ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ
៦ កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយ+ស្របតាមបំណងប្រាថ្នារបស់លោកម្ចាស់ ព្រោះធ្វើដូច្នេះគឺសុចរិត។ ២ «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»+ នេះជាបញ្ញត្ដិទី១ដែលមានសេចក្ដីសន្យាជាប់ជាមួយ៖ ៣ «ដើម្បីឲ្យអ្នកបានសេចក្ដីសុខ* និងមានជីវិតយូរអង្វែងនៅផែនដី»។ ៤ ចំណែកអ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង+ តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅ+និងការណែនាំ*របស់ព្រះយេហូវ៉ា។*+
៥ ឯអ្នករាល់គ្នាដែលជាខ្ញុំបម្រើ ចូរស្ដាប់បង្គាប់យ៉ាងស្មោះចំពោះម្ចាស់ជាមនុស្ស+ ដោយគោរពកោតខ្លាច ដូចដែលស្ដាប់បង្គាប់គ្រិស្ត ៦ មិនគ្រាន់តែស្ដាប់ពេលដែលគេឃើញ ដើម្បីផ្គាប់ចិត្តមនុស្សប៉ុណ្ណោះទេ+ ប៉ុន្តែស្ដាប់ដូចខ្ញុំបម្រើរបស់គ្រិស្ត ដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយ៉ាងស្មោះអស់ពីចិត្ត។+ ៧ ចូរធ្វើជាខ្ញុំបម្រើដែលមានចិត្តគំនិតល្អ ដូចកំពុងបម្រើព្រះយេហូវ៉ា*+ មិនមែនបម្រើមនុស្សទេ ៨ ព្រោះអ្នករាល់គ្នាដឹងថា មនុស្សម្នាក់ៗនឹងទទួលរង្វាន់ពីព្រះយេហូវ៉ា*ចំពោះអំពើល្អណាក៏ដោយដែលគាត់ធ្វើ+ ទោះជាគាត់ជាខ្ញុំបម្រើ ឬជាអ្នកមានសេរីភាពក៏ដោយ។ ៩ ឯអ្នករាល់គ្នាដែលជាម្ចាស់ ចូរបន្តប្រព្រឹត្តចំពោះខ្ញុំបម្រើដូច្នោះដែរ ដោយមិនគំរាមកំហែង ព្រោះអ្នករាល់គ្នាដឹងថាទាំងពួកគេទាំងអ្នករាល់គ្នា មានម្ចាស់តែមួយដែលស្ថិតនៅស្ថានសួគ៌+ ហើយលោកមិនរើសមុខទេ។
១០ ក្រោយបង្អស់ ចូរអ្នករាល់គ្នាបន្តទទួលកម្លាំង+ពីលោកម្ចាស់ ព្រោះឫទ្ធានុភាពរបស់លោកគឺខ្លាំងក្លា។ ១១ ចូរពាក់គ្រប់គ្រឿងចម្បាំង+ពីព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់ជំហរមាំមួនក្នុងការប្រឈមមុខនឹងកលល្បិចទាំងប៉ុន្មានរបស់មេកំណាច* ១២ ពីព្រោះយើងមានការប្រយុទ្ធ+ មិនមែនប្រយុទ្ធនឹងមនុស្ស*ទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ និងពួកវិញ្ញាណទុច្ចរិត+នៅស្ថានសួគ៌។ ១៣ ហេតុនេះ ចូរទទួលយកគ្រប់គ្រឿងចម្បាំងពីព្រះ+ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់នៅថ្ងៃទុច្ចរិត ហើយក្រោយពីអ្នករាល់គ្នាបានសម្រេចការទាំងអស់ នោះអ្នករាល់គ្នាអាចកាន់ជំហរមាំមួនបាន។
១៤ ដូច្នេះ ចូរកាន់ជំហរមាំមួនដោយយកសេចក្ដីពិតមកក្រវាត់ចង្កេះ+ ហើយពាក់សេចក្ដីសុចរិតជាអាវការពារដើមទ្រូង+ ១៥ ថែមទាំងប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្តទុកជាស្បែកជើង។+ ១៦ សំខាន់បំផុត ចូរទទួលយកជំនឿទុកជាខែលធំ+ ដែលអ្នកអាចប្រើដើម្បីពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច។+ ១៧ ម្យ៉ាងទៀត ចូរទទួលយកសេចក្ដីសង្គ្រោះទុកជាមួកការពារក្បាល+ ហើយទទួលយកឫទ្ធានុភាព ពោលគឺបណ្ដាំរបស់ព្រះ ទុកជាដាវ។+ ១៨ នៅដំណាលគ្នានោះ ចូរបន្តអធិដ្ឋាននៅគ្រប់ឱកាសស្របតាមឫទ្ធានុភាពរបស់ព្រះ+ ដោយប្រើសេចក្ដីអធិដ្ឋានគ្រប់ប្រភេទ+និងការអង្វរសុំគ្រប់យ៉ាង។ ដើម្បីធ្វើដូច្នេះ ចូរចាំយាមជានិច្ចដោយអង្វរព្រះដើម្បីពួកអ្នកបរិសុទ្ធទាំងឡាយ។ ១៩ ចូរអធិដ្ឋានឲ្យខ្ញុំផង ដើម្បីខ្ញុំអាចផ្សព្វផ្សាយដោយក្លាហានអំពីអាថ៌កំបាំងដ៏ពិសិដ្ឋនៃដំណឹងល្អ។+ ២០ ខ្ញុំជាទូត+ដែលជាប់ច្រវាក់ ដោយសារដំណឹងល្អ។ ដូច្នេះ ចូរអធិដ្ឋានដើម្បីឲ្យខ្ញុំមានចិត្តអង់អាចក្នុងការនិយាយអំពីដំណឹងល្អ ដូចដែលខ្ញុំគួរនិយាយ។
២១ ទីឃីកុស+ដែលជាបងប្អូនជាទីស្រឡាញ់និងជាអ្នកបម្រើដ៏ស្មោះត្រង់ក្នុងលោកម្ចាស់ គាត់នឹងប្រាប់អ្វីៗទាំងអស់ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីស្ថានភាពរបស់ខ្ញុំ និងអ្វីដែលខ្ញុំកំពុងធ្វើ។+ ២២ ខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នករាល់គ្នាសម្រាប់ការនោះឯង ដើម្បីឲ្យអ្នករាល់គ្នាមានដំណឹងអំពីយើង ហើយដើម្បីឲ្យគាត់សម្រាលទុក្ខអ្នករាល់គ្នា។
២៣ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខសាន្តនិងសេចក្ដីស្រឡាញ់ជាមួយនឹងជំនឿពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។ ២៤ សូមឲ្យគុណដ៏វិសេសលើសលប់នៅជាមួយនឹងអស់អ្នកដែលស្រឡាញ់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដោយមិនរសាយចិត្ត។