ជំរឿនបណ្ដាជន
១៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលដូចតទៅ៖ ‹ពេលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យ+ ៣ ហើយអ្នករាល់គ្នាចង់យកសត្វពីហ្វូងគោ ឬហ្វូងចៀម មកដុតជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ដើម្បីជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា*+ ទោះជាគ្រឿងបូជាដុត+ គ្រឿងបូជាលាសម្បថពិសេសណាមួយ គ្រឿងបូជាស្ម័គ្រពីចិត្ត+ ឬគ្រឿងបូជាក្នុងពិធីបុណ្យផ្សេងៗក្ដី+ ៤ នោះត្រូវជូនដល់ព្រះយេហូវ៉ានូវគ្រឿងបូជាពីស្រូវជាមួយដែរ គឺម្សៅម៉ដ្ឋ+១ភាគ១០អេហ្វា*លាយនឹងប្រេង១ភាគ៤ហ៊ីន។* ៥ ពេលជូនគ្រឿងបូជាដុត ឬពេលជូនកូនចៀមឈ្មោលជាគ្រឿងបូជា អ្នករាល់គ្នាក៏ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៤ហ៊ីនជាគ្រឿងបូជាដែរ។+ ៦ ពេលជូនចៀមឈ្មោលជាគ្រឿងបូជា អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាពីស្រូវជាមួយដែរ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយនឹងប្រេង១ភាគ៣ហ៊ីន។ ៧ អ្នករាល់គ្នាក៏ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៣ហ៊ីនជាគ្រឿងបូជាដែរ ដើម្បីដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។
៨ «‹បើអ្នករាល់គ្នាយកគោឈ្មោលមកជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ទោះជាគ្រឿងបូជាដុត+ ឬគ្រឿងបូជាលាសម្បថពិសេសណាមួយ+ ឬគ្រឿងបូជានៃមេត្រីភាពក្ដី+ ៩ នោះត្រូវជូនគ្រឿងបូជាពីស្រូវជាមួយនឹងគោឈ្មោលនោះដែរ+ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយនឹងប្រេងកន្លះហ៊ីន។ ១០ អ្នករាល់គ្នាក៏ត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីនជាគ្រឿងបូជាដែរ+ ដើម្បីដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។ ១១ រាល់ដងដែលអ្នករាល់គ្នាជូនគោឈ្មោល ចៀមឈ្មោល កូនចៀមឈ្មោល ឬពពែ អ្នករាល់គ្នាក៏ត្រូវជូនអ្វីៗទាំងនេះដែរ។ ១២ បើជូនសត្វចំនួនច្រើនប៉ុនណា គ្រឿងបូជាដែលត្រូវជូនជាមួយសត្វទាំងនោះ ក៏ត្រូវកើនឡើងតាមនោះដែរ។ ១៣ នេះជារបៀបដែលបណ្ដាជនអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុកត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ដើម្បីទុកជាក្លិនឈ្ងុយជូនលោក។
១៤ «‹បើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ឬបើអ្នកណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់ច្រើនជំនាន់ ចង់ជូនគ្រឿងបូជាដុតជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា ពួកគេក៏ត្រូវធ្វើដូចអ្នករាល់គ្នាដែរ។+ ១៥ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ដូចគ្នា ទាំងជនបរទេស ទាំងពួកជំនុំអ៊ីស្រាអែល។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តទៅ ព្រោះចំពោះព្រះយេហូវ៉ា ជនបរទេសក៏ដូចអ្នករាល់គ្នាដែរ។+ ១៦ អ្នករាល់គ្នានិងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ត្រូវអនុវត្តច្បាប់ដូចគ្នា និងធ្វើតាមការវិនិច្ឆ័យក្ដីតែមួយ›»។
១៧ ព្រះយេហូវ៉ាមានប្រសាសន៍បន្តទៅម៉ូសេថា៖ ១៨ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យ ១៩ ហើយបានបរិភោគភោគផលពីស្រុកនោះ+ អ្នករាល់គ្នាត្រូវយកអំណោយមកជូនព្រះយេហូវ៉ា។ ២០ អ្នករាល់គ្នាត្រូវយកម្សៅពីផលដំបូង+មកធ្វើជានំកងជូនលោក។ នេះដូចជាគ្រឿងបូជាដែលគេយកមកជូនពីទីលានបញ្ជាន់ស្រូវ។ ២១ អ្នករាល់គ្នាត្រូវយកម្សៅខ្លះពីផលដំបូងមកជូនជាអំណោយដល់ព្រះយេហូវ៉ានៅគ្រប់ជំនាន់តរៀងទៅ។
២២ «‹ក្នុងករណីអ្នករាល់គ្នាធ្វើខុស ហើយមិនបានកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ ២៣ និងបង្គាប់ដែលព្រះយេហូវ៉ាបានប្រាប់ដល់ម៉ូសេ តាំងពីថ្ងៃដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នារហូតដល់ជំនាន់ក្រោយៗ ២៤ ហើយបើអ្នករាល់គ្នាបានធ្វើខុសដោយអចេតនា ហើយពួកជំនុំមិនបានដឹងទេ នោះពួកជំនុំទាំងមូលត្រូវជូនគោស្ទាវមួយជាគ្រឿងបូជាដុតជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា ព្រមជាមួយគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាតាមការណែនាំស្ដីអំពីគ្រឿងបូជានោះ+ ថែមទាំងជូនពពែស្ទាវមួយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ។+ ២៥ សង្ឃនឹងធ្វើឲ្យពួកជំនុំទាំងមូលជ្រះស្អាតពីភាពខុសឆ្គង ដើម្បីឲ្យពួកគេទទួលការអភ័យទោស+ ព្រោះពួកគេបានធ្វើខុសដោយអចេតនា ហើយក៏បានជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា និងគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនៅចំពោះព្រះយេហូវ៉ាហើយដែរ។ ២៦ យ៉ាងនេះ ពួកជំនុំអ៊ីស្រាអែលទាំងមូលនិងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ នឹងទទួលការអភ័យទោសចំពោះកំហុសដែលពួកគេបានធ្វើដោយមិនដឹងខ្លួន។
២៧ «‹បើអ្នកណាម្នាក់បានធ្វើខុសដោយអចេតនា គាត់ត្រូវជូនពពែញីអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៨ បន្ទាប់មក សង្ឃនឹងធ្វើឲ្យគាត់ជ្រះស្អាតពីភាពខុសឆ្គងនៅចំពោះព្រះយេហូវ៉ា ហើយគាត់នឹងទទួលការអភ័យទោសចំពោះកំហុសដែលគាត់បានធ្វើដោយអចេតនា។+ ២៩ ចំពោះជនជាតិអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុក និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ ត្រូវអនុវត្តច្បាប់ដូចគ្នាស្ដីអំពីការធ្វើខុសដោយអចេតនា។+
៣០ «‹ប៉ុន្តែ បើបុគ្គលម្នាក់ធ្វើខុសដោយចេតនា+ ទោះបីគាត់ជាជនជាតិអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុកឬជនបរទេសក្ដី អ្នកនោះបានប្រមាថព្រះយេហូវ៉ាហើយ គាត់នឹងត្រូវកាត់ចេញ*ពីចំណោមជនរួមជាតិរបស់ខ្លួន។ ៣១ ព្រោះគាត់បានមើលងាយប្រសាសន៍របស់ព្រះយេហូវ៉ា ហើយបានបំពានបញ្ញត្តិរបស់លោក គាត់នឹងត្រូវកាត់ចេញជាមិនខាន។+ គាត់ត្រូវទទួលទោសចំពោះកំហុសរបស់ខ្លួន›»។+
៣២ កាលដែលបណ្ដាជនអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ គេបានឃើញបុរសម្នាក់កំពុងរើសអុសនៅថ្ងៃឈប់សម្រាក។+ ៣៣ ដូច្នេះ គេក៏បាននាំគាត់ទៅជួបម៉ូសេ អេរ៉ុន និងពួកជំនុំទាំងមូល។ ៣៤ បន្ទាប់មក គេបានយកគាត់ទៅឃុំ+ ព្រោះមិនទាន់ដឹងច្បាស់ថាត្រូវធ្វើយ៉ាងណាចំពោះគាត់ទេ។
៣៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ត្រូវសម្លាប់បុរសនោះចោល+ គឺត្រូវឲ្យពួកជំនុំទាំងមូលគប់ដុំថ្មសម្លាប់គាត់នៅក្រៅជំរំ»។+ ៣៦ ដូច្នេះ ពួកជំនុំទាំងមូលបាននាំគាត់ទៅក្រៅជំរំ រួចគប់ដុំថ្មសម្លាប់គាត់ទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៣៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថែមទៀតថា៖ ៣៨ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេធ្វើរំយោលនៅជាយអាវផាយរបស់ពួកគេនៅគ្រប់ជំនាន់តរៀងទៅ ហើយក៏ត្រូវដេរខ្សែពណ៌ខៀវនៅលើរំយោលជាយអាវរបស់ខ្លួនដែរ។+ ៣៩ ‹អ្នករាល់គ្នាត្រូវធ្វើរំយោលនៅជាយអាវ កាលណាអ្នករាល់គ្នាមើលរំយោលនោះ អ្នករាល់គ្នានឹងនឹកឃើញបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ហើយធ្វើតាមបញ្ញត្តិទាំងនោះ។+ អ្នករាល់គ្នាមិនត្រូវបណ្ដោយតាមភ្នែកនិងចិត្តរបស់ខ្លួនឡើយ ព្រោះវាកំពុងនាំឲ្យអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះ។*+ ៤០ បង្គាប់នេះនឹងជួយឲ្យអ្នករាល់គ្នាចងចាំបញ្ញត្តិទាំងប៉ុន្មានរបស់ខ្ញុំ ហើយកាន់តាមផង ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធនៅចំពោះព្រះរបស់ខ្លួន។+ ៤១ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំនេះហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ដើម្បីបង្ហាញថាខ្ញុំជាព្រះនៃអ្នករាល់គ្នា។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។+