អេសធើរ
៤ ពេលម៉ាដេកាយ+ឮដំណឹងនោះ+ភ្លាម គាត់បានហែកអាវ ហើយស្លៀកបាវនិងបាចផេះនៅលើក្បាល។ បន្ទាប់មក គាត់ចេញទៅកណ្ដាលទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ ២ គាត់បានដើរទៅដល់ខ្លោងទ្វារវិមានស្ដេច តែមិនចូលទៅទេ ព្រោះអ្នកដែលស្លៀកបាវមិនអាចចូលវិមានស្ដេចបានឡើយ។ ៣ ឯបណ្ដាជនយូដាដែលនៅគ្រប់អាណាខេត្ត+ ពេលពួកគេឮច្បាប់ដែលស្ដេចបានចេញនោះ ពួកគេបានយំសោកជាខ្លាំង ទាំងតមអាហារផង។+ ពួកគេជាច្រើនបានដេកលើផេះនិងបាវ។+ ៤ ក្រោយមក ពួកអ្នកបម្រើ*ប្រុសនិងពួកអ្នកបម្រើស្រីរបស់នាងអេសធើរ បានមកប្រាប់នាងនូវអ្វីដែលបានកើតឡើង។ ពេលឮដំណឹងនោះ នាងពិបាកចិត្តខ្លាំងណាស់។ នាងបានឲ្យគេយកសម្លៀកបំពាក់ទៅឲ្យម៉ាដេកាយផ្លាស់ តែគាត់មិនព្រមទេ។ ៥ ខណៈនោះ នាងអេសធើរបានឲ្យគេទៅហៅហាថាក់ជាអ្នកបម្រើ*ម្នាក់ដែលស្ដេចបានចាត់ឲ្យមកបម្រើនាង។ ពេលគាត់មកដល់ នាងបានបង្គាប់គាត់ឲ្យទៅសួរនាំម៉ាដេកាយអំពីហេតុការណ៍ដែលបានកើតឡើង។
៦ ដូច្នេះ ហាថាក់បានចេញទៅជួបម៉ាដេកាយនៅទីលានសាធារណៈ ខាងមុខខ្លោងទ្វារវិមានស្ដេច។ ៧ ម៉ាដេកាយបានប្រាប់ហាថាក់អំពីអ្វីដែលបានកើតឡើងចំពោះគាត់ ហើយក៏ប្រាប់អំពីចំនួនប្រាក់+ដែលហាម៉ានបានសន្យាប្រគល់ឲ្យទៅឃ្លាំងប្រាក់របស់ស្ដេច ដើម្បីបំផ្លាញជនជាតិយូដាទាំងមូល។+ ៨ បន្ថែមទៀត ម៉ាដេកាយបានឲ្យរាជបញ្ជាដែលចេញនៅក្រុងស៊ូសាន*+ ដែលបង្គាប់ឲ្យបំផ្លាញជនជាតិយូដាទាំងអស់ដល់ហាថាក់ ហើយប្រាប់គាត់ឲ្យយករាជបញ្ជានោះទៅប្រគល់ឲ្យនាងអេសធើរ និងពន្យល់ប្រាប់នាងអំពីខ្លឹមសារក្នុងនោះ ថែមទាំងសុំនាង+ឲ្យទៅអង្វរស្ដេចសុំក្ដីមេត្តាជំនួសជនជាតិនាងផង។
៩ ក្រោយពីស្ដាប់រួច ហាថាក់បានចូលទៅជួបនាងអេសធើរវិញ ហើយប្រាប់នាងតាមពាក្យរបស់ម៉ាដេកាយ។ ១០ នាងអេសធើរបានឲ្យហាថាក់នាំពាក្យទៅប្រាប់ម៉ាដេកាយវិញថា៖+ ១១ «គ្រប់ប្រជារាស្ត្រនិងពួកអ្នកបម្រើរបស់ស្ដេចទាំងអស់សុទ្ធតែដឹងហើយថាមានច្បាប់មួយ គឺបើអ្នកណាម្នាក់ចូលទៅទីលានខាងក្នុងវិមានស្ដេច+ ដោយគ្មានការកោះហៅទេ អ្នកនោះមានទោសតែមួយប៉ុណ្ណោះគឺត្រូវប្រហារជីវិត។ ប៉ុន្តែ អ្នកនោះអាចរួចជីវិតបាន លុះត្រាតែស្ដេចហុចដំបងរាជ្យឲ្យគាត់ប៉ះ។+ ចំណែកខ្ញុំ ស្ដេចមិនបានហៅឲ្យទៅជួបអស់រយៈពេល៣០ថ្ងៃហើយ»។
១២ ក្រោយពីម៉ាដេកាយឮដំណឹងនេះហើយ ១៣ គាត់ក៏ផ្ញើពាក្យទៅនាងអេសធើរវិញថា៖ «នាងមិនវិសេសជាងជនជាតិយូដាឯទៀតទេ។ សូមកុំគិតស្មានថានាងនឹងរួចជីវិតដោយសារនាងនៅក្នុងវិមានស្ដេចនោះឡើយ។ ១៤ ប្រសិនបើពេលនេះនាងនៅស្ងៀម នោះជនជាតិយូដានឹងទទួលសេចក្ដីសង្គ្រោះពីប្រភពផ្សេងវិញ+ តែនាងនិងពូជពង្សឪពុកនាងនឹងត្រូវវិនាសជាមិនខាន។ នាងបានត្រូវតែងតាំងជាអគ្គមហេសី ប្រហែលជាសម្រាប់គ្រាដូចនេះទេដឹង»។+
១៥ បន្ទាប់មក នាងអេសធើរផ្ញើពាក្យទៅម៉ាដេកាយវិញថា៖ ១៦ «សូមហៅជនជាតិយូដាទាំងអស់នៅក្នុងក្រុងស៊ូសាន* ឲ្យមកជួបជុំគ្នាតមអាហារ+ដើម្បីខ្ញុំ។ សូមកុំបរិភាគឬផឹកអ្វីឡើយ ក្នុងអំឡុងបីថ្ងៃ។+ ឯខ្ញុំនិងពួកអ្នកបម្រើស្រីរបស់ខ្ញុំក៏តមអាហារដែរ។ ខ្ញុំនឹងចូលទៅជួបស្ដេច ទោះជាខុសនឹងច្បាប់ក៏ដោយ។ បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។ ១៧ ដូច្នេះ ម៉ាដេកាយបានចេញទៅ ហើយគាត់ក៏ធ្វើតាមការណែនាំទាំងអស់របស់នាងអេសធើរ។