ពេត្រុសទី២
១ ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាខ្ញុំបម្រើនិងជាសាវ័ក*របស់លោកយេស៊ូគ្រិស្ត ជូនចំពោះពួកអ្នកដែលបានទទួលជំនឿដែលមានតម្លៃដូចជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតនៃព្រះរបស់យើង និងលោកយេស៊ូគ្រិស្តដែលជាអ្នកសង្គ្រោះ៖
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តនិងគុណដ៏វិសេសលើសលប់កាន់តែច្រើនឡើង តាមរយៈចំណេះត្រឹមត្រូវ+អំពីព្រះ និងអំពីលោកយេស៊ូដែលជាម្ចាស់របស់យើង ៣ ពីព្រោះព្រះបានផ្ដល់*ឫទ្ធានុភាពរបស់លោកដែលនាំឲ្យយើងមានអ្វីៗទាំងអស់ ដែលជួយយើងឲ្យរស់នៅដោយមានភក្ដីភាពចំពោះព្រះ តាមរយៈចំណេះត្រឹមត្រូវអំពីលោកដែលបានហៅយើង+ដោយសិរីរុងរឿងនិងគុណធម៌របស់លោក។ ៤ តាមរយៈការទាំងនេះ លោកបានឲ្យសេចក្ដីសន្យាថ្លៃវិសេសនិងអស្ចារ្យក្រៃលែងដល់យើង។ ដូច្នេះ តាមរយៈសេចក្ដីសន្យាទាំងនេះ+ អ្នករាល់គ្នាអាចរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះ+ ហើយបានរួចផុតពីសេចក្ដីខូចអាក្រក់របស់ពិភពលោកដែលផ្ដើមចេញពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។
៥ ហេតុនេះ ចូរអ្នករាល់គ្នាខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត+ដើម្បីមានជំនឿ ពេលមានជំនឿក៏បន្ថែមគុណធម៌+ ពេលមានគុណធម៌ក៏បន្ថែមចំណេះ+ ៦ ពេលមានចំណេះក៏បន្ថែមការទប់ចិត្ត+ ពេលមានការទប់ចិត្តក៏បន្ថែមការស៊ូទ្រាំ ពេលមានការស៊ូទ្រាំក៏បន្ថែមភក្ដីភាពចំពោះព្រះ+ ៧ ពេលមានភក្ដីភាពចំពោះព្រះក៏បន្ថែមការរាប់អានគ្នាជាបងប្អូន ពេលមានការរាប់អានគ្នាជាបងប្អូនក៏បន្ថែមសេចក្ដីស្រឡាញ់។+ ៨ ព្រោះប្រសិនបើអ្នករាល់គ្នាមានលក្ខណៈទាំងនេះជាបរិបូរ លក្ខណៈទាំងនេះនឹងការពារមិនឲ្យអ្នករាល់គ្នាទៅជាអសកម្ម ឬឥតបង្កើតផល+ក្នុងរបៀបដែលអ្នករាល់គ្នាប្រើចំណេះត្រឹមត្រូវអំពីលោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើងឡើយ។
៩ ព្រោះប្រសិនបើអ្នកណាគ្មានលក្ខណៈទាំងនេះ អ្នកនោះងងឹតភ្នែក ហើយកំពុងបិទភ្នែកមិនឲ្យឃើញពន្លឺ*+ ក៏បានភ្លេចការខុសឆ្គងរបស់ខ្លួនពីអតីតកាលដែលបានត្រូវសម្អាតហើយ។+ ១០ ដូច្នេះ បងប្អូនអើយ ចូរព្យាយាមឲ្យកាន់តែខ្លាំងឡើង ដើម្បីកាន់យ៉ាងជាប់នូវឯកសិទ្ធិដែលព្រះបានហៅ+និងបានជ្រើសរើសអ្នករាល់គ្នា ពីព្រោះប្រសិនបើអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នានឹងមិនដួលឡើយ។+ ១១ តាមពិត ដោយធ្វើដូច្នេះ អ្នករាល់គ្នានឹងទទួលពរដ៏វិសេស គឺអ្នករាល់គ្នានឹងទទួលការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្រដែលស្ថិតស្ថេរជាដរាប+របស់លោកយេស៊ូគ្រិស្ត ដែលជាអ្នកសង្គ្រោះនិងជាម្ចាស់របស់យើង។+
១២ ហេតុនេះហើយបានជាខ្ញុំប្រុងប្រៀបរំលឹកអ្នករាល់គ្នាអំពីការទាំងនេះជានិច្ច ទោះជាអ្នករាល់គ្នាដឹងការទាំងនេះក៏ដោយ ក៏អ្នករាល់គ្នាបានតាំងខ្លួនមាំមួនក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាស្គាល់ដែរ។ ១៣ ប៉ុន្តែ ដរាបណាដែលខ្ញុំនៅក្នុងត្រសាល*នេះ+ ខ្ញុំគិតថាជាការត្រឹមត្រូវដែលខ្ញុំដាស់តឿនអ្នករាល់គ្នាដោយការរំលឹក+ ១៤ ព្រោះខ្ញុំដឹងថា មិនយូរទៀតខ្ញុំត្រូវលះចោលត្រសាលនេះ ដូចលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងធ្លាប់មានប្រសាសន៍ប្រាប់ខ្ញុំ។+ ១៥ ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពជានិច្ច។ យ៉ាងនោះ ក្រោយពីខ្ញុំចាកចេញទៅ អ្នករាល់គ្នាអាចរំលឹកខ្លួនអំពីការទាំងនេះ។
១៦ យើងមិនបានប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីឫទ្ធានុភាពនិងវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយផ្អែកលើរឿងមិនពិតដែលមនុស្សបានប្រឌិតឡើងយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្តែយើងប្រាប់ដោយសារយើងបានឃើញភាពរុងរឿងរបស់លោកផ្ទាល់ភ្នែក។+ ១៧ ព្រោះលោកបានទទួលកិត្តិយសនិងសិរីរុងរឿងពីព្រះដែលជាបិតា ពេលដែលមានសំឡេងបន្លឺពីរស្មីរុងរឿងដ៏អស្ចារ្យមកកាន់លោកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។+ ១៨ យើងបានឮពាក្យសម្ដីនេះបន្លឺពីលើមេឃមក កាលដែលយើងនៅភ្នំបរិសុទ្ធជាមួយនឹងលោក។
១៩ ហេតុនេះ យើងមានទំនុកចិត្តកាន់តែខ្លាំងទៅលើទំនាយ ហើយគឺជាការល្អប្រពៃដែលអ្នករាល់គ្នាកំពុងផ្ដោតអារម្មណ៍ទៅលើទំនាយនោះ ដែលដូចជាចង្កៀងមួយ+ដែលភ្លឺនៅកន្លែងងងឹតក្នុងចិត្តអ្នករាល់គ្នា (រហូតដល់ព្រឹកព្រលឹម ហើយផ្កាយព្រឹក+រះឡើង)។ ២០ ពីព្រោះអ្នករាល់គ្នាដឹងច្បាស់ហើយថា គ្មានទំនាយ*ណាមួយក្នុងបទគម្ពីរដែលផ្ដើមចេញពីការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ទេ។ ២១ ព្រោះទំនាយមិនដែលកើតចេញពីមនុស្សទេ*+ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានឫទ្ធានុភាពបរិសុទ្ធដឹកនាំពួកគេ។+