សៀវភៅសាំយូអែលទី១
១៦ នៅទីបំផុត ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែលថា៖ «ខ្ញុំលែងទទួលស្គាល់សុលជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលទៀតហើយ។+ ដូច្នេះ តើអ្នកនៅពិបាកចិត្តដោយសារគាត់ដល់កាលណាទៀត?+ ចូរចាក់ប្រេងឲ្យពេញស្នែង+ ហើយធ្វើដំណើរចេញទៅ។ ខ្ញុំនឹងចាត់អ្នកឲ្យទៅជួបអ៊ីសាយ+ដែលជាអ្នកក្រុងបេថ្លេហិម ព្រោះខ្ញុំបានជ្រើសរើសកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាស្ដេច»។+ ២ ប៉ុន្តែ សាំយូអែលនិយាយថា៖ «តើឲ្យខ្ញុំទៅដូចម្ដេចបាន? បើសុលដឹង គាត់នឹងសម្លាប់ខ្ញុំមិនខាន»។+ ព្រះយេហូវ៉ាឆ្លើយថា៖ «ចូរអ្នកយកគោជំទង់មួយទៅជាមួយ ហើយប្រាប់គេថា៖ ‹ខ្ញុំមកដើម្បីជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា›។ ៣ ចូរអញ្ជើញអ៊ីសាយមកកន្លែងជូនគ្រឿងបូជា រួចខ្ញុំនឹងប្រាប់នូវអ្វីដែលអ្នកត្រូវធ្វើ។ អ្នកត្រូវរើសតាំងបុរសម្នាក់ដែលខ្ញុំនឹងបញ្ជាក់ឲ្យអ្នកដឹង»។+
៤ សាំយូអែលបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា។ ពេលគាត់មកដល់ក្រុងបេថ្លេហិម+ បុរសចាស់ទុំក្នុងក្រុងនោះមកជួបគាត់ទាំងភ័យញ័រ។ ពួកគេសួរគាត់ថា៖ «តើមានរឿងអ្វី?»។ ៥ គាត់តបថា៖ «មិនមានរឿងអ្វីទេ។ ខ្ញុំមកដើម្បីជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា។ សូមអ្នករាល់គ្នាសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធ រួចមកតាមខ្ញុំទៅកន្លែងជូនគ្រឿងបូជា»។ បន្ទាប់មក សាំយូអែលបានសម្អាតអ៊ីសាយនិងកូនប្រុសៗរបស់គាត់ឲ្យស្អាតបរិសុទ្ធ ហើយសាំយូអែលប្រាប់ពួកគេឲ្យទៅកន្លែងជូនគ្រឿងបូជា។ ៦ កាលដែលពួកគេដើរចូលមក សាំយូអែលបានឃើញអេលាប+ នោះគាត់គិតក្នុងចិត្តថា៖ «ម្នាក់នេះច្បាស់ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង»។ ៧ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែលថា៖ «កុំមើលតែសម្បកក្រៅឬកម្ពស់របស់គាត់ឡើយ+ ខ្ញុំមិនបានជ្រើសរើសគាត់ទេ។ របៀបដែលមនុស្សមើល គឺខុសពីរបៀបដែលព្រះមើល ព្រោះមនុស្សមើលតែសម្បកក្រៅ ប៉ុន្តែព្រះយេហូវ៉ាមើលក្នុងចិត្តវិញ»។+ ៨ រួចអ៊ីសាយហៅអាប៊ីណាដាប+ឲ្យមកឈរនៅមុខសាំយូអែល តែគាត់និយាយថា៖ «ព្រះយេហូវ៉ាក៏មិនបានជ្រើសរើសម្នាក់នេះដែរ»។ ៩ បន្ទាប់មក អ៊ីសាយឲ្យសាម៉ា+មកឈរនៅមុខសាំយូអែល តែគាត់និយាយថា៖ «ព្រះយេហូវ៉ាក៏មិនបានជ្រើសរើសម្នាក់នេះដែរ»។ ១០ ដូច្នេះ អ៊ីសាយឲ្យកូនប្រុសទាំង៧នាក់មកឈរនៅមុខសាំយូអែល តែគាត់ប្រាប់អ៊ីសាយថា៖ «ព្រះយេហូវ៉ាមិនបានជ្រើសរើសអ្នកទាំងនេះទេ»។
១១ ចុងក្រោយ សាំយូអែលសួរអ៊ីសាយថា៖ «តើអ្នកមានកូនប្រុសតែប៉ុន្មាននាក់ហ្នឹងឬ?»។ អ៊ីសាយឆ្លើយថា៖ «កូនប្រុសពៅ+នៅខាងក្រៅមិនទាន់មកវិញទេ។ គាត់កំពុងឃ្វាលចៀម»។+ សាំយូអែលនិយាយទៅអ៊ីសាយថា៖ «សូមឲ្យគេទៅហៅគាត់មក។ យើងមិនបរិភោគឡើយ ទាល់តែគាត់មកទីនេះ»។ ១២ ដូច្នេះ អ៊ីសាយឲ្យគេទៅហៅគាត់ ហើយនាំគាត់ចូលមក។ គាត់មានសាច់ឈាមស្រស់ថ្លា កែវភ្នែកថ្លាយង់ ហើយមានរូបរាងសង្ហា។+ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «គឺម្នាក់នេះហើយ ចូរចាក់ប្រេងរើសតាំងគាត់!»។+ ១៣ ម្ល៉ោះហើយ សាំយូអែលបានយកស្នែងមកចាក់ប្រេង+លើក្បាលដាវីឌនៅចំពោះមុខបងប្រុសៗរបស់គាត់។ ចាប់ពីថ្ងៃនោះមក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាចាប់ផ្ដើមមានឥទ្ធិពលទៅលើដាវីឌ។+ ក្រោយមក សាំយូអែលធ្វើដំណើរទៅក្រុងរ៉ាម៉ាវិញ។+
១៤ ពេលនោះព្រះយេហូវ៉ាបានដកឫទ្ធានុភាពរបស់លោកចេញពីសុល+ ហើយព្រះយេហូវ៉ាទុកឲ្យគាត់ជ្រួលច្របល់ក្នុងចិត្តរហូតដល់គាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន។+ ១៥ ពួកអ្នកបម្រើរបស់សុលនិយាយទៅគាត់ថា៖ «លោកឃើញហើយថា ព្រះទុកឲ្យលោកជ្រួលច្របល់ក្នុងចិត្ត។ ១៦ ហេតុនេះ សូមលោកម្ចាស់ឲ្យយើងខ្ញុំទៅស្វែងរកបុរសម្នាក់ដែលប្រសប់ដេញពិណ។+ ពេលណាដែលព្រះទុកឲ្យលោកជ្រួលច្របល់ក្នុងចិត្ត ពេលនោះគាត់នឹងដេញពិណ ហើយលោកនឹងមានអារម្មណ៍ល្អឡើងវិញ»។ ១៧ ដូច្នេះ សុលនិយាយទៅពួកអ្នកបម្រើថា៖ «សូមទៅស្វែងរកបុរសម្នាក់ដែលពូកែដេញពិណ ហើយនាំគាត់មកជួបខ្ញុំ»។
១៨ អ្នកបម្រើម្នាក់ទៀតនិយាយថា៖ «លោកម្ចាស់ ខ្ញុំធ្លាប់ឃើញកូនកំលោះម្នាក់របស់អ៊ីសាយជាអ្នកក្រុងបេថ្លេហិម អ្នកកំលោះនោះជំនាញដេញពិណណាស់។ គាត់ជាអ្នកប្រយុទ្ធយ៉ាងអង់អាចក្លាហាន។+ គាត់ប្រសប់និយាយ មានរូបរាងសង្ហា+ ហើយព្រះយេហូវ៉ាក៏នៅជាមួយនឹងគាត់ដែរ»។+ ១៩ រួចមក សុលចាត់អ្នកនាំសារឲ្យទៅប្រាប់អ៊ីសាយថា៖ «សូមឲ្យដាវីឌជាកូនប្រុសរបស់អ្នក ដែលជាអ្នកឃ្វាលចៀមមកជួបខ្ញុំ»។+ ២០ ម្ល៉ោះហើយ អ៊ីសាយយកនំប៉័ង ស្រាមួយថង់ស្បែក និងកូនពពែមួយផ្ទុកលើសត្វលា រួចឲ្យដាវីឌយកទៅជូនសុល។ ២១ ដូច្នេះ ដាវីឌបានទៅជួបសុល ហើយចាប់ផ្ដើមបម្រើគាត់។+ សុលស្រឡាញ់ដាវីឌខ្លាំងណាស់ គាត់ឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងចម្បាំងឲ្យគាត់។ ២២ សុលចាត់អ្នកនាំសារឲ្យទៅប្រាប់អ៊ីសាយថា៖ «សូមឲ្យដាវីឌនៅបម្រើខ្ញុំតទៅទៀត ព្រោះខ្ញុំពេញចិត្តគាត់ខ្លាំងណាស់»។ ២៣ ពេលណាដែលព្រះទុកឲ្យសុលជ្រួលច្របល់ក្នុងចិត្ត ដាវីឌយកពិណមកដេញ ធ្វើឲ្យសុលធូរស្រាលនិងមានអារម្មណ៍ល្អឡើងវិញ រួចគាត់លែងជ្រួលច្របល់ក្នុងចិត្តទៀត។+