ចម្រៀងសរសើរព្រះ
ទំនុកសម្រាប់ថ្ងៃឈប់សម្រាក។
៩២ ឱព្រះយេហូវ៉ាដ៏ខ្ពង់ខ្ពស់បំផុតអើយ គឺជាការសមត្រឹមត្រូវដែលយើងអរគុណលោក+
ហើយច្រៀង*សរសើរនាមរបស់លោក
២ ព្រមទាំងប្រកាសអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក+នៅពេលព្រឹក
ហើយថ្លែងប្រាប់អំពីសេចក្ដីស្មោះត្រង់របស់លោកនៅពេលយប់
៣ អមដោយការលេងចាប៉ីនិងឧបករណ៍ភ្លេងមានខ្សែ១០
ថែមទាំងមានការដេញពិណដែលមានសំឡេងដ៏ពីរោះរណ្ដំទៀតផង។+
៤ ឱព្រះយេហូវ៉ា អ្វីៗដែលលោកធ្វើ នាំឲ្យខ្ញុំអរសប្បាយ
ហើយខ្ញុំស្រែកដោយអំណរ ដោយសារកិច្ចការរបស់លោក។
៥ ឱព្រះយេហូវ៉ា ស្នាដៃរបស់លោកអស្ចារ្យម្ល៉េះហ្ន៎!+
អស់ទាំងគំនិតរបស់លោកជ្រាលជ្រៅក្រៃលែង!+
៦ មនុស្សគ្មានវិចារណញ្ញាណមិនអាចយល់បានឡើយ
ហើយមនុស្សល្ងីល្ងើក៏មិនអាចយល់បានដែរថា៖+
៧ ពេលជនទុច្ចរិតដុះដូចជាស្មៅ
ពេលមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងចម្រុងចម្រើន
នោះគឺដើម្បីឲ្យពួកគេត្រូវវិនាសសូន្យទៅតែប៉ុណ្ណោះ។+
៨ ប៉ុន្តែព្រះយេហូវ៉ា លោកនឹងត្រូវលើកតម្កើងជារៀងរហូតតទៅ។
៩ ឱព្រះយេហូវ៉ាអើយ សូមលោកមើលពួកសត្រូវរបស់លោក
ពួកគេនឹងវិនាសទៅជាមិនខាន។
អស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងខ្ចាត់ខ្ចាយទៅ។+
១០ ប៉ុន្តែ លោកនឹងឲ្យខ្ញុំមានកម្លាំងខ្លាំងដូចគោព្រៃ
ខ្ញុំនឹងលាបប្រេងថ្មីឲ្យស្បែកខ្ញុំមានសំណើម។+
១១ ខ្ញុំនឹងមើលភាពបរាជ័យរបស់ពួកសត្រូវ+
ខ្ញុំនឹងឮអំពីមនុស្សអាក្រក់ដែលវាយប្រហារខ្ញុំថាពួកគេបានចាញ់ហើយ។
១២ ប៉ុន្តែ មនុស្សសុចរិតនឹងលូតលាស់ឡើងដូចដើមលម៉ើ
ហើយនឹងធំឡើងដូចដើមស៊ីដារនៅស្រុកលីបង់។+
១៣ ពួកគេបានត្រូវដាំនៅក្នុងវិហាររបស់ព្រះយេហូវ៉ា
ពួកគេលូតលាស់ឡើងនៅទីធ្លារបស់ព្រះយើង។+
១៤ សូម្បីតែពួកគេមានវ័យចាស់ ក៏ពួកគេនៅតែបង្កើតផលដែរ+
គឺពួកគេនឹងនៅតែខៀវខ្ចីនិងមាំមួន+
១៥ ដើម្បីប្រកាសថាព្រះយេហូវ៉ាជាព្រះសុចរិត។
លោកជាថ្មដាដ៏រឹងមាំរបស់ខ្ញុំ+ លោកគ្មានភាពទុច្ចរិតសោះឡើយ។