ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី
៣ ឱអ្នកខេត្តកាឡាទីដែលមិនចេះពិចារណាអើយ! តើអ្នកណាបានបញ្ឆោតអ្នករាល់គ្នា?+ ព្រោះអ្នករាល់គ្នាបានត្រូវពន្យល់យ៉ាងច្បាស់អំពីការស្លាប់របស់លោកយេស៊ូគ្រិស្តលើបង្គោលឈើ*រួចហើយ។+ ២ ខ្ញុំចង់សួរមួយថា តើអ្នករាល់គ្នាបានទទួលឫទ្ធានុភាពរបស់ព្រះដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមច្បាប់ ឬដោយសារមានជំនឿលើអ្វីដែលអ្នករាល់គ្នាបានឮ?+ ៣ តើអ្នករាល់គ្នាពិតជាមិនចេះពិចារណាដល់ថ្នាក់នេះឬ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយផ្អែកលើឫទ្ធានុភាពរបស់ព្រះ តែឥឡូវ តើអ្នករាល់គ្នាបែរជាបញ្ចប់ដោយផ្អែកលើអ្វីៗដែលមកពីមនុស្សមិនល្អឥតខ្ចោះឬ?+ ៤ តើអ្នករាល់គ្នាបានរងទុក្ខលំបាកជាច្រើនដោយឥតអំពើឬ? ខ្ញុំប្រាកដថាការនោះមិនមែនឥតអំពើទេ។ ៥ ចុះអ្នកដែលឲ្យឫទ្ធានុភាពរបស់ព្រះដល់អ្នករាល់គ្នា ហើយធ្វើការដែលប្រកបដោយឫទ្ធានុភាព+ក្នុងចំណោមអ្នករាល់គ្នា តើអ្នកនោះធ្វើការទាំងនោះដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមច្បាប់ ឬក៏ដោយសារអ្នករាល់គ្នាមានជំនឿលើអ្វីដែលអ្នករាល់គ្នាបានឮ? ៦ ដូចអាប្រាហាំ«បានជឿព្រះយេហូវ៉ា* ហើយគាត់បានត្រូវចាត់ទុកថាជាមនុស្សសុចរិត»។+
៧ អ្នករាល់គ្នាច្បាស់ជាដឹងថា អ្នកណាដែលធ្វើតាមជំនឿ អ្នកនោះជាកូនអាប្រាហាំ។+ ៨ បទគម្ពីរបានចែងទុកតាំងពីយូរមកហើយថា ព្រះនឹងប្រកាសថាជនជាតិដទៃជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេ ហើយបទគម្ពីរបានប្រកាសដំណឹងល្អដល់អាប្រាហាំជាមុនថា៖ «តាមរយៈអ្នក ប្រជាជាតិទាំងអស់នឹងទទួលពរ»។+ ៩ ហេតុនេះ អស់អ្នកដែលធ្វើតាមជំនឿកំពុងទទួលពរជាមួយនឹងអាប្រាហាំដែលជាអ្នកមានជំនឿ។+
១០ អស់អ្នកដែលអាងលើការប្រព្រឹត្តតាមច្បាប់ អ្នកទាំងនោះត្រូវបណ្ដាសាហើយ ព្រោះបទគម្ពីរចែងថា៖ «អស់អ្នកណាដែលមិនធ្វើតាមជានិច្ចនូវអ្វីៗទាំងអស់ដែលបានត្រូវសរសេរក្នុងរមូរច្បាប់* អ្នកនោះត្រូវបណ្ដាសាហើយ»។+ ១១ ម្យ៉ាងទៀត យើងឃើញច្បាស់ថាព្រះមិនប្រកាសថាអ្នកណាជាមនុស្សសុចរិតដោយសារច្បាប់ទេ+ ពីព្រោះ«មនុស្សសុចរិតនឹងរស់ដោយសារជំនឿ»។+ ១២ ឯច្បាប់មិនតម្រូវឲ្យមានជំនឿទេ ប៉ុន្តែ«អ្នកដែលប្រព្រឹត្តតាមបញ្ញត្ដិទាំងនោះ នឹងរស់ដោយសារបញ្ញត្ដិទាំងនោះ»។+ ១៣ ដោយសារគ្រិស្តបានទិញយើង+ នោះលោកបានរំដោះយើង+ឲ្យរួចពីបណ្ដាសានៃច្បាប់ ដោយធ្វើជាអ្នកត្រូវបណ្ដាសាជំនួសយើង ពីព្រោះបទគម្ពីរចែងថា៖ «អ្នកណាដែលត្រូវព្យួរលើបង្គោលឈើ អ្នកនោះត្រូវបណ្ដាសាហើយ»។+ ១៤ ការនោះបានកើតឡើងដើម្បីឲ្យជនជាតិដទៃបានពររបស់អាប្រាហាំតាមរយៈលោកយេស៊ូគ្រិស្ត។+ យ៉ាងនេះ យើងអាចទទួលឫទ្ធានុភាពរបស់ព្រះតាមសេចក្ដីសន្យារបស់លោក+ ដោយសារជំនឿរបស់យើង។
១៥ បងប្អូនអើយ ខ្ញុំសូមលើកឧទាហរណ៍មួយអំពីជីវិតប្រចាំថ្ងៃ៖ ពេលកិច្ចព្រមព្រៀងមួយមានសុពលភាព នោះគ្មានអ្នកណាអាចលើកចោលឬបន្ថែមអ្វីក្នុងកិច្ចព្រមព្រៀងនោះបានទេ។ ១៦ អាប្រាហាំនិងកូនចៅ*របស់គាត់បានទទួលសេចក្ដីសន្យាទាំងនោះ។+ បទគម្ពីរមិនចែងថា៖ «ដល់កូនចៅ*ទាំងឡាយរបស់អ្នក»ទេ ព្រោះបើចែងដូច្នេះគឺសំដៅលើមនុស្សច្រើន។ ប៉ុន្តែ គម្ពីរចែងថា៖ «ដល់កូនចៅ*របស់អ្នក» គឺសំដៅលើមនុស្សតែម្នាក់វិញ គឺជាគ្រិស្ត។+ ១៧ ម្យ៉ាងទៀត ខ្ញុំសុំនិយាយថា៤៣០ឆ្នាំក្រោយមក+ ច្បាប់ម៉ូសេបានត្រូវបង្កើតឡើង តែច្បាប់នេះមិនអាចធ្វើឲ្យកិច្ចព្រមព្រៀងដែលព្រះបានធ្វើឲ្យមានសុពលភាពពីមុននោះទៅជាមោឃ ឬធ្វើឲ្យសេចក្ដីសន្យារបស់លោកផ្លាស់ប្ដូរនោះទេ។ ១៨ ព្រោះប្រសិនបើព្រះឲ្យមត៌កដោយសារច្បាប់ នោះលោកនឹងលែងឲ្យដោយសារសេចក្ដីសន្យាទៀតហើយ។ ក៏ប៉ុន្តែ ព្រះបានមេត្តាឲ្យមត៌កនោះដល់អាប្រាហាំ គឺតាមរយៈសេចក្ដីសន្យា។+
១៩ បើដូច្នេះ ហេតុអ្វីក៏មានច្បាប់? ច្បាប់នោះបានត្រូវបន្ថែមដើម្បីសឲ្យឃើញការរំលង+ រហូតដល់កូនចៅ*ដែលបានទទួលសេចក្ដីសន្យានោះលេចមក។+ ព្រះបានប្រើទេវតាឲ្យប្រគល់ច្បាប់នោះដល់បណ្ដាជន+ តាមរយៈអ្នកសម្រុះសម្រួល។+ ២០ ពេលដែលមានភាគីតែម្ខាង នោះមិនត្រូវការអ្នកសម្រុះសម្រួលទេ។ ដូចគ្នាដែរ ព្រះគឺជាភាគីតែម្ខាងដែលបានធ្វើសេចក្ដីសន្យានោះ។ ២១ បើដូច្នេះ តើច្បាប់ប្រឆាំងសេចក្ដីសន្យារបស់ព្រះឬ? ច្បាស់ជាមិនមែនទេ! ព្រោះប្រសិនបើមនុស្សបានទទួលច្បាប់មួយដែលអាចផ្ដល់ជីវិត នោះពួកគេនឹងត្រូវចាត់ទុកជាមនុស្សសុចរិតតាមរយៈច្បាប់នោះ។ ២២ ប៉ុន្តែ បទគម្ពីរបានបង្ហាញថាមនុស្សបាននៅក្រោមអំណាចនៃភាពខុសឆ្គង* ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើលោកយេស៊ូគ្រិស្ត អាចទទួលសេចក្ដីសន្យាពីព្រះ។
២៣ ក៏ប៉ុន្តែ មុនជំនឿនោះមកដល់ យើងបានត្រូវការពារនិងគ្រប់គ្រងដោយច្បាប់ ហើយយើងកំពុងរង់ចាំជំនឿដែលនឹងត្រូវបើកបង្ហាញ។+ ២៤ ហេតុនេះ ច្បាប់បានធ្វើជាអ្នកមើលថែរក្សា*ដែលនាំយើងទៅដល់គ្រិស្ត+ ដើម្បីឲ្យព្រះប្រកាសថាយើងជាមនុស្សសុចរិតដោយសារជំនឿ។+ ២៥ ប៉ុន្តែ ឥឡូវជំនឿនោះបានមកដល់ហើយ+ ដូច្នេះយើងលែងនៅក្រោមអំណាចអ្នកមើលថែរក្សាទៀត។+
២៦ តាមការពិត អ្នករាល់គ្នាជាកូនព្រះ+ ដោយសារអ្នករាល់គ្នាមានជំនឿលើគ្រិស្តយេស៊ូ។+ ២៧ ព្រោះអ្នករាល់គ្នាដែលបានទទួលការជ្រមុជទឹកដើម្បីរួបរួមជាមួយនឹងគ្រិស្ត បានបំពាក់ខ្លួនដោយគ្រិស្ត។+ ២៨ គ្មានជនជាតិយូដា ឬជនជាតិក្រិច+ គ្មានខ្ញុំបម្រើ ឬអ្នកដែលមានសេរីភាព+ គ្មានប្រុស ឬស្រីឡើយ+ ព្រោះអ្នករាល់គ្នារួបរួមគ្នាដូចជាបុគ្គលតែមួយក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។+ ២៩ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាជារបស់គ្រិស្ត អ្នករាល់គ្នាពិតជាកូនចៅ*អាប្រាហាំ+ដែលជាអ្នកទទួលមត៌ក+តាមសេចក្ដីសន្យា។+