សកម្មភាពរបស់ពួកសាវ័ក
១ ថេអូហ្វីលអើយ ក្នុងកំណត់ហេតុទី១ ខ្ញុំបានសរសេរអំពីការទាំងអស់ដែលលោកយេស៊ូចាប់ផ្ដើមធ្វើនិងបង្រៀន+ ២ រហូតដល់ថ្ងៃដែលព្រះបានយកលោកឡើងទៅស្ថានសួគ៌+ បន្ទាប់ពីលោកបានឲ្យការណែនាំតាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ដល់ពួកសាវ័កដែលលោកបានជ្រើសរើស។+ ៣ ក្រោយពីលោកបានរងទុក្ខវេទនារហូតដល់ស្លាប់ លោកបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញជាច្រើនដង ដើម្បីឲ្យពួកគាត់ជឿជាក់ដោយឥតសង្ស័យថា លោកមានជីវិតរស់នៅពិតមែន។+ លោកបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញក្នុងរយៈពេល៤០ថ្ងៃ ហើយលោកបានប្រាប់ពួកគាត់អំពីរាជាណាចក្ររបស់ព្រះ។+ ៤ កាលដែលលោកកំពុងជួបជាមួយនឹងពួកគាត់ លោកបង្គាប់ពួកគាត់ថា៖ «កុំចេញពីក្រុងយេរូសាឡិម*ឡើយ+ តែចូររង់ចាំអ្វីដែលបិតានៅស្ថានសួគ៌បានសន្យា+ ជាអ្វីដែលអ្នករាល់គ្នាបានឮពីខ្ញុំ ៥ ពីព្រោះយ៉ូហានបានជ្រមុជគេក្នុងទឹក តែអ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ នៅប៉ុន្មានថ្ងៃខាងមុខនេះ»។
៦ ដូច្នេះ ពេលដែលបានជួបជុំគ្នាម្ដងទៀត ពួកគាត់ក៏សួរលោកថា៖ «លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។+ ៧ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នាមិនចាំបាច់ដឹងអំពីពេលវេលាឬគ្រាកំណត់ ដែលបិតានៅស្ថានសួគ៌បានសម្រេច*រួចហើយនោះទេ។+ ៨ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព ពេលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់+អំពីខ្ញុំនៅក្រុងយេរូសាឡិម+ នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី+ និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។+ ៩ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនេះ កាលដែលពួកគាត់កំពុងមើលលោកនៅឡើយ នោះលោកបានត្រូវលើកឡើង ហើយពពកមួយបានមកបាំងលោកបាត់ពីភ្នែកពួកគាត់ទៅ។+ ១០ ពេលពួកគាត់កំពុងសម្លឹងទៅមេឃ ក្នុងកាលដែលលោកកំពុងធ្វើដំណើរឡើងទៅ ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ស+ឈរនៅក្បែរពួកគាត់ ១១ ហើយនិយាយថា៖ «អ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នករាល់គ្នាកំពុងឈរមើលមេឃដូច្នេះ? លោកយេស៊ូនោះហើយដែលបានត្រូវយកឡើងទៅលើមេឃ ក៏នឹងមកតាមបែបដូចដែលអ្នករាល់គ្នាឃើញលោកឡើងទៅលើមេឃដែរ»។
១២ រួចមក ពួកគាត់បានចេញពីភ្នំដើមអូលីវ ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ+ដែលនៅមិនឆ្ងាយ មានចម្ងាយប្រហែលមួយគីឡូម៉ែត្រ។* ១៣ លុះទៅដល់ហើយ ពួកគាត់បានឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគាត់ស្នាក់នៅ។ នៅទីនោះមាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស់ បាថូឡូម៉េ ម៉ាថាយ យ៉ាកុបជាកូនអាល់ផៀស ស៊ីម៉ូនជាអ្នកខ្នះខ្នែង និងយូដាសជាកូនយ៉ាកុប។+ ១៤ អ្នកទាំងអស់នេះ ជាមួយនឹងស្ត្រីខ្លះ+ ព្រមទាំងម៉ារៀជាម្ដាយលោកយេស៊ូ និងប្អូនប្រុសៗរបស់លោក+ កំពុងព្យាយាមក្នុងការអធិដ្ឋានដោយមានគោលបំណងតែមួយ។
១៥ នៅគ្រានោះ ពេត្រុសបានក្រោកឈរឡើងនៅកណ្ដាលបងប្អូនទាំងនោះ (ក្រុមមនុស្សទាំងនោះមានគ្នាប្រហែល១២០នាក់) ហើយនិយាយថា៖ ១៦ «បងប្អូនអើយ ពាក្យដែលដាវីឌបាននិយាយតាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ត្រូវសម្រេចជាចាំបាច់។ គាត់បាននិយាយអំពីយូដាស+ដែលបាននាំផ្លូវគេមកចាប់ខ្លួនលោកយេស៊ូ។+ ១៧ ព្រោះគាត់ធ្លាប់នៅក្នុងក្រុមយើង+ ក៏ធ្លាប់រួមចំណែកក្នុងកិច្ចបម្រើនេះដែរ។ ១៨ (ម្ល៉ោះហើយ បុរសនេះឯងបានយកប្រាក់ឈ្នួលពីអំពើទុច្ចរិតទៅទិញវាលមួយ+ ហើយគាត់បានធ្លាក់ក្បាលចុះក្រោម បែកពោះធ្លាយពោះវៀនចេញមក។+ ១៩ អ្នកក្រុងយេរូសាឡិមទាំងអស់បានដឹងឮអំពីរឿងនេះ។ ដូច្នេះ វាលនោះបានត្រូវហៅតាមភាសារបស់ពួកគេថាអាកិលដាម៉ា ដែលមានន័យថា«វាលឈាម»)។ ២០ ព្រោះសៀវភៅចម្រៀងសរសើរព្រះចែងថា៖ ‹សូមឲ្យកន្លែងស្នាក់នៅរបស់គាត់ក្លាយទៅជាទីស្ងាត់ជ្រងំ ហើយសូមកុំឲ្យអ្នកណាស្នាក់នៅទីនោះតទៅទៀត›+ ហើយ‹សូមឲ្យអ្នកឯទៀតយកតំណែងត្រួតពិនិត្យរបស់គាត់›។+ ២១ ដូច្នេះ គឺចាំបាច់ឲ្យមានបុរសម្នាក់ជំនួសគាត់។ បុរសនោះត្រូវមកពីចំណោមពួកបុរសដែលបានរួមដំណើរជាមួយនឹងយើងក្នុងគ្រប់វេលាដែលលោកម្ចាស់យេស៊ូបានធ្វើកិច្ចការក្នុងចំណោមយើង ២២ គឺចាប់តាំងពីពេលដែលយ៉ូហានបានជ្រមុជទឹកឲ្យលោក+ រហូតដល់ថ្ងៃដែលលោកបានត្រូវយកឡើងទៅលើមេឃ។+ បុរសដូចនោះហើយដែលគួរធ្វើជាសាក្សីជាមួយនឹងយើងអំពីការប្រោសលោកឲ្យរស់ឡើងវិញ»។+
២៣ ដូច្នេះ ពួកគាត់លើកឈ្មោះពីរឡើងគឺ ម៉ាធាស និងយ៉ូសែបដែលហៅថាបាសាបាសនិងហៅថាយូស្ទុស។ ២៤ រួចមក ពួកគាត់ក៏អធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា* លោកជ្រាបអ្វីៗដែលនៅក្នុងចិត្តរបស់មនុស្សទាំងអស់។+ សូមលោកបញ្ជាក់ថា ក្នុងចំណោមបុរសពីរនាក់នេះ លោកបានជ្រើសរើសបុរសមួយណា ២៥ ឲ្យទទួលកិច្ចបម្រើនេះនិងមុខងារជាសាវ័កដែលយូដាសបានបោះបង់ចោលដើម្បីទៅតាមផ្លូវរបស់ខ្លួន»។+ ២៦ ដូច្នេះ ពួកគាត់ចាប់ឆ្នោត+ ហើយឆ្នោតក៏ត្រូវលើម៉ាធាស រួចគាត់បានត្រូវរាប់ជាសាវ័កជាមួយនឹងសាវ័ក១១នាក់ទៀត។