ដំណើរចាកចេញ
៣៤ បន្ទាប់មក ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំងឲ្យដូចបន្ទះថ្មពីមុន+ រួចខ្ញុំនឹងចារអក្សរនៅលើបន្ទះថ្មថ្មីនោះ+ ព្រោះបន្ទះថ្មពីមុនអ្នកបានបំបែកចោលហើយ។+ ២ ចូរត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ព្រឹកស្អែក។ លុះព្រឹកឡើង ចូរឡើងមកជួបខ្ញុំនៅលើកំពូលភ្នំស៊ីណាយ។+ ៣ ប៉ុន្តែ អ្នកមិនត្រូវនាំអ្នកណាឡើងមកជាមួយទេ ហើយមិនត្រូវឲ្យមានអ្នកណាម្នាក់នៅលើភ្នំនេះឡើយ។ សូម្បីតែហ្វូងចៀម ហ្វូងពពែ ឬហ្វូងគោ ក៏មិនត្រូវឲ្យស៊ីស្មៅនៅក្បែរភ្នំនេះដែរ»។+
៤ ស្ដាប់រួច ម៉ូសេបានដាប់បន្ទះថ្មពីរផ្ទាំងដូចបន្ទះថ្មពីមុន។ លុះព្រឹកឡើង គាត់បានក្រោកពីព្រលឹម ហើយកាន់បន្ទះថ្មថ្មីនោះឡើងទៅលើភ្នំស៊ីណាយ តាមបង្គាប់ព្រះយេហូវ៉ា។ ៥ ពេលទៅដល់ ព្រះយេហូវ៉ាបានចុះមក+ក្នុងពពក ហើយជួបនឹងម៉ូសេ រួចបានប្រកាសអំពីនាមព្រះយេហូវ៉ា។+ ៦ ពេលនោះ ព្រះយេហូវ៉ាបានឆ្លងកាត់ខាងមុខម៉ូសេ រួចប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះនៃសេចក្ដីមេត្តាករុណា+និងសេចក្ដីអាណិតអាសូរ។*+ លោកយឺតនឹងខឹង+ ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+និងសេចក្ដីពិត*ជាបរិបូរ។+ ៧ លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សរាប់ពាន់ជំនាន់។+ លោកថែមទាំងអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់ពួកគេទៀតផង។+ ប៉ុន្តែ លោកនឹងមិនលើកលែងទោសឲ្យមនុស្សអាក្រក់ដែលសមនឹងទទួលទោសឡើយ។+ លោកនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសរបស់ពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង»។+
៨ ឮដូច្នេះ ម៉ូសេក៏ប្រញាប់ក្រាបខ្លួនដល់ដីគោរពព្រះ។ ៩ រួចគាត់និយាយថា៖ «ឱព្រះយេហូវ៉ាអើយ! បើលោកពេញចិត្តនឹងខ្ញុំមែន សូមព្រះយេហូវ៉ាអញ្ជើញទៅជាមួយនឹងយើងខ្ញុំផង+ ទោះជាយើងខ្ញុំជាមនុស្សមានចិត្តរឹងរូសក៏ដោយ។+ សូមលោកអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់យើងខ្ញុំ+ ហើយយកយើងខ្ញុំធ្វើជារាស្ត្ររបស់លោកផង»។ ១០ ព្រះបានតបទៅវិញថា៖ «ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា ហើយខ្ញុំនឹងធ្វើការអស្ចារ្យនៅចំពោះមុខអ្នករាល់គ្នា ជាការដែលមិនធ្លាប់កើតឡើងនៅផែនដី និងជាការដែលប្រជាជាតិនានាមិនធ្លាប់ឃើញពីមុនមកទេ។+ ប្រជាជាតិដែលរស់នៅជុំវិញអ្នករាល់គ្នានឹងឃើញការអស្ចារ្យរបស់ព្រះយេហូវ៉ា ព្រោះនោះជាការអស្ចារ្យដែលខ្ញុំនឹងធ្វើដើម្បីអ្នករាល់គ្នា។+
១១ «ខ្ញុំនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីអ្នករាល់គ្នា។+ ឯអ្នករាល់គ្នាវិញ ចូរយកចិត្តទុកដាក់ធ្វើតាមបង្គាប់ដែលខ្ញុំឲ្យអ្នកនៅថ្ងៃនេះ។+ ១២ ចូរប្រយ័ត្នកុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកនៅក្នុងស្រុកដែលអ្នករាល់គ្នានឹងទៅរស់នៅនោះឡើយ+ ខ្លាចក្រែងជាប់អន្ទាក់គេ។+ ១៣ ប៉ុន្តែ អ្នករាល់គ្នាត្រូវរំលំទីបូជារបស់ពួកគេ ហើយបំបាក់បំបែកបង្គោលថ្មពិសិដ្ឋ និងកាប់បំផ្លាញបង្គោលឈើពិសិដ្ឋ*របស់ពួកគេដែរ។+ ១៤ អ្នករាល់គ្នាមិនត្រូវក្រាបគោរពព្រះណាទៀតឡើយ+ ព្រោះព្រះយេហូវ៉ាតម្រូវឲ្យគោរពប្រណិប័តន៍លោកតែមួយប៉ុណ្ណោះ។* អ្នកណាក៏ដឹងដែរថាលោកជាព្រះដែលតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ១៥ ចូរប្រយ័ត្នកុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកនៅក្នុងស្រុកនោះឡើយ ពីព្រោះពេលពួកគេប្រព្រឹត្តខុសឆ្គង*ដោយគោរពបូជាដល់ព្រះរបស់ពួកគេ+ នោះពួកគេនឹងអញ្ជើញអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបរិភោគគ្រឿងបូជាដែលពួកគេបានជូនដល់ព្រះទាំងនោះ។+ ១៦ រួចមក អ្នករាល់គ្នាច្បាស់ជាឲ្យកូនប្រុសរបស់ខ្លួនរៀបការនឹងកូនស្រីរបស់ពួកគេ+ ហើយពេលកូនស្រីទាំងនោះប្រព្រឹត្តខុសឆ្គង*ដោយគោរពបូជាដល់ព្រះរបស់ពួកគេ កូនស្រីទាំងនោះមុខជានាំកូនប្រុសៗរបស់អ្នករាល់គ្នាទៅគោរពបូជាដល់ព្រះទាំងនោះដែរ។+
១៧ «អ្នករាល់គ្នាមិនត្រូវយកលោហៈមកសិតធ្វើជារូបព្រះឡើយ។+
១៨ «អ្នករាល់គ្នាត្រូវធ្វើបុណ្យនំប៉័ងឥតដំបែ។+ នៅពេលនោះ អ្នកត្រូវបរិភោគនំប៉័ងឥតដំបែក្នុងរយៈពេល៧ថ្ងៃ ដូចខ្ញុំបានបង្គាប់និងកំណត់ទុកពីមុន គឺក្នុងខែអាប៊ីប*+ ជាខែដែលអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីប។
១៩ «កូនប្រុសច្បងទាំងអស់ជារបស់ខ្ញុំ+ រួមទាំងកូនសត្វឈ្មោលដំបូងក៏ជារបស់ខ្ញុំដែរ ទោះជាគោឬចៀមក្ដី។+ ២០ ចំណែកកូនដំបូងរបស់សត្វលាវិញ អ្នករាល់គ្នាត្រូវលោះដោយសត្វចៀមមួយក្បាល។ ប៉ុន្តែ បើអ្នករាល់គ្នាមិនលោះទេ អ្នករាល់គ្នាត្រូវបំបាក់កសត្វលានោះទៅ។ អ្នករាល់គ្នាត្រូវលោះកូនប្រុសច្បងទាំងអស់។+ អ្នករាល់គ្នាមិនត្រូវមកឯខ្ញុំដោយដៃទទេឡើយ។
២១ «អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែនៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវផ្អាកពីការងារ។*+ ទោះជារដូវភ្ជួររាស់ឬរដូវច្រូតកាត់ក៏ដោយ ក៏ត្រូវសម្រាកនៅថ្ងៃទី៧ដែរ។
២២ «អ្នករាល់គ្នាត្រូវធ្វើបុណ្យអាទិត្យទី៧ ពេលដែលប្រមូលផលដំបូងពីស្រូវសាលី ហើយក៏ត្រូវធ្វើបុណ្យប្រមូលផល*នៅចុងឆ្នាំដែរ។+
២៣ «មួយឆ្នាំបីដង ពួកបុរសទាំងអស់ត្រូវទៅបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត ជាព្រះនៃជនជាតិអ៊ីស្រាអែល។+ ២៤ កាលដែលអ្នករាល់គ្នាធ្វើដំណើរបីដងក្នុងមួយឆ្នាំ ដើម្បីឡើងទៅជួបព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នោះទឹកដីរបស់អ្នករាល់គ្នានឹងគ្មានអ្នកណាដណ្ដើមយកទេ។ ព្រោះខ្ញុំនឹងបណ្ដេញប្រជាជាតិនានាចេញពីអ្នករាល់គ្នា+ ហើយខ្ញុំនឹងពង្រីកទឹកដីរបស់អ្នករាល់គ្នាឲ្យធំទូលាយ។
២៥ «អ្នករាល់គ្នាមិនត្រូវជូនខ្ញុំនូវអ្វីដែលមានដំបែជាមួយនឹងឈាមនៃគ្រឿងបូជាទេ។+ ឯគ្រឿងបូជាដែលអ្នករាល់គ្នាជូនដល់ខ្ញុំនៅថ្ងៃបុណ្យរំលង មិនត្រូវទុកដល់ព្រឹកស្អែកឡើយ។+
២៦ «អ្នករាល់គ្នាត្រូវយកភោគផលដំបូងដ៏ល្អបំផុតពីស្រែចម្ការ មកជូនព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានៅឯដំណាក់របស់លោក។+
«អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។+
២៧ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៅម៉ូសេថា៖ «អ្នកត្រូវកត់ទុកពាក្យទាំងនេះ+ ព្រោះខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នកនិងបណ្ដាជនអ៊ីស្រាអែល ស្របទៅតាមពាក្យទាំងនេះ»។+ ២៨ ម៉ូសេបាននៅជាមួយនឹងព្រះយេហូវ៉ាអស់រយៈពេល៤០ថ្ងៃ៤០យប់។ គាត់មិនបានពិសាអាហារពិសាទឹកទេ។+ ពេលនោះ លោក*បានចារបញ្ញត្ដិ១០ប្រការនៅលើបន្ទះថ្មទាំងពីរនោះ។+
២៩ បន្ទាប់មក ម៉ូសេបានចុះពីលើភ្នំស៊ីណាយដោយកាន់បន្ទះថ្មទាំងពីរនៃសេចក្ដីរំលឹកមកជាមួយដែរ។+ ពេលគាត់ចុះពីភ្នំ គាត់មិនដឹងថាផ្ទៃមុខគាត់ភ្លឺចិញ្ចាចនោះទេ។ មុខគាត់មានពន្លឺដូច្នោះ ដោយសារគាត់បាននិយាយជាមួយនឹងព្រះ។ ៣០ ពេលអេរ៉ុននិងបណ្ដាជនអ៊ីស្រាអែលទាំងអស់ឃើញម៉ូសេពីចម្ងាយ ពួកគេឃើញផ្ទៃមុខរបស់គាត់ជះពន្លឺភ្លឺចិញ្ចាច ហើយពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។+
៣១ ប៉ុន្តែ ម៉ូសេបានហៅពួកគេ ដូច្នេះអេរ៉ុននិងពួកបុរសដែលជាមេលើពួកជំនុំ បានចូលមកជិតគាត់។ រួចម៉ូសេនិយាយជាមួយនឹងពួកគេ។ ៣២ ក្រោយនោះ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានចូលមកជិតគាត់ រួចគាត់បានប្រាប់ពួកគេនូវបង្គាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានឲ្យគាត់នៅលើភ្នំស៊ីណាយ។+ ៣៣ ពេលណាម៉ូសេនិយាយជាមួយនឹងបណ្ដាជនរួច គាត់យកស្បៃមកគ្របមុខ។+ ៣៤ ប៉ុន្តែ ពេលណាម៉ូសេចូលទៅនិយាយជាមួយនឹងព្រះយេហូវ៉ា គាត់ដកស្បៃចេញ រហូតដល់គាត់ចេញទៅទើបគាត់បាំងមុខវិញ។+ បន្ទាប់មក គាត់ទៅជួបបណ្ដាជនអ៊ីស្រាអែលដើម្បីប្រាប់បង្គាប់ដែលគាត់បានទទួលពីព្រះ។+ ៣៥ បណ្ដាជនអ៊ីស្រាអែលបានឃើញមុខរបស់ម៉ូសេភ្លឺចិញ្ចាច។ ដូច្នេះ ម៉ូសេយកស្បៃមកបាំងមុខ រហូតដល់គាត់ចូលទៅនិយាយជាមួយនឹងព្រះ។+