យេរេមា
៣៦ នៅឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម+ជាកូនយ៉ូសៀសស្ដេចស្រុកយូដា ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាថា៖ ២ «ចូរយករមូរមួយមក ហើយសរសេរពាក្យទាំងអស់ដែលខ្ញុំបានប្រាប់អ្នក ចាប់ពីថ្ងៃដែលខ្ញុំបាននិយាយមកកាន់អ្នកនៅក្នុងគ្រាយ៉ូសៀស រហូតមកដល់ថ្ងៃនេះ+ គឺជាពាក្យទាស់នឹងពួកអ៊ីស្រាអែល ពួកយូដា+ និងប្រជាជាតិនានា។+ ៣ ពេលពូជពង្សយូដាឮអំពីសេចក្ដីវេទនាទាំងប៉ុន្មានដែលខ្ញុំមានបំណងធ្វើមកលើពួកគេ ពួកគេប្រហែលជាបែរចេញពីផ្លូវទុច្ចរិតរបស់ខ្លួន។ បើពួកគេធ្វើដូច្នេះ ខ្ញុំនឹងអភ័យទោសចំពោះទោសកំហុសនិងអំពើខុសឆ្គងរបស់ពួកគេ»។+
៤ ដូច្នេះ យេរេមាបានហៅបារូក+ជាកូននេរាមក ហើយប្រាប់គាត់នូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា ហើយឲ្យបារូកកត់ទុកពាក្យទាំងនោះក្នុងរមូរ។+ ៥ រួចមក យេរេមាបានប្រាប់បារូកថា៖ «ខ្ញុំមិនបានត្រូវអនុញ្ញាតឲ្យចូលវិហារបស់ព្រះយេហូវ៉ាទេ។ ៦ ដូច្នេះ អ្នកត្រូវយករមូរដែលអ្នកបានកត់តាមបង្គាប់ខ្ញុំ ហើយចូលក្នុងវិហារព្រះយេហូវ៉ានៅថ្ងៃតមអាហារ រួចអានប្រសាសន៍របស់ព្រះយេហូវ៉ាឲ្យឮៗនៅមុខបណ្ដាជនដែលមូលគ្នាមកពីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។ យ៉ាងនេះ អ្នកអាចអានឲ្យពួកគេទាំងអស់គ្នាស្ដាប់។ ៧ ក្រោយស្ដាប់រួច ប្រហែលជាពួកគេនឹងអធិដ្ឋានអង្វរសុំក្ដីមេត្តាពីព្រះយេហូវ៉ា ហើយបែរចេញពីផ្លូវទុច្ចរិតរបស់ខ្លួន។ ព្រោះព្រះយេហូវ៉ាមានកំហឹងជាខ្លាំងទាស់នឹងពួកគេ»។
៨ ដូច្នេះ បារូកជាកូននេរាក៏បានធ្វើតាមបង្គាប់ទាំងអស់របស់យេរេមាដែលជាអ្នកប្រកាសទំនាយ គឺគាត់បានអានឮៗនូវប្រសាសន៍របស់ព្រះយេហូវ៉ាពីរមូរ*នៅឯវិហាររបស់ព្រះយេហូវ៉ា។+
៩ នៅឆ្នាំទី៥ ក្នុងខែទី៩នៃរាជ្យយេហូយ៉ាគីម+ជាកូនយ៉ូសៀសស្ដេចស្រុកយូដា អ្នកក្រុងយេរូសាឡិមទាំងអស់ និងបណ្ដាជនទាំងឡាយដែលរស់នៅក្នុងក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា បានមូលគ្នាមកឯក្រុងយេរូសាឡិម ហើយប្រកាសឲ្យមានការតមអាហារនៅចំពោះព្រះយេហូវ៉ា។+ ១០ ពេលនោះ បារូកបានអានឮៗនូវពាក្យរបស់យេរេមាពីរមូរ ឲ្យបណ្ដាជនស្ដាប់នៅឯវិហាររបស់ព្រះយេហូវ៉ា គឺនៅក្នុងបន្ទប់របស់កេម៉ារៀ+ជាកូនសាផាន+ដែលជាអ្នកចម្លងច្បាប់ ត្រង់ទីធ្លាខាងលើក្បែរខ្លោងទ្វារថ្មីក្នុងវិហារព្រះយេហូវ៉ា។+
១១ ក្រោយមីកាយ៉ាជាកូនកេម៉ារៀ ត្រូវជាកូនសាផាន បានឮប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ាដែលមានក្នុងរមូរនោះរួច ១២ គាត់ក៏ចុះទៅវិមានស្ដេច ហើយចូលក្នុងបន្ទប់របស់លេខាធិការ។ ពេលនោះ ពួកអ្នកគ្រប់គ្រង*កំពុងអង្គុយនៅទីនោះ គឺអេលីសាម៉ា+ជាលេខាធិការ ដេឡេយ៉ាជាកូនសិមម៉ាយ៉ា អេលណាថាន+ជាកូនអាកបូរ+ កេម៉ារៀជាកូនសាផាន សេដេគាជាកូនហាណានា និងពួកអ្នកគ្រប់គ្រងឯទៀត។ ១៣ មីកាយ៉ាបានប្រាប់ពួកគេគ្រប់សេចក្ដីដែលគាត់បានឮ នៅពេលដែលបារូកអានពីរមូរនៅមុខបណ្ដាជន។
១៤ បន្ទាប់មក ពួកអ្នកគ្រប់គ្រងទាំងអស់បានចាត់យេហ៊ូដាយជាកូននេថានៀ ដែលជាកូនសេលេមៀ ត្រូវជាកូនគូសាយ ឲ្យទៅជួបបារូក ហើយនិយាយថា៖ «ចូរមកឯយើង ទាំងនាំយករមូរដែលអ្នកបានអាននៅមុខបណ្ដាជនមកជាមួយផង»។ ដូច្នេះ បារូកជាកូននេរាក៏បានទៅជួបពួកអ្នកគ្រប់គ្រងទាំងកាន់រមូរទៅជាមួយដែរ។ ១៥ រួចពួកគេប្រាប់បារូកថា៖ «សូមអញ្ជើញអង្គុយ ហើយអានពាក្យដែលមានក្នុងរមូរឲ្យយើងស្ដាប់»។ បារូកក៏អានឲ្យពួកគេស្ដាប់។
១៦ ក្រោយពីពួកគេស្ដាប់រួច ភ្លាមនោះពួកគេមើលមុខគ្នាដោយភ័យតក់ស្លុត ហើយនិយាយទៅបារូកថា៖ «យើងត្រូវតែនាំពាក្យទាំងនេះទៅជម្រាបស្ដេច»។ ១៧ រួចពួកគេសួរបារូកថា៖ «សូមប្រាប់យើង ម្ដេចក៏អ្នកសរសេរពាក្យទាំងនេះបាន? តើយេរេមាបានប្រាប់អ្នកឲ្យសរសេរឬ?»។ ១៨ បារូកក៏ឆ្លើយថា៖ «យេរេមាបានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅមកសរសេរទុកក្នុងរមូរនេះ»។ ១៩ ដូច្នេះ ពួកអ្នកគ្រប់គ្រងប្រាប់បារូកថា៖ «ចូរអ្នកនិងយេរេមាទៅរកកន្លែងលាក់ខ្លួនទៅ ហើយកុំឲ្យអ្នកណាដឹងថាអ្នកនៅឯណាឡើយ»។+
២០ បន្ទាប់មក ពួកអ្នកគ្រប់គ្រងយករមូរនោះទៅទុកក្នុងបន្ទប់របស់អេលីសាម៉ាជាលេខាធិការ រួចចូលទៅជួបស្ដេចនៅឯទីធ្លាវិមាន ហើយជម្រាបស្ដេចនូវពាក្យទាំងអស់ដែលពួកគេបានឮ។
២១ ដូច្នេះ ស្ដេចបានចាត់យេហ៊ូដាយ+ឲ្យទៅយករមូរពីបន្ទប់របស់អេលីសាម៉ាជាលេខាធិការ។ រួចយេហ៊ូដាយក៏យករមូរនោះមកអានជូនស្ដេច ព្រមទាំងពួកអ្នកគ្រប់គ្រងទាំងអស់ដែលឈរនៅក្បែរនោះ។ ២២ ខណៈនោះ ស្ដេចកំពុងអង្គុយនៅក្នុងវិមានសម្រាប់រដូវរងា ទាំងមានចង្ក្រានភ្លើងកម្ដៅខ្លួន ព្រោះពេលនោះជាខែទី៩។* ២៣ ក្រោយពីយេហ៊ូដាយអានពាក្យក្នុងរមូរបានបីបួនផ្នែក ស្ដេចក៏យកកាំបិតរបស់លេខាធិការមកកាត់ផ្នែកនោះ រួចបោះទៅក្នុងភ្លើងចង្ក្រាន រហូតដល់រមូរទាំងមូលបានឆេះអស់។ ២៤ ស្ដេចនិងពួកអ្នកបម្រើទាំងអស់របស់គាត់មិនបានភ័យតក់ស្លុតកាលដែលឮពាក្យក្នុងរមូរនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ហែកអាវខ្លួនដែរ។ ២៥ ពេលនោះ អេលណាថាន+ ដេឡេយ៉ា+ និងកេម៉ារៀ+ បានអង្វរស្ដេចមិនឲ្យដុតរមូរនោះ តែស្ដេចមិនព្រមស្ដាប់ពួកគេទេ។ ២៦ បន្ថែមទៅទៀត ស្ដេចបានបញ្ជាយេរ៉ាមេលជាកូនស្ដេច សេរ៉ាយ៉ាជាកូនអាសរាល និងសេលេមៀជាកូនអាប់ដៀល ឲ្យទៅចាប់ខ្លួនបារូកជាលេខាធិការនិងយេរេមាជាអ្នកប្រកាសទំនាយ។ ប៉ុន្តែ ព្រះយេហូវ៉ាបានលាក់ពួកគាត់មិនឲ្យគេរកឃើញឡើយ។+
២៧ ក្រោយពីស្ដេចបានដុតរមូរដែលយេរេមាបានប្រាប់បារូកឲ្យកត់ទុកនោះ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យេរេមាម្ដងទៀតថា៖+ ២៨ «ចូរយករមូរមួយទៀតមក ហើយសរសេរពាក្យទាំងប៉ុន្មាន ឲ្យដូចពាក្យក្នុងរមូរមុនដែលយេហូយ៉ាគីមស្ដេចស្រុកយូដាបានដុតចោល។+ ២៩ រួចអ្នកត្រូវនិយាយទាស់នឹងយេហូយ៉ាគីមស្ដេចស្រុកយូដាថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ «អ្នកបានដុតរមូរនោះចោល ហើយសួរថា៖ ‹ម្ដេចក៏សរសេរថា៖ «ស្ដេចស្រុកបាប៊ីឡូននឹងមកបំផ្លាញស្រុកនេះ ហើយធ្វើឲ្យលែងមានមនុស្សនិងសត្វរស់នៅទៀត»ដូច្នេះ?›។+ ៣០ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ទាស់នឹងយេហូយ៉ាគីមស្ដេចស្រុកយូដាថា៖ ‹នឹងគ្មានកូនចៅគាត់ណាម្នាក់អង្គុយលើបល្ល័ង្កដាវីឌទេ+ ហើយសពរបស់គាត់នឹងត្រូវទុកចោលហាលក្ដៅនៅពេលថ្ងៃនិងហាលត្រជាក់នៅពេលយប់។+ ៣១ ខ្ញុំនឹងដាក់ទោសគាត់និងកូនចៅគាត់ ព្រមទាំងពួកអ្នកបម្រើទាំងអស់របស់គាត់ចំពោះកំហុសឆ្គងរបស់ពួកគេ។ ខ្ញុំនឹងធ្វើឲ្យពួកគេ និងអ្នកក្រុងយេរូសាឡិម ព្រមទាំងពួកយូដាទាំងអស់ ជួបប្រទះសេចក្ដីវេទនាសព្វបែបយ៉ាង ជាសេចក្ដីវេទនាដែលខ្ញុំបានព្រមានពួកគេរួចហើយ+ តែពួកគេមិនព្រមស្ដាប់ឡើយ›»›»។+
៣២ ដូច្នេះ យេរេមាបានយករមូរមួយទៀត ហើយឲ្យបារូកជាកូននេរាដែលជាលេខាធិការ+ កត់ទុកតាមពាក្យរបស់គាត់ ដូចពាក្យក្នុងរមូរមុនដែលយេហូយ៉ាគីមស្ដេចស្រុកយូដាបានដុតចោល។+ មិនត្រឹមតែប៉ុណ្ណោះ រមូរនេះក៏មានសេចក្ដីបន្ថែមទៀតដែរ។