ការបើកបង្ហាញចំពោះយ៉ូហាន
១៤ រួចមក មើល! ខ្ញុំឃើញកូនចៀម+កំពុងឈរនៅលើភ្នំស៊ីយ៉ូន+ ហើយមាន១៤៤.០០០នាក់+ឈរជាមួយនឹងលោក។ នាមរបស់លោកនិងនាមរបស់បិតាលោក+បានត្រូវសរសេរនៅលើថ្ងាសពួកគេ។ ២ ខ្ញុំឮសំឡេងមួយបន្លឺចេញពីលើមេឃ* ដូចសន្ធឹកទឹកហូរ និងដូចសំឡេងផ្គរលាន់យ៉ាងខ្លាំង។ ឯសំឡេងដែលខ្ញុំឮនោះ គឺដូចសំឡេងពួកអ្នកចម្រៀងដែលកំពុងច្រៀងផងដេញពិណបន្ទរផង។ ៣ ពួកគេកំពុងច្រៀងចម្រៀងដែលហាក់ដូចជាចម្រៀងថ្មី។+ ពួកគេច្រៀងនៅមុខបល្ល័ង្ក នៅមុខចេរូប៊ីនទាំងបួន+ និងនៅមុខពួកអ្នកចាស់ទុំ+ ហើយគ្មានអ្នកណាអាចច្រៀងចម្រៀងនោះបានស្ទាត់ឡើយ ក្រៅពី១៤៤.០០០នាក់+ដែលបានត្រូវទិញពីផែនដី។ ៤ អ្នកទាំងនោះជាអ្នកដែលបានរក្សាខ្លួនឲ្យស្អាតបរិសុទ្ធ ដោយមិនរួមដំណេកជាមួយនឹងស្ត្រីឡើយ។ តាមពិត ពួកគេគឺដូចក្រមុំបរិសុទ្ធ។+ ពួកគេដើរតាមកូនចៀមជាប់ជានិច្ច ទោះជាលោកទៅកន្លែងណាក៏ដោយ។+ ពួកគេបានត្រូវទិញ+ពីចំណោមមនុស្សជាតិ ទុកជាផលដំបូង+ជូនព្រះនិងកូនចៀម។ ៥ គ្មានពាក្យភូតភរណានៅក្នុងមាត់ពួកគេឡើយ ពួកគេឥតខ្ចោះ។+
៦ បន្ទាប់មក ខ្ញុំឃើញទេវតាមួយទៀតដែលកំពុងហោះនៅកណ្ដាលមេឃ ហើយគាត់មានដំណឹងល្អដែលស្ថិតស្ថេរ ជាដំណឹងសម្រាប់ប្រកាសប្រាប់ដល់អស់អ្នកដែលអាស្រ័យនៅផែនដី ដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ។+ ៧ គាត់បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក ពីព្រោះគ្រាដែលលោកនឹងវិនិច្ឆ័យបានមកដល់ហើយ។+ ដូច្នេះ ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃ ផែនដី សមុទ្រ+ និងប្រភពទឹកទាំងឡាយ»។
៨ ទេវតាមួយទៀត គឺទេវតាទី២ បានមកតាមក្រោយ ហើយពោលថា៖ «ក្រុងនោះបានរលំហើយ! បាប៊ីឡូនដ៏ខ្លាំងក្លា+បានរលំហើយ!+ គឺក្រុងដែលបានធ្វើឲ្យប្រជាជាតិទាំងអស់ផឹកស្រានៃកំហឹងនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់ក្រុងនោះ!»។+
៩ រួចមានទេវតាមួយទៀត គឺទេវតាទី៣ បានមកតាមក្រោយ ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ប្រសិនបើអ្នកណាគោរពប្រណិប័តន៍សត្វសាហាវ+និងរូបរបស់វា ព្រមទាំងទទួលសញ្ញានៅលើថ្ងាសឬនៅលើដៃ+ ១០ អ្នកនោះនឹងផឹកស្រាសុទ្ធនៃកំហឹងរបស់ព្រះ ដែលនឹងត្រូវចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់លោក+ ហើយអ្នកនោះនឹងទទួលទារុណកម្មដោយភ្លើងនិងស្ពាន់ធ័រ+ ក្រោមក្រសែភ្នែករបស់បណ្ដាទេវតាបរិសុទ្ធនិងកូនចៀម។ ១១ ឯផ្សែងដែលចេញពីទារុណកម្មរបស់អ្នកទាំងនោះហុយឡើងឥតឈប់+ ហើយពួកគេទទួលទារុណកម្មទាំងយប់ទាំងថ្ងៃឥតស្រាកស្រាន្ត គឺអស់អ្នកដែលគោរពប្រណិប័តន៍សត្វសាហាវនិងរូបរបស់វា និងអ្នកណាដែលទទួលសញ្ញាសម្គាល់នៃឈ្មោះរបស់វា។+ ១២ ការនោះតម្រូវឲ្យពួកអ្នកបរិសុទ្ធចេះស៊ូទ្រាំ+ គឺអស់អ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងកាន់ខ្ជាប់តាមជំនឿ+លើ*លោកយេស៊ូ»។
១៣ បន្ទាប់មក ខ្ញុំឮសំឡេងមួយបន្លឺចេញពីលើមេឃថា៖ «ចូរសរសេរដូចតទៅ៖ ចាប់ពីពេលនេះទៅ អ្នកណាដែលស្លាប់ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់*+ អ្នកនោះមានសុភមង្គលហើយ។ ឫទ្ធានុភាពបរិសុទ្ធប្រាប់ថា ចូរឲ្យពួកគេសម្រាកពីការនឿយហត់របស់ពួកគេ ពីព្រោះអ្វីៗដែលពួកគេបានធ្វើក៏ទៅជាមួយនឹងពួកគេដែរ»។
១៤ រួចមើល! ខ្ញុំឃើញពពកសមួយ ហើយនៅលើពពកនោះមានអ្នកអង្គុយដែលមើលទៅដូចជាកូនមនុស្ស+ លោកមានមកុដមាសលើក្បាល ទាំងកាន់កណ្ដៀវមុតមួយនៅដៃ។
១៥ រួចមក ទេវតាមួយទៀតបានចេញពីបន្ទប់បរិសុទ្ធនៅវិហារ ដោយបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់លោកដែលអង្គុយលើពពកថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវទៅច្រូតចុះ ពីព្រោះគ្រាដែលត្រូវច្រូតបានមកដល់ ដោយសារចម្រូតនៅផែនដីគឺទុំអស់ហើយ»។+ ១៦ លោកដែលអង្គុយលើពពកបានលូកដៃដែលកាន់កណ្ដៀវ ទៅច្រូតចម្រូតនៅផែនដីអស់ទៅ។
១៧ ទេវតាមួយទៀតក៏ចេញពីបន្ទប់បរិសុទ្ធនៅវិហារដែលនៅស្ថានសួគ៌ ទាំងកាន់កណ្ដៀវមុតមួយដែរ។
១៨ រួចទេវតាមួយទៀតបានចេញពីទីបូជា ហើយគាត់មានអំណាចលើភ្លើង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់អ្នកដែលកាន់កណ្ដៀវមុតនោះថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវមុតនោះ ទៅច្រូតចង្កោមទំពាំងបាយជូរពីវល្លិទំពាំងបាយជូរនៅផែនដីចុះ ពីព្រោះទំពាំងបាយជូរទាំងនោះទុំហើយ»។+ ១៩ ដូច្នេះ ទេវតានោះក៏លូកដៃដែលកាន់កណ្ដៀវទៅផែនដី ហើយច្រូតប្រមូលទំពាំងបាយជូរនៅផែនដី រួចបោះទៅក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ដែលជាតំណាងកំហឹងរបស់ព្រះ។+ ២០ ទំពាំងបាយជូរទាំងនោះបានត្រូវជាន់នៅខាងក្រៅក្រុង ហើយឈាមបានចេញពីអាងនោះឡើងខ្ពស់ដល់បង្ហៀរសេះ ចម្ងាយ១.៦០០ស្ដាដ។*