ដើមកំណើត
២៥ អាប្រាហាំបានយកប្រពន្ធមួយទៀត។ នាងមានឈ្មោះកេទូរ៉ា។ ២ ក្រោយមក នាងបានបង្កើតកូនឲ្យអាប្រាហាំ។ កូនទាំងនោះមាន ស៊ីមរ៉ាន យ៉ុកសាន មេដាន ម៉ាឌាន+ អ៊ីសបាក និងស៊ូអាក។+
៣ កូនរបស់យ៉ុកសានមាន សេបា និងដេដាន់។
កូនរបស់ដេដាន់មាន អាស៊ូរីម លេធូស៊ីម និងលេអំមីម។
៤ កូនរបស់ម៉ាឌានមាន អេផា អេផឺ ហាណុក អាបាយដា និងអែលដេអា។
ពួកគេទាំងអស់នេះសុទ្ធតែជាកូនចៅរបស់កេទូរ៉ា។
៥ ក្រោយមក អាប្រាហាំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មាន ឲ្យដល់អ៊ីសាក។+ ៦ អាប្រាហាំក៏បានឲ្យអំណោយដល់កូនៗដែលកើតពីប្រពន្ធបន្ទាប់របស់គាត់ដែរ។ កាលគាត់នៅរស់នៅឡើយ គាត់បានឲ្យពួកគេទៅរស់នៅស្រុកខាងកើត ឆ្ងាយពីអ៊ីសាកកូនរបស់គាត់។+ ៧ អាយុសរុបរបស់អាប្រាហាំគឺ១៧៥ឆ្នាំ។ ៨ រួចគាត់ក៏បានស្លាប់ទៅ។ គាត់មានអាយុវែង ហើយស្កប់ស្កល់នឹងជីវិតខ្លួន។ គេបានបញ្ចុះសពគាត់ដូចជនរួមជាតិរបស់គាត់ដែរ។ ៩ អ៊ីសាកនិងអ៊ីសម៉ាអែលជាកូន បានបញ្ចុះសពឪពុកនៅក្នុងរអាងភ្នំម៉ាក់ពេឡាខាងមុខម៉ាមរេ ក្នុងចម្ការរបស់អេប្រុនជាកូនសូហាដែលជាជនជាតិហេត។+ ១០ ដីចម្ការនោះអាប្រាហាំបានទិញពីជនជាតិហេត។ នៅទីនោះគេបានបញ្ចុះសពអាប្រាហាំក្បែរសពសារ៉ាប្រពន្ធគាត់។+ ១១ ក្រោយពីអាប្រាហាំបានស្លាប់ ព្រះបានបន្តឲ្យពរដល់អ៊ីសាក។+ ពេលនោះ អ៊ីសាកបានរស់នៅក្បែរបៀរឡាហាយរយ។+
១២ នេះជាជីវប្រវត្ដិរបស់អ៊ីសម៉ាអែល+ជាកូនរបស់អាប្រាហាំ ដែលកើតពីហាកា+ជាជនជាតិអេហ្ស៊ីបជាអ្នកបម្រើសារ៉ា។
១៣ កូនរបស់អ៊ីសម៉ាអែល ដែលរាប់តាមវង្សត្រកូលគ្រួសារ មានឈ្មោះដូចតទៅ៖ កូនច្បងរបស់អ៊ីសម៉ាអែលគឺណេបេយ៉ោត+ បន្ទាប់ពីនោះគឺកេដា+ អាតបៀល មីបសាម+ ១៤ មីសម៉ា ឌូម៉ា ម៉ាសា ១៥ ហាដាត តេម៉ា យេថឺ ណាភីស និងកេដេម៉ា។ ១៦ ពួកគេទាំងនេះជាកូនប្រុសទាំង១២នាក់របស់អ៊ីសម៉ាអែល។ ពួកគេជាមេដឹកនាំលើកុលសម្ព័ន្ធរបស់ខ្លួន ហើយជំរំនិងភូមិរបស់ពួកគេសុទ្ធតែយកតាមឈ្មោះពួកគេ។+ ១៧ អ៊ីសម៉ាអែលរស់បានអាយុ១៣៧ឆ្នាំ ហើយគាត់ក៏បានស្លាប់ទៅ។ គេបានបញ្ចុះសពគាត់ដូចជនរួមជាតិរបស់គាត់ដែរ។ ១៨ ពួកគេបានតាំងទីលំនៅ ចាប់ពីហាវីឡា+ក្បែរតំបន់ស៊ើ+ ដែលនៅជិតស្រុកអេហ្ស៊ីប រហូតដល់ស្រុកអាស៊ីរី។ គាត់បានតាំងទីលំនៅជិតបងប្អូនទាំងអស់របស់គាត់។*+
១៩ នេះជាជីវប្រវត្ដិរបស់អ៊ីសាកជាកូនអាប្រាហាំ។+
អាប្រាហាំជាឪពុកអ៊ីសាក។ ២០ ពេលអ៊ីសាកមានអាយុ៤០ឆ្នាំ គាត់បានរៀបការជាមួយនឹងរេបិកាជាកូនស្រីរបស់បេធូអែល+ជាជនជាតិអេរ៉ាមមកពីប៉ាដាន់អេរ៉ាម ហើយនាងជាប្អូនស្រីរបស់ឡាបាន់ជាជនជាតិអេរ៉ាម។ ២១ អ៊ីសាកបានអង្វរព្រះយេហូវ៉ាម្ដងហើយម្ដងទៀតសុំឲ្យប្រពន្ធគាត់មានកូន ព្រោះនាងជាស្ត្រីអារ។ ដូច្នេះ ព្រះយេហូវ៉ាធ្វើតាមពាក្យអង្វរសុំរបស់គាត់។ ក្រោយមក រេបិកាចាប់ផ្ដើមមានផ្ទៃពោះ។ ២២ កូននៅក្នុងផ្ទៃនាងបានប្រធាក់គ្នា។+ នាងបាននិយាយថា៖ «បើខ្ញុំត្រូវឈឺចាប់ដូច្នេះ ឲ្យខ្ញុំស្លាប់ទៅប្រសើរជាង»។ ដូច្នេះ នាងបានសួរព្រះយេហូវ៉ា។ ២៣ ព្រះយេហូវ៉ាបានប្រាប់នាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង+ ហើយប្រជាជាតិពីរនេះនឹងកើតចេញពីនាង។+ ប្រជាជាតិមួយនឹងខ្លាំងជាងប្រជាជាតិមួយទៀត+ ហើយកូនច្បងនឹងបម្រើកូនប្អូន»។+
២៤ លុះដល់ថ្ងៃសម្រាល នាងក៏សម្រាលបានកូនភ្លោះ។ ២៥ កូនដែលកើតមកមុន មានសម្បុរក្រហម និងមានរោមពេញខ្លួន។+ ដូច្នេះ ពួកគាត់បានដាក់ឈ្មោះកូននោះថាអេសាវ។*+ ២៦ ក្រោយនោះកូនប្អូនបានកើតមក ហើយដៃគាត់ចាប់កាន់កែងជើងអេសាវ។+ ដូច្នេះ ពួកគាត់បានដាក់ឈ្មោះកូននោះថាយ៉ាកុប។*+ ពេលដែលរេបិកាសម្រាលកូនភ្លោះទាំងពីរនេះ អ៊ីសាកមានអាយុ៦០ឆ្នាំ។
២៧ លុះពួកគេធំឡើង អេសាវបានក្លាយជាអ្នកប្រមាញ់ដ៏ជំនាញ+ ហើយគាត់ចូលចិត្តនៅឯវាល។ ឯយ៉ាកុបវិញ គាត់ចូលចិត្តរស់នៅក្នុងត្រសាល ហើយជាមនុស្សសុចរិត។*+ ២៨ អ៊ីសាកស្រឡាញ់អេសាវ ព្រោះគាត់ចូលចិត្តបរិភោគសាច់សត្វដែលអេសាវបរបាញ់បាន។ ចំណែករេបិកាវិញ នាងស្រឡាញ់យ៉ាកុប។+ ២៩ មានពេលមួយ យ៉ាកុបកំពុងស្ងោរសណ្ដែកក្រហមធ្វើអាហារ។ ពេលនោះ អេសាវមកពីបរបាញ់សត្វវិញទាំងហេវហត់ជាខ្លាំង។ ៣០ ដូច្នេះ អេសាវបាននិយាយទៅកាន់យ៉ាកុបថា៖ «សូមឲ្យបបរសណ្ដែកក្រហមបងបរិភោគផង។ ឆាប់ឡើង! បងហេវណាស់!»។ ហេតុនេះហើយបានជាគេហៅគាត់ថាអេដំ។*+ ៣១ យ៉ាកុបឆ្លើយថា៖ «សូមបងលក់សិទ្ធិកូនច្បងឲ្យខ្ញុំមុនសិន!»។+ ៣២ អេសាវនិយាយថា៖ «បងជិតស្លាប់ឥឡូវហើយ! តើសិទ្ធិកូនច្បងនោះមានប្រយោជន៍អ្វីទៅ?»។ ៣៣ យ៉ាកុបបាននិយាយបន្ថែមថា៖ «សូមបងស្បថឲ្យខ្ញុំសិន!»។ ដូច្នេះ អេសាវបានស្បថ ហើយលក់សិទ្ធិកូនច្បងឲ្យដល់យ៉ាកុប។+ ៣៤ បន្ទាប់មក យ៉ាកុបបានឲ្យនំប៉័ងនិងបបរសណ្ដែកក្រហមដល់អេសាវ។ គាត់ក៏បរិភោគ ហើយក្រោកដើរចេញទៅ។ យ៉ាងនេះ អេសាវបានមើលងាយសិទ្ធិកូនច្បង។