សៀវភៅម៉ាថាយ
១៣ នៅថ្ងៃនោះ លោកយេស៊ូបានចេញពីផ្ទះ ទៅអង្គុយនៅមាត់សមុទ្រ។ ២ ក្រោយមក មនុស្សមួយក្រុមធំបានមូលគ្នាមកឯលោក រហូតដល់លោកត្រូវចុះទៅអង្គុយក្នុងទូកមួយ តែបណ្ដាជនបានឈរនៅឆ្នេរសមុទ្រវិញ។+ ៣ រួចមក លោកប្រាប់ពួកគេអំពីអ្វីៗជាច្រើនដោយប្រើឧទាហរណ៍ថា៖+«មើល! មនុស្សម្នាក់បានចេញទៅសាបព្រោះគ្រាប់ពូជ។+ ៤ ពេលដែលគាត់កំពុងសាបព្រោះ នោះគ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។+ ៥ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើកន្លែងមានផ្ទាំងថ្ម មិនសូវមានដី រួចក៏ដុះចេញផុតពីដីភ្លាមៗ ដោយសារដីនោះរាក់។+ ៦ ក៏ប៉ុន្តែ ពេលដែលថ្ងៃរះឡើង វាបានស្លោកទៅ ហើយដោយសារឫសចាក់មិនជ្រៅ វាបានក្រៀមស្វិត។ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ។+ ៨ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ហើយបានបង្កើតផល ១ជា១០០ ១ជា៦០ និង១ជា៣០។+ ៩ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។+
១០ ដូច្នេះ អ្នកកាន់តាមបានមកសួរលោកថា៖ «ហេតុអ្វីលោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍?»។+ ១១ លោកតបឆ្លើយថា៖ «អ្នករាល់គ្នាបានត្រូវអនុញ្ញាតឲ្យយល់អាថ៌កំបាំងដ៏ពិសិដ្ឋ+អំពីរាជាណាចក្រស្ថានសួគ៌។ ប៉ុន្តែ មនុស្សទាំងនោះមិនបានត្រូវអនុញ្ញាតឲ្យយល់ទេ។ ១២ ពីព្រោះអ្នកណាដែលមាន នឹងទទួលថែមទៀត ដើម្បីឲ្យអ្នកនោះមានជាបរិបូរ។ ប៉ុន្តែ អ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមាន ក៏នឹងត្រូវដកហូតដែរ។+ ១៣ នេះជាមូលហេតុដែលខ្ញុំនិយាយទៅពួកគេដោយប្រើឧទាហរណ៍ ពីព្រោះទោះជាពួកគេមើល ក៏មើលមិនឃើញ ហើយទោះជាពួកគេស្ដាប់ ក៏ស្ដាប់មិនឮ ហើយក៏មិនយល់អត្ថន័យដែរ។+ ១៤ ទំនាយដែលអេសាយបានប្រកាស កំពុងសម្រេចក្នុងករណីពួកគេ។ ទំនាយនោះថា៖ ‹អ្នករាល់គ្នានឹងស្ដាប់ឮ តែមិនយល់អត្ថន័យអ្វីសោះ ហើយអ្នករាល់គ្នានឹងមើល តែមិនឃើញអ្វីសោះ។+ ១៥ ពីព្រោះចិត្តរបស់មនុស្សទាំងនេះបានទៅជារឹង ហើយពួកគេបានឮនឹងត្រចៀក តែមិនបានអើពើទេ។ ពួកគេបានបិទភ្នែកដើម្បីកុំឲ្យមើលឃើញ ហើយបិទត្រចៀកដើម្បីកុំឲ្យស្ដាប់ឮ ហើយយល់អត្ថន័យ រួចប្រែចិត្ត ដើម្បីឲ្យខ្ញុំធ្វើឲ្យពួកគេជាសះស្បើយឡើយ›។+
១៦ «ក៏ប៉ុន្តែ អ្នករាល់គ្នាមានសុភមង្គលហើយ ពីព្រោះភ្នែករបស់អ្នកមើលឃើញ ហើយត្រចៀករបស់អ្នកស្ដាប់ឮ។+ ១៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ធ្លាប់មានអ្នកប្រកាសទំនាយនិងមនុស្សសុចរិតជាច្រើននាក់ដែលចង់ឃើញអ្វីដែលអ្នកកំពុងឃើញ តែពួកគេមិនបានឃើញឡើយ+ ហើយចង់ឮអ្វីដែលអ្នកកំពុងឮ តែក៏មិនបានឮដែរ។
១៨ «ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់ឧទាហរណ៍អំពីអ្នកសាបព្រោះ។+ ១៩ ពេលអ្នកណាម្នាក់ឮបណ្ដាំស្ដីអំពីរាជាណាចក្រ តែមិនយល់អត្ថន័យ នោះមេកំណាច+ក៏មក ហើយឆក់យកអ្វីដែលបានត្រូវសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលបានត្រូវសាបព្រោះតាមផ្លូវ។+ ២០ ចំណែកគ្រាប់ពូជដែលបានត្រូវសាបព្រោះលើផ្ទាំងថ្មគឺជាអ្នកដែលឮបណ្ដាំនោះ ក៏ទទួលយកភ្លាមដោយអំណរ។+ ២១ ទោះជាដូច្នោះក៏ដោយ បណ្ដាំស្ដីអំពីរាជាណាចក្រគ្មានឫសក្នុងអ្នកនោះឡើយ តែអ្នកនោះនៅជាប់បានមួយរយៈ រួចពេលកើតមានទុក្ខលំបាកឬការបៀតបៀនដោយសារបណ្ដាំនោះ អ្នកនោះក៏ជំពប់ដួលភ្លាម។ ២២ រីឯគ្រាប់ពូជដែលបានត្រូវសាបព្រោះលើដីមានដើមបន្លា នោះសំដៅទៅអ្នកដែលឮបណ្ដាំនោះ ប៉ុន្តែការខ្វល់ខ្វាយអំពីជីវភាពនៅសម័យ*នេះ+ និងការល្បួង*នៃទ្រព្យសម្បត្តិ ក៏គ្របបាំងបណ្ដាំនោះជិត មិនឲ្យអ្នកនោះបង្កើតផលឡើយ។+ ២៣ ចំណែកគ្រាប់ពូជដែលធ្លាក់លើដីល្អគឺជាអ្នកដែលឮបណ្ដាំនោះ ហើយយល់អត្ថន័យ ក៏បង្កើតផលពិតមែន អ្នកនេះបង្កើតផល១ជា១០០ អ្នកនោះ១ជា៦០ ហើយម្នាក់ទៀត១ជា៣០»។+
២៤ លោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ដែលបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់គាត់។ ២៥ កាលដែលមនុស្សទាំងឡាយកំពុងដេកលក់ សត្រូវរបស់គាត់បានមកសាបព្រោះស្រងែ*លើស្រូវសាលី រួចចេញបាត់ទៅ។ ២៦ ពេលស្រូវសាលីចេញជាដើមហើយមានកួរ នោះស្រងែក៏បានដុះឡើងដែរ។ ២៧ ដូច្នេះ ពួកខ្ញុំបម្រើរបស់បុរសដែលជាម្ចាស់ផ្ទះនោះ បានមកសួរគាត់ថា៖ ‹លោកម្ចាស់! លោកបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់លោក មែនទេ? ចុះហេតុអ្វីបានជាមានស្រងែនៅទីនោះ?› ២៨ គាត់ឆ្លើយថា៖ ‹នេះជាស្នាដៃរបស់បុរសម្នាក់ដែលជាសត្រូវរបស់ខ្ញុំ›។+ ពួកគេសួរតបថា៖ ‹បើដូច្នេះ តើលោកចង់ឲ្យយើងចេញទៅដកស្រងែទាំងនោះទេ?›។ ២៩ គាត់ឆ្លើយថា៖ ‹កុំដក ក្រែងលោកាលណាដកស្រងែចេញ ស្រូវសាលីក៏រលើងឫសដែរ។ ៣០ ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ ហើយនៅរដូវនោះ ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យដកស្រងែមុនសិន រួចចងជាកណ្ដាប់ដើម្បីដុតចោល ហើយសឹមទៅប្រមូលស្រូវសាលីទុកក្នុងជង្រុករបស់ខ្ញុំ›»។+
៣១ លោកមានប្រសាសន៍ទៅពួកគេដោយប្រើឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាគ្រាប់មូស្ដាត*ដែលបុរសម្នាក់បានយកទៅដាំនៅក្នុងដីរបស់គាត់។+ ៣២ តាមពិត គ្រាប់នោះជាគ្រាប់តូចបំផុត តែពេលបានដុះឡើងហើយ នោះវាទៅជាដំណាំធំបំផុត ក៏ទៅជាដើមឈើមួយ ហើយសត្វស្លាបនៅលើមេឃមកជ្រកអាស្រ័យក្នុងមែករបស់វា»។
៣៣ លោកប្រាប់ពួកគេឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺដូចជាដំបែដែលស្ត្រីម្នាក់បានយកទៅលាយក្នុងម្សៅបីរង្វាល់ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។+
៣៤ លោកយេស៊ូបានប្រាប់បណ្ដាជនអំពីអ្វីៗទាំងនេះដោយប្រើឧទាហរណ៍។ លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ។+ ៣៥ នេះដើម្បីសម្រេចនូវអ្វីដែលបានត្រូវថ្លែងតាមរយៈអ្នកប្រកាសទំនាយ ដែលថា៖ «ខ្ញុំនឹងបើកមាត់និយាយជាឧទាហរណ៍ ក៏នឹងប្រកាសប្រាប់ឲ្យដឹងអំពីអ្វីៗដែលបានត្រូវលាក់បាំងតាំងពីកំណើតពិភពលោក»។+
៣៦ ក្រោយពីឲ្យបណ្ដាជនត្រឡប់ទៅវិញ លោកបានចូលទៅក្នុងផ្ទះ។ រួចមក អ្នកកាន់តាមបានមកឯលោក ហើយជម្រាបថា៖ «សូមពន្យល់យើងឲ្យយល់ឧទាហរណ៍អំពីស្រងែក្នុងវាលស្រូវសាលី»។ ៣៧ លោកមានប្រសាសន៍ថា៖ «អ្នកដែលសាបព្រោះគ្រាប់ពូជល្អគឺជាកូនមនុស្ស ៣៨ ឯវាលស្រូវសាលីគឺជាពិភពលោក។+ ចំណែកគ្រាប់ពូជល្អគឺជាកូននៃរាជាណាចក្រ ប៉ុន្តែស្រងែគឺជាកូនរបស់មេកំណាច+ ៣៩ ហើយសត្រូវដែលបានសាបព្រោះនោះគឺជាមេកំណាច។* ការច្រូតគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោក* ហើយបណ្ដាទេវតាគឺជាអ្នកច្រូត។ ៤០ ម្ល៉ោះហើយ ដូចស្រងែបានត្រូវដកចេញ ហើយដុតចោលក្នុងភ្លើង នោះនៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ក៏នឹងកើតមានដូច្នោះដែរ។+ ៤១ កូនមនុស្សនឹងចាត់បណ្ដាទេវតារបស់លោកឲ្យមក ហើយទេវតាទាំងនោះនឹងដកអ្វីៗទាំងអស់ដែលនាំឲ្យជំពប់ដួល* ព្រមទាំងដកមនុស្សទាំងអស់ដែលប្រព្រឹត្តប្រឆាំងច្បាប់ ចេញពីរាជាណាចក្ររបស់លោក ៤២ រួចទេវតាទាំងនោះនឹងបោះពួកគេទៅក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅ។+ នៅទីនោះ ពួកគេនឹងយំ ហើយសង្កៀតធ្មេញ។ ៤៣ នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ+ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ។ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ។
៤៤ «រាជាណាចក្រស្ថានសួគ៌គឺដូចជាកំណប់ទ្រព្យក្នុងវាលមួយ ដែលបុរសម្នាក់បានរកឃើញ ហើយលាក់ទុក។ រួចដោយសារគាត់ត្រេកអរជាខ្លាំង គាត់ក៏ទៅលក់អ្វីៗដែលគាត់មាន ហើយទិញវាលនោះ។+
៤៥ «ម្យ៉ាងទៀត រាជាណាចក្រស្ថានសួគ៌គឺដូចជាអ្នកធ្វើដំណើរជួញដូរម្នាក់ ដែលកំពុងរកគជ់ខ្យងល្អវិសេស។ ៤៦ ពេលដែលរកឃើញគជ់ខ្យងមួយដែលមានតម្លៃខ្ពស់ គាត់ក៏ចេញទៅ ហើយប្រញាប់លក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញគជ់ខ្យងនោះ។+
៤៧ «ម្យ៉ាងវិញទៀត រាជាណាចក្រស្ថានសួគ៌គឺដូចជាអួនដែលត្រូវទម្លាក់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ។ ៤៨ ពេលដែលអួនពេញហើយ ពួកគេអូសមកលើឆ្នេរ រួចអង្គុយប្រមូលត្រីល្អ+ដាក់ក្នុងកញ្ជើ តែត្រីដែលមិនអាចបរិភោគបាន+ ពួកគេបោះចោលវិញ។ ៤៩ នៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ក៏នឹងដូច្នេះដែរ។ បណ្ដាទេវតានឹងចេញទៅញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត ៥០ ហើយនឹងបោះមនុស្សទុច្ចរិតទៅក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅ។ នៅទីនោះ ពួកគេនឹងយំ ហើយសង្កៀតធ្មេញ»។
៥១ បន្ទាប់មក លោកយេស៊ូសួរថា៖ «តើអ្នករាល់គ្នាយល់អត្ថន័យនៃអ្វីៗទាំងនេះឬទេ?»។ ពួកគាត់ឆ្លើយថា៖ «យល់ហើយលោកម្ចាស់!»។ ៥២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «បើដូច្នេះ គ្រូបង្រៀនគ្រប់រូប ក្រោយពីបានត្រូវគេបង្រៀនអំពីរាជាណាចក្រស្ថានសួគ៌ហើយ គឺដូចជាបុរសម្នាក់ជាម្ចាស់ផ្ទះ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។
៥៣ ក្រោយពីលោកយេស៊ូបានប្រាប់ឧទាហរណ៍ទាំងនេះចប់ លោកចាកចេញពីកន្លែងនោះ។ ៥៤ លុះក្រោយពីបានចូលស្រុកកំណើតរបស់លោកហើយ+ លោកចាប់ផ្ដើមបង្រៀនបណ្ដាជននៅក្នុងសាលាប្រជុំរបស់ពួកគេ។ ជាលទ្ធផល ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «តើបុរសនេះបានទទួលប្រាជ្ញាបែបនេះ និងអំណាចដើម្បីធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះពីណាមក?+ ៥៥ តើបុរសនេះមិនមែនជាកូនរបស់ជាងឈើទេឬ?+ ម្ដាយរបស់គាត់ឈ្មោះម៉ារៀ និងប្អូនប្រុសៗរបស់គាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស មែនទេ?+ ៥៦ ហើយតើប្អូនស្រីៗរបស់គាត់មិនមែននៅទីនេះជាមួយនឹងយើងទេឬ? ចុះតើបុរសនេះចេះធ្វើអ្វីៗទាំងនេះពីណាមក?»។+ ៥៧ ម្ល៉ោះហើយ ពួកគេមិនព្រមជឿលើលោកឡើយ។+ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «នៅគ្រប់កន្លែង គេតែងគោរពអ្នកប្រកាសទំនាយ លើកលែងតែនៅស្រុកកំណើត និងនៅក្នុងផ្ទះរបស់ខ្លួន»។+ ៥៨ ដូច្នេះ លោកមិនបានធ្វើការដែលប្រកបដោយឫទ្ធានុភាពជាច្រើននៅទីនោះឡើយ ពីព្រោះពួកគេគ្មានជំនឿ។