ច្បាប់លេវី
២ «‹បើអ្នកណាម្នាក់ជូនគ្រឿងបូជាពីស្រូវ+ដល់ព្រះយេហូវ៉ា គាត់ត្រូវជូនម្សៅយ៉ាងម៉ដ្ឋ រួចចាក់ប្រេងលើម្សៅនោះ ហើយដាក់ម្សៅក្រអូបពីលើ។+ ២ បន្ទាប់មក ត្រូវយកទៅប្រគល់ឲ្យកូនប្រុសៗរបស់អេរ៉ុនជាសង្ឃ ហើយសង្ឃនឹងយកម្សៅម៉ដ្ឋនោះមួយក្ដាប់ដែលមានប្រេងនិងម្សៅក្រអូបទាំងអស់ ទៅដុតលើទីបូជាឲ្យផ្សែងហុយឡើងសម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។+ នេះជាគ្រឿងបូជាដែលត្រូវដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនលោក។* ៣ រីឯម្សៅដែលនៅសល់ ត្រូវបានជារបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់។+ ចំណែកនោះជាអ្វីដែលបរិសុទ្ធបំផុត+ពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា។
៤ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជាពីស្រូវ ដែលចម្អិនក្នុងឡ អ្នកត្រូវប្រើម្សៅយ៉ាងម៉ដ្ឋលាយជាមួយនឹងប្រេងធ្វើជានំកង ឬធ្វើជានំស្រួយលាបប្រេងពីលើ តែមិនត្រូវដាក់ដំបែទេ។+
៥ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជាពីស្រូវ ដែលចម្អិននៅក្នុងខ្ទះ+ អ្នកត្រូវប្រើម្សៅយ៉ាងម៉ដ្ឋលាយជាមួយនឹងប្រេងធ្វើជានំ តែមិនត្រូវដាក់ដំបែទេ។ ៦ រួចបំបែកនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ។+ នោះហើយជាគ្រឿងបូជាពីស្រូវ។
៧ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជាពីស្រូវ ដែលចម្អិនក្នុងចានពុម្ព អ្នកត្រូវធ្វើនំដោយប្រើម្សៅយ៉ាងម៉ដ្ឋលាយជាមួយនឹងប្រេង។ ៨ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាពីស្រូវដែលចម្អិនតាមរបៀបទាំងនេះដល់ព្រះយេហូវ៉ា ហើយត្រូវប្រគល់ឲ្យសង្ឃ រួចគាត់នឹងយកទៅឯទីបូជា។ ៩ បន្ទាប់មក សង្ឃនឹងយកចំណែកខ្លះពីគ្រឿងបូជានេះ ទៅដុតលើទីបូជាឲ្យផ្សែងហុយឡើងសម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។+ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនលោក។*+ ១០ រីឯចំណែកដែលនៅសល់ ត្រូវបានជារបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ ចំណែកនោះជាអ្វីដែលបរិសុទ្ធបំផុតពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា។+
១១ «‹អ្នករាល់គ្នាមិនត្រូវជូនគ្រឿងបូជាពីស្រូវ+ដែលមានដំបែដល់ព្រះយេហូវ៉ាទេ ហើយអ្នករាល់គ្នាមិនត្រូវដុតដំបែឬទឹកឃ្មុំជាគ្រឿងបូជាឲ្យផ្សែងហុយឡើងដល់ព្រះយេហូវ៉ាឡើយ។
១២ «‹អ្នករាល់គ្នាអាចជូនរបស់ទាំងពីរនេះដល់ព្រះយេហូវ៉ា ជាគ្រឿងបូជានៃផលដំបូងបាន+ តែមិនត្រូវដុតនៅលើទីបូជាសម្រាប់ជាក្លិនឈ្ងុយ*នោះទេ។
១៣ «‹រាល់គ្រឿងបូជាពីស្រូវ ត្រូវដាក់អំបិល។ អ្នកមិនត្រូវភ្លេចដាក់អំបិលឡើយ ព្រោះអំបិលនោះ នឹងរំលឹកអ្នករាល់គ្នាអំពីកិច្ចព្រមព្រៀងរបស់ព្រះ។ ម្ល៉ោះហើយ គ្រឿងបូជាទាំងអស់របស់អ្នករាល់គ្នា ត្រូវដាក់អំបិល។+
១៤ «‹បើអ្នករាល់គ្នាយកផលដំបូងពីស្រូវមកជូនព្រះយេហូវ៉ាជាគ្រឿងបូជា អ្នកត្រូវយកគ្រាប់ស្រូវថ្មីទៅលីងហើយបុក។ នោះហើយជាគ្រឿងបូជាពីស្រូវនៃផលដំបូង។+ ១៥ អ្នករាល់គ្នាត្រូវចាក់ប្រេងលើគ្រឿងបូជាពីស្រូវនោះ ហើយដាក់ម្សៅក្រអូបពីលើ។ ១៦ ឯចំណែកខ្លះពីគ្រឿងបូជានោះ គឺស្រូវបុកដែលលាយប្រេងនិងម្សៅក្រអូប សង្ឃនឹងយកទៅដុតលើទីបូជាឲ្យផ្សែងហុយឡើងសម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។+ នោះហើយជាគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា។