សៀវភៅម៉ាថាយ
១០ ដូច្នេះ លោកបានហៅអ្នកកាន់តាមទាំង១២នាក់មកឯលោក រួចបានប្រគល់អំណាចឲ្យពួកគាត់ដើម្បីបណ្ដេញពួកវិញ្ញាណអសោច+ និងដើម្បីធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់យ៉ាង។
២ សាវ័ក*ទាំង១២នាក់មានឈ្មោះដូចតទៅនេះ៖+ មុនដំបូងមានស៊ីម៉ូនដែលហៅថាពេត្រុស*+ ហើយអនទ្រេ+ជាប្អូនរបស់គាត់ ក៏មានយ៉ាកុប និងយ៉ូហាន+ជាប្អូនរបស់គាត់ ហើយអ្នកទាំងពីរជាកូនរបស់សេបេដេ។ ៣ មានភីលីព បាថូឡូម៉េ*+ ថូម៉ាស់+ ម៉ាថាយ*+ដែលជាអ្នកយកពន្ធ យ៉ាកុបដែលជាកូនអាល់ផៀស និងថាដេ* ៤ ស៊ីម៉ូនកាណានៀន* និងយ៉ូដាសអ៊ីស្ការីយ៉ុត ដែលក្រោយមកបានក្បត់លោកយេស៊ូ។+
៥ លោកយេស៊ូបានចាត់អ្នកទាំង១២នាក់នេះឲ្យទៅ ដោយផ្ដល់ការណែនាំថា៖+«កុំទៅតំបន់របស់ជនជាតិដទៃ ឬចូលទៅក្នុងក្រុងរបស់ជនជាតិសាម៉ារីឡើយ។+ ៦ ប៉ុន្តែ ចូរទៅឯចៀមដែលវង្វេងបាត់ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។+ ៧ កាលដែលអ្នករាល់គ្នាធ្វើដំណើរទៅ ចូរផ្សព្វផ្សាយថា៖ ‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›។+ ៨ ចូរធ្វើឲ្យអ្នកឈឺជាសះស្បើយ+ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យអ្នកកើតជំងឺឃ្លង់ជាស្អាត ហើយបណ្ដេញវិញ្ញាណកំណាចផង។ អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ។ ៩ កុំយកមាស ប្រាក់ ឬស្ពាន់សម្រាប់ដាក់ក្នុងថង់សៀតចង្កេះ+ ១០ ឬយកថង់យាមសម្រាប់ពេលធ្វើដំណើរ ឬសម្លៀកបំពាក់ក្នុងពីរបន្លាស់ ឬស្បែកជើង ឬដំបង+ ពីព្រោះកម្មករគឺសមនឹងទទួលអាហារ។+
១១ «ពេលដែលអ្នករាល់គ្នាចូលក្នុងក្រុងឬភូមិណាមួយ ចូរស្វែងរកអ្នកណាដែលសមនឹងទទួលអ្នកជាភ្ញៀវ រួចចូរនៅជាមួយនឹងអ្នកនោះ រហូតដល់អ្នកចេញពីទីនោះ។+ ១២ ពេលដែលអ្នកចូលទៅក្នុងផ្ទះណាមួយ ចូរជម្រាបសួរអ្នកផ្ទះនោះ ហើយជូនពរឲ្យពួកគេបានប្រកបដោយសេចក្ដីសុខ។ ១៣ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខ ចូរឲ្យសេចក្ដីសុខកើតមានដល់អ្នកផ្ទះនោះ ដូចអ្នកបានជូនពរចុះ។+ ប៉ុន្តែ បើអ្នកផ្ទះនោះមិនសមនឹងទទួលទេ ចូរឲ្យសេចក្ដីសុខដែលអ្នកបានជូនពរ វិលមកឯអ្នករាល់គ្នាវិញ។ ១៤ នៅកន្លែងណាដែលមនុស្សមិនទទួលស្វាគមន៍អ្នក ឬស្ដាប់ពាក្យរបស់អ្នកទេ ចូររលាស់ធូលីដីចេញពីជើងអ្នក ពេលដែលអ្នកចេញពីផ្ទះឬក្រុងនោះ។+ ១៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅថ្ងៃវិនិច្ឆ័យក្ដី ក្រុងនោះនឹងទទួលទោសធ្ងន់ជាងក្រុងសូដុមនិងក្រុងកូម៉ូរ៉ាទៅទៀត។+
១៦ «មើល! ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យសត្វចៀមទៅកណ្ដាលហ្វូងឆ្កែចចក។ ដូច្នេះ ចូរប្រុងប្រយ័ត្នដូចសត្វពស់ តែមានចិត្តស្លូតត្រង់ដូចសត្វព្រាប។+ ១៧ ចូរប្រុងប្រយ័ត្ននឹងមនុស្ស ពីព្រោះពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ+ ក៏នឹងវាយអ្នករាល់គ្នានឹងរំពាត់ខ្សែតី+នៅក្នុងសាលាប្រជុំដែរ។+ ១៨ អ្នករាល់គ្នានឹងត្រូវគេនាំទៅឯពួកអភិបាលនិងបណ្ដាស្ដេច+ ដោយសារអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ ហើយអ្នករាល់គ្នានឹងអាចធ្វើជាសាក្សីអំពីខ្ញុំនៅចំពោះមុខពួកគេនិងជនជាតិដទៃ។+ ១៩ ក៏ប៉ុន្តែ ពេលដែលពួកគេបញ្ជូនអ្នករាល់គ្នាទៅ កុំខ្វល់ចិត្តថាអ្នកត្រូវនិយាយអ្វីឬនិយាយយ៉ាងណាឡើយ ពីព្រោះអ្នកនឹងដឹងនូវអ្វីៗដែលត្រូវនិយាយនៅវេលានោះឯង+ ២០ ព្រោះមិនមែនតែអ្នករាល់គ្នាទេដែលនិយាយ តែគឺជាឫទ្ធានុភាពនៃបិតារបស់អ្នក ដែលនិយាយតាមរយៈអ្នក។+ ២១ ម្យ៉ាងទៀត បងប្អូននឹងបញ្ជូនបងប្អូនខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងប្រឆាំងឪពុកម្ដាយ ថែមទាំងឲ្យគេសម្លាប់ទៀតផង+ ២២ ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយសារអ្នកកាន់តាមខ្ញុំ។+ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។+ ២៣ កាលណាគេបៀតបៀនអ្នកនៅក្រុងមួយ ចូររត់ទៅក្រុងមួយទៀត+ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មុនអ្នករាល់គ្នាបានទៅដល់គ្រប់ក្រុងគ្រប់ភូមិនៅស្រុកអ៊ីស្រាអែល នោះកូនមនុស្សនឹងមកដល់។
២៤ «សិស្សមិនធំជាងគ្រូឡើយ ហើយខ្ញុំបម្រើក៏មិនធំជាងម្ចាស់ដែរ។+ ២៥ បើសិស្សបានស្មើនឹងគ្រូ ហើយខ្ញុំបម្រើបានស្មើនឹងម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។+ ប្រសិនបើមនុស្សបានហៅម្ចាស់ផ្ទះថាបេលសេប៊ូល*+ នោះពួកគេប្រាកដជានឹងហៅពួកអ្នកផ្ទះគាត់លើសជាងនោះទៅទៀត! ២៦ ដូច្នេះ កុំខ្លាចពួកគេឡើយ ព្រោះគ្រប់រឿងលាក់កំបាំងនឹងត្រូវបើកឲ្យឃើញ ហើយគ្រប់រឿងសម្ងាត់នឹងត្រូវបើកឲ្យដឹង។+ ២៧ អ្វីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយក្នុងពន្លឺវិញ ហើយអ្វីដែលអ្នកឮខ្ញុំខ្សឹប ចូរយកទៅប្រកាសប្រាប់ពីលើដំបូលផ្ទះ។+ ២៨ កុំខ្លាចអស់អ្នកដែលអាចសម្លាប់រូបកាយ តែមិនអាចសម្លាប់ជីវិត*+ដែលអ្នកនឹងទទួលនៅអនាគតនោះឡើយ។ តែត្រូវខ្លាចលោកដែលអាចធ្វើឲ្យអ្នកវិនាសទៅក្នុងកេហេណា*+វិញ។ ២៩ គេលក់ចាបពូកពីរក្បាលថ្លៃមួយសេន* មែនទេ? ប៉ុន្តែ គ្មានចាបពូកណាមួយធ្លាក់ដល់ដី ដែលបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌មិនជ្រាបឡើយ។+ ៣០ សូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។ ៣១ ដូច្នេះ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត។+
៣២ «ម្ល៉ោះហើយ អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស+ ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះនៅមុខបិតារបស់ខ្ញុំដែលនៅស្ថានសួគ៌ដែរ។+ ៣៣ ប៉ុន្តែ អ្នកណាដែលមិនទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងមិនទទួលស្គាល់អ្នកនោះនៅមុខបិតារបស់ខ្ញុំដែលនៅស្ថានសួគ៌ដែរ។+ ៣៤ កុំគិតស្មានថាខ្ញុំបានមក ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ប៉ុន្តែ ខ្ញុំបានមកដើម្បីនាំឲ្យមានទំនាស់* មិនមែនដើម្បីនាំឲ្យមានសន្តិភាពទេ។+ ៣៥ ព្រោះខ្ញុំបានមកដើម្បីនាំឲ្យកូនប្រុសទាស់នឹងឪពុក កូនស្រីទាស់នឹងម្ដាយ ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក។+ ៣៦ ដូច្នេះ សត្រូវរបស់មនុស្ស នឹងមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ។ ៣៧ អ្នកណាដែលស្រឡាញ់ឪពុកឬម្ដាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីជាងស្រឡាញ់ខ្ញុំ អ្នកនោះក៏មិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំដែរ។+ ៣៨ អ្នកណាដែលមិនព្រមលីបង្គោលទារុណកម្ម*របស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំទេ។+ ៣៩ អ្នកណាដែលរក្សាជីវិត*ខ្លួន អ្នកនោះនឹងវិនាសជីវិត ឯអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។+
៤០ «អ្នកណាដែលទទួលអ្នករាល់គ្នា ក៏ទទួលខ្ញុំដែរ ហើយអ្នកណាដែលទទួលខ្ញុំ ក៏ទទួលលោកដែលបានចាត់ខ្ញុំឲ្យមកដែរ។+ ៤១ អ្នកណាដែលទទួលអ្នកប្រកាសទំនាយ ដោយសារបុគ្គលនោះជាអ្នកប្រកាសទំនាយ អ្នកនោះនឹងទទួលរង្វាន់ដូចអ្នកប្រកាសទំនាយ+ ហើយអ្នកណាដែលទទួលមនុស្សសុចរិតម្នាក់ ដោយសារបុគ្គលនោះជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ ៤២ បើអ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយពែងដល់អ្នកតូចម្នាក់ផឹក ដោយសារបុគ្គលនោះជាអ្នកកាន់តាមខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។+