាងនិងកូនៗនឹងទៅជារបស់ចៅហ្វាយ។ ខ្ញុំបម្រើនោះត្រូវចេញទៅតែម្នាក់ឯងប៉ុណ្ណោះ។+ ៥ ប៉ុន្តែ បើគាត់ទទូចថា៖ ‹ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ និងប្រពន្ធកូនខ្ញុំ ខ្ញុំមិនចង់ចេញទៅទេ›+ ៦ នោះចៅហ្វាយត្រូវនាំគាត់ទៅឯព្រះពិត។ បន្ទាប់មក ចៅហ្វាយឲ្យគាត់ឈរផ្អឹបនឹងទ្វារឬបង្គោលទ្វារ រួចយកដែកចោះមកចោះត្រចៀកគាត់ នោះគាត់នឹងនៅបម្រើចៅហ្វាយអស់មួយជីវិត។
៧ «បើឪពុកម្នាក់លក់កូនស្រីខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នោះនាងនឹងមិនចេញទៅដូចជាខ្ញុំបម្រើប្រុសទេ។ ៨ បើចៅហ្វាយមិនពេញចិត្តនឹងនាង ហើយមិនយកនាងធ្វើជាប្រពន្ធបន្ទាប់ រួចលក់នាងឲ្យអ្នកឯទៀត* នោះគាត់បានក្បត់នាងហើយ។ គាត់មិនអាចលក់នាងទៅឲ្យជនបរទេសបានទេ។ ៩ បើគាត់លើកនាងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសគាត់ គាត់ត្រូវផ្ដល់សិទ្ធិឲ្យនាងដូចជាកូនស្រីខ្លួនដែរ។ ១០ បើគាត់*យកប្រពន្ធមួយទៀត គាត់នៅតែត្រូវផ្ដល់អាហារ និងសម្លៀកបំពាក់ដល់ប្រពន្ធទី១ ថែមទាំងបំពេញករណីយកិច្ច+ចំពោះនាងផងដែរ។ ១១ ប៉ុន្តែ បើគាត់មិនផ្ដល់អ្វីបីយ៉ាងនេះដល់នាងទេ នោះនាងអាចចេញទៅដោយមិនចាំបាច់បង់ប្រាក់ឡើយ។
១២ «បើមនុស្សម្នាក់វាយសម្លាប់មនុស្សម្នាក់ទៀត អ្នកនោះនឹងទទួលទោសដល់ជីវិត។+ ១៣ ប៉ុន្តែ បើគាត់សម្លាប់គេដោយអចេតនា ហើយព្រះពិតអនុញ្ញាតឲ្យកើតឡើង នោះខ្ញុំនឹងរៀបចំកន្លែងមួយដើម្បីឲ្យគាត់អាចរត់ទៅបាន។+ ១៤ បើមនុស្សម្នាក់ខឹងនឹងមនុស្សម្នាក់ទៀត ហើយសម្លាប់គាត់ដោយចេតនា+ អ្នកនោះនឹងទទួលទោសដល់ជីវិត ទោះជាគាត់រត់ទៅឯទីបូជារបស់ខ្ញុំក៏ដោយ។+ ១៥ អ្នកណាដែលវាយឪពុកឬម្ដាយខ្លួន អ្នកនោះនឹងទទួលទោសដល់ជីវិត។+
១៦ «បើអ្នកណាម្នាក់ចាប់បុគ្គលម្នាក់+យកទៅលក់ឬឃុំទុក+ អ្នកនោះនឹងទទួលទោសដល់ជីវិត។+
១៧ «បើអ្នកណាម្នាក់ជេរប្រមាថឪពុកឬម្ដាយខ្លួន អ្នកនោះនឹងត្រូវស្លាប់។+
១៨ «ពេលមានជម្លោះ បើមនុស្សម្នាក់ដាល់*គេឲ្យរបួសធ្ងន់ឬយកថ្មទៅវាយគេ តែមិនដល់ថ្នាក់ស្លាប់ទេ គ្រាន់តែក្រោកពីគ្រែមិនរួច អ្នកវាយគេនោះត្រូវធ្វើដូចតទៅ៖ ១៩ បើអ្នករងរបួសអាចក្រោកដើរបានដោយប្រើឈើច្រត់ នោះអ្នកវាយគេនឹងមិនទទួលទោសទេ។ ក្នុងអំឡុងពេលដែលអ្នករងរបួសមិនអាចធ្វើការបាន គាត់ត្រូវបង់ប្រាក់សំណងដល់អ្នកនោះ រហូតដល់អ្នកនោះជាសះស្បើយឡើងវិញ។
២០ «បើចៅហ្វាយម្នាក់វាយខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រីនឹងដំបង ហើយខ្ញុំបម្រើនោះស្លាប់ ចៅហ្វាយនោះនឹងទទួលទោស។+ ២១ ប៉ុន្តែ បើខ្ញុំបម្រើនោះនៅរស់បានមួយថ្ងៃឬពីរថ្ងៃ ចៅហ្វាយនោះនឹងមិនទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាកម្មសិទ្ធិរបស់គាត់។
២២ «បើមានអ្នកណាប្រតាយប្រតប់គ្នា ហើយប៉ះទង្គិចស្ត្រីដែលមានផ្ទៃពោះ ធ្វើឲ្យនាងសម្រាលកូនមុនកំណត់+ តែគ្មានគ្រោះថ្នាក់ដល់នាងឬកូនទេ នោះអ្នកបង្កនោះត្រូវសងជំងឺចិត្តតាមការទាមទាររបស់ប្ដីនាង ហើយស្របតាមការសម្រេចរបស់ពួកចៅក្រម។+ ២៣ ប៉ុន្តែ បើមានគ្រោះថ្នាក់ដល់ជីវិត នោះត្រូវសងជីវិតនឹងជីវិត+ ២៤ ភ្នែកសងនឹងភ្នែក ធ្មេញសងនឹងធ្មេញ ដៃសងនឹងដៃ ជើងសងនឹងជើង+ ២៥ រលាកសងនឹងរលាក របួសសងនឹងរបួស ជាំសងនឹងជាំ។
២៦ «បើចៅហ្វាយម្នាក់វាយខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រីឲ្យខ្វាក់ភ្នែក គាត់ត្រូវឲ្យខ្ញុំបម្រើនោះមានសេរីភាពឡើងវិញ ដោយសារតែភ្នែកនោះ។+ ២៧ បើចៅហ្វាយនោះវាយខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រីឲ្យបាក់ធ្មេញ គាត់ត្រូវឲ្យខ្ញុំបម្រើនោះមានសេរីភាពឡើងវិញ ដោយសារតែធ្មេញនោះ។
២៨ «បើគោមួយជល់អ្នកណាម្នាក់ស្លាប់ នោះត្រូវយកដុំថ្មគប់សម្លាប់គោនោះ+ ហើយមិនត្រូវបរិភោគសាច់វាឡើយ។ ឯម្ចាស់គោ គាត់នឹងមិនទទួលទោសទេ។ ២៩ ប៉ុន្តែ បើគោមួយតែងតែដើរជល់គេ ហើយមានគេមកប្រាប់ម្ចាស់វា តែម្ចាស់មិនយកចិត្តទុកដាក់មើលវា ហើយក្រោយមកគោនោះជល់អ្នកណាម្នាក់ស្លាប់ នោះត្រូវយកដុំថ្មគប់សម្លាប់គោនោះចោលទៅ។ ឯម្ចាស់ ក៏ត្រូវទទួលទោសដល់ជីវិតដែរ។ ៣០ បើគេតម្រូវឲ្យម្ចាស់គោបង់ប្រាក់ដើម្បីលោះជីវិតខ្លួន នោះគាត់ត្រូវបង់តាមតម្លៃដែលគេតម្រូវឲ្យបង់។ ៣១ ទោះជាគោនោះជល់ក្មេងប្រុសឬក្មេងស្រីក្ដី ក៏ត្រូវធ្វើដូច្នោះចំពោះម្ចាស់គោនោះស្របទៅតាមច្បាប់នេះដែរ។ ៣២ បើគោនោះជល់ខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រី ម្ចាស់គោត្រូវបង់ប្រាក់៣០ហ្សេគិល*ដល់ចៅហ្វាយរបស់ខ្ញុំបម្រើនោះ ហើយគោនោះនឹងត្រូវគេគប់ដុំថ្មសម្លាប់។
៣៣ «បើអ្នកណាជីករណ្ដៅ រួចទុកចោលដោយឥតបានគ្រប ហើយមានគោឬលាធ្លាក់ចូល ៣៤ នោះអ្នកជីករណ្ដៅត្រូវសងតម្លៃសត្វដល់ម្ចាស់វិញ+ ហើយសត្វដែលងាប់នោះនឹងបានជារបស់អ្នកជីករណ្ដៅ។ ៣៥ បើគោរបស់អ្នកណាម្នាក់ជល់គោរបស់អ្នកឯទៀតដល់ងាប់ នោះម្ចាស់គោរស់ត្រូវលក់គោនោះយកប្រាក់មកចែកជាមួយនឹងម្ចាស់គោងាប់។ ចំណែកគោដែលងាប់ ពួកគេក៏ត្រូវចែកគ្នាដែរ។ ៣៦ បើម្ចាស់គោដឹងថាគោខ្លួនមានទម្លាប់ជល់គេ តែគាត់បែរជាមិនយកចិត្តទុកដាក់មើលវាទេ ហើយក្រោយមកបើគោនោះជល់គោរបស់គេងាប់ នោះគាត់ត្រូវសងគោជំនួសគោវិញ។ ឯគោដែលងាប់នោះ នឹងបានជារបស់គាត់។