ដំណើរចាកចេញ
២៩ «អ្នកត្រូវញែកអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាបរិសុទ្ធ ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ។ អ្នកត្រូវធ្វើដូចតទៅ៖ ត្រូវយកគោស្ទាវមួយ ចៀមឈ្មោលពីរដែលល្អឥតខ្ចោះ+ ២ នំប៉័ង និងនំកងលាយប្រេង ព្រមទាំងនំស្រួយលាបដោយប្រេង។+ នំទាំងនេះត្រូវធ្វើពីម្សៅស្រូវសាលីដែលម៉ដ្ឋ ហើយមិនត្រូវដាក់ដំបែឡើយ។ ៣ អ្នកត្រូវដាក់នំទាំងនេះក្នុងកញ្ជើ ហើយយកមកជូនខ្ញុំ+ ព្រមជាមួយនឹងគោស្ទាវ និងចៀមឈ្មោលទាំងពីរ។
៤ «អ្នកត្រូវនាំអេរ៉ុននិងកូនប្រុសៗរបស់គាត់មកឯច្រកចូលត្រសាលជំនុំ+ ហើយលាងជម្រះកាយពួកគាត់។*+ ៥ បន្ទាប់មក អ្នកត្រូវយកសម្លៀកបំពាក់+មកបំពាក់ឲ្យអេរ៉ុន គឺអាវវែង អាវអត់ដៃ អាវអេផូឌ និងប្រដាប់បាំងទ្រូង។ រួចអ្នកត្រូវយកខ្សែក្រវាត់អេផូឌ មកក្រវាត់ចង្កេះគាត់។+ ៦ អ្នកត្រូវបំពាក់ឈ្នួតលើក្បាលគាត់ ហើយយកស្លាកសញ្ញាបរិសុទ្ធ*មកចងលើឈ្នួតក្បាលនោះ។+ ៧ រួចមក អ្នកត្រូវយកប្រេងបរិសុទ្ធ*+មកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់។+
៨ «អ្នកត្រូវនាំកូនប្រុសៗរបស់អេរ៉ុនចូលមក ហើយបំពាក់អាវវែងឲ្យពួកគាត់។+ ៩ អ្នកត្រូវយកខ្សែសម្រាប់ក្រវាត់ចង្កេះមកចងឲ្យអេរ៉ុននិងកូនប្រុសៗគាត់។ រួចត្រូវយកមួកមកបំពាក់ឲ្យពួកគាត់។ ពួកគាត់នឹងបម្រើជាសង្ឃ ហើយនេះជាច្បាប់ជារៀងរហូតតទៅ។+ អ្នកត្រូវធ្វើដូច្នេះដើម្បីតែងតាំងអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាសង្ឃដើម្បីបម្រើដល់ខ្ញុំ។+
១០ «អ្នកត្រូវនាំគោឈ្មោលមកខាងមុខត្រសាលជំនុំ ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ១១ រួចត្រូវសម្លាប់គោនោះនៅចំពោះព្រះយេហូវ៉ា ត្រង់ច្រកចូលត្រសាលជំនុំ។+ ១២ អ្នកត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ រួចយកទៅលាបលើស្នែងទីបូជា។+ ឯឈាមដែលនៅសល់ ត្រូវចាក់នៅជើងទីបូជា។+ ១៣ អ្នកត្រូវយកខ្លាញ់+ដែលនៅជាប់នឹងពោះវៀន ជាប់នឹងថ្លើម ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់ដែលរុំជុំវិញ មកដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។+ ១៤ ប៉ុន្តែ អ្នកត្រូវយកសាច់គោនោះ ស្បែកនិងលាមកវា ទៅដុតនៅខាងក្រៅជំរំអ្នករាល់គ្នា។ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១៥ «បន្ទាប់មក អ្នកត្រូវនាំចៀមឈ្មោលមួយក្បាលមក ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ១៦ រួចត្រូវសម្លាប់ចៀមនោះ ហើយយកឈាមវាទៅប្រោះនៅជុំវិញទីបូជា។+ ១៧ បន្ទាប់មក ត្រូវកាប់សាច់ចៀមជាដុំៗ ហើយលាងសម្អាតពោះវៀន+និងភ្លៅវា រួចយកទៅតម្រៀបគ្នាជាមួយនឹងក្បាល។ ១៨ អ្នកត្រូវដុតចៀមនោះទាំងមូលនៅលើទីបូជាឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*+
១៩ «បន្ទាប់នោះ អ្នកត្រូវនាំចៀមឈ្មោលមួយក្បាលទៀតមក ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ២០ រួចត្រូវសម្លាប់ចៀមនោះ ហើយយកឈាមវាទៅលាបទងត្រចៀកស្ដាំរបស់អេរ៉ុននិងកូនប្រុសៗគាត់ ព្រមទាំងលាបលើមេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគាត់ដែរ។ រួចយកឈាមនោះទៅប្រោះនៅជុំវិញទីបូជា។ ២១ អ្នកត្រូវយកឈាមដែលនៅលើទីបូជានិងប្រេងសម្រាប់ចាក់តែងតាំង+ ទៅប្រោះលើអេរ៉ុននិងកូនប្រុសៗគាត់ ថែមទាំងលើសម្លៀកបំពាក់របស់ពួកគាត់ផងដែរ។ យ៉ាងនេះ ពួកគាត់និងសម្លៀកបំពាក់របស់ពួកគាត់នឹងបានទៅជាបរិសុទ្ធ។+
២២ «រួចមក អ្នកត្រូវយកខ្លាញ់ចៀមនោះ គឺខ្លាញ់ជាប់នឹងកន្ទុយ ជាប់នឹងពោះវៀន ជាប់នឹងថ្លើម រួមទាំងតម្រងនោមទាំងពីរនិងខ្លាញ់ដែលរុំជុំវិញ+ ព្រមទាំងយកភ្លៅខាងស្ដាំផងដែរ។ នេះជាចៀមសម្រាប់ការតែងតាំងពួកគាត់ជាសង្ឃ។+ ២៣ រីឯនំប៉័ង នំកងលាយប្រេង និងនំស្រួយលាបប្រេងដែលឥតដំបែ អ្នកត្រូវយកចេញពីកញ្ជើមួយមុខមួយៗនៅចំពោះព្រះយេហូវ៉ា។ ២៤ អ្នកត្រូវយករបស់ទាំងនេះ ទៅប្រគល់ឲ្យអេរ៉ុននិងកូនប្រុសៗគាត់ ហើយលើករេទៅរេមកនៅចំពោះព្រះយេហូវ៉ា។ នេះហើយជាគ្រឿងបូជាសម្រាប់លើកចុះឡើងជូនលោក។ ២៥ រួចមក អ្នកត្រូវទទួលរបស់ទាំងនោះពីដៃពួកគាត់វិញ ហើយយកទៅដុតនៅទីបូជាពីលើគ្រឿងបូជាដុតពីមុន ដើម្បីឲ្យមានក្លិនឈ្ងុយនៅចំពោះព្រះយេហូវ៉ា។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា។
២៦ «ឯសាច់ទ្រូងនៃចៀមដែលបានត្រូវជូនជាគ្រឿងបូជាសម្រាប់ការតែងតាំង+អេរ៉ុនជាសង្ឃ នោះអ្នកត្រូវលើករេទៅរេមកជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។ សាច់នោះនឹងបានជាចំណែករបស់អ្នក។ ២៧ ដូច្នេះ សាច់ទ្រូងនិងសាច់ភ្លៅនៃគ្រឿងបូជាសម្រាប់លើកចុះឡើង ដែលមកពីចៀមនៃគ្រឿងបូជាសម្រាប់ការតែងតាំង+អេរ៉ុននិងកូនប្រុសៗគាត់ជាសង្ឃ អ្នកត្រូវញែកសាច់ពីរផ្នែកនេះទុកជាចំណែកពិសិដ្ឋ។ ២៨ កាលណាបណ្ដាជនអ៊ីស្រាអែលយកសត្វមកជូនជាគ្រឿងបូជានៃមេត្រីភាព ពួកគេត្រូវជូនចំណែកពិសិដ្ឋនេះដល់ព្រះយេហូវ៉ា។+ ចំណែកពិសិដ្ឋនេះនឹងទៅជារបស់អេរ៉ុននិងកូនប្រុសៗគាត់ដែលជាសង្ឃ។ នេះជាច្បាប់ដែលបណ្ដាជនអ៊ីស្រាអែលត្រូវកាន់តាមជាដរាបតទៅ។+
២៩ «សម្លៀកបំពាក់បរិសុទ្ធ+របស់អេរ៉ុននឹងត្រូវបំពាក់ឲ្យកូនចៅគាត់+ នៅពេលដែលពួកគេទទួលការតែងតាំងជាសង្ឃ។ ៣០ ដូច្នេះ ក្នុងចំណោមកូនចៅរបស់អេរ៉ុន អ្នកដែលទទួលតំណែងបន្ទាប់ពីគាត់ និងជាអ្នកដែលមានភារកិច្ចចូលទៅក្នុងត្រសាលជំនុំ ដើម្បីបម្រើនៅកន្លែងបរិសុទ្ធ អ្នកនោះត្រូវពាក់សម្លៀកបំពាក់នោះក្នុងរយៈពេល៧ថ្ងៃ។+
៣១ «អ្នកត្រូវយកសាច់ចៀមសម្រាប់ការតែងតាំងនោះទៅស្ងោរនៅកន្លែងបរិសុទ្ធ។+ ៣២ អេរ៉ុននិងកូនប្រុសៗរបស់គាត់ត្រូវបរិភោគ+សាច់ចៀមនោះជាមួយនឹងនំប៉័ងក្នុងកញ្ជើ នៅត្រង់ច្រកចូលត្រសាលជំនុំ។ ៣៣ ពួកគាត់ត្រូវបរិភោគសាច់ចៀមនោះ ជាសាច់ដែលបានត្រូវជូនសម្រាប់ការតែងតាំងពួកគាត់ជាសង្ឃ ដើម្បីជម្រះភាពខុសឆ្គងរបស់ពួកគាត់ ហើយដើម្បីញែកពួកគាត់ជាបរិសុទ្ធ។ ប៉ុន្តែ អ្នកឯទៀតដែលមិនមានភារកិច្ចជាសង្ឃ មិនអាចបរិភោគបានទេ ព្រោះសាច់នោះជាអ្វីដែលបរិសុទ្ធ។+ ៣៤ បើសាច់ចៀមដែលជាគ្រឿងបូជាសម្រាប់ការតែងតាំង និងនំប៉័ង មាននៅសល់រហូតដល់ព្រឹក អ្នកត្រូវដុតចោលទាំងអស់+ មិនត្រូវឲ្យបរិភោគឡើយ ព្រោះនោះជាអ្វីដែលបរិសុទ្ធ។
៣៥ «អ្នកត្រូវធ្វើដូច្នោះចំពោះអេរ៉ុននិងកូនប្រុសៗគាត់ តាមបង្គាប់ទាំងអស់របស់ខ្ញុំ។ អ្នកត្រូវចំណាយពេល៧ថ្ងៃ ដើម្បីធ្វើពិធីតែងតាំងពួកគាត់ជាសង្ឃ។+ ៣៦ ជារៀងរាល់ថ្ងៃ អ្នកត្រូវជូនគោមួយក្បាលជាគ្រឿងបូជាសម្រាប់ជម្រះភាពខុសឆ្គង។ អ្នកត្រូវជូនគ្រឿងបូជានោះ ដើម្បីធ្វើឲ្យទីបូជាបានបរិសុទ្ធ ហើយអ្នកត្រូវចាក់ប្រេងលើទីបូជានោះ ដើម្បីញែកជាបរិសុទ្ធ។+ ៣៧ អ្នកត្រូវចំណាយពេល៧ថ្ងៃ ដើម្បីធ្វើឲ្យទីបូជាបានបរិសុទ្ធ។ អ្នកត្រូវញែកទីបូជានោះឲ្យទៅជាទីបូជាបរិសុទ្ធបំផុត+ ហើយអ្នកណាដែលបម្រើនៅទីបូជានោះត្រូវតែបរិសុទ្ធ។
៣៨ «នៅលើទីបូជានោះ អ្នកត្រូវជូនជាប្រចាំដូចតទៅ៖ ចៀមឈ្មោលអាយុមួយខួបពីរក្បាលជារៀងរាល់ថ្ងៃ+ ៣៩ គឺចៀមមួយក្បាលនៅពេលព្រឹក និងចៀមមួយក្បាលទៀតនៅពេលល្ងាច។+ ៤០ ពេលជូនចៀមនៅពេលព្រឹក អ្នកត្រូវជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា* លាយនឹងប្រេងអូលីវសុទ្ធ១ភាគ៤ហ៊ីន* ព្រមទាំងជូនគ្រឿងបូជាជាស្រា១ភាគ៤ហ៊ីន។ ៤១ ពេលជូនចៀមនៅពេលល្ងាច* អ្នកក៏ត្រូវជូនម្សៅនិងគ្រឿងបូជាជាស្រាដូចនៅពេលព្រឹកដែរ។ អ្នកត្រូវដុតរបស់ទាំងនេះទុកជាគ្រឿងបូជាដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។ ៤២ គ្រឿងបូជាដុតនេះនឹងត្រូវជូនព្រះយេហូវ៉ាជាប្រចាំគ្រប់ជំនាន់តរៀងទៅ នៅឯមាត់ច្រកត្រសាលជំនុំ ជាកន្លែងដែលខ្ញុំនឹងលេចមកនិយាយជាមួយអ្នក។+
៤៣ «នៅទីនោះ ខ្ញុំនឹងលេចមកជួបបណ្ដាជនអ៊ីស្រាអែល ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់ខ្ញុំ។+ ៤៤ ខ្ញុំនឹងធ្វើឲ្យត្រសាលជំនុំនិងទីបូជាបានបរិសុទ្ធ ហើយខ្ញុំនឹងញែកអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាបរិសុទ្ធ+ ដើម្បីឲ្យពួកគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។ ៤៥ ខ្ញុំនឹងនៅក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ។+ ៤៦ ពួកគេនឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ាជាព្រះរបស់ពួកគេ ដែលបានរំដោះពួកគេចេញពីស្រុកអេហ្ស៊ីប។ ខ្ញុំបានធ្វើដូច្នោះ ដើម្បីខ្ញុំអាចនៅក្នុងចំណោមពួកគេ។+ ខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ។