ដំណើរចាកចេញ
១៦ ក្រោយមក បណ្ដាជនអ៊ីស្រាអែលបានចាកចេញពីអេលីម ហើយធ្វើដំណើរទៅដល់តំបន់ស្ងាត់ជ្រងំស៊ីន+ដែលនៅចន្លោះអេលីមនិងភ្នំស៊ីណាយ។ ពួកគេទៅដល់ទីនោះមួយខែក្រោយពីពួកគេចាកចេញពីស្រុកអេហ្ស៊ីប គឺនៅថ្ងៃទី១៥ ខែទី២។
២ នៅតំបន់ស្ងាត់ជ្រងំនោះ បណ្ដាជនអ៊ីស្រាអែលចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន។+ ៣ ពួកគេចេះតែរអ៊ូថា៖ «ស៊ូឲ្យព្រះយេហូវ៉ាប្រហារយើងនៅស្រុកអេហ្ស៊ីបវិញប្រសើរជាង ព្រោះយ៉ាងហោចណាស់ក៏យើងមានសាច់+និងនំប៉័ងបរិភោគឆ្អែតស្កប់ស្កល់ដែរ។ ប៉ុន្តែឥឡូវ អ្នកបែរជានាំយើងទាំងអស់គ្នា ឲ្យមកដាច់ពោះស្លាប់ក្នុងតំបន់ស្ងាត់ជ្រងំនេះទៅវិញ»។+
៤ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ខ្ញុំនឹងធ្វើឲ្យមានអាហារ*ធ្លាក់ពីលើមេឃដូចជាភ្លៀង+ សម្រាប់ជាអាហារដល់អ្នករាល់គ្នា។ ចូរអ្នកប្រាប់បណ្ដាជនឲ្យចេញទៅរើសល្មមតែមួយថ្ងៃៗប៉ុណ្ណោះ។+ តាមរបៀបនោះ ខ្ញុំអាចល្បងមើលថាពួកគេនឹងធ្វើតាមច្បាប់របស់ខ្ញុំឬមិនធ្វើតាម។+ ៥ ប៉ុន្តែ នៅថ្ងៃទី៦+ ត្រូវឲ្យពួកគេរើសច្រើនជាងថ្ងៃឯទៀតមួយជាពីរ រួចយកមករៀបចំទុកជាអាហារ»។+
៦ រួចមក ម៉ូសេនិងអេរ៉ុនបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «នៅល្ងាចនេះ អ្នករាល់គ្នានឹងដឹងច្បាស់ថាគឺព្រះយេហូវ៉ាជាព្រះដែលនាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+ ៧ នៅពេលព្រឹក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ព្រោះលោកបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ។ ហេតុអ្វីបានជាអ្នករាល់គ្នារអ៊ូរទាំទាស់នឹងយើងដូច្នេះ? យើងមិនសំខាន់ទេ។ ការពិតអ្នករាល់គ្នាកំពុងរអ៊ូរទាំទាស់នឹងព្រះយេហូវ៉ាទេតើ»។ ៨ ម៉ូសេបន្តថា៖ «ពេលព្រះយេហូវ៉ាផ្ដល់សាច់ឲ្យអ្នករាល់គ្នាបរិភោគនៅពេលល្ងាច ហើយពេលលោកផ្ដល់នំប៉័ងឲ្យអ្នករាល់គ្នាបរិភោគទាល់តែឆ្អែតនៅពេលព្រឹក នោះអ្នករាល់គ្នានឹងដឹងប្រាកដថាព្រះយេហូវ៉ាបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នា។ ឯយើងវិញ យើងមិនសំខាន់ទេ។ អ្នករាល់គ្នាមិនមែនរអ៊ូរទាំទាស់នឹងយើងទេ តែរអ៊ូរទាំទាស់នឹងព្រះយេហូវ៉ាទេតើ»។+
៩ បន្ទាប់មក ម៉ូសេបាននិយាយទៅអេរ៉ុនថា៖ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ ‹ព្រះយេហូវ៉ាបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ចូរអ្នករាល់គ្នាមូលមកទីនេះ›»។+ ១០ អេរ៉ុនក៏បាននិយាយទៅកាន់ពួកជំនុំអ៊ីស្រាអែល។ ក្រោយពីគាត់និយាយចប់ភ្លាម ពួកគេបែរមុខទៅតំបន់ស្ងាត់ជ្រងំ ហើយឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាលេចមកក្នុងបង្គោលពពក។+
១១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេបន្ថែមថា៖ ១២ «ខ្ញុំបានឮពាក្យរអ៊ូរទាំរបស់បណ្ដាជនអ៊ីស្រាអែលហើយ។+ ដូច្នេះ ចូរប្រាប់ពួកគេថា៖ ‹នៅពេលល្ងាច អ្នករាល់គ្នានឹងបានសាច់បរិភោគ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងបាននំប៉័ងបរិភោគយ៉ាងបរិបូរ។+ នៅពេលនោះ អ្នករាល់គ្នានឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។+
១៣ លុះដល់ពេលល្ងាច ក៏មានសត្វក្រួចហើរមកពាសពេញជំរំរបស់ពួកគេ+ ហើយនៅពេលព្រឹកក៏មានទឹកសន្សើមនៅជុំវិញជំរំផងដែរ។ ១៤ ប៉ុន្តែ ពេលដែលទឹកសន្សើមស្ងួតទៅ នោះឃើញមានគ្រាប់ល្អិតៗដូចជាព្រិលគ្របដណ្ដប់ពេញតំបន់ស្ងាត់ជ្រងំ។+ ១៥ ពេលបណ្ដាជនអ៊ីស្រាអែលឃើញគ្រាប់ល្អិតៗទាំងនោះ ពួកគេមិនដឹងថាជាអ្វីទេ។ ដូច្នេះ ពួកគេបានសួរគ្នាថា៖ «តើនេះជាអ្វី?»។ ម៉ូសេបានប្រាប់ពួកគេថា៖ «នេះជាអាហារ*ដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នករាល់គ្នា។+ ១៦ ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ‹អ្នករាល់គ្នាត្រូវប្រមូលយកល្មមតាមដែលខ្លួនបរិភោគឆ្អែត។ អ្នករាល់គ្នាត្រូវប្រមូលតាមចំនួនមនុស្សក្នុងក្រុមគ្រួសាររបស់ខ្លួន គឺម្នាក់មួយអូម៉ើរ›»។*+ ១៧ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើតាមបង្គាប់នោះ។ អ្នកខ្លះប្រមូលបានច្រើន ឯអ្នកខ្លះទៀតប្រមូលបានតិច។ ១៨ ប៉ុន្តែ ពេលពួកគេវាល់អ្វីដែលពួកគេប្រមូលបាន ពួកគេឃើញថាអ្នកដែលប្រមូលបានច្រើន មិនបានលើសគេទេ ហើយអ្នកដែលប្រមូលបានតិចក៏មិនខ្វះដែរ+ គឺម្នាក់ៗបានប្រមូលតាមចំនួនដែលខ្លួនបរិភោគឆ្អែត។
១៩ បន្ទាប់មក ម៉ូសេបានប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវទុកអាហារនេះរហូតដល់ព្រឹកឡើយ»។+ ២០ ប៉ុន្តែ ពួកគេមិនបានធ្វើតាមបង្គាប់ម៉ូសេទេ។ អ្នកខ្លះបានទុករហូតដល់ព្រឹក ហើយអាហារនោះក៏មានដង្កូវនិងក្លិនស្អុយ។ ដូច្នេះ ម៉ូសេបានខឹងនឹងពួកគេ។ ២១ រៀងរាល់ព្រឹក ពួកគេបានប្រមូលគ្រាប់ល្អិតៗ តាមចំនួនដែលខ្លួនបរិភោគឆ្អែត។ លុះថ្ងៃចាប់ផ្ដើមក្ដៅ គ្រាប់ល្អិតៗទាំងនោះក៏រលាយអស់ទៅ។
២២ នៅថ្ងៃទី៦ ពួកគេបានប្រមូលច្រើនជាងថ្ងៃឯទៀតមួយជាពីរ+ ពោលគឺម្នាក់ៗពីរអូម៉ើរ។ រួចមក ពួកមេដឹកនាំជនជាតិអ៊ីស្រាអែលបានមករាយការណ៍ប្រាប់ម៉ូសេអំពីរឿងនេះ។ ២៣ ក្រោយពីស្ដាប់ពួកគេរួច ម៉ូសេប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាប្រាប់ថានៅថ្ងៃស្អែកជាថ្ងៃឈប់សម្រាក គឺជាថ្ងៃបរិសុទ្ធជូនព្រះយេហូវ៉ា។+ ដូច្នេះ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ហើយស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរចុះ។+ អ្នករាល់គ្នាអាចទុកអាហារដែលនៅសល់រហូតដល់ព្រឹកស្អែកបាន»។ ២៤ ពួកគេក៏ធ្វើតាមបង្គាប់ម៉ូសេ ហើយទុកអាហារដែលនៅសល់រហូតដល់ព្រឹក តែអាហារនោះមិនមានដង្កូវឬក្លិនស្អុយទេ។ ២៥ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «នៅថ្ងៃនេះ ចូរបរិភោគអាហារដែលនៅសល់ចុះ ព្រោះនេះជាថ្ងៃឈប់សម្រាកជូនព្រះយេហូវ៉ា។ នៅថ្ងៃនេះនឹងគ្មានអាហារទាំងនេះនៅលើដីទេ។ ២៦ អ្នករាល់គ្នាអាចប្រមូលអាហារអស់៦ថ្ងៃ តែនៅថ្ងៃទី៧ជាថ្ងៃឈប់សម្រាក+ នឹងគ្មានអ្វីឲ្យអ្នករាល់គ្នាប្រមូលឡើយ»។ ២៧ ទោះជាយ៉ាងនោះក្ដី មានបណ្ដាជនខ្លះនៅតែចេញទៅប្រមូលនៅថ្ងៃទី៧ តែពួកគេមិនឃើញមានអ្វីទេ។
២៨ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនធ្វើតាមបង្គាប់និងច្បាប់របស់ខ្ញុំដល់កាលណាទៀត?+ ២៩ សូមចាំថាព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នាមានថ្ងៃឈប់សម្រាក។+ ហេតុនេះហើយបានជានៅថ្ងៃទី៦ លោកបានឲ្យអ្នករាល់គ្នាប្រមូលអាហារសម្រាប់ពីរថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាចេញពីលំនៅខ្លួននៅថ្ងៃទី៧ឡើយ»។ ៣០ ដូច្នេះ បណ្ដាជនបានកាន់តាមថ្ងៃឈប់សម្រាកនៅថ្ងៃទី៧។+
៣១ បណ្ដាជនអ៊ីស្រាអែលបានដាក់ឈ្មោះអាហារនោះថា«ម៉ាណា»។* អាហារនោះពណ៌សដូចគ្រាប់ជីរវ៉ាន់ស៊ុយ ហើយមានរសជាតិដូចជានំក្រៀមលាយទឹកឃ្មុំ។+ ៣២ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ‹ចូរទុកម៉ាណានេះមួយអូម៉ើរក្នុងក្រឡ ដើម្បីឲ្យកូនចៅជំនាន់ក្រោយ+អាចឃើញអាហារនេះ ជាអាហារដែលខ្ញុំបានផ្ដល់ឲ្យអ្នករាល់គ្នានៅតំបន់ស្ងាត់ជ្រងំ ក្រោយពីខ្ញុំនាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប›»។ ៣៣ ដូច្នេះ ម៉ូសេនិយាយទៅអេរ៉ុនថា៖ «ចូរយកក្រឡមួយមក ហើយដាក់ម៉ាណាមួយអូម៉ើរទៅក្នុងនោះ រួចដាក់នៅចំពោះព្រះយេហូវ៉ា ដើម្បីរក្សាទុកនៅគ្រប់ជំនាន់តរៀងទៅ»។+ ៣៤ ស្ដាប់រួច អេរ៉ុនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាតាមរយៈម៉ូសេ ដោយដាក់ម៉ាណានោះនៅមុខប្រអប់នៃសេចក្ដីរំលឹក*+ ដើម្បីរក្សាទុក។ ៣៥ បណ្ដាជនអ៊ីស្រាអែលបានបរិភោគម៉ាណាអស់រយៈពេល៤០ឆ្នាំ+ រហូតដល់ពួកគេចូលទៅក្នុងស្រុកដែលមានមនុស្សរស់នៅ+ គឺរហូតដល់ពួកគេទៅដល់ព្រំប្រទល់ស្រុកកាណាន។+ ៣៦ មួយអូម៉ើរគឺស្មើនឹង១ភាគ១០អេហ្វា។*