ដើមកំណើត
១៥ ក្រោយមក ព្រះយេហូវ៉ាបានលេចមកជួបអាប់រ៉ាមក្នុងគំនិត ហើយមានប្រសាសន៍ទៅកាន់គាត់ថា៖ «អាប់រ៉ាមអើយ! ចូរកុំខ្លាចឡើយ+ ព្រោះខ្ញុំជាខែលការពារអ្នក។+ អ្នកនឹងទទួលរង្វាន់ដ៏ធំ»។+ ២ អាប់រ៉ាមបានឆ្លើយតបថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតអើយ! តើលោកនឹងឲ្យអ្វីមកខ្ញុំទៅ បើខ្ញុំនៅតែគ្មានកូនដើម្បីស្នងមត៌កផងនោះ? គឺមានតែអេលាស៊ើរដែលជាអ្នកក្រុងដាម៉ាស់ប៉ុណ្ណោះដែលនឹងស្នងមត៌កពីខ្ញុំ»។+ ៣ អាប់រ៉ាមបានបន្ថែមថា៖ «លោកមិនបានឲ្យខ្ញុំមានកូនទេ។+ មើល! អ្នកបម្រើខ្ញុំនឹងស្នងមត៌កខ្ញុំហើយ»។ ៤ ប៉ុន្តែ ព្រះយេហូវ៉ាបានមានប្រសាសន៍តបទៅគាត់វិញថា៖ «បុរសនេះនឹងមិនស្នងមត៌កពីអ្នកទេ តែគឺជាកូនបង្កើតរបស់អ្នកដែលនឹងស្នងមត៌កពីអ្នកវិញ»។+
៥ ព្រះបាននាំអាប់រ៉ាមចេញទៅខាងក្រៅ ហើយមានប្រសាសន៍ថា៖ «សូមងើយមើលទៅលើមេឃ ហើយរាប់ផ្កាយទាំងនោះទៅ តើអ្នកអាចរាប់បានទេ?»។ រួចលោកបានបន្ថែមថា៖ «អ្នកនឹងមានកូនចៅ*ច្រើនដូច្នេះដែរ»។+ ៦ អាប់រ៉ាមបានជឿអ្វីដែលព្រះយេហូវ៉ាប្រាប់គាត់។+ ហេតុនេះហើយបានជាលោកចាត់ទុកគាត់ជាមនុស្សសុចរិត។+ ៧ ព្រះបន្ថែមទៀតថា៖ «ខ្ញុំជាព្រះយេហូវ៉ា ខ្ញុំបាននាំអ្នកចេញពីក្រុងអឺជាក្រុងរបស់ពួកខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នកជាមត៌ក»។+ ៨ អាប់រ៉ាមបានឆ្លើយតបថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតអើយ! តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចថាខ្ញុំនឹងទទួលមត៌កនេះ?»។ ៩ ព្រះបានតបឆ្លើយទៅគាត់ថា៖ «ចូរយកគោញីអាយុបីឆ្នាំ ពពែញីអាយុបីឆ្នាំ និងចៀមឈ្មោលអាយុបីឆ្នាំ ព្រមទាំងព្រាបនិងលលកជំទើរមកឲ្យខ្ញុំ»។ ១០ ដូច្នេះ អាប់រ៉ាមបានយកសត្វទាំងនោះមកកាត់ជាពីរ ហើយដាក់ប្រឈមគ្នា តែគាត់មិនបានកាត់សត្វស្លាបទេ។ ១១ បន្ទាប់មក សត្វស្លាបបានចុះមកស៊ីសាច់សត្វទាំងនោះ តែអាប់រ៉ាមចេះតែដេញពួកវាចេញ។
១២ លុះថ្ងៃរៀបលិច អាប់រ៉ាមក៏លង់លក់ទៅ ហើយគាត់ឃើញភាពងងឹតយ៉ាងក្រាស់ដែលគួរឲ្យភ័យខ្លាច មកគ្របដណ្ដប់លើគាត់។ ១៣ បន្ទាប់មក ព្រះបានមានប្រសាសន៍ទៅកាន់អាប់រ៉ាមថា៖ «សូមអ្នកដឹងជាមុនថា កូនចៅ*របស់អ្នកនឹងក្លាយទៅជាជនបរទេសនៅស្រុកមួយដែលមិនមែនជាស្រុករបស់ខ្លួន ហើយពួកអ្នកស្រុកនោះនឹងយកពួកគេធ្វើជាខ្ញុំបម្រើ ថែមទាំងធ្វើទុក្ខពួកគេអស់រយៈពេល៤០០ឆ្នាំ។+ ១៤ ប៉ុន្តែ ខ្ញុំនឹងវិនិច្ឆ័យប្រជាជាតិដែលនឹងយកពួកគេធ្វើជាខ្ញុំបម្រើ+ ហើយក្រោយមកកូនចៅ*អ្នកនឹងចាកចេញពីស្រុកនោះទាំងមានទ្រព្យសម្បត្តិជាច្រើន។+ ១៥ ឯអ្នកវិញ អ្នកនឹងមានអាយុវែង ស្កប់ស្កល់នឹងជីវិត ហើយស្លាប់ទៅដោយសុខសាន្ត រួចគេនឹងបញ្ចុះសពអ្នក។+ ១៦ ប៉ុន្តែ ដល់ជំនាន់ទី៤ ទើបកូនចៅ*អ្នកត្រឡប់មកទីនេះវិញ+ ព្រោះអំពើខុសឆ្គងរបស់ជនជាតិអាម៉ូរីមិនទាន់ខ្លាំងដល់កម្រិតនៅឡើយទេ»។+
១៧ លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត ហើយស្រាប់តែឃើញមានគុកភ្លើងហុយផ្សែងឡើង និងមានភ្លើងចន្លុះឆ្លងកាត់កណ្ដាលដុំសាច់សត្វដែលពុះជាពីរនោះ។ ១៨ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប់រ៉ាម+ ដោយមានប្រសាសន៍ថា៖ «ខ្ញុំនឹងឲ្យទឹកដីនេះដល់កូនចៅ*អ្នក+ គឺចាប់ពីទន្លេស្រុកអេហ្ស៊ីប រហូតដល់ទន្លេធំដែលជាទន្លេអឺប្រាត។+ ១៩ គឺជាទឹកដីរបស់ជនជាតិកែន+ ជនជាតិគេនិស៊ីត ជនជាតិកាតម៉ូនី ២០ ជនជាតិហេត+ ជនជាតិពេរិស៊ីត+ ជនជាតិរេផែម+ ២១ ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិកឺកាស៊ី និងជនជាតិយេប៊ូស»។+