ដើមកំណើត
១៤ នៅគ្រាអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ+ អារីអាក់ជាស្ដេចស្រុកអែលឡេសា កេដូឡោអូមើរ+ជាស្ដេចស្រុកអេឡាំ+ ធីដាលជាស្ដេចស្រុកកូអ៊ីម ២ ពួកគេបានរួមគ្នាធ្វើចម្បាំងជាមួយនឹងស្ដេចប្រាំរូប គឺបេរ៉ាជាស្ដេចក្រុងសូដុម+ ប៊ីសាជាស្ដេចក្រុងកូម៉ូរ៉ា+ ស៊ីណាបជាស្ដេចក្រុងអាត់ម៉ា សិមអ៊ីបឺជាស្ដេចក្រុងសេបោអីម+ និងស្ដេចក្រុងបេឡាដែលជាក្រុងសូអា។ ៣ ស្ដេចទាំងនេះបានបោះទ័ពនៅជ្រលងភ្នំស៊ីឌីម+គឺសមុទ្រអំបិល។*+
៤ ស្ដេចទាំងប្រាំរូបធ្លាប់ចុះចូលបម្រើស្ដេចកេដូឡោអូមើរអស់រយៈពេល១២ឆ្នាំ។ ប៉ុន្តែ លុះដល់ឆ្នាំទី១៣ ពួកគេនាំគ្នាបះបោរប្រឆាំងស្ដេចនោះ។ ៥ ដូច្នេះ នៅឆ្នាំទី១៤ ស្ដេចកេដូឡោអូមើរនិងពួកស្ដេចដែលរួមដៃជាមួយនឹងគាត់ បានមកបង្ក្រាបពួករេផែមនៅឯអាសថារ៉ូតកានាម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមិម+នៅតំបន់សាវេគាយ៉ាថេម ៦ និងពួកហូរី+ចាប់ពីតំបន់ភ្នំសៀ+រហូតដល់តំបន់អែលប៉ារ៉ានដែលនៅក្បែរតំបន់ស្ងាត់ជ្រងំ។ ៧ បន្ទាប់មក ពួកគេធ្វើដំណើរទៅតំបន់អេនមីសផាតដែលជាតំបន់កាដេស+ ហើយវាយយកបានតំបន់ទាំងមូលរបស់ជនជាតិអាម៉ាលេក+ ព្រមទាំងក្រុងហាសាសូនថេម៉ា+ដែលជនជាតិអាម៉ូរីអាស្រ័យនៅ។+
៨ ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាត់ម៉ា ស្ដេចក្រុងសេបោអីម និងស្ដេចក្រុងបេឡាដែលជាក្រុងសូអា បានលើកទ័ពទៅជ្រលងភ្នំស៊ីឌីម ហើយតម្រៀបទ័ពច្បាំង ៩ តទល់នឹងកេដូឡោអូមើរជាស្ដេចស្រុកអេឡាំ ធីដាលជាស្ដេចស្រុកកូអ៊ីម អាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ និងអារីអាក់ជាស្ដេចស្រុកអែលឡេសា+ គឺស្ដេចបួនរូបច្បាំងតទល់នឹងស្ដេចប្រាំរូប។ ១០ នៅជ្រលងភ្នំស៊ីឌីមមានពេញទៅដោយរណ្ដៅជ័រខ្មៅ។ ពេលនោះ ស្ដេចក្រុងសូដុមនិងស្ដេចក្រុងកូម៉ូរ៉ាបានព្យាយាមរត់គេច តែពួកគេបានធ្លាក់ចូលក្នុងរណ្ដៅជ័រទាំងនោះ។ ឯអ្នកផ្សេងទៀតដែលនៅសល់ ពួកគេបានរត់ទៅតំបន់ភ្នំ។ ១១ រួចមក ស្ដេចទាំងបួនរូបបានរឹបអូសយកទ្រព្យសម្បត្តិនិងស្បៀងអាហារទាំងអស់ពីក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ ក្រោយនោះ ពួកគេក៏ធ្វើដំណើរចេញទៅ។+ ១២ ពួកគេក៏បានចាប់ឡុតជាក្មួយរបស់អាប់រ៉ាមដែលរស់នៅក្នុងក្រុងសូដុម+យកទៅជាមួយដែរ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់គាត់។ រួចពួកគេបន្តដំណើរត្រឡប់ទៅវិញ។
១៣ ក្រោយមក មានបុរសម្នាក់រត់រួច ហើយទៅប្រាប់អាប់រ៉ាមជាជនជាតិហេប្រឺអំពីអ្វីដែលបានកើតឡើង។ ពេលនោះ អាប់រ៉ាមរស់នៅកន្លែងដែលមានដើមឈើធំៗរបស់ម៉ាមរេដែលជាជនជាតិអាម៉ូរី។+ ម៉ាមរេមានបងប្អូនពីរនាក់ឈ្មោះអេសកូល និងអេនើរ។+ ពួកគេបានចងសម្ព័ន្ធភាពជាមួយនឹងអាប់រ៉ាម។ ១៤ ពេលឮថាសាច់ញាតិ+ត្រូវគេចាប់ នោះអាប់រ៉ាមបានប្រមូលពួកបុរសដែលធ្លាប់ហ្វឹកហាត់ខាងចម្បាំង គឺចំនួន៣១៨នាក់ជាអ្នកបម្រើដែលកើតក្នុងផ្ទះគាត់។ រួចមក ពួកគេលើកគ្នាដេញតាម រហូតដល់ក្រុងដាន់។+ ១៥ នៅពេលយប់ គាត់បានបែងចែកពួកបុរសរបស់គាត់ជាក្រុមៗ ហើយគាត់និងពួកគេបានទៅវាយប្រហារពួកសត្រូវ។ គាត់បានវាយឈ្នះពួកសត្រូវ ហើយដេញតាមរហូតដល់តំបន់ហូបាដែលនៅភាគខាងជើងក្រុងដាម៉ាស់។ ១៦ គាត់បាននាំយកឡុតជាក្មួយ ពួកស្ត្រី និងអ្នកឯទៀត ព្រមទាំងទ្រព្យសម្បត្តិទាំងអស់មកវិញ។
១៧ ក្រោយពីអាប់រ៉ាមច្បាំងឈ្នះស្ដេចកេដូឡោអូមើរនិងស្ដេចឯទៀតដែលរួមដៃជាមួយនឹងគាត់ ស្ដេចស្រុកសូដុមបានទៅជួបអាប់រ៉ាមនៅជ្រលងភ្នំសាវេដែលជាជ្រលងភ្នំស្ដេច។+ ១៨ ឯម៉េលគីសេដិក+ គាត់ជាស្ដេចក្រុងសាឡិម+និងជាសង្ឃនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។+ ពេលគាត់មកជួបអាប់រ៉ាម គាត់បានយកនំប៉័ងនិងស្រាទំពាំងបាយជូរមកជាមួយដែរ។
១៩ បន្ទាប់មក គាត់បានឲ្យពរអាប់រ៉ាមដោយនិយាយថា៖
«សូមឲ្យអាប់រ៉ាមបានទទួលពរពីព្រះដ៏ខ្ពង់ខ្ពស់បំផុត
ជាព្រះដែលបានបង្កើតមេឃនិងផែនដី។
២០ សូមឲ្យព្រះដ៏ខ្ពង់ខ្ពស់បំផុតទទួលការសរសើរតម្កើង
លោកជាព្រះដែលបានប្រគល់ពួកសត្រូវមកក្នុងកណ្ដាប់ដៃអ្នក!»។
រួចមក អាប់រ៉ាមបានជូន១ភាគ១០នៃអ្វីៗទាំងអស់ដល់គាត់។+
២១ ក្រោយពីនោះ ស្ដេចក្រុងសូដុមបាននិយាយទៅកាន់អាប់រ៉ាមថា៖ «ចូរប្រគល់តែបណ្ដាជនមកខ្ញុំបានហើយ។ ឯទ្រព្យសម្បត្តិទាំងប៉ុន្មាន ចូរអ្នកយកចុះ»។ ២២ ប៉ុន្តែ អាប់រ៉ាមបានតបទៅស្ដេចក្រុងសូដុមវិញថា៖ «ខ្ញុំលើកដៃស្បថនៅចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលបានបង្កើតមេឃនិងផែនដី ២៣ ថាខ្ញុំនឹងមិនយកអ្វីសោះពីអ្នក សូម្បីតែអំបោះមួយសរសៃឬខ្សែស្បែកជើងមួយខ្សែ ក៏ខ្ញុំមិនយកដែរ ដើម្បីកុំឲ្យអ្នកអាចនិយាយថា៖ ‹ខ្ញុំបានធ្វើឲ្យអាប់រ៉ាមក្លាយទៅជាអ្នកមាន›។ ២៤ ខ្ញុំនឹងមិនយកអ្វីទេ លើកលែងតែអាហារដែលពួកបុរសរបស់ខ្ញុំបានបរិភោគហើយប៉ុណ្ណោះ។ ឯអេនើរ អេសកូល និងម៉ាមរេ+ដែលមកជាមួយនឹងខ្ញុំ ចូរឲ្យពួកគេយកចំណែករបស់ខ្លួនគេចុះ»។