អេសាយ
៦៤ ឱបើលោកហែកមេឃ ហើយចុះមក
ដើម្បីឲ្យភ្នំទាំងឡាយញាប់ញ័រនៅចំពោះលោក
២ ពេលនោះ ប្រៀបដូចជាភ្លើងឆេះគុម្ពោតព្រៃ
ហើយធ្វើឲ្យទឹកពុះខ្ជោលឡើង
នោះនាមរបស់លោកនឹងល្បីរន្ទឺទៅដល់ពួកសត្រូវរបស់លោក
ហើយប្រជាជាតិនានានឹងញាប់ញ័រនៅចំពោះលោក!
៣ ពេលលោកបានចុះមកធ្វើការអស្ចារ្យដ៏គួរឲ្យស្ញប់ស្ញែងដែលយើងមិនហ៊ានសង្ឃឹមទុក+
នោះភ្នំទាំងឡាយបានកក្រើកញ័រនៅចំពោះលោក។+
៤ តាំងពីបុរាណមក គ្មានមនុស្សណាធ្លាប់ឮ
ឬធ្លាប់ឃើញព្រះណាទៀត ក្រៅពីលោក
ដែលបានធ្វើការអស្ចារ្យដើម្បីអស់អ្នកដែលទន្ទឹងរង់ចាំលោកឡើយ។+
៥ លោកបានទទួលស្វាគមន៍អស់អ្នកដែលធ្វើការល្អដោយអំណរ+
គឺអស់អ្នកដែលនឹកដល់លោកនិងដើរតាមមាគ៌ារបស់លោក។
រៀងរាល់ដងដែលយើងធ្វើអំពើខុសឆ្គង លោកតែងខឹងនឹងយើង+
យើងបានធ្វើដូច្នោះជាយូរមកហើយ។
យើងមិនសមនឹងទទួលការសង្គ្រោះទេ។
៦ យើងទាំងអស់គ្នាប្រៀបដូចជាមនុស្សមិនស្អាតបរិសុទ្ធ
ហើយការប្រព្រឹត្តសុចរិតទាំងអស់របស់យើងប្រៀបដូចជាក្រណាត់ទ្រាប់ឈាមរដូវ។+
យើងនឹងស្វិតស្រពោនទៅដូចជាស្លឹកឈើ
ហើយកំហុសឆ្គងរបស់យើង នឹងបក់នាំយើងយកទៅដូចជាខ្យល់។
៧ គ្មានអ្នកណាម្នាក់ហៅរកនាមលោកទេ
ហើយក៏គ្មានអ្នកណាខ្វល់អំពីការនៅជាប់នឹងលោកដែរ
ព្រោះលោកបានគេចមុខពីយើង+
ហើយលោកបានបណ្ដាលឲ្យយើងខ្សោយទៅៗព្រោះតែកំហុសឆ្គងរបស់យើង។
៨ ប៉ុន្តែឥឡូវ ឱព្រះយេហូវ៉ាអើយ! លោកហើយជាបិតារបស់យើង។+
លោកជាជាងស្មូនរបស់យើង ហើយយើងខ្ញុំជាដីឥដ្ឋ+
យើងទាំងអស់គ្នាជាស្នាដៃរបស់លោក។
៩ ឱព្រះយេហូវ៉ាអើយ! សូមកុំខឹងនឹងយើងខ្លាំងពេក+
ហើយសូមកុំចងចាំកំហុសឆ្គងរបស់យើងជាដរាបដែរ។
សូមលោកមេត្តាមើលមកយើងផង ព្រោះយើងជារាស្ត្ររបស់លោកហើយ។
១០ បណ្ដាក្រុងបរិសុទ្ធរបស់លោកបានក្លាយទៅជាតំបន់ស្ងាត់ជ្រងំ។
ក្រុងស៊ីយ៉ូនបានទៅជាទីស្ងាត់ច្រៀបគ្មានអ្នកណារស់នៅ
ហើយក្រុងយេរូសាឡិមទៅជាទីបាក់បែកអស់។+
១១ វិហារដ៏រុងរឿងបរិសុទ្ធរបស់យើង
ជាកន្លែងដែលបុព្វបុរសយើងធ្លាប់សរសើរតម្កើងលោកនោះ
បានត្រូវគេដុតបំផ្លាញចោល+
ហើយរបស់របរទាំងអស់ដែលយើងបានឲ្យតម្លៃ ក៏វិនាសខ្ទេចខ្ទីអស់ដែរ។
១២ ដូច្នេះ ឱព្រះយេហូវ៉ាអើយ! សូមលោកកុំទប់ចិត្តទៀត
សូមលោកមេត្តាកុំនៅស្ងៀម ហើយបណ្ដោយឲ្យយើងរងទុក្ខធ្ងន់ធ្ងរដូច្នេះទៀតឡើយ។+