ច្បាប់លេវី
១៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២ «នេះជាច្បាប់សម្រាប់ពិធីជម្រះអ្នកកើតជំងឺឃ្លង់ឲ្យបានស្អាតបរិសុទ្ធ។ នៅថ្ងៃធ្វើពិធីជម្រះនោះ ត្រូវនាំគាត់ទៅជួបសង្ឃ។+ ៣ សង្ឃត្រូវចេញទៅខាងក្រៅជំរំដើម្បីពិនិត្យមើលគាត់។ បើសង្ឃឃើញថាជំងឺឃ្លង់នោះបានជាសះស្បើយហើយ ៤ សង្ឃត្រូវបង្គាប់គាត់ឲ្យយកសត្វស្លាបពីរដែលស្អាតបរិសុទ្ធ និងឈើស៊ីដារ ក្រណាត់ពណ៌ក្រហម ព្រមទាំងមែកហ៊ីសុប មកជម្រះគាត់។+ ៥ សង្ឃត្រូវបង្គាប់ឲ្យគេសម្លាប់សត្វស្លាបមួយក្នុងភាជនៈដីដែលមានទឹកស្អាត។ ៦ រួចសង្ឃត្រូវយកសត្វស្លាបមួយទៀតដែលនៅរស់ ព្រមទាំងឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុប ទៅជ្រលក់ក្នុងឈាមរបស់សត្វស្លាបទី១។ ៧ បន្ទាប់មក សង្ឃត្រូវប្រោះឈាមនោះ៧ដងទៅលើអ្នកដែលកំពុងជម្រះនោះ រួចប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ។ រួចសង្ឃត្រូវលែងសត្វស្លាបរស់នោះ នៅឯទីវាល។+
៨ «អ្នកដែលទទួលការជម្រះត្រូវបោកសម្លៀកបំពាក់ខ្លួន កោរសក់និងរោមទាំងអស់ រួចងូតទឹក នោះទើបគាត់បានស្អាតបរិសុទ្ធ។ ក្រោយមក គាត់អាចចូលក្នុងជំរំបាន តែត្រូវស្នាក់នៅខាងក្រៅត្រសាលខ្លួនអស់រយៈពេល៧ថ្ងៃ។ ៩ ដល់ថ្ងៃទី៧ គាត់ត្រូវកោរសក់ ពុកចង្កា ចិញ្ចើម និងរោមទាំងអស់ម្ដងទៀត។ ក្រោយពីនោះ គាត់ត្រូវបោកសម្លៀកបំពាក់ខ្លួន រួចងូតទឹក។ យ៉ាងនេះ គាត់នឹងបានស្អាតបរិសុទ្ធ។
១០ «លុះដល់ថ្ងៃទី៨ អ្នកដែលទទួលការជម្រះត្រូវយកចៀមស្ទាវល្អឥតខ្ចោះពីរក្បាល កូនចៀមញីល្អឥតខ្ចោះមួយក្បាល+អាយុក្រោមមួយឆ្នាំ និងម្សៅម៉ដ្ឋ៣ភាគ១០អេហ្វា*លាយជាមួយប្រេង សម្រាប់ជូនជាគ្រឿងបូជាពីស្រូវ+ ព្រមទាំងប្រេងមួយរង្វាល់។*+ ១១ ឯសង្ឃដែលប្រកាសថាអ្នកនោះស្អាតបរិសុទ្ធ ត្រូវនាំគាត់ ព្រមទាំងគ្រឿងបូជាទាំងនោះទៅឯព្រះយេហូវ៉ានៅច្រកចូលត្រសាលជំនុំ។ ១២ សង្ឃត្រូវយកចៀមស្ទាវមួយក្បាលនិងប្រេងមួយរង្វាល់* មកជូនជាគ្រឿងបូជាសម្រាប់អំពើរំលង។+ បន្ទាប់មក គាត់លើករេចុះរេឡើងជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។+ ១៣ រួចសង្ឃត្រូវសម្លាប់ចៀមស្ទាវនោះនៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនិងសត្វជាគ្រឿងបូជាដុត+ គឺនៅកន្លែងបរិសុទ្ធ។ រីឯចំណែកពីគ្រឿងបូជាសម្រាប់អំពើរំលងនឹងបានទៅជារបស់សង្ឃ ដូចចំណែកពីគ្រឿងបូជាសម្រាប់អំពើខុសឆ្គងដែរ+ ព្រោះនោះជាអ្វីដែលបរិសុទ្ធបំផុត។+
១៤ «បន្ទាប់មក សង្ឃត្រូវយកឈាមខ្លះពីគ្រឿងបូជាសម្រាប់អំពើរំលងរបស់អ្នកដែលទទួលការជម្រះនោះ ទៅលាបនៅលើទងត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកនោះ។ ១៥ រួចសង្ឃត្រូវចាក់ប្រេងខ្លះពីគ្រឿងបូជានោះ+ ទៅលើបាតដៃឆ្វេងរបស់ខ្លួន។ ១៦ បន្ទាប់មក សង្ឃត្រូវជ្រលក់ចុងម្រាមដៃស្ដាំទៅក្នុងប្រេងនោះ រួចប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា។ ១៧ ក្រោយនោះ សង្ឃត្រូវយកប្រេងខ្លះដែលនៅសល់ ទៅលាបលើទងត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកដែលទទួលការជម្រះ គឺពីលើឈាមនៃគ្រឿងបូជាសម្រាប់អំពើរំលង។ ១៨ ឯប្រេងដែលនៅសល់ក្នុងដៃ សង្ឃយកទៅលាបលើក្បាលអ្នកនោះ ដើម្បីជម្រះភាពខុសឆ្គងឲ្យគាត់នៅចំពោះព្រះយេហូវ៉ា។+
១៩ «បន្ទាប់មក សង្ឃត្រូវជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ ដើម្បីជម្រះភាពខុសឆ្គងឲ្យអ្នកដែលកំពុងសម្អាតខ្លួនឲ្យបានស្អាតបរិសុទ្ធ។ ក្រោយនោះ សង្ឃត្រូវសម្លាប់សត្វនៃគ្រឿងបូជាដុត។ ២០ រួចមក សង្ឃត្រូវជូនគ្រឿងបូជាដុតនិងគ្រឿងបូជាពីស្រូវ+នៅលើទីបូជា ដើម្បីជម្រះភាពខុសឆ្គងឲ្យអ្នកនោះ+ ហើយអ្នកនោះនឹងបានស្អាតបរិសុទ្ធ។+
២១ «ប៉ុន្តែ បើអ្នកនោះក្រីក្រមិនមានលទ្ធភាពគ្រប់គ្រាន់ទេ គាត់អាចជម្រះភាពខុសឆ្គងដោយជូនចៀមស្ទាវមួយជាគ្រឿងបូជាសម្រាប់អំពើរំលងនិងជាគ្រឿងបូជាសម្រាប់លើកចុះឡើង ព្រមទាំងជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា*លាយជាមួយប្រេងជាគ្រឿងបូជាពីស្រូវ និងប្រេងមួយរង្វាល់* ២២ រួមទាំងលលកពីរឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង មួយក្បាលជាគ្រឿងបូជាដុត។+ ២៣ នៅថ្ងៃទី៨+ គាត់ត្រូវយកគ្រឿងបូជាទាំងនោះទៅជូនសង្ឃនៅច្រកចូលត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា ដើម្បីជម្រះឲ្យស្អាតបរិសុទ្ធ។+
២៤ «សង្ឃត្រូវយកចៀមស្ទាវនិងប្រេងមួយរង្វាល់* មកជូនជាគ្រឿងបូជាសម្រាប់អំពើរំលង។+ បន្ទាប់មក គាត់លើកគ្រឿងបូជានោះចុះឡើងនៅចំពោះព្រះយេហូវ៉ា។+ ២៥ បន្ទាប់មក សង្ឃត្រូវសម្លាប់ចៀមនោះ រួចយកឈាមខ្លះពីចៀមនោះ ទៅលាបនៅលើទងត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកដែលទទួលការជម្រះ។+ ២៦ រួចសង្ឃត្រូវចាក់ប្រេងខ្លះពីគ្រឿងបូជានោះ ទៅលើបាតដៃឆ្វេងរបស់ខ្លួន។+ ២៧ បន្ទាប់មក សង្ឃត្រូវជ្រលក់ចុងម្រាមដៃស្ដាំទៅក្នុងប្រេងនោះ រួចប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា។ ២៨ ក្រោយនោះ សង្ឃត្រូវយកប្រេងខ្លះដែលនៅសល់ ទៅលាបលើទងត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកដែលទទួលការជម្រះ គឺពីលើឈាមសត្វនៃគ្រឿងបូជាសម្រាប់អំពើរំលង។ ២៩ ឯប្រេងដែលនៅសល់ សង្ឃយកទៅលាបលើក្បាលអ្នកនោះ ដើម្បីជម្រះភាពខុសឆ្គងឲ្យគាត់នៅចំពោះព្រះយេហូវ៉ា។
៣០ «សង្ឃត្រូវជូនលលកឬព្រាបជំទើរ តាមលទ្ធភាពរបស់អ្នកដែលទទួលការជម្រះ+ ៣១ គឺសត្វស្លាបណាមួយក៏បាន មួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង មួយក្បាលទៀតជាគ្រឿងបូជាដុត+ ជាមួយគ្រឿងបូជាពីស្រូវ។ រួចសង្ឃនឹងជម្រះភាពខុសឆ្គងឲ្យអ្នកនោះ នៅចំពោះព្រះយេហូវ៉ា។+
៣២ «នេះជាច្បាប់សម្រាប់អ្នកកើតជំងឺឃ្លង់ដែលមានជីវភាពខ្វះខាត ស្ដីអំពីការជម្រះកាយឲ្យបានស្អាតបរិសុទ្ធ»។
៣៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ៣៤ «ក្រោយពីអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន+ជាស្រុកដែលខ្ញុំនឹងប្រគល់ឲ្យ+ បើខ្ញុំអនុញ្ញាតឲ្យមានជំងឺឃ្លង់កើតមានទៅលើផ្ទះណាមួយ+ ៣៥ នោះម្ចាស់ផ្ទះត្រូវទៅប្រាប់សង្ឃថា៖ ‹មានស្នាមនៅលើជញ្ជាំងផ្ទះខ្ញុំ ហើយមើលទៅដូចជារោគឃ្លង់›។* ៣៦ សង្ឃត្រូវបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះនោះ មុននឹងគាត់ទៅពិនិត្យមើល។ បើមិនដូច្នោះទេ គាត់ត្រូវប្រកាសថាអ្វីៗដែលនៅក្នុងផ្ទះនោះមិនស្អាតបរិសុទ្ធ។ ក្រោយនោះ សង្ឃចូលក្នុងផ្ទះ ហើយពិនិត្យមើលស្នាមលើជញ្ជាំង។ ៣៧ បើគាត់ឃើញថាស្នាមលើជញ្ជាំងមានពណ៌ត្រួយចេកឬពណ៌ក្រហម ហើយមើលទៅមានសភាពផតទ្រុឌចូលក្នុង ៣៨ នោះសង្ឃត្រូវចេញទៅឯមាត់ទ្វារផ្ទះ ហើយបិទទ្វារផ្ទះនោះកុំឲ្យគេចូលអស់រយៈពេល៧ថ្ងៃ។+
៣៩ «លុះដល់ថ្ងៃទី៧ សង្ឃត្រូវត្រឡប់ទៅពិនិត្យមើលផ្ទះនោះម្ដងទៀត។ បើគាត់ឃើញស្នាមនោះរាលដាលលើជញ្ជាំងផ្ទះ ៤០ នោះសង្ឃត្រូវបង្គាប់ឲ្យគេដាប់យកថ្មណាដែលមានស្នាមនោះចេញ រួចយកទៅបោះចោលត្រង់កន្លែងមិនស្អាតបរិសុទ្ធនៅខាងក្រៅក្រុង។ ៤១ បន្ទាប់មក សង្ឃត្រូវបង្គាប់ឲ្យគេកោសកំបោរនិងបាយអពីលើជញ្ជាំងខាងក្នុងទាំងអស់ រួចប្រមូលទៅបោះចោលត្រង់កន្លែងមិនស្អាតបរិសុទ្ធនៅខាងក្រៅក្រុង។ ៤២ ក្រោយនោះ ពួកគេត្រូវយកថ្មផ្សេងទៀតទៅបិទនៅត្រង់កន្លែងដាប់នោះ ហើយត្រូវយកបាយអទៅបូកលើជញ្ជាំង រួចលាបកំបោរពីលើ។
៤៣ «ប៉ុន្តែ ក្រោយពីធ្វើដូច្នោះហើយ បើស្នាមនោះកើតមានម្ដងទៀតនិងរាលដាល ៤៤ នោះត្រូវឲ្យសង្ឃចូលទៅពិនិត្យមើលម្ដងទៀត។ បើឃើញស្នាមនោះរាលដាលក្នុងផ្ទះ នោះជាឃ្លង់ស៊ីបង្ខូច+ផ្ទះហើយ។ ផ្ទះនោះមិនស្អាតបរិសុទ្ធទេ។ ៤៥ សង្ឃត្រូវឲ្យគេរុះផ្ទះនោះ ពោលគឺប្រមូលថ្ម ធ្នឹម បាយអ និងកំបោរ យកទៅបោះចោលត្រង់កន្លែងមិនស្អាតបរិសុទ្ធនៅខាងក្រៅក្រុង។+ ៤៦ ប៉ុន្តែ ក្នុងអំឡុងដែលគេទុកផ្ទះនោះចោល បើអ្នកណាម្នាក់ចូលទៅក្នុងផ្ទះនោះ+ អ្នកនោះនឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+ ៤៧ បើអ្នកណាចូលទៅដេកឬបរិភោគនៅក្នុងផ្ទះនោះ អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ។
៤៨ «ប៉ុន្តែ ក្រោយពីជួសជុលហើយ បើសង្ឃចូលទៅពិនិត្យមើលមិនឃើញស្នាមនោះលេចចេញមកទេ នោះសង្ឃត្រូវប្រកាសថាផ្ទះនោះស្អាតបរិសុទ្ធ ព្រោះរោគនោះលែងមានទៀតហើយ។ ៤៩ គាត់ត្រូវយកសត្វស្លាបពីរ ឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុបមក ដើម្បីធ្វើពិធីជម្រះផ្ទះនោះឲ្យស្អាតបរិសុទ្ធឡើងវិញ។+ ៥០ រួចគាត់ត្រូវសម្លាប់សត្វស្លាបមួយក្នុងភាជនៈដីដែលមានទឹកស្អាត។ ៥១ បន្ទាប់មក គាត់ត្រូវយកសត្វស្លាបមួយទៀតដែលនៅរស់ ព្រមទាំងឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុប ជ្រលក់ក្នុងឈាមរបស់សត្វស្លាបទី១។ រួចប្រោះឈាមនោះ៧ដងទៅលើផ្ទះនោះ។+ ៥២ គាត់នឹងធ្វើឲ្យផ្ទះនោះបានស្អាតបរិសុទ្ធ តាមរយៈឈាមសត្វស្លាប ទឹកស្អាត សត្វស្លាបដែលនៅរស់ ព្រមទាំងឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុប។ ៥៣ ក្រោយមក គាត់ត្រូវលែងសត្វស្លាបរស់ នៅឯទីវាលខាងក្រៅក្រុង។ យ៉ាងនោះ ផ្ទះនោះនឹងបានស្អាតបរិសុទ្ធ។
៥៤ «នេះជាច្បាប់អំពីរោគឃ្លង់គ្រប់យ៉ាង និងដំបៅលើក្បាលឬពុកចង្កា+ ៥៥ រោគឃ្លង់លើសម្លៀកបំពាក់+ ឬក្នុងផ្ទះ+ ៥៦ ព្រមទាំងអំពីដុំពកនៅលើស្បែក ស្បែកឡើងក្រមរ និងកើតភ្លឺ+ ៥៧ ច្បាប់នេះជួយឲ្យសន្មតថា អ្វីស្អាតបរិសុទ្ធនិងអ្វីមិនស្អាតបរិសុទ្ធ។+ នេះជាច្បាប់អំពីរោគឃ្លង់»។+