ជំរឿនបណ្ដាជន
៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថែមទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើបុរសឬស្ត្រីណាធ្វើសម្បថពិសេសចំពោះព្រះយេហូវ៉ាថាខ្លួននឹងធ្វើជាជនណាសារីត*+ ៣ គាត់ត្រូវតមស្រាទំពាំងបាយជូរនិងគ្រឿងស្រវឹងឯទៀត។ គាត់មិនត្រូវផឹកទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាទេ។+ គាត់មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ឬក្រៀមក្ដី។ ៤ ក្នុងអំឡុងពេលគាត់ជាជនណាសារីត គាត់មិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរទេ សូម្បីតែផ្លែខ្ចីឬសម្បកក៏មិនត្រូវបរិភោគដែរ។
៥ «‹នៅគ្រាដែលគាត់ជាជនណាសារីត មិនត្រូវកាត់សក់គាត់ទេ។+ គាត់ត្រូវនៅជាបរិសុទ្ធដោយទុកសក់ឲ្យវែង រហូតដល់គ្រប់ចំនួនថ្ងៃដែលគាត់បានត្រូវញែកជាបរិសុទ្ធជូនព្រះយេហូវ៉ា។ ៦ ក្នុងអំឡុងពេលញែកខ្លួនជូនព្រះយេហូវ៉ា គាត់មិនត្រូវចូលទៅជិតសាកសពឡើយ ៧ សូម្បីតែជាសាកសពឪពុកម្ដាយ ឬបងប្អូនប្រុសស្រី ក៏គាត់មិនត្រូវចូលទៅជិតដែរ។ គាត់មិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធទេ+ ព្រោះសក់វែងរបស់គាត់ជាសញ្ញាសម្គាល់ថាគាត់ជាជនណាសារីតរបស់ព្រះ។
៨ «‹ក្នុងអំឡុងពេលដែលគាត់ជាជនណាសារីត គាត់គឺបរិសុទ្ធចំពោះព្រះយេហូវ៉ា។ ៩ ប៉ុន្តែ បើចៃដន្យមាននរណាម្នាក់ស្លាប់នៅក្បែរគាត់+ នោះសក់ដែលជាតំណាងការញែកខ្លួនជូនព្រះនឹងទៅជាមិនស្អាតបរិសុទ្ធហើយ។ ដូច្នេះ គាត់ត្រូវកោរសក់+នៅថ្ងៃដែលគាត់បានជម្រះខ្លួនឲ្យស្អាតបរិសុទ្ធឡើងវិញ គឺនៅថ្ងៃទី៧។ ១០ លុះដល់ថ្ងៃទី៨ គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរទៅជូនសង្ឃនៅច្រកចូលត្រសាលជំនុំ។ ១១ សង្ឃត្រូវរៀបចំសត្វស្លាបមួយក្បាលជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងមួយក្បាលទៀតជូនជាគ្រឿងបូជាដុត រួចជម្រះភាពខុសឆ្គងឲ្យគាត់+ ដោយសារតែសាកសពនោះ។ ចាប់ពីថ្ងៃនោះទៅ គាត់ត្រូវទុកសក់លើក្បាលឲ្យនៅបរិសុទ្ធ។ ១២ គាត់ត្រូវញែកខ្លួនជាបរិសុទ្ធជូនព្រះយេហូវ៉ា ដើម្បីធ្វើជាជនណាសារីតម្ដងទៀត ហើយគាត់ត្រូវយកចៀមស្ទាវមួយក្បាលអាយុខ្ទង់មួយឆ្នាំ មកជូនជាគ្រឿងបូជាសម្រាប់អំពើរំលង។ ប៉ុន្តែ ថ្ងៃទាំងប៉ុន្មានដែលគាត់បានធ្វើជាជនណាសារីតកន្លងមក នឹងទៅជាអសារឥតការ ព្រោះគាត់បានទៅជាមិនស្អាតបរិសុទ្ធ។
១៣ «‹នេះជាច្បាប់អំពីជនណាសារីត។ ពេលបង្គ្រប់ថ្ងៃធ្វើជាជនណាសារីតហើយ+ ត្រូវនាំគាត់ទៅច្រកចូលត្រសាលជំនុំ។ ១៤ នៅទីនោះ គាត់ត្រូវប្រគល់គ្រឿងបូជារបស់គាត់ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលល្អឥតខ្ចោះមួយក្បាលអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាដុត+ កូនចៀមញីល្អឥតខ្ចោះមួយក្បាលអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ ចៀមឈ្មោលល្អឥតខ្ចោះមួយក្បាលទៀតជាគ្រឿងបូជានៃមេត្រីភាព+ ១៥ ព្រមទាំងនំកងដែលធ្វើពីម្សៅម៉ដ្ឋឥតដំបែលាយនឹងប្រេង និងនំស្រួយឥតដំបែលាបដោយប្រេងមួយកញ្ជើ និងគ្រឿងបូជាពីស្រូវ+ និងគ្រឿងបូជាជាស្រា។+ ១៦ សង្ឃត្រូវជូនអ្វីទាំងនោះនៅចំពោះព្រះយេហូវ៉ា ហើយត្រូវជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងគ្រឿងបូជាដុត។ ១៧ គាត់ត្រូវជូនចៀមឈ្មោលដល់ព្រះយេហូវ៉ាជាគ្រឿងបូជានៃមេត្រីភាព រួមជាមួយនឹងនំឥតដំបែមួយកញ្ជើ និងគ្រឿងបូជាពីស្រូវ+ ជាមួយគ្រឿងបូជាជាស្រា។
១៨ «‹បន្ទាប់មក នៅឯច្រកចូលត្រសាលជំនុំ អ្នកនោះត្រូវកោរសក់ដែលដុះវែង+ក្នុងអំឡុងពេលធ្វើជាជនណាសារីត យកទៅដុតនៅក្នុងភ្លើងដែលឆេះនៅក្រោមគ្រឿងបូជានៃមេត្រីភាព។ ១៩ ក្រោយពីកោរសក់រួច សង្ឃត្រូវយកសាច់ស្មាចៀមឈ្មោលដែលស្ងោររួច+ ព្រមទាំងនំមូលឥតដំបែមួយនិងនំស្រួយឥតដំបែមួយពីក្នុងកញ្ជើ ទៅដាក់លើដៃរបស់ជនណាសារីតនោះ។ ២០ រួចសង្ឃត្រូវលើករេចុះរេឡើង ជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។+ អ្វីបរិសុទ្ធទាំងនោះនឹងបានទៅជាចំណែករបស់សង្ឃ ព្រមទាំងសាច់ទ្រូងនៃគ្រឿងបូជាសម្រាប់លើកចុះឡើង និងសាច់ភ្លៅដែលជាចំណែកពិសិដ្ឋផងដែរ។+ ក្រោយនោះ ជនណាសារីតអាចផឹកស្រាទំពាំងបាយជូរបាន។
២១ «‹នេះជាច្បាប់អំពីជនណាសារីត+ដែលបានធ្វើសម្បថ។ បើជនណាសារីតម្នាក់ស្បថជូនគ្រឿងបូជាបន្ថែមពីលើអ្វីដែលគាត់ត្រូវជូនព្រះយេហូវ៉ា ហើយបើគាត់មានលទ្ធភាពជូនបាន នោះគាត់ត្រូវធ្វើតាមសម្បថនោះ ដើម្បីបង្ហាញការគោរពចំពោះច្បាប់នៃការធ្វើជាជនណាសារីត›»។
២២ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ២៣ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់ថា៖ ‹អ្នករាល់គ្នាត្រូវឲ្យពរ+ដល់បណ្ដាជនអ៊ីស្រាអែលដូច្នេះថា៖
២៤ «សូមព្រះយេហូវ៉ាឲ្យពរដល់អ្នករាល់គ្នា+ ព្រមទាំងការពារអ្នករាល់គ្នា។
២៥ សូមព្រះយេហូវ៉ាមើលមកអ្នករាល់គ្នាដោយទឹកមុខរីករាយ+ ហើយសូមលោកពេញចិត្តនឹងអ្នករាល់គ្នា។
២៦ សូមព្រះយេហូវ៉ាបង្ហាញចិត្តសប្បុរសចំពោះអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត»›។+
២៧ ពួកគេត្រូវប្រើនាមខ្ញុំពេលឲ្យពរដល់បណ្ដាជនអ៊ីស្រាអែល+ នោះខ្ញុំនឹងឲ្យពរដល់ពួកគេ»។+