អ្នកសម្រេចក្ដី
៦ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកម៉ាឌានអស់រយៈពេល៧ឆ្នាំ។+ ២ ពួកម៉ាឌានបានជិះជាន់ធ្វើបាបជនជាតិអ៊ីស្រាអែល។+ ដូច្នេះ ដោយសារខ្លាចពួកម៉ាឌាន ជនជាតិអ៊ីស្រាអែលធ្វើកន្លែងលាក់ខ្លួន*ជាច្រើននៅតាមភ្នំ ក្នុងរូង និងនៅកន្លែងដែលពិបាកចូលទៅជិត។+ ៣ រាល់ដងដែលជនជាតិអ៊ីស្រាអែលសាបព្រោះគ្រាប់ពូជ នោះពួកម៉ាឌាន ពួកអាម៉ាលេក+ និងពួកអ្នកនៅស្រុកខាងកើត+ តែងតែមកវាយប្រហារជានិច្ច។ ៤ ពួកគេមកបោះជំរំប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ហើយបំផ្លិចបំផ្លាញផលដំណាំរបស់ជនជាតិអ៊ីស្រាអែលរហូតដល់ក្រុងកាសា។ ពួកគេមិនទុកអ្វីសោះឲ្យជនជាតិអ៊ីស្រាអែលបរិភោគ សូម្បីតែសត្វចៀម សត្វគោ និងសត្វលា ក៏ពួកគេមិនទុកឲ្យនៅដែរ។+ ៥ ពួកគេដឹកហ្វូងសត្វនិងត្រសាលមកច្រើនសន្ធឹកដូចហ្វូងកណ្ដូប។+ ពួកគេនិងសត្វអូដ្ឋមានចំនួនច្រើនឥតគណនា។+ ពួកគេចូលមកដើម្បីបំផ្លាញទឹកដីរបស់ជនជាតិអ៊ីស្រាអែល។ ៦ ពួកម៉ាឌានបានធ្វើឲ្យជនជាតិអ៊ីស្រាអែលមានជីវភាពដុនដាបជាខ្លាំង។ ហេតុនេះ ជនជាតិអ៊ីស្រាអែលក៏ស្រែកអង្វរសុំព្រះយេហូវ៉ាឲ្យជួយពួកគេ។+
៧ ពេលជនជាតិអ៊ីស្រាអែលស្រែករកព្រះយេហូវ៉ាឲ្យសង្គ្រោះពួកគេពីកណ្ដាប់ដៃពួកម៉ាឌាន+ ៨ ព្រះយេហូវ៉ាក៏ចាត់អ្នកប្រកាសទំនាយម្នាក់ឲ្យទៅប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាជាព្រះរបស់ជនជាតិអ៊ីស្រាអែល លោកមានប្រសាសន៍ថា៖ ‹ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប គឺរំដោះអ្នករាល់គ្នាឲ្យរួចផុតពីជីវិតជាខ្ញុំបម្រើ។+ ៩ ខ្ញុំបានសង្គ្រោះអ្នករាល់គ្នាពីពួកអេហ្ស៊ីបនិងពីសត្រូវទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា។ ខ្ញុំថែមទាំងបានបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា ហើយប្រគល់ទឹកដីរបស់ពួកគេ ឲ្យទៅអ្នករាល់គ្នាទៀតផង។+ ១០ ខ្ញុំធ្លាប់ប្រាប់ហើយថា៖ «ខ្ញុំជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នាមិនត្រូវគោរពបូជា*ព្រះផ្សេងៗរបស់ជនជាតិអាម៉ូរីក្នុងទឹកដីដែលអ្នករាល់គ្នាអាស្រ័យនៅឡើយ»។+ ប៉ុន្តែ អ្នករាល់គ្នាមិនបានធ្វើតាមទេ›»។+
១១ ក្រោយមក ទេវតារបស់ព្រះយេហូវ៉ាមក+អង្គុយក្រោមដើមឈើធំមួយនៅក្រុងអូប្រា ដែលជារបស់យ៉ូអាសកូនចៅអាប៊ីអ៊ីសឺ។+ យ៉ូអាសមានកូនប្រុសម្នាក់ឈ្មោះគេឌាន។+ នៅពេលនោះ គេឌានកំពុងបោកស្រូវសាលីនៅកន្លែងសម្រាប់ជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ដើម្បីកុំឲ្យពួកម៉ាឌានឃើញ។ ១២ ទេវតារបស់ព្រះយេហូវ៉ាលេចមកជួបគេឌាន ហើយនិយាយថា៖ «អ្នកខ្លាំងពូកែអើយ ព្រះយេហូវ៉ានៅជាមួយនឹងអ្នក»។+ ១៣ គេឌានឆ្លើយតបទៅទេវតាថា៖ «សូមអនុគ្រោះលោកម្ចាស់។ ប្រសិនបើព្រះយេហូវ៉ានៅជាមួយនឹងពួកយើងពិតមែន ហេតុអ្វីបានជាពួកយើងជួបប្រទះរឿងទាំងអស់នេះ?+ បុព្វបុរសតំណាលប្រាប់ពួកយើងថា៖ ‹ព្រះយេហូវ៉ាជាអ្នកដែលបាននាំយើងរាល់គ្នាចេញពីស្រុកអេហ្ស៊ីប› តែខ្ញុំមិនឃើញថាព្រះបានធ្វើការអស្ចារ្យអ្វីទេ។+ ឥឡូវព្រះយេហូវ៉ាបានបោះបង់ចោលពួកយើង+ ហើយប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃពួកម៉ាឌាន»។ ១៤ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគេឌានថា៖ «ចូរចេញទៅ ហើយប្រើកម្លាំងដែលអ្នកមានចុះ អ្នកនឹងសង្គ្រោះជនជាតិអ៊ីស្រាអែលឲ្យរួចពីពួកម៉ាឌាន+ ព្រោះខ្ញុំជាអ្នកដែលចាត់អ្នកឲ្យទៅ»។ ១៥ គេឌានតបទៅលោកថា៖ «ឱព្រះយេហូវ៉ា សូមអធ្យាស្រ័យ តើឲ្យខ្ញុំសង្គ្រោះជនជាតិអ៊ីស្រាអែលដូចម្ដេចបាន? មើល! ពូជពង្សខ្ញុំតូចទាបជាងគេក្នុងកុលសម្ព័ន្ធម៉ាណាសេ ហើយក្នុងក្រុមគ្រួសាររបស់ឪពុកខ្ញុំ ខ្ញុំមិនមែនជាមនុស្សសំខាន់អ្វីទេ»។ ១៦ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ប្រាប់គាត់ថា៖ «អ្នកនឹងសម្លាប់ពួកម៉ាឌាន ដូចសម្លាប់មនុស្សតែម្នាក់ ព្រោះខ្ញុំនឹងនៅជាមួយនឹងអ្នក»។+
១៧ រួចគេឌាននិយាយទៅលោកថា៖ «បើលោកពេញចិត្តខ្ញុំមែន សូមឲ្យខ្ញុំឃើញសញ្ញាសម្គាល់មួយដែលបញ្ជាក់ថា គឺពិតជាលោកដែលកំពុងមានប្រសាសន៍មកខ្ញុំ។ ១៨ សូមលោកកុំទាន់អាលចាកចេញ។ ខ្ញុំចង់ទៅយកអំណោយមកជូនលោក»។+ លោកតបថា៖ «ខ្ញុំនឹងចាំនៅទីនេះរហូតដល់អ្នកមកវិញ»។ ១៩ ដូច្នេះ គេឌានក៏យកកូនពពែមួយក្បាលមកចម្អិន ហើយយកម្សៅមួយអេហ្វា*មកធ្វើនំប៉័ងឥតដំបែ។+ រួចគាត់ដាក់សាច់ក្នុងកញ្ឆេ ហើយដាក់ទឹកសម្លក្នុងឆ្នាំង យកទៅជូនលោកនៅក្រោមដើមឈើធំនោះ។
២០ ទេវតារបស់ព្រះដ៏ពិតបង្គាប់គេឌានថា៖ «ចូរយកសាច់និងនំប៉័ងឥតដំបែទៅដាក់លើថ្មធំនោះ ហើយចាក់ទឹកសម្លពីលើផង»។ គេឌានក៏បានធ្វើតាម។ ២១ បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាលូកចុងដំបងទៅប៉ះសាច់និងប៉ះនំប៉័ងឥតដំបែ នោះក៏មានភ្លើងចេញពីថ្មដុតសាច់និងនំប៉័ងឥតដំបែឆេះអស់+ ហើយទេវតារបស់ព្រះយេហូវ៉ាក៏បាត់ទៅ។ ២២ ខណៈនោះទើបគេឌានដឹងថា អ្នកនោះជាទេវតារបស់ព្រះយេហូវ៉ា។+
គាត់ពោលថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ វរហើយខ្ញុំ! ខ្ញុំបានឃើញទេវតារបស់ព្រះយេហូវ៉ាផ្ទាល់ភ្នែក!»។+ ២៣ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគាត់ថា៖ «កុំខ្លាចអី+ សូមស្ងប់ចិត្តទៅ* អ្នកនឹងមិនស្លាប់ទេ»។ ២៤ ដូច្នេះ គេឌានសង់ទីបូជាមួយនៅទីនោះជូនព្រះយេហូវ៉ា ហើយគេហៅទីបូជានោះថាយេហូវ៉ាសាឡំ*+រហូតមកដល់សព្វថ្ងៃ។ ទីបូជានោះនៅតែមានក្នុងក្រុងអូប្រារបស់កូនចៅអាប៊ីអ៊ីសឺ។
២៥ នៅយប់នោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគេឌានថា៖ «ចូរយកគោឈ្មោលស្ទាវ*អាយុ៧ឆ្នាំរបស់ឪពុកអ្នកមក ហើយទៅកាប់រំលំទីបូជាព្រះបាលដែលជារបស់ឪពុកអ្នក ព្រមទាំងកាប់បង្គោលឈើពិសិដ្ឋ*ដែលនៅក្បែរនោះផង។+ ២៦ រួចមក អ្នកត្រូវតម្រៀបថ្មសង់ទីបូជាជូនព្រះយេហូវ៉ានៅលើទីខ្ពស់នេះ ហើយយកគោឈ្មោលស្ទាវមកជូនជាគ្រឿងបូជាដុត ដោយប្រើបង្គោលឈើដែលអ្នកបានកាប់នោះធ្វើជាអុស»។ ២៧ ម្ល៉ោះហើយ គេឌាននាំអ្នកបម្រើ១០នាក់ទៅធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ប៉ុន្តែ គាត់មិនហ៊ានធ្វើនៅពេលថ្ងៃទេ ដោយសារខ្លាចពួកអ្នកផ្ទះឪពុកគាត់និងពួកអ្នកក្រុងដឹង ដូច្នេះគាត់ធ្វើនៅពេលយប់វិញ។
២៨ លុះព្រលឹមឡើង ពេលពួកអ្នកក្រុងក្រោកពីដេក ពួកគេឃើញទីបូជាព្រះបាលបានត្រូវកាប់រំលំ ឯបង្គោលឈើពិសិដ្ឋដែលនៅក្បែរនោះបានត្រូវកាប់ចោល ហើយឃើញថាមានគោឈ្មោលស្ទាវបានត្រូវដុតនៅលើទីបូជាដែលសង់ថ្មីនោះផងដែរ។ ២៩ ពួកគេក៏សួរគ្នាថា៖ «តើអ្នកណាជាអ្នកធ្វើ?»។ ក្រោយពីស៊ើបអង្កេតរួច ពួកគេបាននិយាយថា៖ «គឺគេឌានកូនប្រុសយ៉ូអាស ជាអ្នកធ្វើ»។ ៣០ ពួកអ្នកក្រុងក៏ទៅជួបយ៉ូអាស ហើយបង្គាប់ថា៖ «ចូរនាំកូនប្រុសអ្នកឯងចេញមក គាត់ត្រូវតែស្លាប់ ព្រោះគាត់បានកាប់រំលំទីបូជាព្រះបាល និងកាប់បង្គោលឈើពិសិដ្ឋ*ដែលនៅក្បែរនោះ»។ ៣១ យ៉ូអាស+តបទៅពួកគេថា៖ «តើចាំបាច់ឲ្យអ្នករាល់គ្នាការពារព្រះបាលទេ? តើព្រះនោះត្រូវការឲ្យអ្នករាល់គ្នាជួយឬ? បើបាលជាព្រះមែន ឲ្យបាលការពារខ្លួនឯងទៅ+ ព្រោះមានគេកាប់រំលំទីបូជារបស់បាល។ អ្នកណាហ៊ានការពារព្រះនោះ អ្នកនោះនឹងត្រូវប្រហារជីវិតនៅព្រឹកនេះ»។+ ៣២ ចាប់ពីថ្ងៃនោះមក យ៉ូអាសហៅគេឌានថាយេរូបាល* ហើយពោលថា៖ «ចូរឲ្យបាលការពារខ្លួនឯងទៅ ព្រោះមានគេកាប់រំលំទីបូជារបស់បាល»។
៣៣ ឯពួកម៉ាឌាន+ ពួកអាម៉ាលេក+ និងពួកអ្នកនៅស្រុកខាងកើតទាំងប៉ុន្មាន បានប្រមូលគ្នាចេញទៅច្បាំង។+ ពួកគេឆ្លង*ទៅជ្រលង*ក្រុងយេសរៀល ហើយបោះទ័ពនៅទីនោះ។ ៣៤ ក្រោយមក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើគេឌាន។+ គាត់ផ្លុំស្នែងឡើង+ ហើយកូនចៅអាប៊ីអ៊ីសឺ+ក៏ប្រមូលគ្នាទៅតាមគាត់។ ៣៥ គេឌានចាត់អ្នកនាំសារឲ្យទៅប្រាប់មនុស្សទាំងអស់ក្នុងកុលសម្ព័ន្ធម៉ាណាសេ រួចពួកគេលើកគ្នាមកគាំទ្រគាត់។ គាត់ក៏បានចាត់អ្នកនាំសារឲ្យទៅប្រាប់កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធសេប៊ូឡូន និងកុលសម្ព័ន្ធណែបថាលីដែរ ហើយពួកគេនាំគ្នាឡើងមកជួបគាត់។
៣៦ ក្រោយមក គេឌាននិយាយទៅព្រះពិតថា៖ «បើលោកឲ្យខ្ញុំសង្គ្រោះជនជាតិអ៊ីស្រាអែលដូចលោកបានសន្យាមែន+ ៣៧ ខ្ញុំនឹងហាលរោមចៀមនៅលានបញ្ជាន់ស្រូវ។ បើទឹកសន្សើមមានតែនៅលើរោមចៀមប៉ុណ្ណោះ ហើយដីនៅជុំវិញបែរជាស្ងួត នោះខ្ញុំដឹងថាលោកនឹងសង្គ្រោះជនជាតិអ៊ីស្រាអែលតាមរយៈខ្ញុំ ដូចលោកបានសន្យា»។ ៣៨ នោះបានកើតឡើងមែន។ ស្អែកឡើងពេលគេឌានក្រោកពីព្រលឹម គាត់ពូតរោមចៀមបានទឹកពេញមួយចានគោមធំ។ ៣៩ ទោះជាយ៉ាងនោះក៏ដោយ គេឌាននិយាយទៅព្រះពិតថា៖ «សូមលោកកុំខឹងខ្ញុំអី ខ្ញុំសុំលោកតែម្ដងទៀតទេ។ សូមឲ្យខ្ញុំសាកល្បងរោមចៀមនេះមួយលើកទៀត។ សូមលោកធ្វើឲ្យរោមចៀមប៉ុណ្ណោះស្ងួត តែឲ្យដីដែលនៅជុំវិញមានទឹកសន្សើមវិញ»។ ៤០ យប់នោះ ព្រះបានធ្វើតាមសំណូមពររបស់គេឌាន គឺធ្វើឲ្យរោមចៀមប៉ុណ្ណោះស្ងួត តែឲ្យដីនៅជុំវិញមានទឹកសន្សើមជោក។