ច្បាប់លេវី
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេ ក្រោយគ្រាដែលកូនប្រុសពីរនាក់របស់អេរ៉ុនបានស្លាប់ពេលចូលទៅចំពោះព្រះយេហូវ៉ា។+ ២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរប្រាប់អេរ៉ុនបងរបស់អ្នកកុំឲ្យចូលទៅក្នុងកន្លែងបរិសុទ្ធតាមអំពើចិត្តឡើយ+ គឺនៅខាងក្រោយវាំងនន+មុខគម្របហឹបនៃកិច្ចព្រមព្រៀង។ បើមិនដូច្នោះទេ គាត់នឹងត្រូវស្លាប់+ ព្រោះខ្ញុំនឹងលេចមកក្នុងពពកនៅលើគម្របហឹបនោះ។+
៣ «ពេលគាត់ចូលក្នុងកន្លែងបរិសុទ្ធ គាត់ត្រូវធ្វើដូចតទៅ៖ គាត់ត្រូវយកគោស្ទាវមួយក្បាលដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ និងចៀមឈ្មោលមួយក្បាលជាគ្រឿងបូជាដុត។+ ៤ គាត់ត្រូវងូតទឹកសម្អាតខ្លួន+ រួចស្លៀកខោខ្លី+សម្រាប់បិទបាំងកេរ្តិ៍ខ្មាស ពាក់អាវវែង+ ចងខ្សែក្រវាត់+ និងពាក់ឈ្នួតនៅលើក្បាល។+ អ្វីទាំងនោះជាសម្លៀកបំពាក់បរិសុទ្ធ+ ហើយសុទ្ធតែធ្វើពីក្រណាត់សាច់ល្អ។
៥ «គាត់ត្រូវទទួលពពែស្ទាវពីរក្បាលនិងចៀមឈ្មោលមួយក្បាលពីបណ្ដាជនអ៊ីស្រាអែល។+ ពពែទាំងនោះគឺដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងចៀមសម្រាប់ជាគ្រឿងបូជាដុត។
៦ «បន្ទាប់មក អេរ៉ុនត្រូវជូនគោស្ទាវជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់គាត់ ដើម្បីជម្រះភាពខុសឆ្គងឲ្យខ្លួនគាត់+ និងក្រុមគ្រួសាររបស់គាត់។*
៧ «បន្ទាប់ពីនោះ គាត់ត្រូវនាំយកពពែពីរក្បាលនោះទៅឈរនៅចំពោះព្រះយេហូវ៉ានៅត្រង់ច្រកចូលត្រសាលជំនុំ។ ៨ អេរ៉ុនត្រូវចាប់ឆ្នោតដើម្បីដឹងថាពពែមួយណាទុកជូនព្រះយេហូវ៉ា ហើយពពែមួយណាទុកជាពពែអាសេសែល។* ៩ ចំពោះពពែដែលបានត្រូវចាប់ឆ្នោត+ទុកជូនព្រះយេហូវ៉ា គាត់ត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ១០ ប៉ុន្តែ ចំពោះពពែអាសេសែលវិញ គាត់មិនគួរសម្លាប់វាទេ តែត្រូវនាំយកទៅឈរនៅចំពោះព្រះយេហូវ៉ា ហើយប្រើវាដើម្បីជម្រះភាពខុសឆ្គង រួចលែងវាឲ្យទៅតំបន់ស្ងាត់ជ្រងំ។+
១១ «អេរ៉ុនត្រូវនាំយកគោស្ទាវជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់គាត់ ដើម្បីជម្រះភាពខុសឆ្គងសម្រាប់ខ្លួនគាត់និងក្រុមគ្រួសារគាត់។* ក្រោយនោះ គាត់ត្រូវសម្លាប់គោនោះជូនជាគ្រឿងបូជា។+
១២ «បន្ទាប់មក គាត់ត្រូវកាន់ប្រដាប់ដាក់រងើកភ្លើង+ ហើយយករងើកភ្លើងពីទីបូជា+របស់ព្រះយេហូវ៉ា និងម្សៅក្រអូបម៉ដ្ឋពីរក្ដាប់+ រួចចូលទៅក្នុងបន្ទប់បរិសុទ្ធបំផុតក្រោយវាំងនន។+ ១៣ គាត់ត្រូវរោយម្សៅក្រអូបនោះនៅលើរងើកភ្លើង នៅចំពោះព្រះយេហូវ៉ា+ ហើយផ្សែងពីម្សៅក្រអូបនោះនឹងហុយទៅលើគម្របហឹប+នៃកិច្ចព្រមព្រៀង។+ យ៉ាងនោះ គាត់នឹងមិនត្រូវស្លាប់ទេ។
១៤ «គាត់ត្រូវយកឈាមខ្លះរបស់គោស្ទាវនោះចូល+ ហើយជ្រលក់ចុងម្រាមដៃទៅក្នុងឈាមនោះ រួចសម្រក់៧ដងនៅមុខគម្របហឹបនៃកិច្ចព្រមព្រៀង គឺនៅខាងកើតហឹបនោះ។+
១៥ «បន្ទាប់មក គាត់ត្រូវសម្លាប់ពពែជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់បណ្ដាជន+ ហើយយកឈាមវាចូលទៅក្នុងបន្ទប់បរិសុទ្ធបំផុត+ រួចសម្រក់នៅមុខគម្របហឹបនៃកិច្ចព្រមព្រៀង ដូចគាត់សម្រក់ឈាមគោស្ទាវដែរ។+
១៦ «គាត់ត្រូវជម្រះកន្លែងបរិសុទ្ធឲ្យស្អាតពីអំពើរំលង ពីអំពើខុសឆ្គង និងពីភាពមិនស្អាតបរិសុទ្ធរបស់បណ្ដាជនអ៊ីស្រាអែល។+ គាត់ត្រូវធ្វើដូច្នេះ ព្រោះត្រសាលជំនុំនៅកណ្ដាលបណ្ដាជនអ៊ីស្រាអែល ដែលជាអ្នកប្រព្រឹត្តមិនស្អាតបរិសុទ្ធ។
១៧ «ក្នុងពេលដែលគាត់ចូលទៅក្នុងត្រសាលជំនុំដើម្បីជម្រះភាពខុសឆ្គង នោះមិនត្រូវឲ្យអ្នកណាម្នាក់ចូលទៅក្នុងនោះជាដាច់ខាត ទាល់តែគាត់ចេញមកវិញសិន។ គាត់ត្រូវជម្រះភាពខុសឆ្គងឲ្យខ្លួនគាត់ ក្រុមគ្រួសារគាត់+ និងពួកជំនុំអ៊ីស្រាអែលទាំងមូល។+
១៨ «បន្ទាប់មក គាត់ត្រូវចេញទៅឯទីបូជា+ដែលនៅចំពោះព្រះយេហូវ៉ា ហើយធ្វើឲ្យទីបូជានោះបានស្អាតបរិសុទ្ធ។ រួចគាត់ត្រូវយកឈាមខ្លះរបស់គោស្ទាវ និងឈាមខ្លះរបស់ពពែ ទៅលាបលើស្នែងទាំងបួននៃទីបូជា។ ១៩ បន្ទាប់ពីនោះ គាត់ត្រូវជ្រលក់ចុងម្រាមដៃទៅក្នុងឈាមនោះ រួចប្រោះ៧ដងទៅលើទីបូជា ដើម្បីញែកទីបូជាឲ្យបានបរិសុទ្ធ ពីការប្រព្រឹត្តមិនស្អាតបរិសុទ្ធរបស់បណ្ដាជនអ៊ីស្រាអែល។
២០ «ក្រោយពីគាត់បានញែកកន្លែងបរិសុទ្ធ ត្រសាលជំនុំ និងទីបូជាឲ្យស្អាតបរិសុទ្ធហើយ+ គាត់ក៏ត្រូវនាំយកពពែមួយទៀតដែលនៅរស់ ចូលមកដែរ។+ ២១ អេរ៉ុនត្រូវដាក់ដៃទាំងពីរលើក្បាលពពែនោះ ហើយសារភាពទោសកំហុស អំពើរំលង និងអំពើខុសឆ្គងរបស់បណ្ដាជន។ នេះប្រៀបដូចជាទោសកំហុសទាំងនោះធ្លាក់ទៅលើពពែវិញ។+ រួចគាត់ចាត់បុរសម្នាក់ដែលបានត្រូវជ្រើសរើស ឲ្យដឹកវាទៅក្នុងតំបន់ស្ងាត់ជ្រងំ។ ២២ បន្ទាប់មក បុរសនោះលែងពពែនៅក្នុងតំបន់ស្ងាត់ជ្រងំ ហើយវានឹងនាំយកទោសកំហុសទាំងអស់របស់បណ្ដាជនទៅជាមួយដែរ។+
២៣ «ក្រោយមក អេរ៉ុនត្រូវចូលក្នុងត្រសាលជំនុំ រួចដោះសម្លៀកបំពាក់ក្រណាត់សាច់ល្អទុកនៅទីនោះ គឺសម្លៀកបំពាក់ដែលគាត់បានពាក់ចូលក្នុងបន្ទប់បរិសុទ្ធបំផុត។ ២៤ បន្ទាប់មក គាត់ត្រូវងូតទឹកសម្អាតខ្លួន+នៅកន្លែងបរិសុទ្ធ ហើយស្លៀកសម្លៀកបំពាក់សម្ដេចសង្ឃវិញ+ រួចគាត់ត្រូវទៅជូនគ្រឿងបូជាដុតរបស់គាត់+ និងគ្រឿងបូជាដុតរបស់បណ្ដាជន។+ បន្ទាប់ពីនោះ គាត់ជម្រះភាពខុសឆ្គងឲ្យខ្លួនគាត់និងបណ្ដាជន។+ ២៥ ពេលនោះ គាត់ត្រូវដុតខ្លាញ់នៃគ្រឿងបូជាសម្រាប់អំពើខុសឆ្គង នៅលើទីបូជាឲ្យផ្សែងហុយឡើង។
២៦ «ឯបុរសដែលដឹកពពែអាសេសែលវិញ+ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹកសម្អាតខ្លួន។ រួចគាត់អាចចូលក្នុងជំរំវិញបាន។
២៧ «រីឯគោនិងពពែជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង នោះត្រូវយកវាចេញទៅខាងក្រៅជំរំ ដុតចោលទាំងសាច់ ទាំងស្បែក ទាំងលាមក។ ត្រូវធ្វើដូច្នេះ ក្រោយពីសង្ឃយកឈាមវាទៅសម្រក់ក្នុងបន្ទប់បរិសុទ្ធបំផុតដើម្បីជម្រះភាពខុសឆ្គង។+ ២៨ ចំពោះអ្នកដុតវិញ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹកសម្អាតខ្លួន។ រួចគាត់អាចចូលក្នុងជំរំវិញបាន។
២៩ «នេះនឹងទៅជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមជាដរាបតទៅ គឺនៅថ្ងៃទី១០ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវបង្ហាញការសោកស្ដាយ* ហើយមិនត្រូវធ្វើការអ្វីឡើយ+ ទោះជាអ្នកស្រុក ឬជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាក៏ដោយ។ ៣០ នៅថ្ងៃនោះ សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យអ្នករាល់គ្នា+ ហើយគាត់នឹងប្រកាសថាអ្នករាល់គ្នាស្អាតបរិសុទ្ធ។ យ៉ាងនោះ អ្នករាល់គ្នានឹងបានស្អាតបរិសុទ្ធពីអំពើខុសឆ្គងរបស់ខ្លួននៅចំពោះព្រះយេហូវ៉ា។+ ៣១ ពេលនោះ ជាពេលដែលអ្នករាល់គ្នាត្រូវឈប់សម្រាក ហើយត្រូវបង្ហាញការសោកស្ដាយ។+ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមជាដរាបតទៅ។
៣២ «ឯសង្ឃណាដែលបានទទួលការចាក់ប្រេងតែងតាំងឲ្យបំពេញមុខងារ+ស្នងពីឪពុកគាត់+ សង្ឃនោះត្រូវធ្វើពិធីជម្រះភាពខុសឆ្គង។ គាត់ត្រូវស្លៀកសម្លៀកបំពាក់បរិសុទ្ធដែលធ្វើពីក្រណាត់សាច់ល្អ។+ ៣៣ គាត់ត្រូវធ្វើពិធីញែកកន្លែងបរិសុទ្ធ ត្រសាលជំនុំ និងទីបូជាឲ្យស្អាតបរិសុទ្ធ+ ហើយគាត់ត្រូវជម្រះភាពខុសឆ្គងឲ្យសង្ឃឯទៀត និងឲ្យបណ្ដាជនទាំងអស់។+ ៣៤ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមជាដរាបតទៅ+ ដើម្បីជម្រះភាពខុសឆ្គងឲ្យបណ្ដាជនអ៊ីស្រាអែលជារៀងរាល់ឆ្នាំ»។+
ដូច្នេះ អេរ៉ុនបានធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។