ច្បាប់លេវី
២០ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថែមទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នករាល់គ្នាឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា យកកូនចៅរបស់ខ្លួនទៅជូនជាគ្រឿងបូជាដល់ព្រះម៉ូឡេក អ្នកនោះត្រូវស្លាប់ជាមិនខាន។+ បណ្ដាជនត្រូវគប់ដុំថ្មសម្លាប់អ្នកនោះ។ ៣ ខ្ញុំនឹងប្រឆាំងនឹងអ្នកនោះ ហើយសម្លាប់គាត់* ព្រោះគាត់បានជូនកូនចៅខ្លួនដល់ព្រះម៉ូឡេក ព្រមទាំងបង្អាប់កន្លែងបរិសុទ្ធរបស់ខ្ញុំ+ ហើយធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំអាប់ឱន។ ៤ បើបណ្ដាជនឃើញបុរសម្នាក់ជូនកូនចៅខ្លួនដល់ព្រះម៉ូឡេក ហើយធ្វើមិនដឹងមិនឮ ថែមទាំងមិនបានសម្លាប់បុរសនោះទេ+ ៥ នោះខ្ញុំផ្ទាល់នឹងប្រឆាំងនឹងបុរសនោះនិងក្រុមគ្រួសារគាត់+ ហើយសម្លាប់បុរសនោះនិងអស់អ្នកដែលរួមចំណែកជាមួយនឹងគាត់ ព្រោះពួកគេបានប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះពិត* ដោយគោរពបូជាដល់ព្រះម៉ូឡេក។
៦ «‹បើអ្នកណាទៅរកគ្រូខាប+ឬគ្រូទាយ+ អ្នកនោះប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះពិត*ហើយ។ ខ្ញុំនឹងប្រឆាំងនឹងអ្នកនោះ ហើយខ្ញុំនឹងសម្លាប់គាត់។+
៧ «‹អ្នករាល់គ្នាត្រូវស្អាតស្អំនិងញែកខ្លួនឲ្យបានបរិសុទ្ធ+ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ៨ អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិរបស់ខ្ញុំ+ ព្រោះខ្ញុំគឺយេហូវ៉ាជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។+
៩ «‹បើអ្នកណាជេរប្រមាថឪពុកឬម្ដាយខ្លួន អ្នកនោះត្រូវស្លាប់ជាមិនខាន+ ហើយអ្នកនោះត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន។
១០ «‹ស្ដីអំពីអំពើផិតក្បត់ មានច្បាប់ដូចតទៅ៖ បើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធរបស់អ្នកឯទៀត បុរសនិងស្ត្រីនោះត្រូវស្លាប់ជាមិនខាន។+ ១១ បើបុរសណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកខ្លួន បុរសនោះធ្វើឲ្យឪពុកខ្លួនរងសេចក្ដីអាម៉ាស់ហើយ។+ បុរសនិងស្ត្រីនោះត្រូវស្លាប់ជាមិនខាន ហើយពួកគេត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន។ ១២ បើបុរសណារួមដំណេកជាមួយនឹងកូនប្រសាស្រីរបស់ខ្លួន បុរសនិងស្ត្រីនោះត្រូវស្លាប់ ព្រោះនេះជាអំពើដ៏គួរឲ្យស្អប់ខ្ពើម។ ពួកគេត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន។+
១៣ «‹បើបុរសណារួមដំណេកជាមួយនឹងបុរស ដូចរួមដំណេកជាមួយនឹងស្ត្រី បុរសទាំងពីរនោះត្រូវស្លាប់ ព្រោះពួកគេបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមណាស់។+ ពួកគេត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន។
១៤ «‹បើបុរសណាម្នាក់រៀបការជាមួយនឹងស្ត្រីម្នាក់ ហើយថែមទាំងរួមដំណេកជាមួយនឹងម្ដាយរបស់នាង នោះជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមណាស់។+ អ្នករាល់គ្នាត្រូវដុតពួកគេចោល+ ដើម្បីកុំឲ្យទង្វើនេះមានក្នុងចំណោមអ្នករាល់គ្នា។
១៥ «‹បើបុរសណារួមសង្វាសនឹងសត្វ គាត់ត្រូវស្លាប់។ អ្នករាល់គ្នាក៏ត្រូវសម្លាប់សត្វនោះដែរ។+ ១៦ បើស្ត្រីណារួមសង្វាសនឹងសត្វ+ ត្រូវសម្លាប់ទាំងស្ត្រីទាំងសត្វនោះចោល។ អស់អ្នកដែលធ្វើដូច្នោះ ត្រូវស្លាប់ជាមិនខាន ហើយពួកគេត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន។
១៧ «‹បើបុរសណារួមដំណេកជាមួយនឹងបងស្រីឬប្អូនស្រីខ្លួន ទោះជានាងជាបងប្អូនរួមឪពុកឬរួមម្ដាយក្ដី បុរសនិងស្ត្រីនោះនឹងត្រូវសម្លាប់នៅមុខបណ្ដាជន ព្រោះនេះជាទង្វើដ៏អាម៉ាស់ក្រៃលែង។+ បុរសនោះបានបង្ខូចកិត្តិយសបងស្រីឬប្អូនស្រីខ្លួនហើយ។ ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
១៨ «‹បើបុរសណារួមដំណេកជាមួយនឹងស្ត្រីដែលកំពុងមានរដូវ ពួកគេទាំងពីរនាក់ត្រូវស្លាប់ ព្រោះពួកគេមិនបង្ហាញការគោរពចំពោះឈាមទេ។+
១៩ «‹អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយនឹងមីងឬអ៊ំស្រីខ្លួនឡើយ ទោះជាខាងឪពុកឬខាងម្ដាយក្ដី ព្រោះនេះធ្វើឲ្យសាច់ញាតិខ្លួនរងសេចក្ដីអាម៉ាស់ហើយ។+ ដូច្នេះ ទាំងបុរសទាំងស្ត្រីត្រូវទទួលទោសចំពោះទង្វើរបស់ខ្លួន។ ២០ បើបុរសណារួមដំណេកជាមួយនឹងប្រពន្ធរបស់ពូឬអ៊ំខ្លួន បុរសនោះនាំឲ្យពូឬអ៊ំរងសេចក្ដីអាម៉ាស់ហើយ។+ បុរសនិងស្ត្រីនោះត្រូវទទួលទោសចំពោះទង្វើរបស់ខ្លួន គឺពួកគេត្រូវស្លាប់។ ពួកគេនឹងគ្មានកូនទេ។ ២១ បើបុរសណាយកប្រពន្ធរបស់បងប្រុសឬប្អូនប្រុសខ្លួន បុរសនោះនាំឲ្យបងឬប្អូនខ្លួនរងសេចក្ដីអាម៉ាស់ហើយ។ នេះជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមណាស់។+ ដូច្នេះ បុរសនិងស្ត្រីនោះត្រូវស្លាប់។ ពួកគេនឹងគ្មានកូនទេ។
២២ «‹អ្នករាល់គ្នាត្រូវកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមទាំងប៉ុន្មានរបស់ខ្ញុំ+ ដើម្បីកុំឲ្យស្រុកដែលខ្ញុំនាំអ្នករាល់គ្នាចូលទៅរស់នៅនោះ ខ្ជាក់អ្នករាល់គ្នាចេញ។+ ២៣ អ្នករាល់គ្នាមិនត្រូវធ្វើតាមការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមរបស់ប្រជាជាតិដែលខ្ញុំនឹងបណ្ដេញចេញពីមុខអ្នករាល់គ្នាឡើយ+ ព្រោះខ្ញុំខ្ពើមឆ្អើមការប្រព្រឹត្តទាំងនោះណាស់។+ ២៤ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា៖ «ខ្ញុំនឹងឲ្យទឹកដីរបស់ពួកគេដល់អ្នករាល់គ្នាជាមត៌ក ជាទឹកដីដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ជាអ្នកដែលបានញែកអ្នករាល់គ្នាចេញពីប្រជាជាតិទាំងនោះ»។+ ២៥ អ្នករាល់គ្នាត្រូវចេះសម្គាល់ថាសត្វណាជាសត្វស្អាតបរិសុទ្ធ និងសត្វណាជាសត្វមិនស្អាតបរិសុទ្ធ ទោះជាសត្វជើងបួន សត្វស្លាប ឬសត្វលូនវារក្ដី។ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធ ដោយសារសត្វណាដែលខ្ញុំបានបង្គាប់អ្នកឲ្យចាត់ទុកថាមិនស្អាតបរិសុទ្ធឡើយ។+ ២៦ អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះខ្ញុំបរិសុទ្ធ។ ខ្ញុំគឺយេហូវ៉ា+ ខ្ញុំញែកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិនានា ដើម្បីធ្វើជារាស្ត្ររបស់ខ្ញុំ។+
២៧ «‹បើអ្នកណាម្នាក់ធ្វើជាគ្រូខាបឬជាគ្រូទាយ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+ បណ្ដាជនត្រូវគប់ដុំថ្មសម្លាប់អ្នកនោះ ហើយអ្នកនោះត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន›»។