សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
២ ប៉ុន្តែ បងប្អូន បើនិយាយអំពីវត្តមាននៃលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង+ និងអំពីការប្រមូលយើងមកឯលោក+ យើងសុំអ្នករាល់គ្នា ២ កុំឲ្យការវែកញែករបស់អ្នករាល់គ្នាងាយរង្គោះរង្គើ ហើយកុំឆាប់ជ្រួលច្របល់ក្នុងចិត្ត ដោយសារមានការអះអាងថាថ្ងៃរបស់ព្រះយេហូវ៉ា*+ជិតមកដល់ហើយ ទោះជាការអះអាងនោះមកតាមរយៈទំនាយ*+ ពាក្យសម្ដី ឬសំបុត្រណាមួយដែលហាក់ដូចជាមកពីយើងក៏ដោយ។
៣ កុំឲ្យអ្នកណានាំអ្នករាល់គ្នាវង្វេងចេញឲ្យសោះ* ព្រោះទាល់តែមានការក្បត់ជំនឿ+ និងបុរសប្រឆាំងច្បាប់+ដែលជាកូននៃសេចក្ដីហិនវិនាសលេចមកជាមុនសិន ទើបថ្ងៃនោះមកដល់។+ ៤ អ្នកនោះជាអ្នកប្រឆាំង ហើយគាត់លើកតម្កើងខ្លួនខ្ពស់ជាងអស់អ្នកណាដែលគេហៅថាព្រះ ឬខ្ពស់ជាងអ្វីដែលមនុស្សគោរពបូជា។ ម្ល៉ោះហើយ អ្នកនោះអង្គុយក្នុងវិហាររបស់ព្រះ ដោយបង្ហាញជាសាធារណៈថាខ្លួនជាព្រះមួយរូប។ ៥ អ្នករាល់គ្នាចាំទេ ពេលដែលខ្ញុំនៅជាមួយ តើខ្ញុំមិនធ្លាប់ប្រាប់អ្នករាល់គ្នាអំពីការទាំងនេះទេឬ?
៦ ឥឡូវ អ្នករាល់គ្នាដឹងអំពីអ្វីដែលកំពុងឃាត់ឃាំងបុរសប្រឆាំងច្បាប់ ដើម្បីឲ្យអ្នកនោះត្រូវលេចមកនៅពេលកំណត់របស់ខ្លួន។ ៧ ពិតមែនតែអាថ៌កំបាំងអំពីការប្រឆាំងច្បាប់នេះកំពុងមានសកម្មភាព+ តែវានៅតែជាអាថ៌កំបាំង រហូតដល់លែងមានអ្នកឃាត់ឃាំងទៀត។ ៨ បន្ទាប់មក អ្នកប្រឆាំងច្បាប់នោះនឹងត្រូវបង្ហាញឲ្យឃើញ គឺអ្នកដែលលោកម្ចាស់យេស៊ូនឹងបំបាត់ចោលដោយឫទ្ធានុភាពដែលចេញពីមាត់លោក+ ហើយធ្វើឲ្យសាបសូន្យពេលដែលលោកមានវត្តមាន។+ ៩ ប៉ុន្តែ អ្នកប្រឆាំងច្បាប់នោះលេចមកតាមរយៈអំណាចរបស់សាថាន*+ ដោយធ្វើអព្ភូតហេតុជាច្រើន ធ្វើសញ្ញាសម្គាល់ក្លែងក្លាយ និងការអស្ចារ្យផ្សេងៗ+ ១០ ព្រមទាំងប្រើការមិនសុចរិតគ្រប់បែបយ៉ាង+ ដើម្បីបោកបញ្ឆោតពួកអ្នកដែលកំពុងវិនាស ទុកជាការសងសឹក ពីព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិតដែលនាំឲ្យទទួលសេចក្ដីសង្គ្រោះទេ។ ១១ ហេតុនេះហើយបានជាព្រះអនុញ្ញាតឲ្យឥទ្ធិពលដែលបោកបញ្ឆោតមកបំភាន់ពួកគេ ដើម្បីឲ្យពួកគេជឿការភូតភរ។+ ១២ យ៉ាងនេះ ពួកគេទាំងអស់នឹងទទួលការវិនិច្ឆ័យទោស ព្រោះពួកគេមិនបានជឿសេចក្ដីពិតទេ តែបែរជាពេញចិត្តអ្វីដែលមិនសុចរិតទៅវិញ។
១៣ ប៉ុន្តែ បងប្អូនដែលព្រះយេហូវ៉ា*ស្រឡាញ់អើយ យើងមានភារកិច្ចអរគុណព្រះដើម្បីអ្នករាល់គ្នាជានិច្ច ពីព្រោះតាំងពីដំបូងព្រះបានជ្រើសរើសអ្នករាល់គ្នា+ឲ្យទទួលសេចក្ដីសង្គ្រោះ ដោយញែកអ្នករាល់គ្នាជាបរិសុទ្ធ+តាមរយៈឫទ្ធានុភាពរបស់លោក និងដោយសារជំនឿដែលអ្នករាល់គ្នាមានលើសេចក្ដីពិត។ ១៤ លោកបានហៅអ្នករាល់គ្នាក្នុងបំណងនេះ តាមរយៈដំណឹងល្អដែលយើងប្រកាស ដើម្បីឲ្យអ្នករាល់គ្នាទទួលសិរីរុងរឿងរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+ ១៥ ដូច្នេះ បងប្អូនអើយ ចូរកាន់ជំហរមាំមួន+ ហើយកាន់ខ្ជាប់តាមទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានរៀន+ ទោះជាតាមរយៈពាក្យសម្ដី ឬសំបុត្ររបស់យើងក៏ដោយ។ ១៦ ម្យ៉ាងទៀត ព្រះដែលជាបិតារបស់យើង លោកស្រឡាញ់យើង+ ហើយដោយសារគុណដ៏វិសេសលើសលប់របស់លោក លោកបានផ្ដល់ឲ្យយើងនូវការសម្រាលទុក្ខជារៀងរហូតនិងសេចក្ដីសង្ឃឹមដ៏អស្ចារ្យ។+ យើងអធិដ្ឋានសូមឲ្យព្រះនិងលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ១៧ សម្រាលទុក្ខអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង ដើម្បីឲ្យអ្នករាល់គ្នាតែងតែមានពាក្យសម្ដីល្អ និងការប្រព្រឹត្តល្អជានិច្ច។