សកម្មភាពរបស់ពួកសាវ័ក
៧ ប៉ុន្តែ សម្ដេចសង្ឃសួរថា៖ «តើដូច្នេះមែនឬ?»។ ២ ស្ទេផាននិយាយថា៖ «បងប្អូននិងឪពុកអើយ សូមស្ដាប់ខ្ញុំ។ ព្រះនៃសិរីរុងរឿងបានលេចមកឲ្យអាប្រាហាំដែលជាបុព្វបុរសយើងឃើញ កាលដែលគាត់នៅតំបន់មេសូប៉ូតាមា មុនគាត់តាំងលំនៅក្នុងក្រុងហារ៉ាន។+ ៣ រួចព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ចូរចាកចេញពីស្រុកនិងសាច់ញាតិរបស់អ្នក ហើយមកកាន់ស្រុកដែលខ្ញុំនឹងបង្ហាញអ្នក›។+ ៤ គាត់ក៏ចាកចេញពីស្រុកខាល់ដេទៅតាំងលំនៅ នៅក្រុងហារ៉ាន។ ក្រោយពីឪពុកគាត់ស្លាប់+ ព្រះនាំគាត់ឲ្យដូរលំនៅពីកន្លែងនោះមកកាន់ស្រុកនេះ ដែលអ្នករាល់គ្នាកំពុងរស់នៅ។+ ៥ ក៏ប៉ុន្តែ ព្រះមិនបានឲ្យមត៌កដល់គាត់ក្នុងស្រុកនេះឡើយ សូម្បីតែដីប៉ុនបាតជើង តែលោកបានសន្យាឲ្យស្រុកនេះជាកម្មសិទ្ធិដល់គាត់និងដល់ពូជពង្សរបស់គាត់ដែលកើតតៗមក+ ទោះជាគាត់មិនទាន់មានកូនក៏ដោយ។ ៦ ម្យ៉ាងទៀត ព្រះបានមានប្រសាសន៍ថា ពូជរបស់គាត់នឹងទៅជាអ្នកស្នាក់នៅក្នុងស្រុករបស់ជនជាតិផ្សេង ហើយជនជាតិនោះនឹងយកពួកគេធ្វើជាខ្ញុំបម្រើ ក៏នឹងធ្វើទុក្ខពួកគេអស់៤០០ឆ្នាំ។+ ៧ រួចព្រះមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងវិនិច្ឆ័យប្រជាជាតិដែលបានយកពួកគេធ្វើជាខ្ញុំបម្រើ។+ បន្ទាប់ពីការទាំងនោះ ពួកគេនឹងចេញពីស្រុកនោះមកបំពេញកិច្ចបម្រើពិសិដ្ឋចំពោះខ្ញុំនៅកន្លែងនេះ›។+
៨ «ព្រះក៏បានឲ្យកិច្ចព្រមព្រៀងអំពីការកាត់ចុងស្បែក*ទៅគាត់ដែរ។+ ម្ល៉ោះហើយ ពេលដែលអ៊ីសាក+ ជាកូនរបស់គាត់កើតបាន៨ថ្ងៃ+ នោះគាត់បានកាត់ចុងស្បែកឲ្យអ៊ីសាក។ រួចអ៊ីសាកបានបង្កើត*យ៉ាកុប ហើយយ៉ាកុបបានបង្កើតប្រមុខគ្រួសារ*ទាំង១២។ ៩ ប្រមុខគ្រួសារទាំងនោះក៏មានចិត្តច្រណែនយ៉ូសែប+ រួចលក់គាត់ទៅឲ្យជនជាតិអេហ្ស៊ីប។+ ប៉ុន្តែ ព្រះនៅជាមួយនឹងយ៉ូសែប+ ១០ ហើយបានរំដោះគាត់ឲ្យរួចពីទុក្ខវេទនាទាំងអស់ ក៏ផ្ដល់ប្រាជ្ញាដល់គាត់ ហើយធ្វើឲ្យផារ៉ូដែលជាស្ដេចអេហ្ស៊ីបពេញចិត្តគាត់។ រួចផារ៉ូបានតែងតាំងយ៉ូសែបឲ្យគ្រប់គ្រងស្រុកអេហ្ស៊ីបនិងវិមានទាំងមូលរបស់គាត់។+ ១១ ក្រោយមកស្រុកអេហ្ស៊ីបនិងស្រុកកាណានទាំងមូលបានកើតការអត់ឃ្លាន រហូតដល់មានទុក្ខវេទនាជាខ្លាំង ហើយពួកបុព្វបុរសរបស់យើងរកស្បៀងអាហារមិនបានឡើយ។+ ១២ ប៉ុន្តែ យ៉ាកុបឮថាមានស្បៀងអាហារ*នៅស្រុកអេហ្ស៊ីប ដូច្នេះគាត់ចាត់ពួកបុព្វបុរសរបស់យើងឲ្យទៅជាលើកទី១។+ ១៣ រួចលើកទី២ដែលពួកគាត់ទៅ យ៉ូសែបបានប្រាប់ពួកគាត់ឲ្យដឹងថាខ្លួនគាត់ជាអ្នកណា ហើយផារ៉ូក៏បានស្គាល់អំពីក្រុមគ្រួសាររបស់យ៉ូសែប។+ ១៤ ដូច្នេះ យ៉ូសែបបានចាត់គេឲ្យទៅហៅយ៉ាកុបជាឪពុក និងសាច់ញាតិទាំងអស់របស់គាត់+ ដែលមានចំនួន៧៥នាក់ ឲ្យចេញពីកន្លែងនោះមកឯគាត់។+ ១៥ យ៉ាកុបបានចុះទៅស្រុកអេហ្ស៊ីប+ ក្រោយមកគាត់បានស្លាប់នៅទីនោះ+ ហើយពួកបុព្វបុរសរបស់យើងក៏ដូច្នោះដែរ។+ ១៦ ឆ្អឹងរបស់ពួកគាត់បានត្រូវយកទៅក្រុងស៊ីគឹម ហើយដាក់ក្នុងទីបញ្ចុះសពដែលអាប្រាហាំបានយកប្រាក់ទៅទិញពីពួកកូនហេម័រនៅក្រុងស៊ីគឹម។+
១៧ «លុះជិតដល់គ្រាដែលព្រះនឹងធ្វើតាមសេចក្ដីសន្យាដែលលោកបានប្រកាសប្រាប់អាប្រាហាំ នោះចំនួនបណ្ដាជនបានកើនកាន់តែច្រើនឡើងនៅស្រុកអេហ្ស៊ីប ១៨ រហូតដល់មានស្ដេចមួយផ្សេងទៀតឡើងគ្រងរាជ្យលើស្រុកអេហ្ស៊ីប ហើយស្ដេចនោះមិនស្គាល់យ៉ូសែបទេ។+ ១៩ ស្ដេចនោះបានប្រើល្បិចកលដើម្បីទាស់ប្រឆាំងនឹងពូជសាសន៍របស់យើង ហើយបានធ្វើបាបឪពុកទាំងឡាយ ដោយបង្ខំពួកគេឲ្យបោះបង់ចោលទារករបស់ខ្លួន កុំឲ្យរស់រានមានជីវិត។+ ២០ នៅគ្រានោះម៉ូសេបានកើតមក ហើយគាត់ស្អាតល្អក្រៃលែងចំពោះព្រះ។ គាត់បានទទួលការចិញ្ចឹមបីបាច់អស់បីខែនៅផ្ទះរបស់ឪពុកគាត់។+ ២១ ប៉ុន្តែ ពេលដែលគាត់បានត្រូវបោះបង់ចោល+ កូនស្រីរបស់ផារ៉ូបានរើសគាត់យកមកចិញ្ចឹមជាកូនប្រុសរបស់ខ្លួន។+ ២២ ម្ល៉ោះហើយ ម៉ូសេបានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជា*របស់ជនជាតិអេហ្ស៊ីប ហើយគាត់ក៏ពូកែក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលគាត់បានធ្វើ។+
២៣ «លុះមានអាយុ៤០ឆ្នាំហើយ ម៉ូសេមានចិត្តចង់ទៅមើលស្ថានភាពរបស់បងប្អូនគាត់ ពោលគឺពួកកូន*អ៊ីស្រាអែល។+ ២៤ ពេលដែលម៉ូសេក្រឡេកទៅឃើញជនជាតិអេហ្ស៊ីបម្នាក់កំពុងប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើបងប្អូនម្នាក់របស់គាត់ នោះគាត់បានការពារអ្នកដែលកំពុងត្រូវគេធ្វើបាប ហើយសងសឹកជំនួស ដោយវាយសម្លាប់ជនជាតិអេហ្ស៊ីបនោះ។ ២៥ គាត់គិតស្មានថាបងប្អូនរបស់គាត់នឹងយល់ថា ព្រះកំពុងសង្គ្រោះពួកគេដោយដៃរបស់គាត់ ប៉ុន្តែពួកគេមិនបានយល់ដូច្នេះទេ។ ២៦ លុះស្អែកឡើង គាត់លេចមុខមកកាលដែលបងប្អូនគាត់ពីរនាក់កំពុងឈ្លោះគ្នា ហើយគាត់ខំសម្រុះសម្រួលពួកគេ ដោយនិយាយថា៖ ‹អ្នកទាំងពីរជាបងប្អូននឹងគ្នា។ ហេតុអ្វីបានជាអ្នកទាំងពីរធ្វើអាក្រក់ដាក់គ្នាដូច្នេះ?›។ ២៧ ប៉ុន្តែ អ្នកដែលកំពុងធ្វើអាក្រក់ដាក់អ្នកជិតខាងរបស់ខ្លួន បានរុញម៉ូសេចេញ ដោយនិយាយថា៖ ‹តើអ្នកណាបានតែងតាំងអ្នកឲ្យមកគ្រប់គ្រងនិងកាត់ក្ដីឲ្យយើង? ២៨ តើអ្នកចង់សម្លាប់ខ្ញុំ ដូចអ្នកបានសម្លាប់ជនជាតិអេហ្ស៊ីបម្នាក់នោះពីម្សិលមិញឬ?›។ ២៩ ឮដូច្នេះ ម៉ូសេភៀសខ្លួនទៅតាំងលំនៅក្នុងស្រុកម៉ាឌាន។ នៅទីនោះគាត់បង្កើតបានកូនប្រុសពីរនាក់។+
៣០ «លុះ៤០ឆ្នាំក្រោយមក ទេវតាមួយរូបបានលេចមកជួបគាត់នៅតំបន់ស្ងាត់ជ្រងំភ្នំស៊ីណាយក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លាមួយ។+ ៣១ ពេលដែលម៉ូសេឃើញ គាត់នឹកអស្ចារ្យក្នុងចិត្ត។ ប៉ុន្តែ កាលដែលគាត់កំពុងចូលទៅជិតដើម្បីពិនិត្យមើល គាត់ឮសំឡេងរបស់ព្រះយេហូវ៉ា*ថា៖ ៣២ ‹ខ្ញុំជាព្រះនៃបុព្វបុរសរបស់អ្នក ជាព្រះនៃអាប្រាហាំ ព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប›។+ ម៉ូសេក៏ញ័ររន្ធត់ ហើយមិនហ៊ានពិនិត្យមើលតទៅទៀតទេ។ ៣៣ ព្រះយេហូវ៉ា*មានប្រសាសន៍ទៅគាត់ថា៖ ‹ចូរដោះស្បែកជើងចេញ ព្រោះកន្លែងដែលអ្នកកំពុងឈរជាដីបរិសុទ្ធ។ ៣៤ ខ្ញុំបានឃើញច្បាស់នូវការសង្កត់សង្កិនរាស្ដ្ររបស់ខ្ញុំដែលនៅស្រុកអេហ្ស៊ីប ក៏បានឮពួកគេថ្ងូរ+ ហើយខ្ញុំបានចុះមកដើម្បីរំដោះពួកគេ។ ដូច្នេះ ចូរមកចុះ ខ្ញុំនឹងចាត់អ្នកឲ្យទៅស្រុកអេហ្ស៊ីប›។ ៣៥ ម៉ូសេនេះឯង ដែលពួកគេមិនទទួលស្គាល់ ហើយនិយាយថា៖ ‹តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនិងជាអ្នកកាត់ក្ដី?›+ គឺជាបុរសដែលព្រះបានចាត់+ឲ្យទៅធ្វើជាអ្នកគ្រប់គ្រងនិងអ្នករំដោះ ដោយដៃរបស់ទេវតាដែលបានលេចមកជួបគាត់ក្នុងគុម្ពបន្លា។ ៣៦ បុរសនេះបាននាំពួកគេចេញមក+ ក្រោយពីបានធ្វើការអស្ចារ្យនិងសញ្ញាសម្គាល់នៅស្រុកអេហ្ស៊ីប+ នៅសមុទ្រក្រហម+ និងនៅតំបន់ស្ងាត់ជ្រងំអស់៤០ឆ្នាំ។+
៣៧ «គឺម៉ូសេនេះឯងដែលបានប្រាប់ពួកកូនអ៊ីស្រាអែលថា៖ ‹ពីចំណោមបងប្អូនរបស់អ្នក ព្រះនឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា›។+ ៣៨ គឺអ្នកនេះហើយដែលបាននៅជាមួយនឹងក្រុមជំនុំនៅតំបន់ស្ងាត់ជ្រងំ ព្រមទាំងជាមួយនឹងទេវតា+ដែលបាននិយាយជាមួយនឹងគាត់+នៅភ្នំស៊ីណាយ ក៏នៅជាមួយនឹងពួកបុព្វបុរសរបស់យើង។ គាត់បានទទួលប្រសាសន៍ដ៏ពិសិដ្ឋដែលមានឫទ្ធានុភាព ដើម្បីឲ្យដល់យើងទាំងអស់គ្នា។+ ៣៩ ពួកបុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ឡើយ តែបានបដិសេធគាត់+ ហើយចិញ្ចឹមចិត្តចង់ត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ។+ ៤០ ពួកគេប្រាប់អេរ៉ុនថា៖ ‹ចូរធ្វើរូបព្រះឲ្យយើង ដើម្បីនាំមុខយើង។ ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីបមក យើងមិនដឹងថាគាត់បានទៅជាយ៉ាងណានោះទេ›។+ ៤១ ម្ល៉ោះហើយ នៅគ្រានោះពួកគេធ្វើរូបកូនគោមួយ ក៏បានយកគ្រឿងបូជាមកជូនរូបព្រះនោះ រួចនាំគ្នាសប្បាយរីករាយនឹងស្នាដៃរបស់ពួកគេ។+ ៤២ ដូច្នេះ ព្រះបានបែរចេញដោយទុកឲ្យពួកគេបំពេញកិច្ចបម្រើពិសិដ្ឋជូនអ្វីៗដែលនៅលើមេឃ+ ដូចពួកអ្នកប្រកាសទំនាយបានសរសេរថា៖ ‹ឱពូជពង្សអ៊ីស្រាអែលអើយ អស់៤០ឆ្នាំនៅតំបន់ស្ងាត់ជ្រងំ អ្នករាល់គ្នាមិនបានជូនគ្រឿងបូជាផ្សេងៗដល់ខ្ញុំទេ មែនទេ? ៤៣ ប៉ុន្តែគឺជាត្រសាលនៃព្រះម៉ូឡុក+ និងផ្កាយរបស់ព្រះរេផាន់ដែលអ្នករាល់គ្នាបានលើកយកទៅ គឺជារូបផ្សេងៗដែលអ្នករាល់គ្នាបានធ្វើដើម្បីគោរពបូជាព្រះទាំងនោះ។ ដូច្នេះ ខ្ញុំនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយហួសស្រុកបាប៊ីឡូនទៀត›។+
៤៤ «នៅតំបន់ស្ងាត់ជ្រងំ ពួកបុព្វបុរសរបស់យើងមានត្រសាលនៃសក្ខីភាព ដូចព្រះបានបង្គាប់ពេលដែលលោកមានប្រសាសន៍ប្រាប់ម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ។+ ៤៥ ពួកបុព្វបុរសរបស់យើងដែលបានទទួលត្រសាលនោះតៗមក ក៏យកទៅជាមួយ ពេលដែលពួកគាត់និងយ៉ូស្វេចូលក្នុងស្រុករបស់ជនជាតិដទៃ+ ដែលព្រះបានបណ្ដេញចេញពីមុខពួកបុព្វបុរសរបស់យើង។+ ត្រសាលក៏នៅទីនោះរហូតដល់សម័យដាវីឌ។ ៤៦ ដាវីឌបានទទួលការពេញចិត្តពីព្រះ ហើយគាត់សុំកិត្តិយសធ្វើលំនៅមួយសម្រាប់ព្រះនៃយ៉ាកុប។+ ៤៧ ប៉ុន្តែគឺសាឡូម៉ូនវិញ ដែលបានធ្វើវិហារសម្រាប់លោក។+ ៤៨ ទោះជាយ៉ាងនោះក៏ដោយ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនអាស្រ័យនៅក្នុងវិហារធ្វើដោយដៃមនុស្សឡើយ+ ដូចអ្នកប្រកាសទំនាយបាននិយាយថា៖ ៤៩ ‹ព្រះយេហូវ៉ា*មានប្រសាសន៍ថា ស្ថានសួគ៌ជាបល្ល័ង្ករបស់ខ្ញុំ+ ហើយផែនដីជាទីកំណល់ជើងរបស់ខ្ញុំ។+ តើអ្នករាល់គ្នាអាចធ្វើវិហារបែបណាសម្រាប់ខ្ញុំ? ឬតើកន្លែងណាអាចជាទីអាស្រ័យនៅរបស់ខ្ញុំ? ៥០ ដៃរបស់ខ្ញុំបានធ្វើអ្វីៗទាំងអស់នេះ មែនទេ?›។+
៥១ «ឱអ្នករឹងរូសដែលបិទទាំងចិត្តទាំងត្រចៀក*អើយ អ្នករាល់គ្នាតែងតែប្រឆាំងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ពួកបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ។+ ៥២ គ្មានអ្នកប្រកាសទំនាយណាម្នាក់ដែលពួកបុព្វបុរសរបស់អ្នករាល់គ្នាមិនបានបៀតបៀនទេ+ ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកជាមុនអំពីការមកដល់របស់លោកដែលជាអ្នកសុចរិត+ គឺលោកដែលអ្នករាល់គ្នាបានក្បត់និងធ្វើឃាត។+ ៥៣ អ្នករាល់គ្នាបានទទួលច្បាប់ដូចដែលទេវតាបានពាំនាំមក+ តែអ្នករាល់គ្នាមិនបានធ្វើតាមទេ»។
៥៤ ពេលឮដូច្នេះ ពួកគេក៏ខឹងយ៉ាងខ្លាំង ហើយបានសង្កៀតធ្មេញដាក់គាត់។ ៥៥ ប៉ុន្តែ ដោយសារគាត់បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ គាត់បានសម្លឹងទៅមេឃ ហើយឃើញសិរីរុងរឿងរបស់ព្រះ និងឃើញលោកយេស៊ូកំពុងឈរនៅខាងស្ដាំព្រះ+ ៥៦ រួចគាត់និយាយថា៖ «មើល! ខ្ញុំឃើញមេឃ*បើកចំហ ហើយកូនមនុស្ស+កំពុងឈរនៅខាងស្ដាំព្រះ»។+ ៥៧ ឮដូច្នេះ ពួកគេស្រែកយ៉ាងខ្លាំង ហើយយកដៃខ្ទប់ត្រចៀក រួចស្ទុះទៅចាប់គាត់ព្រមគ្នា។ ៥៨ បន្ទាប់ពីពួកគេបោះគាត់ទៅក្រៅក្រុង ពួកគេក៏ចាប់ផ្ដើមគប់គាត់នឹងដុំថ្ម។+ ពួកសាក្សី+បានដាក់សម្លៀកបំពាក់ក្រៅរបស់ពួកគេនៅជិតជើងបុរសវ័យក្មេងម្នាក់ឈ្មោះសុល។+ ៥៩ កាលដែលពួកគេគប់ស្ទេផាននឹងដុំថ្ម គាត់អង្វរលោកយេស៊ូ ដោយនិយាយថា៖ «លោកម្ចាស់យេស៊ូ សូមទទួលជីវិត*ខ្ញុំ»។ ៦០ រួចគាត់លុតជង្គង់ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ព្រះយេហូវ៉ា* សូមកុំផ្ដន្ទាទោសពួកគេចំពោះអំពើខុសឆ្គងនេះឡើយ»។+ លុះនិយាយចប់ គាត់ក៏ស្លាប់ទៅ។*