សកម្មភាពរបស់ពួកសាវ័ក
២៧ ពេលគេបានសម្រេចឲ្យយើងឡើងសំពៅទៅស្រុកអ៊ីតាលី+ នោះគេប្រគល់ប៉ូលនិងអ្នកទោសមួយចំនួនទៀតទៅឲ្យនាយទាហានម្នាក់ឈ្មោះយូលាស ពីកងទាហានអូគូស។ ២ យើងឡើងសំពៅមួយពីក្រុងអាដ្រាមីទីម ដែលហៀបនឹងចេញដំណើរទៅកន្លែងផ្សេងៗតាមឆ្នេរខេត្តអាស៊ី។* បន្ទាប់មកពីយើងឡើងរួច សំពៅក៏ចេញដំណើរទៅ។ អារីស្ដាក+ជាអ្នកក្រុងថែស្សាឡូនិចពីស្រុកម៉ាសេដូន ក៏នៅជាមួយនឹងយើងដែរ។ ៣ លុះស្អែកឡើង យើងបានចតសំពៅនៅក្រុងស៊ីដូន ហើយយូលាសបានប្រព្រឹត្តដោយសប្បុរសចំពោះប៉ូល ក៏អនុញ្ញាតឲ្យប៉ូលទៅជួបមិត្តសម្លាញ់របស់គាត់ ដើម្បីឲ្យគាត់ទទួលការទំនុកបម្រុងពីពួកគេ។
៤ រួចយើងក៏ចេញសំពៅពីកន្លែងនោះ សសៀរតាមបណ្ដោយកោះគីប្រុសដើម្បីបាំងខ្យល់ ព្រោះយើងកំពុងធ្វើដំណើរបញ្ច្រាសខ្យល់។ ៥ រួចយើងបើកសំពៅឆ្លងលំហសមុទ្រក្បែរខេត្តស៊ីលីស៊ីនិងខេត្តប៉ាមភីលៀ រួចបានចតនៅក្រុងមីរ៉ា នាតំបន់លីស៊ី។ ៦ នៅទីនោះ នាយទាហានយូលាសរកឃើញសំពៅមួយដែលមកពីក្រុងអាឡិចសង់ទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី ដូច្នេះគាត់ឲ្យយើងឡើងសំពៅនោះ។ ៧ បន្ទាប់មក យើងធ្វើដំណើរយឺតៗអស់ជាច្រើនថ្ងៃ ក៏មកដល់ក្រុងគ្នីដូសទាំងលំបាក។ ប៉ុន្តែ ដោយសារខ្យល់មិនអំណោយផល នោះយើងបើកសំពៅសសៀរតាមបណ្ដោយកោះក្រេត ដោយកាត់ជ្រោយសាល់ម៉ូណេ។ ៨ យើងក៏ធ្វើដំណើរសសៀរទៅទាំងលំបាក រហូតទៅដល់កន្លែងមួយហៅថាកំពង់ផែល្អ ដែលនៅជិតក្រុងឡាសេ។
៩ យើងបានខាតពេលអស់ជាច្រើនថ្ងៃ ហើយបើយើងបន្តដំណើរទៅមុខទៀត យើងអាចមានគ្រោះថ្នាក់ ពីព្រោះថ្ងៃតមអាហារនិងជម្រះការខុសឆ្គង*+បានកន្លងផុតទៅហើយ។ ដូច្នេះ ប៉ូលជូនយោបល់ ១០ ដល់ពួកគេថា៖ «អ្នករាល់គ្នាអើយ ខ្ញុំយល់ថា បើបន្តដំណើរទៅមុខទៀត យើងនឹងរងការខូចខាតនិងការបាត់បង់យ៉ាងសម្បើម មិនត្រឹមតែទំនិញនិងសំពៅប៉ុណ្ណោះទេ តែទាំងជីវិតរបស់យើងផង»។ ១១ ក៏ប៉ុន្តែ នាយទាហាននោះបានស្ដាប់អ្នកបើកសំពៅនិងម្ចាស់សំពៅ ជាជាងស្ដាប់អ្វីដែលប៉ូលបាននិយាយ។ ១២ ដោយសារកំពង់ផែនោះគឺមិនមែនជាកន្លែងស្រួលស្នាក់នៅក្នុងរដូវត្រជាក់ នោះអ្នកដំណើរភាគច្រើនបានជូនយោបល់ឲ្យចេញដំណើរពីកន្លែងនោះ ហើយទៅកំពង់ផែភេនីចប្រសិនបើអាចធ្វើទៅបាន ដើម្បីស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ ភេនីចជាកំពង់ផែមួយនៅកោះក្រេតដែលបែរទៅរកទិសខាងជើងឆៀងខាងកើត និងទិសខាងត្បូងឆៀងខាងកើត។
១៣ ពេលដែលខ្យល់បក់មកតិចៗ ពួកគេគិតស្មានថាច្បាស់ជានឹងទៅដល់កំពង់ផែភេនីចដូចបំណងហើយ។ ដូច្នេះ ពួកគេក៏ទាញយុថ្កាឡើង រួចចាប់ផ្ដើមបើកសំពៅសសៀរតាមឆ្នេរកោះក្រេត។ ១៤ ក៏ប៉ុន្តែ មិនយូរក្រោយមក ខ្យល់ព្យុះហៅថាយូរ៉ូអាគីឡូ*បានបក់បោកមក។ ១៥ ខ្យល់នោះបក់យ៉ាងខ្លាំងនាំយកសំពៅទៅ ហើយដោយសារសំពៅមិនអាចទៅបញ្ច្រាសខ្យល់បាន ដូច្នេះយើងក៏បណ្ដោយទៅតាមខ្យល់វិញ។ ១៦ ក្រោយមក យើងបើកសំពៅសសៀរតាមកោះតូចមួយហៅថាខូដា ដើម្បីបាំងខ្យល់។ ទោះជាយ៉ាងនោះក៏ដោយ យើងទាញទូកតូច*ដែលចងនៅកន្ទុយសំពៅមកសឹងតែមិនបានផង។ ១៧ ប៉ុន្តែ ក្រោយពីបានទាញទូកតូចនោះឡើងលើសំពៅហើយ ពួកគេក៏ចងក្រៀកសំពៅ រួចស្រាយខ្សែបង្រួមក្ដោង ហើយឲ្យខ្យល់រុញទៅ ដោយសារខ្លាចកឿងនៅលើផ្នូកខ្សាច់សៀទីស។* ១៨ ស្អែកឡើង ពួកគេចាប់ផ្ដើមទម្លាក់ទំនិញចោលដើម្បីធ្វើឲ្យសំពៅស្រាល ព្រោះខ្យល់ព្យុះកំពុងធ្វើឲ្យសំពៅយោគចុះយោគឡើងយ៉ាងខ្លាំង។ ១៩ នៅថ្ងៃទី៣ ពួកគេបោះខ្សែក្ដោងចេញ។
២០ លុះមិនឃើញពន្លឺថ្ងៃឬផ្កាយអស់ជាច្រើនថ្ងៃ ហើយខ្យល់ព្យុះកំពុងបក់បោកមកលើយើងយ៉ាងខ្លាំងផង នោះយើងគិតថាយើងគ្មានសង្ឃឹមនឹងបានទទួលសេចក្ដីសង្គ្រោះទេ។ ២១ ក្រោយពីពួកគេខានបរិភោគអាហារអស់ជាច្រើនថ្ងៃ នោះប៉ូលក្រោកឈរឡើងនៅកណ្ដាលពួកគេ ហើយនិយាយថា៖ «អ្នករាល់គ្នាអើយ ប្រសិនបើអ្នករាល់គ្នាបានធ្វើតាមយោបល់ខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេត អ្នករាល់គ្នាច្បាស់ជាមិនរងការខូចខាតនិងការបាត់បង់ដូច្នេះទេ។+ ២២ ប៉ុន្តែ ឥឡូវខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កុំភ័យខ្លាចឡើយ គ្មានអ្នករាល់គ្នាណាម្នាក់នឹងបាត់បង់ជីវិតទេ មានតែសំពៅប៉ុណ្ណោះដែលនឹងត្រូវបាត់បង់។ ២៣ ព្រោះយប់មិញ ព្រះដែលខ្ញុំគោរពប្រណិប័តន៍និងបំពេញកិច្ចបម្រើពិសិដ្ឋជូន បានចាត់ទេវតាមួយរូប+ឲ្យមកឈរនៅជិតខ្ញុំ។ ២៤ ទេវតានោះនិយាយមកខ្ញុំថា៖ ‹ប៉ូលអើយ កុំខ្លាចឡើយ។ អ្នកត្រូវឈរនៅមុខសេសារ*+ ហើយមើល! ព្រះក៏នឹងសង្គ្រោះអស់អ្នកដែលកំពុងរួមដំណើរជាមួយនឹងអ្នកដែរ›។ ២៥ ដូច្នេះ កុំភ័យខ្លាចឡើយ ព្រោះខ្ញុំជឿថាព្រះនឹងសម្រេចដូចអ្វីដែលទេវតានោះបានប្រាប់ខ្ញុំ។ ២៦ ក៏ប៉ុន្តែ យើងនឹងលិចសំពៅនៅជិតកោះមួយ»។+
២៧ នៅយប់ទី១៤ យើងកំពុងត្រូវយោគចុះយោគឡើងលើសមុទ្រអេឌ្រា។ លុះកណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅចាប់ផ្ដើមសង្ស័យថាពួកគេជិតដល់ដីគោកហើយ។ ២៨ ពួកគេបានស្ទង់ជម្រៅទឹកឃើញថាមានជម្រៅប្រហែល៣៦ម៉ែត្រ។* ដូច្នេះពួកគេទៅមុខបន្តិច ហើយស្ទង់ម្ដងទៀតឃើញថាមានជម្រៅប្រហែល២៧ម៉ែត្រ។* ២៩ ដោយសារពួកគេខ្លាចថាសំពៅនឹងកឿងលើថ្ម នោះពួកគេក៏ទម្លាក់យុថ្កាបួនពីកន្ទុយសំពៅ ហើយទន្ទឹងរង់ចាំឲ្យឆាប់ភ្លឺ។ ៣០ ប៉ុន្តែ ពេលដែលពួកអ្នកដើរសំពៅចាប់ផ្ដើមរកវិធីរត់ចេញពីសំពៅ ហើយកំពុងទម្លាក់ទូកតូចទៅក្នុងទឹក ដោយធ្វើហាក់ដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ ៣១ នោះប៉ូលនិយាយទៅនាយទាហាននិងទាហានឯទៀតថា៖ «អ្នករាល់គ្នានឹងមិនបានសង្គ្រោះទេ បើបុរសទាំងនេះមិននៅក្នុងសំពៅ»។+ ៣២ ឮដូច្នេះ ពួកទាហានក៏កាត់ខ្សែទូកតូចនោះ ហើយឲ្យធ្លាក់ទៅ។
៣៣ លុះជិតភ្លឺហើយ ប៉ូលបានលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយនិយាយថា៖ «ថ្ងៃនេះជាថ្ងៃទី១៤ហើយ ដែលអ្នករាល់គ្នាបានរង់ចាំយ៉ាងអន្ទះសា ហើយមិនបានបរិភោគអ្វីសោះ។ ៣៤ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យបរិភោគអាហារ ដើម្បីសុខភាពរបស់អ្នករាល់គ្នា ព្រោះសូម្បីតែសក់អ្នករាល់គ្នាមួយសរសៃនឹងមិនវិនាសបាត់ទៅឡើយ»។ ៣៥ លុះនិយាយចប់ គាត់យកនំប៉័ងមក អរគុណព្រះនៅមុខពួកគេទាំងអស់គ្នា រួចកាច់នំប៉័ងនោះ ហើយចាប់ផ្ដើមបរិភោគ។ ៣៦ ដូច្នេះ ពួកគេទាំងអស់គ្នាក៏លែងភ័យខ្លាចទៀត ហើយយកអាហារមកបរិភោគដែរ។ ៣៧ សរុបទៅយើងមានគ្នា២៧៦នាក់ក្នុងសំពៅ។ ៣៨ លុះបរិភោគឆ្អែតហើយ ពួកគេក៏បោះស្រូវសាលីចោលក្នុងសមុទ្រដើម្បីធ្វើឲ្យសំពៅស្រាលជាង។+
៣៩ លុះភ្លឺហើយ ពួកគេឃើញដីគោកតែមិនស្គាល់កន្លែងនោះទេ។+ ក៏ប៉ុន្តែ ពួកគេឃើញឆកសមុទ្រមួយដែលមានឆ្នេរ ហើយពួកគេតាំងចិត្តបើកសំពៅទៅកឿងលើឆ្នេរនោះ ប្រសិនបើអាចធ្វើទៅបាន។ ៤០ ដូច្នេះ ពួកគេកាត់ខ្សែឲ្យយុថ្កាធ្លាក់ចូលសមុទ្រ ហើយនៅដំណាលគ្នាក៏ស្រាយខ្សែចង្កូត រួចលើកក្ដោងមុខឡើងឲ្យចំខ្យល់ ហើយបើកសំពៅឆ្ពោះទៅឆ្នេរនោះ។ ៤១ កាលដែលសំពៅប៉ះលើផ្នូកខ្សាច់មួយនៅចន្លោះខ្សែទឹកពីរ សំពៅក៏កឿងទៅ ហើយក្បាលសំពៅបានជាប់នឹងថ្កល់ តែរលកសមុទ្រចាប់ផ្ដើមវាយផ្ទប់កន្ទុយសំពៅយ៉ាងខ្លាំង ធ្វើឲ្យបែកបាក់ខ្ទេចខ្ទីអស់។+ ៤២ ឃើញដូច្នេះ ពួកទាហានតាំងចិត្តសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យពួកគេហែលគេចខ្លួន។ ៤៣ ប៉ុន្តែ នាយទាហានចង់សង្គ្រោះប៉ូល។ ម្ល៉ោះហើយ គាត់ឃាត់ពួកទាហានកុំឲ្យធ្វើដូច្នោះ។ រួចគាត់បង្គាប់អស់អ្នកដែលចេះហែលទឹក ឲ្យលោតចុះក្នុងទឹក ហើយហែលទៅគោកមុន។ ៤៤ រួចគាត់បង្គាប់អ្នកដែលនៅសល់ទាំងប៉ុន្មានឲ្យលោតចុះក្នុងទឹកដែរ ដោយមានអ្នកខ្លះតោងបន្ទះក្ដារ ហើយអ្នកខ្លះទៀតតោងបំណែកសំពៅហែលទៅ។ ដូច្នេះនៅទីបំផុត ពួកគេទាំងអស់គ្នាបានទៅដល់គោកដោយសុវត្ថិភាព។+