សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១១ ចូរយកតម្រាប់ខ្ញុំ ដូចខ្ញុំយកតម្រាប់គ្រិស្ត។+
២ ខ្ញុំសូមសរសើរអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាគិតអំពីខ្ញុំជានិច្ច ហើយកំពុងកាន់ខ្ជាប់តាមសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។ ៣ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត+ ឯប្រមុខរបស់ស្ត្រីគឺបុរស+ ឯប្រមុខរបស់គ្រិស្តគឺព្រះ។+ ៤ បុរសណាដែលអធិដ្ឋានឬប្រកាសទំនាយដោយពាក់អ្វីលើក្បាល នោះធ្វើឲ្យក្បាល*ខ្លួនអាប់ឱនកិត្តិយស។ ៥ ប៉ុន្តែ ស្ត្រីណាដែលអធិដ្ឋានឬប្រកាសទំនាយ+ដោយមិនពាក់អ្វីលើក្បាល នោះធ្វើឲ្យក្បាល*ខ្លួនអាប់ឱនកិត្តិយស គឺនាងដូចជាស្ត្រីដែលត្រូវគេកោរសក់។* ៦ ព្រោះប្រសិនបើស្ត្រីណាមិនពាក់អ្វីលើក្បាល នោះនាងត្រូវកាត់សក់ឲ្យខ្លី។ ប៉ុន្តែ ប្រសិនបើការកាត់សក់ឲ្យខ្លីឬកោរសក់នាំឲ្យនាងអាប់ឱនកិត្តិយស នោះជាការល្អជាងបើនាងពាក់អ្វីលើក្បាល។
៧ រីឯបុរសមិនគួរពាក់អ្វីលើក្បាលទេ ដោយសារបុរសមានភាពដូចព្រះ+ ហើយនាំឲ្យព្រះទទួលកិត្តិយស តែស្ត្រីនាំឲ្យបុរសទទួលកិត្តិយស។ ៨ ព្រោះបុរសមិនមកពីស្ត្រីទេ តែស្ត្រីមកពីបុរស។+ ៩ ម្យ៉ាងទៀត ព្រះមិនបានបង្កើតបុរសសម្រាប់ស្ត្រីទេ តែលោកបានបង្កើតស្ត្រីសម្រាប់បុរស។+ ១០ ហេតុនេះហើយបានជាស្ត្រីត្រូវមានអ្វីលើក្បាល ដើម្បីបញ្ជាក់អំពីការចុះចូល និងដោយសារបណ្ដាទេវតា។+
១១ ក៏ប៉ុន្តែ ក្នុងចំណោមអ្នកកាន់តាមលោកម្ចាស់ មិនអាចមានស្ត្រីដោយគ្មានបុរស ហើយមិនអាចមានបុរសដោយគ្មានស្ត្រីទេ។ ១២ ព្រោះដូចស្ត្រីមកពីបុរស+ បុរសកើតចេញពីស្ត្រី តែអ្វីៗទាំងអស់មកពីព្រះ។+ ១៣ សូមពិចារណាដោយខ្លួនអ្នកចុះ៖ តើជាការសមរម្យទេ ប្រសិនបើស្ត្រីអធិដ្ឋានទៅព្រះដោយមិនពាក់អ្វីលើក្បាល? ១៤ តើធម្មជាតិមិនបង្ហាញទេថា បុរសត្រូវអាប់ឱនកិត្តិយសប្រសិនបើមានសក់វែង? ១៥ ប៉ុន្តែ ប្រសិនបើស្ត្រីមានសក់វែង នោះជាកិត្តិយសដល់នាងវិញ មែនទេ? ពីព្រោះនាងបានសក់ជំនួសអ្វីដែលពាក់លើក្បាល។ ១៦ ក៏ប៉ុន្តែ ប្រសិនបើមានអ្នកណាចង់ប្រកែកតវ៉ាដើម្បីធ្វើតាមទម្លាប់ណាផ្សេងទៀត យើងគ្មានទម្លាប់ណាផ្សេងទៀតទេ ហើយក្រុមជំនុំទាំងឡាយរបស់ព្រះក៏គ្មានដែរ។
១៧ ប៉ុន្តែ ពេលដែលខ្ញុំឲ្យការណែនាំនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ពីព្រោះការជួបជុំរបស់អ្នករាល់គ្នា មិនបានផ្ដល់ប្រយោជន៍ឲ្យអ្នករាល់គ្នាឡើយ តែនាំឲ្យបង់ប្រយោជន៍វិញ។ ១៨ ព្រោះទី១ ខ្ញុំបានឮថាមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាពេលដែលជួបជុំជាក្រុមជំនុំ ហើយខ្ញុំក៏ជឿខ្លះដែរ។ ១៩ ព្រោះប្រាកដជានឹងមាននិកាយផ្សេងៗក្នុងចំណោមអ្នករាល់គ្នា+ ហើយការនេះនឹងបង្ហាញឲ្យឃើញថាអ្នកណាខ្លះជាមនុស្សដែលព្រះពេញចិត្ត។
២០ ពេលដែលអ្នករាល់គ្នាមកជួបជុំនៅកន្លែងមួយ អ្នករាល់គ្នាមិនមែនមកដើម្បីបរិភោគអាហារល្ងាចរបស់លោកម្ចាស់ទេ។+ ២១ ព្រោះពេលដល់ម៉ោងបរិភោគអាហារល្ងាចរបស់លោកម្ចាស់ អ្នករាល់គ្នាខ្លះបានបរិភោគអាហារល្ងាចផ្ទាល់ខ្លួនរួចហើយ។ ហេតុនេះ អ្នកខ្លះឃ្លាន ឯអ្នកខ្លះទៀតស្រវឹងស្រា។ ២២ តើអ្នករាល់គ្នាគ្មានផ្ទះដើម្បីផឹកនិងបរិភោគទេឬ? ឬតើអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះ ហើយធ្វើឲ្យអ្នកដែលគ្មានអ្វីសោះមានអារម្មណ៍អៀនខ្មាសឬ? តើខ្ញុំអាចនិយាយអ្វីទៅអ្នករាល់គ្នា? តើខ្ញុំត្រូវសរសើរអ្នករាល់គ្នាឬ? ក្នុងរឿងនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ។
២៣ ព្រោះសេចក្ដីដែលខ្ញុំបានទទួលពីលោកម្ចាស់ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា នៅយប់+ដែលលោកម្ចាស់យេស៊ូត្រូវគេក្បត់ លោកបានយកនំប៉័ងមួយដុំ ២៤ ហើយអរគុណព្រះ រួចកាច់នំប៉័ងនោះ ហើយមានប្រសាសន៍ថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំ+ដែលនឹងត្រូវប្រគល់ឲ្យដើម្បីអ្នករាល់គ្នា។ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកអំពីខ្ញុំ»។+ ២៥ បន្ទាប់ពីបានពិសាអាហារល្ងាចហើយ លោកក៏យកពែងនោះ+ធ្វើបែបដូច្នោះដែរ ដោយមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី+ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ។+ រាល់ដងដែលអ្នករាល់គ្នាផឹកពីពែងនេះ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកអំពីខ្ញុំ»។+ ២៦ ព្រោះរាល់ដងដែលអ្នករាល់គ្នាបរិភោគនំប៉័ងនោះ និងផឹកពីពែងនោះ អ្នករាល់គ្នាកំពុងប្រកាសមរណភាពរបស់លោកម្ចាស់ រហូតដល់លោកមកដល់។
២៧ ដូច្នេះ អ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងរបស់លោកម្ចាស់ដោយខ្លួនមិនសមនឹងទទួល អ្នកនោះកំពុងធ្វើខុសចំពោះរូបកាយនិងឈាមរបស់លោកម្ចាស់។ ២៨ ចូរអ្នករាល់គ្នាម្នាក់ៗគិតពិចារណាឲ្យបានដិតដល់+ ដើម្បីដឹងប្រាកដថាខ្លួនសមឬមិនសមនឹងទទួល រួចសឹមបរិភោគនំប៉័ងនោះនិងផឹកពីពែងនោះចុះ។ ២៩ ព្រោះអ្នកណាដែលបរិភោគនិងផឹកដោយមិនទទួលស្គាល់សារៈសំខាន់នៃរូបកាយ អ្នកនោះបរិភោគនិងផឹកទាំងនាំឲ្យខ្លួនទទួលការវិនិច្ឆ័យ។ ៣០ ហេតុនោះហើយបានជាមានអ្នកខ្សោយនិងអ្នកឈឺជាច្រើននាក់ក្នុងចំណោមអ្នករាល់គ្នា ហើយមួយចំនួនបានស្លាប់*ទៅហើយ។+ ៣១ ប៉ុន្តែ ប្រសិនបើយើងពិចារណាឲ្យដឹងថាខ្លួនជាមនុស្សបែបណា នោះយើងនឹងមិនទទួលការវិនិច្ឆ័យឡើយ។ ៣២ ក៏ប៉ុន្តែ ពេលដែលព្រះយេហូវ៉ា*វិនិច្ឆ័យយើង លោកប្រដៅយើង+ ដើម្បីកុំឲ្យយើងទទួលការផ្ដន្ទាទោសជាមួយនឹងពិភពលោក។+ ៣៣ ដូច្នេះ បងប្អូនខ្ញុំអើយ នៅពេលដែលអ្នករាល់គ្នាជួបជុំដើម្បីបរិភោគអាហារនេះ ចូរចាំគ្នា។ ៣៤ ប្រសិនបើមានអ្នកណាឃ្លាន អ្នកនោះត្រូវបរិភោគនៅផ្ទះ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលការវិនិច្ឆ័យ ពេលដែលមកជួបជុំគ្នា។+ ចំណែករឿងទាំងប៉ុន្មានទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមក។