ការបើកបង្ហាញចំពោះយ៉ូហាន
៧ បន្ទាប់ពីការនោះ ខ្ញុំឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ដោយទប់ខ្យល់ទាំងបួននៃផែនដី មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាមួយឡើយ។ ២ រួចមក ខ្ញុំឃើញទេវតាមួយទៀតឡើងមកពីទិសថ្ងៃរះ* ទាំងមានត្រារបស់ព្រះដែលមានជីវិតរស់នៅ ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់ទេវតាទាំងបួនដែលបានទទួលការអនុញ្ញាតឲ្យបង្ខូចផែនដីនិងសមុទ្រថា៖ ៣ «កុំបង្ខូចផែនដី សមុទ្រ ឬដើមឈើឡើយ ទាល់តែយើងបានបោះត្រា+លើថ្ងាសពួកខ្ញុំបម្រើនៃព្រះរបស់យើងសិន»។+
៤ ខ្ញុំបានឮថាពួកអ្នកដែលបានត្រូវបោះត្រានោះ មានចំនួន១៤៤.០០០នាក់+ពីកុលសម្ព័ន្ធទាំងអស់នៃកូនចៅអ៊ីស្រាអែល គឺ៖+
៥ ពីកុលសម្ព័ន្ធយូដាមាន១២.០០០នាក់បានត្រូវបោះត្រា
ពីកុលសម្ព័ន្ធរូបេនមាន១២.០០០នាក់
ពីកុលសម្ព័ន្ធកាដមាន១២.០០០នាក់
៦ ពីកុលសម្ព័ន្ធអេស៊ើរមាន១២.០០០នាក់
ពីកុលសម្ព័ន្ធណែបថាលីមាន១២.០០០នាក់
ពីកុលសម្ព័ន្ធម៉ាណាសេ+មាន១២.០០០នាក់
៧ ពីកុលសម្ព័ន្ធស៊ីម្មានមាន១២.០០០នាក់
ពីកុលសម្ព័ន្ធលេវីមាន១២.០០០នាក់
ពីកុលសម្ព័ន្ធអ៊ីសាខារមាន១២.០០០នាក់
៨ ពីកុលសម្ព័ន្ធសេប៊ូឡូនមាន១២.០០០នាក់
ពីកុលសម្ព័ន្ធយ៉ូសែបមាន១២.០០០នាក់
ពីកុលសម្ព័ន្ធបេនយ៉ាមីនមាន១២.០០០នាក់បានត្រូវបោះត្រា។
៩ បន្ទាប់ពីការនោះ មើល! ខ្ញុំឃើញមនុស្សមួយក្រុមធំ ដែលគ្មានអ្នកណាម្នាក់អាចរាប់ចំនួនបានឡើយ។ ពួកគេចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ និងគ្រប់ភាសា+ ហើយកំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម ដោយពាក់អាវវែងពណ៌ស+ ព្រមទាំងកាន់ធាងលម៉ើនៅដៃ។+ ១០ ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងឥតឈប់ថា៖ «សេចក្ដីសង្គ្រោះរបស់យើងមកពីព្រះរបស់យើងដែលអង្គុយលើបល្ល័ង្ក+ និងមកពីកូនចៀម»។+
១១ ឯទេវតាទាំងឡាយកំពុងឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកអ្នកចាស់ទុំ+ និងជុំវិញចេរូប៊ីនទាំងបួន រួចពួកគេក្រាបគោរពប្រណិប័តន៍ព្រះនៅមុខបល្ល័ង្កនោះ ១២ ហើយនិយាយថា៖ «អាមេន! សូមឲ្យពរ សិរីរុងរឿង ប្រាជ្ញា អំណរគុណ កិត្តិយស ឫទ្ធានុភាព និងកម្លាំង ជារបស់ព្រះនៃយើងជារៀងរហូត។+ អាមេន»។
១៣ បន្ទាប់មក អ្នកចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើពួកអ្នកដែលពាក់អាវវែងពណ៌ស+ទាំងនេះជាអ្នកណា? ហើយតើពួកគេមកពីណា?»។ ១៤ ខ្ញុំក៏និយាយទៅគាត់ភ្លាមថា៖ «ម្ចាស់ខ្ញុំអើយ អ្នកដឹងហើយ»។ គាត់និយាយមកខ្ញុំថា៖ «អ្នកទាំងនោះគឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង+ ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម។+ ១៥ ហេតុនេះហើយបានជាពួកគេនៅមុខបល្ល័ង្ករបស់ព្រះ ហើយពួកគេកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោកទាំងយប់ទាំងថ្ងៃក្នុងវិហាររបស់លោក។ ឯលោកដែលអង្គុយលើបល្ល័ង្ក+នឹងរៀបចំត្រសាលមួយដើម្បីការពារពួកគេ។+ ១៦ ពួកគេនឹងមិនស្រេកឬឃ្លានទៀតឡើយ ហើយថ្ងៃក៏នឹងមិនជះកម្ដៅខ្លាំងពេកមកលើពួកគេទៀតដែរ+ ១៧ ពីព្រោះកូនចៀម+ដែលនៅក្បែរបល្ល័ង្កនឹងឃ្វាលពួកគេ+ ហើយនាំទៅឯប្រភពទឹកដែលផ្ដល់ជីវិត។+ ឯព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ»។+