សេផានា
១ នៅគ្រាយ៉ូសៀស+ជាស្ដេចស្រុកយូដាត្រូវជាកូនអេម៉ុន+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់សេផានា។* សេផានាជាកូនគូសាយ គូសាយជាកូនកេដាលៀ កេដាលៀជាកូនអាម៉ារៀ ហើយអាម៉ារៀជាកូនហេសេគា។ ព្រះមានប្រសាសន៍មកគាត់ដូចតទៅ៖
២ «ខ្ញុំនឹងបំផ្លាញអ្វីៗគ្រប់យ៉ាងឲ្យអស់ពីផែនដី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
៣ «ខ្ញុំនឹងកម្ចាត់មនុស្សនិងសត្វចេញឲ្យអស់។
ខ្ញុំនឹងបំបាត់សត្វស្លាបនៅលើមេឃ និងត្រីក្នុងសមុទ្រ+
រួមទាំងឧបសគ្គដែលធ្វើឲ្យជំពប់ដួល*+ ព្រមជាមួយនឹងជនទុច្ចរិត។
ខ្ញុំនឹងដកមនុស្សជាតិចេញពីផែនដី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤ «ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកយូដា
ព្រមទាំងអ្នកក្រុងយេរូសាឡិមទាំងអស់។
ខ្ញុំនឹងបំផ្លាញពួកសំណល់របស់ព្រះបាល ចេញឲ្យអស់ពីកន្លែងនេះ+
ហើយឈ្មោះរបស់ពួកសង្ឃនៃព្រះដទៃ និងពួកសង្ឃទាំងប៉ុន្មាននឹងសាបសូន្យទៅ។+
៥ ខ្ញុំនឹងប្រហារពួកអ្នកដែលក្រាបគោរពនៅលើដំបូលផ្ទះ គឺក្រាបគោរពដល់អ្វីទាំងអស់ដែលនៅលើមេឃ*+
រួមទាំងពួកអ្នកដែលក្រាបគោរពនិងស្បថថាមានភក្ដីភាពចំពោះព្រះយេហូវ៉ា+
តែដំណាលគ្នានោះ ស្បថថាមានភក្ដីភាពចំពោះព្រះម៉ាលខាម។+
៦ ខ្ញុំក៏នឹងបំផ្លាញពួកអ្នកដែលឈប់កាន់តាមខ្ញុំជាយេហូវ៉ា+
និងពួកអ្នកដែលមិនស្វែងរកខ្ញុំជាយេហូវ៉ា ឬមិនសុំការណែនាំពីខ្ញុំ»។+
៧ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតព្រោះថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ។+
ព្រះយេហូវ៉ាបានត្រៀមគ្រឿងបូជាមួយ ហើយលោកបានញែកពួកអ្នកដែលលោកបានអញ្ជើញចេញជាបរិសុទ្ធ។
៨ «នៅថ្ងៃដែលខ្ញុំជាយេហូវ៉ាជូនគ្រឿងបូជា ខ្ញុំនឹងដាក់ទោសពួកអ្នកគ្រប់គ្រង
ព្រមទាំងកូនចៅរបស់ស្ដេច+ និងអស់អ្នកដែលស្លៀកសម្លៀកបំពាក់ជនបរទេស។
៩ នៅគ្រានោះ ខ្ញុំនឹងដាក់ទោសពួកអ្នកដែលឡើងលើវេទិកា*
គឺពួកអ្នកដែលប្រព្រឹត្តអំពើឃោរឃៅនិងការបោកបញ្ឆោតនៅក្នុងផ្ទះរបស់ម្ចាស់ខ្លួន។
១០ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ
នឹងមានសម្រែកចេញពីខ្លោងទ្វារត្រី+
និងការទ្រហោយំចេញពីសង្កាត់ថ្មីក្នុងក្រុង+
ព្រមទាំងសំឡេងដួលរលំយ៉ាងខ្លាំងចេញពីទីទួលទាំងឡាយ។
១១ ឱអ្នកដែលរស់នៅម៉ាកថេស*អើយ! ចូរទួញសោកទៅ!
ព្រោះពួកឈ្មួញទាំងអស់បានត្រូវបំផ្លាញហើយ
ព្រមទាំងពួកអ្នកដែលថ្លឹងប្រាក់ ក៏បានត្រូវបំផ្លាញដែរ។
១២ នៅគ្រានោះ ខ្ញុំនឹងកាន់ចង្កៀងស្វែងរកពួកអ្នកដែលមិនខ្ចីអើពើនៅក្នុងក្រុងយេរូសាឡិមយ៉ាងហ្មត់ចត់
ខ្ញុំនឹងដាក់ទោសពួកគេ ព្រោះពួកគេគិតក្នុងចិត្តថា៖
‹ព្រះយេហូវ៉ានឹងមិនធ្វើល្អឬអាក្រក់ឡើយ›។+
១៣ ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវរឹបអូសយក ហើយផ្ទះសម្បែងរបស់ពួកគេនឹងត្រូវបំផ្លាញ។+
ពួកគេនឹងសង់ផ្ទះ តែនឹងមិនបានរស់នៅក្នុងនោះទេ
ពួកគេនឹងដាំចម្ការទំពាំងបាយជូរ តែមិនបានផឹកស្រាទំពាំងបាយជូរឡើយ។+
១៤ ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា គឺមកកាន់តែជិតណាស់ហើយ!+
ថ្ងៃនោះកាន់តែកៀកនិងមកជាប្រញាប់!+
នៅថ្ងៃនៃព្រះយេហូវ៉ានឹងមានឮសម្រែកស្រែកឡើងយ៉ាងជូរចត់។+
ពេលនោះ ពួកទាហានខ្លាំងពូកែនឹងស្រែកឡើង។+
១៥ ថ្ងៃនោះជាថ្ងៃនៃកំហឹង+
ជាថ្ងៃនៃសេចក្ដីទុក្ខនិងការឈឺចាប់+
ជាថ្ងៃដែលមានព្យុះនិងការបំផ្លាញ
ជាថ្ងៃងងឹតសូន្យសុង+
ជាថ្ងៃដែលមានពពកយ៉ាងក្រាស់+
១៦ ជាថ្ងៃដែលមានការផ្លុំស្នែងនិងសម្រែកចម្បាំង+
ទាស់នឹងបណ្ដាក្រុងរឹងមាំ និងប៉មខ្ពស់ៗដែលនៅគ្រប់ជ្រុងកំពែង។+
១៧ ខ្ញុំនឹងបណ្ដាលឲ្យមនុស្សជាតិមានទុក្ខ
ហើយពួកគេនឹងដើរដូចជាមនុស្សខ្វាក់+
ព្រោះពួកគេបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងខ្ញុំជាយេហូវ៉ា។+
ឈាមរបស់ពួកគេនឹងត្រូវចាក់ចោលដូចជាធូលីដី
ហើយសាច់របស់ពួកគេនឹងត្រូវទុកចោលដូចជាលាមក។+
១៨ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា មាសប្រាក់របស់ពួកគេនឹងមិនអាចជួយពួកគេបានឡើយ+
ព្រោះភ្លើងនៃសេចក្ដីខ្នះខ្នែងរបស់លោក នឹងឆាបឆេះផែនដីទាំងមូល។+
ព្រោះលោកនឹងធ្វើការបំផ្លិចបំផ្លាញដ៏ធំទៅលើពួកអ្នកដែលរស់នៅផែនដី»។+