ដើមកំណើត
៣១ លុះក្រោយមក យ៉ាកុបបានឮកូនៗរបស់ឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីគ្រប់យ៉ាងដែលជារបស់ឪពុកយើង។ ហេតុនេះហើយបានជាគាត់ក្លាយទៅជាអ្នកមាន»។+ ២ យ៉ាកុបក៏បានសង្កេតឃើញថាឡាបាន់មិនសូវរាក់ទាក់នឹងគាត់ដូចពីមុនទេ។+ ៣ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យ៉ាកុបថា៖ «ចូរត្រឡប់ទៅស្រុករបស់ឪពុកអ្នកនិងសាច់ញាតិអ្នកវិញទៅ។+ ខ្ញុំនឹងបន្តនៅជាមួយនឹងអ្នក»។ ៤ ដូច្នេះ យ៉ាកុបបានចាត់គេឲ្យទៅហៅរ៉ាជែលនិងលេអាឲ្យមកជួបគាត់ នៅកន្លែងដែលគាត់កំពុងឃ្វាលសត្វ។ ៥ ពេលពួកគេមកដល់ គាត់បាននិយាយទៅកាន់ពួកគេថា៖
«បងឃើញថាឪពុកអូនមិនសូវរាក់ទាក់នឹងបងដូចមុនទេ។+ ទោះជាដូច្នេះក៏ដោយ ព្រះនៃឪពុកបងតែងតែនៅជាមួយនឹងបងជានិច្ច។+ ៦ ពួកអូនដឹងហើយថាបងបានព្យាយាមធ្វើការយ៉ាងនឿយហត់ឲ្យឪពុកអូន។+ ៧ យ៉ាងណាមិញ ឪពុកអូនបានព្យាយាមកេងប្រវ័ញ្ចបងម្ដងហើយម្ដងទៀត ថែមទាំងដូរថ្លៃឈ្នួលបងដល់ទៅ១០ដងផង តែព្រះមិនបានអនុញ្ញាតឲ្យគាត់ធ្វើបាបបងទេ។ ៨ ហេតុនេះ ពេលដែលគាត់និយាយថា៖ ‹សត្វណាដែលមានសម្បុរពព្លាក់នឹងក្លាយទៅជាថ្លៃឈ្នួលរបស់កូន› នោះហ្វូងសត្វកើតកូនមកសុទ្ធតែសម្បុរពព្លាក់។ ប៉ុន្តែ ពេលគាត់និយាយថា៖ ‹សត្វណាដែលមានឆ្នូតៗនឹងក្លាយទៅជាថ្លៃឈ្នួលរបស់កូន› នោះហ្វូងសត្វកើតកូនមកសុទ្ធតែឆ្នូតៗ។+ ៩ យ៉ាងនេះ ព្រះបានដកហូតហ្វូងសត្វពីឪពុកអូន មកប្រគល់ឲ្យបង។ ១០ ថ្ងៃមួយ នៅរដូវសត្វដោយគ្នា បងបានយល់សប្ដិឃើញពពែឈ្មោលសម្បុរពព្លាក់ ឆ្នូត និងអុជៗ ពាក់គ្នាជាមួយនឹងសត្វនៅក្នុងហ្វូង។+ ១១ ក្នុងសុបិននោះ ទេវតារបស់ព្រះពិតបានហៅបងថា៖ ‹យ៉ាកុបអើយ!›។ បងឆ្លើយថា៖ ‹បាទ! លោកម្ចាស់›។ ១២ រួចទេវតានោះបាននិយាយថា៖ ‹សូមសម្លឹងមើលចុះ! ពពែឈ្មោលទាំងប៉ុន្មានដែលកំពុងពាក់ញី ពួកវាសុទ្ធតែមានសម្បុរពព្លាក់ ឆ្នូត និងអុជៗ។ នេះកំពុងកើតឡើងពីព្រោះខ្ញុំបានឃើញការប្រព្រឹត្តទាំងអស់ដែលឡាបាន់បានធ្វើមកលើអ្នក។+ ១៣ ខ្ញុំជាព្រះពិតជាព្រះនៃបេតអែល+ ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលថ្មនិងជាកន្លែងដែលអ្នកបានសន្យានឹងខ្ញុំ។+ ឥឡូវ ចូរចាកចេញពីទីនេះ ហើយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញទៅ›»។+
១៤ ក្រោយពីឮដូច្នេះ រ៉ាជែលនិងលេអាបាននិយាយថា៖ «យើងគ្មានចំណែកមត៌កណាទៀតនៅផ្ទះរបស់ឪពុកយើងទេ! ១៥ គាត់បានចាត់ទុកយើងជាអ្នកក្រៅ ព្រោះគាត់បានលក់យើង ហើយប្រើប្រាក់បណ្ដាការរបស់យើងអស់គ្មានសល់។+ ១៦ ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកហូតពីឪពុកយើង គឺជារបស់យើងនិងរបស់កូនយើងទេ។+ ដូច្នេះ សូមបងធ្វើតាមបង្គាប់ព្រះចុះ»។+
១៧ ក្រោយមក យ៉ាកុបបានក្រោកឡើង នាំប្រពន្ធកូនជិះលើខ្នងអូដ្ឋ។+ ១៨ គាត់ថែមទាំងនាំយកទ្រព្យសម្បត្តិនិងហ្វូងសត្វទាំងអស់ដែលគាត់ទទួលបាន+ កាលដែលគាត់នៅតំបន់ប៉ាដាន់អេរ៉ាមទៅជាមួយដែរ។ រួចគាត់ធ្វើដំណើរទៅឯឪពុកគាត់នៅស្រុកកាណាន។+
១៩ មុនចាកចេញ រ៉ាជែលបានលួចយករូបព្រះ*របស់ឡាបាន់+ កាលដែលឡាបាន់ចេញទៅកាត់រោមចៀម។ ២០ ពេលនោះ យ៉ាកុបបានប្រព្រឹត្តដោយឈ្លាសវៃ ហើយចាកចេញទៅដោយមិនឲ្យឡាបាន់ជាជនជាតិអេរ៉ាមដឹងទេ។ ២១ គាត់បានឆ្លងទន្លេអឺប្រាត+ទាំងនាំយកអ្វីៗទាំងអស់ដែលគាត់មានទៅជាមួយ ហើយបន្តដំណើរឆ្ពោះទៅតំបន់ភ្នំក្នុងស្រុកគីលាត។+ ២២ លុះបីថ្ងៃកន្លងផុតទៅ មានគេទៅប្រាប់ឡាបាន់ថា យ៉ាកុបបានរត់ទៅបាត់ហើយ។ ២៣ ដូច្នេះ ឡាបាន់បាននាំបងប្អូនគាត់ធ្វើដំណើរដេញតាមយ៉ាកុប។ លុះធ្វើដំណើរអស់៧ថ្ងៃ ទើបពួកគេទៅទាន់យ៉ាកុបនៅតំបន់ភ្នំក្នុងស្រុកគីលាត។ ២៤ នៅយប់នោះ ព្រះបានលេចមកឲ្យឡាបាន់ជាជនជាតិអេរ៉ាម+ឃើញក្នុងសុបិន+ ហើយមានប្រសាសន៍ថា៖ «ចូរប្រយ័ត្នអ្វីដែលអ្នកនឹងនិយាយទៅកាន់យ៉ាកុប ទោះល្អឬអាក្រក់ក្ដី»។+
២៥ នៅពេលនោះ យ៉ាកុបបានដំឡើងត្រសាលនៅតំបន់ភ្នំក្នុងស្រុកគីលាត។ ឯឡាបាន់ក៏បានបោះជំរំជាមួយនឹងបងប្អូនគាត់នៅតំបន់ភ្នំក្បែរនោះដែរ។ ឡាបាន់បានចូលទៅជួបយ៉ាកុប ២៦ ហើយនិយាយទៅកាន់គាត់ថា៖ «ម្ដេចក៏កូនធ្វើបែបនេះ? ហេតុអ្វីកូនបញ្ឆោតពុក ហើយនាំកូនស្រីពុកចេញទៅដូចជាគេចាប់ឈ្លើយក្នុងចម្បាំងដូច្នេះ? ២៧ ហេតុអ្វីកូនប្រព្រឹត្តដោយឧបាយ ហើយលួចរត់ដោយស្ងាត់ៗ មិនឲ្យពុកដឹងយ៉ាងនេះ? បើកូនឲ្យពុកដឹងមុន ពុកច្បាស់ជាជូនដំណើរកូនដោយអរសប្បាយ ទាំងមានការច្រៀង និងលេងពិណ ព្រមទាំងវាយស្គរផង។ ២៨ ប៉ុន្តែ កូនមិនបានផ្ដល់ឱកាសឲ្យពុកថើបលាកូនស្រីពុកនិងចៅៗទេ។ កូនប្រព្រឹត្តបែបនេះគឺផ្ដេសផ្ដាសណាស់! ២៩ តាមពិត ពុកអាចធ្វើបាបកូនបាន តែព្រះនៃឪពុកកូនបានមានប្រសាសន៍មកកាន់ពុកកាលពីយប់មិញថា៖ ‹ចូរប្រយ័ត្នអ្វីដែលអ្នកនឹងនិយាយទៅកាន់យ៉ាកុប ទោះល្អឬអាក្រក់ក្ដី›។+ ៣០ បើកូនចង់ត្រឡប់ទៅផ្ទះឪពុកកូនវិញ កូនទៅក៏ទៅចុះ តែម្ដេចក៏កូនលួចយករូបព្រះរបស់ពុកដូច្នេះ?»។+
៣១ យ៉ាកុបបានតបឆ្លើយថា៖ «ខ្ញុំបានចាកចេញដោយស្ងាត់ៗ ព្រោះខ្ញុំខ្លាចថាលោកឪពុកមកដណ្ដើមយកកូនស្រីលោកឪពុកវិញ។ ៣២ បើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនឹងអ្នកណា សូមឲ្យអ្នកនោះស្លាប់ចុះ។ សូមលោកឪពុកឆែកមើលនៅចំពោះមុខបងប្អូនរបស់យើងរាល់គ្នា បើរកឃើញអ្វីដែលជារបស់លោកឪពុក សូមយកទៅវិញទៅ»។ យ៉ាកុបនិយាយដូច្នោះ ដោយសារគាត់មិនបានដឹងថារ៉ាជែលបានលួចរូបព្រះទាំងនោះទេ។ ៣៣ ដូច្នេះ ឡាបាន់បានចូលទៅឆែកក្នុងត្រសាលរបស់យ៉ាកុប និងត្រសាលរបស់លេអា ព្រមទាំងត្រសាលរបស់ស្រីបម្រើទាំងពីរនាក់+ តែគាត់រកមិនឃើញទេ។ បន្ទាប់មក គាត់ចូលទៅឆែកក្នុងត្រសាលរបស់រ៉ាជែលទៀត។ ៣៤ រ៉ាជែលបានយករូបព្រះទាំងនោះដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ ហេតុនេះ ទោះជាឡាបាន់ខំរកមើលពេញត្រសាលនាង ក៏រកមិនឃើញដែរ។ ៣៥ ពេលនោះ នាងបាននិយាយទៅកាន់ឪពុកថា៖ «សូមលោកឪពុក កុំខឹងកូនអី ព្រោះកូនមិនអាចក្រោកទទួលលោកឪពុកបានទេ ដោយសារកូនកំពុងមានរដូវ»។+ ដូច្នេះ ឡាបាន់បានឆែកយ៉ាងហ្មត់ចត់ តែរកមិនឃើញរូបព្រះទាំងនោះទេ។+
៣៦ ក្រោយឆែករួច យ៉ាកុបចាប់ផ្ដើមខឹងនឹងឡាបាន់ ហើយនិយាយរិះគន់ថា៖ «តើខ្ញុំបានធ្វើខុសអ្វីបានជាលោកឪពុកមកតាមរករឿងខ្ញុំដូច្នេះ? ៣៧ ឥឡូវ លោកឪពុកបានឆែកមើលរបស់របរខ្ញុំអស់ហើយ តើលោកឪពុកបានរកឃើញអ្វីដែលជារបស់លោកឪពុកទេ? បើមាន សូមយកមកដាក់នៅចំពោះមុខបងប្អូនយើងទាំងអស់គ្នាចុះ ដើម្បីឲ្យពួកគេវិនិច្ឆ័យយើងទាំងពីរនាក់ថាតើអ្នកណាខុសអ្នកណាត្រូវ។ ៣៨ ក្នុងអំឡុងពេល២០ឆ្នាំដែលខ្ញុំធ្វើការឲ្យលោកឪពុក ចៀមនិងពពែរបស់លោកឪពុកមិនដែលរលូតកូនឡើយ+ ហើយខ្ញុំក៏មិនដែលបរិភោគចៀមស្ទាវណាមួយរបស់លោកឪពុកដែរ។ ៣៩ ពេលណាសត្វសាហាវខាំសម្លាប់សត្វណាមួយរបស់លោកឪពុក ខ្ញុំមិនដែលយកសត្វនោះមកឲ្យលោកឪពុកទេ+ តែខ្ញុំយកសត្វរបស់ខ្ញុំមកសងជំនួសវិញ។ ទោះចោរលួចសត្វរបស់លោកឪពុក នៅពេលថ្ងៃឬពេលយប់ក៏ដោយ លោកឪពុកតែងតែទាមទារឲ្យខ្ញុំសងជានិច្ច។ ៤០ នៅពេលថ្ងៃ ខ្ញុំទ្រាំធ្វើការទាំងក្ដៅ ហើយនៅពេលយប់ខ្ញុំទ្រាំធ្វើការទាំងរងា ថែមទាំងអត់ងងុយជាញឹកញយ។+ ៤១ ខ្ញុំបានធ្វើការឲ្យលោកឪពុកអស់២០ឆ្នាំ គឺ១៤ឆ្នាំដើម្បីបានកូនស្រីទាំងពីរនាក់របស់លោកឪពុក និង៦ឆ្នាំដើម្បីបានហ្វូងសត្វជាថ្លៃឈ្នួល តែលោកឪពុកបានដូរថ្លៃឈ្នួលរបស់ខ្ញុំអស់១០ដងហើយ។+ ៤២ បើព្រះនៃអាប្រាហាំ និងព្រះនៃអ៊ីសាកដែលជាឪពុក+ខ្ញុំគោរពកោតខ្លាច+ មិនបាននៅជាមួយខ្ញុំទេ នោះលោកឪពុកមុខជាឲ្យខ្ញុំចាកចេញទៅដោយដៃទទេហើយ។ ព្រះបានឃើញការនឿយហត់និងទុក្ខលំបាកទាំងអស់របស់ខ្ញុំ។ ហេតុនេះហើយបានជាយប់មិញ ព្រះបានព្រមានលោកឪពុក»។+
៤៣ បន្ទាប់មក ឡាបាន់បានឆ្លើយតបថា៖ «កូនស្រីទាំងពីរនាក់នេះជាកូនរបស់ពុក ចៅៗទាំងនេះជាចៅរបស់ពុក ហើយហ្វូងសត្វទាំងនេះក៏ជារបស់ពុកដែរ ថែមទាំងអ្វីៗទាំងអស់ដែលកូនឃើញនៅទីនេះ សុទ្ធតែជារបស់ពុក និងរបស់កូនស្រីពុក។ តើពុកអាចធ្វើបាបកូនចៅខ្លួនម្ដេចនឹងកើតទៅ? ៤៤ ឥឡូវសូមឲ្យយើងធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ហើយកិច្ចព្រមព្រៀងនេះនឹងទៅជាសាក្សីរវាងយើងទាំងពីរ»។ ៤៥ ដូច្នេះ យ៉ាកុបបានយកថ្មមួយ មកបញ្ឈរធ្វើជាបង្គោល។+ ៤៦ បន្ទាប់មក យ៉ាកុបបានប្រាប់បងប្អូនគាត់ថា៖ «សូមយកថ្មមក!»។ ពួកគេក៏បានយកថ្មមកដាក់គរលើគ្នា រួចពួកគេទាំងអស់គ្នាបានបរិភោគអាហារនៅលើគំនរថ្មនោះ។ ៤៧ ឡាបាន់បានហៅកន្លែងនោះថាយេកាសាហាឌូថា* តែយ៉ាកុបបានហៅកន្លែងនោះថាកាលេត។*
៤៨ បន្ទាប់នោះ ឡាបាន់បាននិយាយថា៖ «ចាប់ពីថ្ងៃនេះទៅ គំនរថ្មនេះនឹងទៅជាសាក្សីរវាងយើងទាំងពីរ»។ ហេតុនេះហើយបានជាកន្លែងនោះត្រូវគេហៅថាកាលេត+ ៤៩ និងប៉មយាម ព្រោះឡាបាន់និយាយថា៖ «សូមឲ្យព្រះយេហូវ៉ាមើលយើងទាំងពីរ កាលដែលយើងនៅឆ្ងាយពីគ្នា។ ៥០ បើកូនធ្វើបាបកូនស្រីពុក ហើយយកប្រពន្ធថែមទៀត សូមចាំថាទោះជាគ្មានអ្នកណាឃើញកូនក៏ដោយ តែព្រះមើលឃើញ ព្រោះលោកជាសាក្សីនៃយើងទាំងពីរ»។ ៥១ ឡាបាន់បាននិយាយបន្តទៀតថា៖ «មើល! នេះជាគំនរថ្ម ហើយនោះជាបង្គោលថ្មដែលពុកបានដំឡើងនៅចន្លោះយើងទាំងពីរ។ ៥២ គំនរថ្មនិងបង្គោលនេះ នឹងធ្វើជាសញ្ញាសម្គាល់រវាងយើងទាំងពីរ+ គឺថាពុកនឹងមិនឆ្លងទៅហួសពីគំនរថ្មនេះ ដើម្បីទៅធ្វើបាបកូនទេ ហើយកូនក៏មិនត្រូវឆ្លងមកហួសពីគំនរថ្មនិងបង្គោលនេះ ដើម្បីមកធ្វើបាបពុកដែរ។ ៥៣ សូមឲ្យព្រះនៃអាប្រាហាំ+ និងណេឃ័រ និងជាព្រះនៃឪពុករបស់ពួកគាត់ វិនិច្ឆ័យរវាងយើងទាំងពីរ»។ ដូច្នេះ យ៉ាកុបបានព្រមស្បថនឹងឡាបាន់ ដោយនូវនាមព្រះនៃអ៊ីសាកដែលជាឪពុកគាត់គោរពកោតខ្លាច។+
៥៤ ក្រោយនោះ យ៉ាកុបបានជូនគ្រឿងបូជានៅលើភ្នំ ហើយបានអញ្ជើញបងប្អូនគាត់ឲ្យបរិភោគអាហារជាមួយគ្នា។ ដូច្នេះ ពួកគេក៏នាំគ្នាបរិភោគអាហារ ហើយស្នាក់នៅលើភ្នំនោះអស់មួយយប់។ ៥៥ លុះព្រលឹមស្រាងៗ ឡាបាន់បានក្រោកឡើង ហើយថើបលាកូនស្រីនិងចៅៗ+ ព្រមទាំងជូនពរពួកគេ។+ រួចគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះរបស់គាត់វិញ។+