សកម្មភាពរបស់ពួកសាវ័ក
២៣ ប៉ូលសម្លឹងទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយនិយាយថា៖ «បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស+នៅចំពោះមុខព្រះ គឺខ្ញុំមិនបានប្រព្រឹត្តអ្វីគួរនឹងទទួលទោសឡើយ»។ ២ ពេលឮដូច្នេះ អាណានាសដែលជាសម្ដេចសង្ឃបង្គាប់ពួកអ្នកដែលឈរជិតប៉ូលឲ្យទះមាត់គាត់។ ៣ រួចប៉ូលនិយាយទៅគាត់ថា៖ «មនុស្សលាក់ពុត!* ព្រះនឹងវាយអ្នក។ តើអ្នកអង្គុយដើម្បីវិនិច្ឆ័យទោសខ្ញុំស្របតាមច្បាប់ តែខ្លួនអ្នកបែរជាបំពានលើច្បាប់ដោយបង្គាប់គេឲ្យវាយខ្ញុំឬ?»។ ៤ ពួកអ្នកដែលឈរនៅក្បែរនិយាយថា៖ «តើអ្នកកំពុងប្រមាថសម្ដេចសង្ឃរបស់ព្រះឬ?»។ ៥ ប៉ូលនិយាយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថាគាត់ជាសម្ដេចសង្ឃទេ។ ព្រោះបទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវនិយាយអាក្រក់អំពីអ្នកគ្រប់គ្រងជាតិរបស់អ្នកឡើយ›»។+
៦ ពេលដែលប៉ូលដឹងថាពាក់កណ្ដាលនៃក្រុមប្រឹក្សាជាន់ខ្ពស់ជាពួកសាឌូស៊ី ហើយពាក់កណ្ដាលទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងប្រាប់ពួកគេថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី+ ហើយក៏ជាកូនពួកផារិស៊ីដែរ។ គេកំពុងវិនិច្ឆ័យខ្ញុំ ដោយសារខ្ញុំជឿអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។ ៧ ដោយសារប៉ូលនិយាយដូច្នេះ ពួកផារិស៊ីនិងពួកសាឌូស៊ីចាប់ផ្ដើមទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។ ៨ ព្រោះពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ ហើយក៏មិនជឿថាមានទេវតាឬវិញ្ញាណដែរ។ ប៉ុន្តែ ពួកផារិស៊ីជឿថាមានទាំងអស់។+ ៩ ដូច្នេះ ពួកគេចាប់ផ្ដើមស្រែកយ៉ាងខ្លាំង ហើយក្នុងគណៈពួកផារិស៊ីមានអ្នកខ្លះដែលជំនាញខាងច្បាប់ បានក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីទេ ចុះយ៉ាងណា បើមានវិញ្ញាណឬទេវតាមួយនិយាយជាមួយនឹងគាត់?»។+ ១០ ពេលដែលការទាស់ទែងគ្នាផ្ទុះកាន់តែខ្លាំង នោះមេបញ្ជាការចាប់ផ្ដើមខ្លាចថាពួកគេនឹងប្រទាញប្រទង់ហែកប៉ូលជាពីរ ដូច្នេះគាត់បង្គាប់កងទាហានឲ្យចុះទៅកញ្ឆក់យកប៉ូលចេញពីចំណោមពួកគេ ហើយនាំមកប៉ុស្តិ៍ទាហាន។
១១ ប៉ុន្តែនៅយប់នោះឯង លោកម្ចាស់បានឈរជិតគាត់ ហើយមានប្រសាសន៍ថា៖ «ចូរមានចិត្តក្លាហានឡើង+ ព្រោះអ្នកត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងរ៉ូម ដូចអ្នកបានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីខ្ញុំនៅក្រុងយេរូសាឡិមដែរ»។+
១២ លុះព្រឹកឡើង ជនជាតិយូដាបានសមគំនិតគ្នា ទាំងស្បថឲ្យខ្លួនត្រូវបណ្ដាសាថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់ប៉ូល។ ១៣ មានបុរសជាង៤០នាក់ដែលបានសមគំនិតគ្នាស្បថដូច្នោះ។ ១៤ ពួកគេទៅជួបពួកសង្ឃនាយកនិងពួកបុរសចាស់ទុំ រួចនិយាយថា៖ «យើងបានស្បថឲ្យត្រូវបណ្ដាសាថា យើងនឹងមិនបរិភោគអាហារមួយម៉ាត់ឡើយ ទាល់តែបានសម្លាប់ប៉ូល។ ១៥ ដូច្នេះ ឥឡូវសូមអ្នករាល់គ្នានិងក្រុមប្រឹក្សាជាន់ខ្ពស់ប្រាប់មេបញ្ជាការអំពីមូលហេតុដែលគាត់គួរនាំប៉ូលមកឯអ្នករាល់គ្នា ដោយយកលេសថាអ្នករាល់គ្នាចង់ពិចារណារឿងក្ដីរបស់អ្នកនោះឲ្យបានល្អិតល្អន់ជាង។ ប៉ុន្តែ មុនពេលដែលអ្នកនោះមកជិតដល់ យើងត្រៀមជាស្រេចដើម្បីសម្លាប់អ្នកនោះចោល»។
១៦ ប៉ុន្តែ ពេលក្មួយប្រុសរបស់ប៉ូលបានឮថាពួកគេកំពុងពួនចាំសម្លាប់ប៉ូល នោះគាត់ចូលប៉ុស្តិ៍ទាហានរាយការណ៍ប្រាប់ប៉ូល។ ១៧ រួចប៉ូលបានហៅនាយទាហានម្នាក់មកឯគាត់ ហើយប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបមេបញ្ជាការ ព្រោះគាត់មានរឿងមួយដែលត្រូវរាយការណ៍ប្រាប់លោក»។ ១៨ ម្ល៉ោះហើយ នាយទាហានបាននាំយុវជននោះទៅឯមេបញ្ជាការ រួចប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ រួចសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានរឿងមួយដែលត្រូវរាយការណ៍ប្រាប់លោក»។ ១៩ មេបញ្ជាការដឹកដៃយុវជននោះនាំទៅដោយឡែកពីគេ ហើយសួរថា៖ «តើអ្នកមានរឿងអ្វីចង់រាយការណ៍ប្រាប់ខ្ញុំ?»។ ២០ យុវជននោះឆ្លើយថា៖ «ជនជាតិយូដាបានសន្មតគ្នាថា នឹងសុំលោកនាំប៉ូលចុះទៅក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថាពួកគេចង់ដឹងល្អិតល្អន់ជាងអំពីរឿងក្ដីរបស់ប៉ូល។+ ២១ ប៉ុន្តែ សូមលោកកុំជឿពាក្យបញ្ចុះបញ្ចូលរបស់ពួកគេឲ្យសោះ ព្រោះពួកគេមានបុរសជាង៤០នាក់កំពុងពួនចាំគាត់ ទាំងស្បថឲ្យខ្លួនត្រូវបណ្ដាសាថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់គាត់។+ ឥឡូវនេះ ពួកគេបានត្រៀមខ្លួនជាស្រេច ហើយកំពុងចាំលោកយល់ព្រមតាមសំណូមពររបស់ពួកគេតែប៉ុណ្ណោះ»។ ២២ ដូច្នេះ មេបញ្ជាការឲ្យយុវជននោះទៅវិញ បន្ទាប់ពីបានបង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះថា អ្នកបានរាយការណ៍អំពីរឿងនេះដល់ខ្ញុំ»។
២៣ បន្ទាប់មក មេបញ្ជាការកោះហៅនាយទាហានពីរនាក់ឲ្យមក រួចប្រាប់ថា៖ «ចូររៀបចំកូនទាហានថ្មើរជើង២០០នាក់ ដើម្បីចេញដំណើរទៅក្រុងសេសារៀនៅម៉ោងទី៣*យប់នេះ ព្រមទាំងនាំទាហានសេះ៧០នាក់ និងទាហានកាន់លំពែង២០០នាក់ទៅជាមួយផង។ ២៤ ម្យ៉ាងទៀត ចូររៀបចំសេះឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯភេលីចជាអភិបាលដោយសុវត្ថិភាព»។ ២៥ រួចគាត់សរសេរសំបុត្រមួយដូចតទៅនេះ៖
២៦ «ខ្ញុំក្លូឌាសឡែសៀស សូមជម្រាបជូនឯកឧត្ដមអភិបាលភេលីច៖ ជម្រាបសួរ! ២៧ ជនជាតិយូដាបានចាប់បុរសនេះ ហើយបម្រុងនឹងសម្លាប់គាត់ចោល តែភ្លាមៗខ្ញុំបាននាំកងទាហានទៅសង្គ្រោះគាត់+ ពីព្រោះខ្ញុំបានដឹងថាគាត់ជាពលរដ្ឋរ៉ូម។+ ២៨ រួចមក ដោយសារខ្ញុំចង់ដឹងអំពីមូលហេតុដែលពួកគេចោទប្រកាន់គាត់ នោះខ្ញុំនាំគាត់ចុះទៅក្រុមប្រឹក្សាជាន់ខ្ពស់របស់ពួកគេ។+ ២៩ ខ្ញុំឃើញថាពួកគេចោទប្រកាន់គាត់អំពីបញ្ហាទាក់ទងនឹងច្បាប់របស់ពួកគេ+ តែគ្មានការចោទប្រកាន់ណាមួយដែលសមឲ្យគាត់ជាប់ចំណង ឬមានទោសដល់ស្លាប់ឡើយ។ ៣០ ប៉ុន្តែ ដោយសារមានគេប្រាប់ខ្ញុំអំពីគម្រោងការសម្លាប់បុរសនេះ+ ខ្ញុំក៏បញ្ជូនគាត់ទៅឯលោកភ្លាម ហើយបង្គាប់ពួកដើមចោទឲ្យទៅចោទប្រកាន់គាត់នៅមុខលោក»។
៣១ ដូច្នេះ ពួកទាហានទាំងនេះក៏ធ្វើតាមបង្គាប់ ហើយយកប៉ូល+ទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់។ ៣២ លុះស្អែកឡើង ពួកគេឲ្យពួកទាហានសេះបន្តដំណើរជាមួយនឹងប៉ូល តែពួកគេបានវិលត្រឡប់ទៅប៉ុស្តិ៍ទាហានវិញ។ ៣៣ ពួកទាហានសេះចូលក្រុងសេសារៀ ហើយយកសំបុត្រជូនអភិបាល ទាំងប្រគល់ប៉ូលទៅឲ្យគាត់ដែរ។ ៣៤ អភិបាលក៏អានសំបុត្រនោះ ហើយសួរប៉ូលថាគាត់មកពីខេត្តមួយណា ប៉ូលប្រាប់ថាមកពីខេត្តស៊ីលីស៊ី។+ ៣៥ ដូច្នេះ គាត់និយាយថា៖ «ពេលពួកដើមចោទមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នកឲ្យបានសព្វគ្រប់»។+ រួចគាត់បង្គាប់ឲ្យគេឃុំប៉ូលក្នុងវាំងរបស់ហេរ៉ូឌ ដោយមានអ្នកយាមនៅឃ្លាំមើល។