ដើមកំណើត
១៦ រហូតមកដល់ពេលនេះ សារ៉ាយនៅតែមិនទាន់មានកូននៅឡើយ។+ នាងមានអ្នកបម្រើស្រីម្នាក់ជាជនជាតិអេហ្ស៊ីប ឈ្មោះហាកា។+ ២ ដូច្នេះ សារ៉ាយបាននិយាយទៅកាន់អាប់រ៉ាមថា៖ «មកដល់ពេលនេះ ព្រះយេហូវ៉ាមិនបានឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមបងរួមដំណេកជាមួយនឹងស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំអាចបានកូនតាមរយៈនាងទេដឹង»។+ អាប់រ៉ាមក៏ស្ដាប់តាមសារ៉ាយ។ ៣ ក្រោយពីរស់នៅក្នុងស្រុកកាណានអស់រយៈពេល១០ឆ្នាំ សារ៉ាយបានប្រគល់ហាកាឲ្យទៅអាប់រ៉ាមធ្វើជាប្រពន្ធ។ ៤ ដូច្នេះ អាប់រ៉ាមបានរួមដំណេកជាមួយនឹងហាកា។ ក្រោយមក នាងមានផ្ទៃពោះ។ ពេលដឹងថាខ្លួនមានផ្ទៃពោះហើយ នាងក៏ចាប់ផ្ដើមមើលងាយចៅហ្វាយស្រី។
៥ បន្ទាប់ពីនោះ សារ៉ាយបាននិយាយទៅកាន់អាប់រ៉ាមថា៖ «ខ្ញុំមានទុក្ខគឺដោយសារបង។ ខ្ញុំគឺជាអ្នកដែលឲ្យស្រីបម្រើនោះទៅក្នុងរង្វង់ដៃបង តែពេលនាងដឹងថាខ្លួនមានផ្ទៃពោះ នាងក៏ចាប់ផ្ដើមមើលងាយខ្ញុំ។ សូមឲ្យព្រះយេហូវ៉ាវិនិច្ឆ័យរវាងខ្ញុំនិងបងចុះ!»។ ៦ ឮដូច្នេះ អាប់រ៉ាមបាននិយាយទៅកាន់សារ៉ាយថា៖ «មើល! ស្រីបម្រើនោះនៅក្រោមអំណាចអូនស្រាប់ហើយ។ សូមប្រព្រឹត្តទៅលើនាងតាមដែលអូនគិតថាគួរចុះ»។ បន្ទាប់មក សារ៉ាយបានធ្វើទុក្ខហាកា ដូច្នេះនាងក៏រត់ចេញពីសារ៉ាយទៅ។
៧ ក្រោយមក ទេវតារបស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងតំបន់ស្ងាត់ជ្រងំ តាមផ្លូវទៅតំបន់ស៊ើ។+ ៨ ទេវតាបានសួរនាងថា៖ «ហាកាស្រីបម្រើសារ៉ាយអើយ! តើនាងទៅណាមកណាដែរ?»។ នាងក៏ឆ្លើយថា៖ «ខ្ញុំកំពុងរត់គេចពីចៅហ្វាយស្រីខ្ញុំ»។ ៩ ទេវតារបស់ព្រះយេហូវ៉ាបាននិយាយទៅកាន់នាងថា៖ «ចូរត្រឡប់ទៅឯចៅហ្វាយស្រីនាងវិញទៅ ហើយចុះចូលក្រោមអំណាចគាត់ចុះ»។ ១០ រួចមក ទេវតារបស់ព្រះយេហូវ៉ាបានបន្ថែមថា៖ «ខ្ញុំនឹងធ្វើឲ្យកូនចៅ*នាងមានចំនួនច្រើនក្រៃលែង រហូតដល់គ្មានអ្នកណាអាចរាប់បានឡើយ»។+ ១១ ទេវតារបស់ព្រះយេហូវ៉ាក៏បានប្រាប់ទៀតថា៖ «ឥឡូវនាងកំពុងមានផ្ទៃពោះ ក្រោយមកនាងនឹងសម្រាលបានកូនប្រុសមួយ។ នាងត្រូវដាក់ឈ្មោះកូននោះថាអ៊ីសម៉ាអែល* ព្រោះព្រះយេហូវ៉ាបានស្ដាប់ឮទុក្ខលំបាករបស់នាងហើយ។ ១២ ពេលកូននោះធំឡើង គាត់នឹងប្រៀបដូចជាលាព្រៃ។* គាត់នឹងប្រឆាំងមនុស្សទាំងអស់ ហើយមនុស្សទាំងអស់នឹងប្រឆាំងគាត់វិញ។ គាត់នឹងរស់នៅក្បែរបងប្អូនរបស់គាត់»។*
១៣ បន្ទាប់មក ហាកាបានហៅរកនាមព្រះយេហូវ៉ា ហើយនិយាយទៅកាន់លោកថា៖ «លោកជាព្រះដែលមើលឃើញអ្វីៗទាំងអស់។+ តើខ្ញុំពិតជាបានឃើញព្រះដែលមើលឃើញខ្ញុំឬ?»។ ១៤ ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថាបៀរឡាហាយរយ*(អណ្ដូងនោះនៅចន្លោះកាដេសនិងបេរេត)។ ១៥ ក្រោយមក ហាកាសម្រាលបានកូនប្រុសមួយឲ្យអាប់រ៉ាម ហើយអាប់រ៉ាមបានដាក់ឈ្មោះកូននោះថាអ៊ីសម៉ាអែល។+ ១៦ ពេលអ៊ីសម៉ាអែលកើតមក អាប់រ៉ាមមានអាយុ៨៦ឆ្នាំ។