សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១០ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុព្វបុរសរបស់យើងបាននៅក្រោមពពក+ ហើយបានដើរកាត់សមុទ្រ។+ ២ ពួកគេទាំងអស់គ្នាបានទទួលការជ្រមុជទឹក ជាអ្នកដើរតាមម៉ូសេ កាលដែលពួកគេដើរកាត់សមុទ្រនៅក្រោមពពកនោះ។ ៣ ពួកគេទាំងអស់គ្នាបានពិសាអាហារដែលព្រះផ្ដល់ឲ្យ+ ៤ ហើយពួកគេទាំងអស់គ្នាបានពិសាទឹកដែលព្រះផ្ដល់ឲ្យ។+ ព្រោះពួកគេធ្លាប់ពិសាទឹកដែលព្រះផ្ដល់ឲ្យពីផ្ទាំងថ្មដែលហាក់ដូចជាទៅតាមពួកគេ ហើយផ្ទាំងថ្មនោះជាតំណាងគ្រិស្ត។+ ៥ ទោះជាយ៉ាងនោះក៏ដោយ ពួកគេភាគច្រើនបានត្រូវសម្លាប់នៅតំបន់ស្ងាត់ជ្រងំ ដោយសារព្រះមិនពេញចិត្តពួកគេ។+
៦ ការទាំងនេះជាគំរូសម្រាប់យើង ដើម្បីកុំឲ្យយើងទៅជាមនុស្សដែលប្រាថ្នាចង់បានអ្វីៗដ៏អាក្រក់ ដូចពួកគេប្រាថ្នាចង់បានឡើយ។+ ៧ កុំឲ្យយើងទៅជាអ្នកគោរពបូជារូបព្រះដូចពួកគេខ្លះ ដូចបទគម្ពីរចែងថា៖ «បណ្ដាជនបានអង្គុយពិសាអាហារពិសាស្រា ហើយក្រោកឡើងនាំគ្នាអរសប្បាយ»។+ ៨ កុំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ដូចពួកគេខ្លះបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចស្លាប់អស់២៣.០០០នាក់ក្នុងមួយថ្ងៃ។+ ៩ កុំឲ្យយើងល្បងលព្រះយេហូវ៉ា*+ ដូចពួកគេខ្លះបានល្បងលលោក រួចបាត់បង់ជីវិតដោយសត្វពស់។+ ១០ កុំឲ្យយើងរអ៊ូរទាំ ដូចពួកគេខ្លះបានរអ៊ូរទាំ+ រួចបាត់បង់ជីវិតដោយអ្នកពិឃាត។+ ១១ ការទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ ហើយបានត្រូវកត់ទុកជាការព្រមានដល់យើង+ដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ។*
១២ ដូច្នេះ ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល។+ ១៣ គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ។+ ប៉ុន្តែ ព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ+ តែលោកនឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបសេចក្ដីល្បួងនោះ។+
១៤ ដូច្នេះ មិត្តជាទីស្រឡាញ់អើយ ចូររត់ចេញពីការគោរពបូជារូបព្រះ។+ ១៥ ខ្ញុំនិយាយជាមួយនឹងអ្នករាល់គ្នា ដូចនិយាយជាមួយនឹងអ្នកដែលមានសមត្ថភាពវែកញែក។ ចូរអ្នករាល់គ្នាពិចារណាសម្ដីរបស់ខ្ញុំចុះ។ ១៦ ពែងនៃអំណរគុណ ដែលយើងអរគុណព្រះ* តើនោះមិនមែនជាការរួមចំណែកក្នុងឈាមរបស់គ្រិស្តទេឬ?+ តើនំប៉័ងមួយដុំដែលយើងកាច់នោះមិនមែនជាការរួមចំណែកក្នុងរូបកាយរបស់គ្រិស្តទេឬ?+ ១៧ ដោយសារមាននំប៉័ងតែមួយដុំ នោះយើងជារូបកាយតែមួយ+ ពីព្រោះយើងបរិភោគពីនំប៉័ងមួយដុំនោះ ទោះជាយើងមានគ្នាច្រើនក៏ដោយ។
១៨ សូមពិចារណាមើលជនជាតិអ៊ីស្រាអែល៖ ពេលពួកគេបរិភោគគ្រឿងបូជានៅឯវិហារ តើពួកគេមិនរួមចំណែកជាមួយនឹងទីបូជាដែរទេឬ?+ ១៩ ការដែលខ្ញុំនិយាយដូច្នេះ តើនេះមានន័យថារូបព្រះនិងអ្វីដែលគេសែនរូបព្រះគឺសំខាន់ឬ? ២០ មិនមែនទេ! ប៉ុន្តែខ្ញុំចង់និយាយថា អ្វីៗដែលប្រជាជាតិនានាសែន ពួកគេសែនដល់ពួកវិញ្ញាណកំណាច* មិនមែនដល់ព្រះទេ+ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នារួមចំណែកជាមួយនឹងពួកវិញ្ញាណកំណាចឡើយ។+ ២១ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះយេហូវ៉ា*ផង និងពីពែងរបស់ពួកវិញ្ញាណកំណាចផងបានទេ។ អ្នករាល់គ្នាមិនអាចបរិភោគពី«តុរបស់ព្រះយេហូវ៉ា»*ផង+ និងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ។ ២២ ឬ«តើយើងកំពុងធ្វើឲ្យព្រះយេហូវ៉ា*ទាស់ចិត្តឬ?»*+ យើងមិនមែនខ្លាំងជាងលោកទេ មែនទេ?
២៣ មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែលើកទឹកចិត្តឡើយ។+ ២៤ ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត។+
២៥ ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅឯផ្សារលក់សាច់ ហើយកុំឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នករាល់គ្នាជំរុញឲ្យសួរឡើយ ២៦ ព្រោះ«ផែនដីនិងអ្វីៗទាំងអស់នៅផែនដីជារបស់ព្រះយេហូវ៉ា»។*+ ២៧ ប្រសិនបើអ្នកដែលមិនជឿអញ្ជើញអ្នកទៅបរិភោគអាហារ ហើយអ្នករាល់គ្នាចង់ទៅ ចូរបរិភោគអ្វីទាំងអស់ដែលអ្នកនោះជូន ហើយកុំឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នករាល់គ្នាជំរុញឲ្យសួរឡើយ។ ២៨ ប៉ុន្តែ ប្រសិនបើអ្នកណាប្រាប់អ្នករាល់គ្នាថា«នេះជារបស់គេសែន» ចូរកុំបរិភោគឡើយ ដោយយល់ដល់អ្នកដែលបានប្រាប់នោះ និងដោយយល់ដល់សមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត។+ ២៩ ខ្ញុំមិនមែននិយាយអំពីសមត្ថភាពវិនិច្ឆ័យរបស់អ្នកទេ តែរបស់អ្នកឯទៀតវិញ។ ព្រោះទោះជាខ្ញុំមានសេរីភាពធ្វើតាមចិត្ត តែខ្ញុំមិនចង់ធ្វើដូច្នេះទេ ដើម្បីកុំឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតវិនិច្ឆ័យខ្ញុំ។+ ៣០ ប្រសិនបើខ្ញុំបរិភោគដោយអរគុណព្រះ ហេតុអ្វីគេនិយាយប្រមាថខ្ញុំអំពីអ្វីដែលខ្ញុំបានអរគុណព្រះហើយ?+
៣១ ដូច្នេះ ទោះជាអ្នកផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។+ ៣២ កុំបង្កហេតុឲ្យជនជាតិយូដា ជនជាតិក្រិច និងក្រុមជំនុំរបស់ព្រះជំពប់ដួលឡើយ។+ ៣៣ ប៉ុន្តែ ចូរធ្វើដូចខ្ញុំដែលកំពុងព្យាយាមបំពេញចិត្តមនុស្សទាំងឡាយក្នុងគ្រប់ការទាំងអស់ ដោយលះបង់ប្រយោជន៍ខ្លួន+ ជាប្រយោជន៍ដល់មនុស្សជាច្រើន ដើម្បីឲ្យពួកគេបានទទួលសេចក្ដីសង្គ្រោះ។+